ឯកអគ្គរដ្ឋទូតមីយ៉ាន់ម៉ាប្រចាំប្រទេសចិន បានស្លាប់ភ្លាមៗកាលពីថ្ងៃអាទិត្យ ទី៧ ខែសីហាកន្លងទៅនេះ នៅក្នុងទីក្រុង Kunming ភាគនិរតីប្រទេសចិន។ នេះបើយោងទៅដំណឹងមរណភាពនៅក្នុងប្រព័ន្ធឃោសនារដ្ឋមីយ៉ាន់ម៉ា និងប្រភពការទូតមួយចំនួនក្នុងរដ្ឋធានីប៉េកាំង។
សេចក្តីជូនដំណឹងស្តីពីមរណភាពរបស់លោកឯកអគ្គរដ្ឋទូត U Myo Thant Pe ដោយក្រសួងការបរទេសមីយ៉ាន់ម៉ា នៅក្នុងសារព័ត៌មានរដ្ឋមួយកាលពីថ្ងៃចន្ទទី៨ ខែសីហា មិនបានបញ្ជាក់ពីមូលហេតុនៃការស្លាប់របស់លោកនោះឡើយ។ មន្ត្រីការទូតមួយចំនួននៅក្នុងរដ្ឋធានីប៉េកាំង និងសេចក្តីរាយការណ៍ព័ត៌មានជាភាសាចិននៅក្នុងប្រទេសមីយ៉ាន់ម៉ា បានឱ្យដឹងថា មូលហេតុនៃការស្លាប់របស់ឯកអគ្គរដ្ឋទូតមីយ៉ាន់ម៉ាប្រចាំប្រទេសចិនរូបនេះ ទំនងអាចបណ្តាលមកពីជំងឺគាំងបេះដូង។
លោក U Myo Thant Pe ត្រូវបានឃើញចុងក្រោយមុនពេលលោកស្លាប់ នៅពេលលោកចួលរួមប្រជុំជាមួយមន្ត្រីចិនមួយរូបនៅក្នុងខេត្ត Yunnan ភាគនិរតីប្រទេសចិន ដែលមានព្រំប្រទល់ជាប់ជាមួយប្រទេសមីយ៉ាន់ម៉ា កាលពីថ្ងៃសៅរ៍ទី៦ ខែសីហាកន្លងទៅ។ នេះបើតាមសេចក្តីរាយការណ៍ព័ត៌មានក្នុងស្រុកមួយ។ ស្ថានទូតមីយ៉ាន់ម៉ានៅក្នុងប្រទេសចិន មិនបានធ្វើការឆ្លើយតបភ្លាមៗនោះទេ ទៅលើសំណើរសុំធ្វើអត្ថាធិប្បាយជុំវិញរឿងនេះ។
លោក U Myo Thant Pe ត្រូវបានតែងតាំងឱ្យធ្វើជាឯកអគ្គរដ្ឋទូតមីយ៉ាន់ម៉ាប្រចាំប្រទេសចិនក្នុងឆ្នាំ២០១៩ ហើយលោកបន្តកាន់តំណែងនោះរហូតដល់ក្រោយក្រុមយោធាមីយ៉ាម៉ា ធ្វើរដ្ឋប្រហារយោធាដណ្តើមអំណាច ក្នុងខែកុម្ភៈ ឆ្នាំ២០២១។ លោកគឺជាឯកអគ្គរដ្ឋទូតបរទេសទី៤ហើយ ដែលបានស្លាប់នៅក្នុងប្រទេសចិន ក្នុងរយៈពេលមួយឆ្នាំនេះ។
ឯកអគ្គរដ្ឋទូតអាល្លឺម៉ង់ប្រចាំប្រទេសចិន លោក Jan Hecker អាយុ៥៤ឆ្នាំ បានស្លាប់កាលពីខែកញ្ញាឆ្នាំទៅ បន្ទាប់ពីលោកបានក្លាយជាឯកអគ្គរដ្ឋទូតអាល្លឺម៉ង់ និងទៅបំពេញការងារនៅក្នុងរដ្ឋធានីប៉េកាំងប្រទេសចិនមិនដល់២សប្តាហ៍ផង។
ដោយឡែកឯកអគ្គរដ្ឋទូតអ៊ុយក្រែនប្រចាំប្រទេសចិន លោក Serhiy Kamyshev អាយុ៦៥ឆ្នាំ បានស្លាប់កាលពីខែកុម្ភៈកន្លងទៅនេះ គឺក្នុងអំឡុងពេលឬក្រោយបន្តិច បន្ទាប់ពីលោកបានទៅធ្វើទស្សនកិច្ចនៅទីកន្លែងប្រារព្ធកីឡាអូឡាំពិករដូវរងារមួយកន្លែងក្នុងទីក្រុងប៉េកាំង។
ចំណែកឯកអគ្គរដ្ឋទូតហ្វីលីពីនប្រចាំប្រទេសចិនលោក Jose Santiago Sta. Romana ដែលមានឈ្មោះក្រៅថា «Chito» មានវ័យ៧៤ឆ្នាំ បានស្លាប់ក្នុងអំឡុងពេលកំពុងធ្វើចត្តាឡីស័ក នៅក្នុងខេត្ត Anhui ភាគខាងកើតប្រទេសចិន កាលពីខែមេសាកន្លងទៅ៕
ប្រែសម្រួលដោយលោក ជ្រា វណ្ណារិទ្ធ