ក្រុមសកម្មជនមីយ៉ាន់ម៉ា បានអំពាវនាវនៅថ្ងៃចន្ទនេះឲ្យប្រជាពលរដ្ឋបញ្ឈប់ការបង់វិក្កយបត្រអគ្គិសនីនិងប្រាក់កម្ចីកសិកម្ម និងកុំឲ្យកូនចៅរបស់ពួកគេទៅសាលារៀន ដើម្បីប្រឆាំងទៅនឹងការដឹកនាំរបស់របបយោធា។ នេះបើយោងតាមសេចក្តីរាយការណ៍របស់ទីភ្នាក់ងារព័ត៌មាន Reuters។
ការអំពាវនាវនេះបានធ្វើឡើង បន្ទាប់ពីមេដឹកនាំរបបយោធាមីយ៉ាន់ម៉ាបានចូលរួមនៅក្នុងកិច្ចប្រជុំអាស៊ានអំពីវិបត្តិមីយ៉ាន់ម៉ានៅប្រទេសឥណ្ឌូណេស៊ីកាលពីថ្ងៃសៅរ៍។
ការតវ៉ាមួយចំនួនបានធ្វើឡើងនៅតាមទីក្រុងធំៗនៃប្រទេសមីយ៉ាន់ម៉ាកាលពីថ្ងៃអាទិត្យម្សិលមិញ។
លោក Khant Wai Phyo ដែលជាសកម្មជនមួយរូប បានថ្លែងនៅក្នុងការតវ៉ាមួយនៅក្រុង Monywa កាលពីថ្ងៃអាទិត្យថា៖ «យើងទាំងអស់គ្នាត្រូវតែរួមគ្នាដើម្បីធ្វើឲ្យការធ្វើពហិការប្រឆាំងនឹងរបបយោធានេះទទួលបានជោគជ័យ»។
លោកបានបន្ថែមថា៖ «យើងកុំចូលរួមនៅក្នុងប្រព័ន្ធរបស់ពួកគេ។ យើងកុំសហការជាមួយពួកគេ»។
មេដឹកនាំរបបយោធាមិនបានធ្វើតាមការអំពាវនាវរបស់ក្រុមអ្នកតវ៉ាដែលចង់ឲ្យដោះលែងអ្នកទោសនយោបាយនោះទេ ហើយកិច្ចព្រមព្រៀងរបស់អាស៊ានកាលពីថ្ងៃសៅរ៍ ក៏មិនបានបញ្ចាក់អំពីពេលវេលានៃការបញ្ចប់វិបត្តិនៅមីយ៉ាន់ម៉ានោះឡើយ។
អង្គការតស៊ូមតិមួយដែលតាមដានស្ថានការណ៍នៅមីយ៉ាន់ម៉ាបានបញ្ជាក់ថា កន្លងមក មនុស្ស ៧៥១ នាក់ត្រូវបានសម្លាប់ដោយកងកម្លាំងសន្តិសុខ នៅពេលដែលយោធាបានប្រើកម្លាំងប្រល័យដើម្បីបង្ក្រាបការតវ៉ា៕