អ្នកកាន់សាសនាឥស្លាមនៅជុំវិញពិភពលោកកំពុងប្រារព្ធពិធីបុណ្យ Eid al-Fitr ជាថ្ងៃឈប់សម្រាកដែលកត់សម្គាល់នៃការបញ្ចប់រដូវពិសិដ្ឋរ៉ាម៉ាដាន។ ថ្ងៃឈប់សម្រាកនេះជាការបញ្ចប់រដូវបុណ្យរ៉ាម៉ាដាននៅពេលដែលការតមចំណីអាហាររបស់អ្នកកាន់សាសនាឥស្លាមពីថ្ងៃរះរហូតដល់ថ្ងៃលិចដែលមានរយៈពេល១ខែ។
នៅក្នុងប្រទេសអាហ្វហ្គានីស្ថាន ប្រធានាធិបតី Ashraf Ghani កាលពីថ្ងៃសុក្របានសរសើរការឈប់បាញ់គ្នារយៈពេល៣ថ្ងៃជាមួយពួកតាលីបង់នៅក្នុងសុន្ទរកថាទៅកាន់ប្រទេសជាតិដើម្បីប្រារព្ធការឈប់សម្រាកបុណ្យEid នេះ។ការឈប់បាញ់គ្នានេះមានរហូតដល់ថ្ងៃអាទិត្យស្អែកនេះ ទោះជាយ៉ាងណាក៏ដោយ ប្រធានាធិបតី Ghani បានអំពាវនាវឲ្យមានការឈប់បាញ់គ្នារយៈពេលយូរជាងនេះហើយបានអំពាវនាវម្តងទៀតឲ្យពួកតាលីបង់មកចូលរួមតុចរចា។
ប្រធានាធិបតីស៊ីរី បាសា អាសាធបានចូលរួមការសូត្រធម៌ពិធីបុណ្យEid កាលពីថ្ងៃសុក្រនៅឯវិហារឥស្លាមក្នុងទីក្រុង Tartousដែលជាទីក្រុងមួយនៅក្នុងតំបន់ឆ្នេរសមុទ្រដែលនៅតែរក្សាភាពស្មោះត្រង់ជាមួយមេដឹកនាំនេះទូទាំងសង្គ្រាមស៊ីវិលរយៈពេល៧ឆ្នាំ។
នៅក្នុងប្រទេសបង់ក្លាដែស មនុស្សរាប់សែននាក់បានទៅកំពង់ចម្លងនិងស្ថានីយរថភ្លើងនៅទីក្រុង ដាកា ក្នុងក្តីសង្ឃឹមវិលត្រឡប់ទៅកាន់ផ្ទះវិញដើម្បីប្រារព្ធពិធីបុណ្យEid។ បង់ក្លាដែសមានគម្រោងធ្វើពិធីបុណ្យ Eid នៅថ្ងៃសៅរ៍និងថ្ងៃអាទិត្យដែលពឹងផ្អែកលើការមើលព្រះចន្ទ៕