កម្មករកាន់សាសនាឥស្លាមដែលបានត្រូវបណ្តេញចេញពីការងារដោយរោងចក្រខ្ចប់សាច់មួយរបស់សហរដ្ឋអាមេរិកបន្ទាប់ពីការដើរចេញពុំព្រមធ្វើការងារនៅក្នុងជម្លោះការឈប់សម្រាកសូត្រធម៌បានទទួលប្រាក់១លាន៥សែនដុល្លារ។
គណៈកម្មការឱកាសសមភាពខាងការងាររបស់សហរដ្ឋអាមេរិកបានប្រកាសប្រាក់សំណងជំងឺចិត្តនោះកាលពីថ្ងៃសុក្របន្ទាប់ពីការប្តឹងផ្តល់អស់រយៈពេលជាច្រើនឆ្នាំរវាងក្រុមហ៊ុន Cargill Meat Solution Corporation និងកម្មករកាន់សាសនាអ៊ីស្លាមចំនួន១៣៨នាក់ ភាគច្រើននៃកម្មករទាំងនោះជាជនអន្តោប្រវេសន៍ជាតិសូម៉ាលី។
ជម្លោះនេះបានចាប់ផ្តើមនៅចុងឆ្នាំ២០១៦ បន្ទាប់ពីកម្មករទាំងនេះបានត្រូវគេបណ្តេញចេញពីការងារ បន្ទាប់ពីការដើរចេញពីការងាររយៈពេល៣ថ្ងៃនៅឯរោងចក្រខ្ចប់សាច់មួយកន្លែងនៅទីក្រុង Fort Morgan នៅភាគខាងលិចរដ្ឋ Colorado ក្រោយពីបានបដិសេធអំពីអ្វីដែលពួកគេបាននិយយាថា ពេលឈប់សម្រាប់សូត្រធម៌មិនគ្រប់គ្រាន់។
អ្នកចាត់ចែងបានលុបចោលគោលនយោបាយ ដែលអនុញ្ញាតិឲ្យកម្មករកាន់សាសនាឥស្លាមឈប់សម្រាករយៈពេលខ្លីដើម្បីសូត្រធម៌។
គណៈកម្មការឱកាសសមភាពខាងការងាររបស់សហរដ្ឋអាមេរិក បានប្រកាសថា ខ្លួនមានហេតុផលត្រឹមត្រូវដើម្បីជឿថា បុគ្គលិកជាតិសូម៉ាលី អាហ្វ្រិកនិងកាន់សាសនាអ៊ីស្លាមបានត្រូវគេរំខានយាយី ដោយច្រានចោលសំណើរបស់ខ្លួនដើម្បីឈប់សម្រាកសូត្រធម៌ហើយត្រូវគេបណ្តេញចេញពីការងារ។
ក្រុមហ៊ុន Cargill មិនយល់ស្រប ក៏ប៉ុន្តែ បាននិយាយថា ខ្លួនយល់ព្រមសងជំងឺចិត្តដើម្បីបញ្ចៀសការប្តឹងផ្តល់តទៅទៀត៕