មន្ត្រីជាន់ខ្ពស់សហរដ្ឋអាមេរិកនានាបានធ្វើទស្សនកិច្ចទៅកាន់តំបន់អាមេរិកខាងត្បូងនៅក្នុងរយៈពេលប៉ុន្មានសប្ដាហ៍ថ្មីៗនេះ ដើម្បីបង្ហាញពីកម្លាំងនៃសម្ព័ន្ធភាពរវាងបណ្ដាប្រទេសនានានៅទ្វីបអាមេរិក ស្របពេលដែលគូប្រជែងនានារបស់សហរដ្ឋអាមេរិកបានបង្កើនចំណាប់អារម្មណ៍របស់ពួកគេនៅក្នុងតំបន់។
រដ្ឋមន្ត្រីការពារប្រទេសអាមេរិកលោក Jim Mattis បានប្រាប់អ្នកសារព័ត៌មាននៅពេលលោកធ្វើដំណើរទៅកាន់ប្រទេសប្រេស៊ីលកាលពីថ្ងៃអាទិត្យម្សិលមិញថា ការប្រឡូកខ្លួនរបស់ប្រទេសរុស្ស៊ី និងចិននៅក្នុងតំបន់អាមេរិកខាងត្បូង «មិនជះឥទ្ធិពលណាមួយ» ដល់ទំនាក់ទំនងរវាងយោធា និងយោធារបស់សហរដ្ឋអាមេរិកជាមួយនឹងបណ្ដាប្រទេសដៃគូនៅតំបន់នោះទេ។
លោក Mattis បាននិយាយថា សហរដ្ឋអាមេរិកគាំទ្រ «ការសម្រេចដោយសិទ្ធិអំណាចផ្ទាល់ខ្លួនរបស់បណ្ដាប្រទេសអធិបតេយ្យនានា» ហើយស្របពេលនោះដែរ បានរំឭកឲ្យមានការប្រយ័ត្នប្រយែងចំពោះ «ការជ្រៀតជ្រែករបស់បណ្ដាប្រទេសផ្សេងទៀត» ដែលអាចបណ្ដាលឲ្យមានបញ្ហាខូចខាតកើតឡើង។
លោក Mattis បានបញ្ជាក់ថា៖ «មានវិធីជាច្រើនដែលអាចធ្វើឲ្យប្រទេសមួយបាត់បង់អធិបតេយ្យភាពរបស់ខ្លួនបាន។ វិធីមួយក្នុងចំណោមនោះគឺអាចកើតឡើងបានតាមរយៈការផ្ដល់ជំនួយ និងកម្ចីដ៏ធំរបស់ប្រទេសមួយដល់ប្រទេសមួយ»។ លោក Mattis ថ្លែងដូច្នេះចង់សំដៅដល់កម្ចីចិនដែលផ្ដល់ឲ្យប្រទេសមួយចំនួនដូចជាវ៉េណេស៊ុយអេឡា និងហ្វីលីពីនជាដើម។
ឥទ្ធិពលរបស់ចិននៅតំបន់អាមេរិកឡាទីនបានកើនឡើងពី «ទស្សនៈបែបអាជីវកម្មទ្រង់ទ្រាយធំ» ទៅជា «ការបំពេញតម្រូវការរបស់ប្រជាពលរដ្ឋចិននៅក្នុងប្រទេសចិន» ដែលនេះជាអ្វីដែលរដ្ឋាភិបាលក្រុងប៉េកាំងប្រើប្រាស់ដើម្បីពង្រីកកិច្ចសហប្រតិបត្តិការសន្តិសុខ។ ចំណែកឯតួនាទីរបស់រុស្ស៊ីនៅក្នុងតំបន់អាមេរិកឡាទីនវិញ «គឺប៉ះពាល់ជាពិសេសដល់ផលប្រយោជន៍ផ្នែកសន្តិសុខរបស់សហរដ្ឋអាមេរិកតែម្ដង»។ នេះបើតាមការបញ្ជាក់របស់លោក Jason Marczak ប្រធានមជ្ឈមណ្ឌលអាមេរិកឡាទីន Adrienne Arsht នៃអង្គការ Atlantic Council៕