តុលាការក្រុងភ្នំពេញកាលពីថ្ងៃសុក្របានបន្តបើកសវនាការលើសំណុំរឿងបាញ់សម្លាប់ដ៏ល្បីសុះសាយមួយ កាលពីជាង៣ឆ្នាំមុន ដោយគ្មានវត្តមានលោក ថោង សារ៉ាត់ ជនជាប់ចោទនៅក្នុងសំណុំរឿងនេះ។
សវនាការនេះបានធ្វើឡើងរយៈពេលតែប៉ុន្មានម៉ោងប៉ុណ្ណោះដោយតុលាការបន្តនីតិរបស់ខ្លួនក្នុងការសាកសួរសាក្សីបន្តបន្ទាប់ដែលរហូតមកដល់ពេលនេះ មានចំនួនជាង៥០នាក់។តែតុលាការមិនទាន់បានបិទបញ្ចប់ដំណើរការរបស់ខ្លួននៅឡើយ។
លោក តុប ឈុនហេង ប្រធានចៅក្រមជម្រះក្តីបានប្រកាសថាតុលាការនិងបន្តសវនាការចំពោះសំណុំរឿងនេះនៅសប្តាហ៏ក្រោយទៀត។
សំណុំរឿងបាញ់សម្លាប់លោកឧកញ៉ា អ៊ឹង ម៉េងជឺតុលាការបានបន្តបើកសវនាការជាច្រើនលើករួច មកហើយចាប់តាំងពីខែសីហាឆ្នាំ២០១៦មកដោយសារមានសាក្សី ជាច្រើន ដែលរួមមានកម្លាំងសមត្ថកិច្ច សាក្សីដើមចោទ និង ចុងចោទជាដើម។
លោក ទួត លុច មេធាវីការពារក្តីលោក ឧកញ៉ា ថោង សារ៉ាត់មានប្រសាសន៏ថាឆ្លងតាមការកាត់ក្តីកន្លងមកលោកយល់ថាកូនក្តីរបស់លោកស្អាតស្អំ ហើយការដែលតុលាការបើកការស៊ើបអង្កេតនិងចោទប្រកាន់កន្លងមកជាការភ័នច្រឡំហើយអាចនិងមានការកែប្រែបទចោទ នឹងលើកលែងការចោទប្រកាន់ចំពោះកូនក្តីរបស់លោកនៅដំណាក់កាលចុងក្រោយនេះ។
លោកទួត លុច បញ្ជាក់ថា« នៅក្នុងខ្សែអាត់វីដេអូដែលយើងបានថតជាប់ កាមេរ៉ាសុវត្តិភាពគឺនៅពេលហ្នឹង ម៉ោងហ្នឹងមិនមាន ខាងជនដែលនគរបាលយុត្តិធម៌ ចោទប្រកាន់ថាជាឃាតករនោះទៅ ទទួលបញ្ជាទេ។គឺអត់មានទេនេះជាភស្តុតាងរឹងមាំដែលមិនអាចកែប្រែកើតទេ»។
កាលពីក្នុងអំឡុងខែធ្នូឆ្នាំ២០១៤ តុលាការក្រុងភ្នំពេញបានចោទប្រកាន់លោកថោង សារ៉ាត់ដោយសង្ស័យថាជាមេគំនិតនៅពីក្រោយខ្នងនៃការបាញ់សម្លាប់លោកឧកញ៉ាអ៊ឹង ម៉េងជឺ អតីតថៅកែស៊ីម៉ងត៍សញ្ញាត្បូងពេជ្រ។
លោកឧកញ៉ា អ៊ឹង ម៉េងជឺត្រូវបានខ្មាន់កាំភ្លើងបាញ់សម្លាប់កាលពីថ្ងៃទី២២ខែវិច្ឆិកាឆ្នាំ២០១៤នៅកន្លែងលក់ផ្លែឈើមួយក្នុងក្រុងភ្នំពេញ។
លោកថោង សារ៉ាត់សង្ស័យថាជាមេខ្លោងពាក់ព័ន្ធនឹងការបាញ់សម្លាប់បានរត់គេចខ្លួនទៅប្រទេសវៀតណាមហើយក្រោយមកលោកត្រូវបានអាជ្ញាធរវៀតណាមចាប់បញ្ជូនមកឲ្យសមត្ថកិច្ចកម្ពុជាវិញ កាលពីខែមេសាឆ្នាំ២០១៥នេះ។
តុលាការក្រុងភ្នំពេញសម្រេចកាត់ទោសឲ្យលោកឧកញ៉ាថោង សារ៉ាត់កាលពីខែមិថុនាឆ្នាំ២០១៦ ជាប់ពន្ធនាគារចំនួន២ឆ្នាំ៦ខែ ពីបទ«លាក់ទុកអាវុធខុសច្បាប់»។
តុលាការក៏បានផ្តន្ទាទោស ឪពុកម្តាយ និង អង្គរក្សផ្ទាល់របស់លោកថោង សារ៉ាត់នៅ ក្នុងម្នាក់ៗ ឲ្យជាប់ពន្ធនាគារ២ឆ្នាំ ហើយពិន័យជាប្រាក់ក្នុងម្នាក់៦លានរៀលនៅក្នុងបទល្មើសដូចគ្នានេះដែរ៕