ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

តុលាការ​ក្រុង​ភ្នំពេញ​ចេញ​ដីកាឃុំ​ខ្លួន​មនុស្ស​៤​នាក់​សង្ស័យ​​ពី​បទ​សម្លាប់​ឧកញ៉ា


សៀង វាសនា (កណ្តាល) ដែល​គេ​សង្ស័យ​ថា ជា​ជន​ដៃ​ដល់​នៅ​ក្នុង​អំពើ​ឃាតកម្ម​ទៅ​លើ​លោក​ឧកញ៉ា​អ៊ឹង ម៉េងជឺ។ (ផ្តល់​ឲ្យ​ដោយ​គ្រួសារ​ជន​រង​គ្រោះ)
សៀង វាសនា (កណ្តាល) ដែល​គេ​សង្ស័យ​ថា ជា​ជន​ដៃ​ដល់​នៅ​ក្នុង​អំពើ​ឃាតកម្ម​ទៅ​លើ​លោក​ឧកញ៉ា​អ៊ឹង ម៉េងជឺ។ (ផ្តល់​ឲ្យ​ដោយ​គ្រួសារ​ជន​រង​គ្រោះ)

តុលាការ​ក្រុង​ភ្នំពេញ​នៅ​ថ្ងៃ​សុក្រ​នេះ ​បាន​សម្រេចចេញ​ដីកា​ឃុំ​ខ្លួន​ជា​បណ្តោះ​អាសន្ន​ប្រឆាំង​ជំទាស់​នឹង​អង្គរក្ស​លោក​ឧកញ៉ា​ថោង សារ៉ាត់​ចំនួន​៤​នាក់​សង្ស័យពី​បទ៖​«ឃាតកម្ម​គិត​ទុក​ជាមុន»​ ទៅ​លើ​លោក​ឧកញ៉ា​ អ៊ឹង ម៉េងជឺ​ ដែល​ឃាតកម្ម​នេះ​បាន​ធ្វើ​ឲ្យកក្រើ​ក​ក្នុង​ទី​ក្រុង​ភ្នំពេញ។​

ជន​សង្ស័យ​ទាំង​បួន​នាក់​ ដែល​តុលាការ​បាន​សម្រេចឃុំ​ខ្លួន​រួម​មាន៖​ សៀង វាសនា​សង្ស័យ​ថា​ ជាជន​ដៃ​ដល់​ លី សៅ​ អ្នក​បើក​ម៉ូតូ​ដឹក​ជន​សង្ស័យ​ធ្វើ​សកម្មភាព​ និង​ពីរ​នាក់​ផ្សេង​ទៀត​គឺ​មាស សម្បត្តិ​ និង​កូយ ចាន់​ថុល​ជា​អ្នក​បើក​ម៉ូតូ​តាម​ពី​ក្រោយ​ បន្ទាប់​ពី​ធ្វើ​សកម្ម​ភាព។​

វីអូអេ​បានព្យាយាម​ទាក់​ទង​សុំ​ការ​បំភ្លឺ​ពី​លោក​លី សុខឡេង​ ចៅ​ក្រម​ស៊ើប​សួរ​នៃ​សាលា​ដំបូង​ក្រុង​ភ្នំពេញ​ មិន​បាន​ទាក់​ទងទេ ​ដោយ​លោក​និយាយ​ថា ​កំពុង​ជាប់​រវល់។​ ​បើ​តាម​ការ​បញ្ជាក់​ពី​លោក​កែវ សុជាតិ​ ព្រះ​រាជ​អាជ្ញា​រង​ មាន​ប្រសាសន៍​ថា៖​«ខាង​ខ្ញុំ​សម្រេចចោទ​ប្រកាន់​ទៅ​ចៅ​ក្រម​ស៊ើប​សួរ​ ឃាតកម្ម​គិត​ទុក​ជា​មុន»។​

នៅ​ពេលដែលក្រុម​សមត្ថ​កិច្ច​បញ្ជូន​ជន​សង្ស័យ​មក​កាន់​តុលាការ​ នៅ​ខាង​ក្រៅនិង​ខាង​ក្នុង​បរិវេណ​តុលាការ​មានការ​រិត​បន្តឹង​សន្តិសុខ​យ៉ាង​មាំទាំ។​ ក្រុម​សមត្ថកិច្ច​បាន​បំពាក់​ដោយ​អាវុធ​អាកា​ស្វ័យ​ប្រវត្តិ​គ្រប់​ដៃ​ ព្រម​ទាំង​រថយន្ត​ប៉ូលិសជា​ច្រើន​គ្រឿង​ដើម្បី​ការពារ​សុវត្ថិភាព។​

ជន​សង្ស័យ​ទាំង​បួន​នាក់​មាន​ស្នាម​ជាំ​មុខ​ និង​ជន​សង្ស័យ​ខ្លះ​បាន​ពិការ​ជើង​ដើរ​អូស​ជើង​ទៅ​នឹង​ដី​ ពេល​ដែល​សមត្ថកិច្ច​បាន​បណ្តើរ​ចេញ​ពី​រថយន្ត​យក​មក​សាក​សួរ​ក្នុង​អគារតុលាការ។​

លោក​លី សៅ​ជន​សង្ស័យ​មួយ​រូប​ក្នុង​ចំណោម​ជន​សង្ស័យ​ទាំង​៤​រូប ​ដែល​ជា​អង្គរក្ស​លោក​ឧកញ៉ា​ថោង សារ៉ាត់​ បាន​បដិសេធ​ចម្លើយ​សារ​ភាព​របស់​ខ្លួន​នៅ​ក្នុង​ដំណាក់​កាល​នៃ​ចៅ​ក្រម​ស៊ើប​សួរ។​

លោក​បាន​និយាយ​ប្រាប់​អ្នក​កា​សែត​ថា​ លោក​មិន​បានចូល​រួម​ក្នុង​ករណី​ឃាតកម្ម​បាញ់​សម្លាប់​លោក​ឧកញ៉ា​អ៊ឹង ម៉េងជឺ​ទេ។ ​លោក​បាន​បញ្ជាក់​ថា ​ចម្លើយ​ដែល​លោក​បាន​ឆ្លើយ​នៅ​ស្នង​ការ​ប៉ូលិសក្រុង​ភ្នំពេញ​គឺ​ដោយ​សារ​តែ​លោក​មិន​អាច​ទ្រាំ​ទ្រ​នឹង​ការ​វាយ​ដំ​ធ្វើ​ទារុណ​កម្ម​ដើម្បី​យក​ចម្លើយ​សារភាព។​

លោក​លី សៅ​ ដែល​មាន​អាការៈ​នៅ​ឈឺចាប់​នៅ​ឡើយ​ មាន​ប្រសាសន៍​ថានៅ​ថ្ងៃ​កើត​ហេតុ ​លោក​និង​លោក​ថោង បូណា​ ប្អូន​ប្រុស​លោក​ថោង ​សារ៉ាត់​បាន​អង្គុយ​ទទួល​ទាន​សាច់​គោ​អាំង​នៅ​ហាង​លក់​សាច់​គោអាំង​មួយ​ឈ្មោះ​«ភូមិ​យើង»​ ដែល​មាន​ទី​តាំង​នៅ​សង្កាត់​ទន្លេ​បាសាក់​ ខណ្ឌ​ចំការ​មន។​

លោក​បាន​បញ្ជាក់​ទៀត​ថា​ ចំណែក​ជន​សង្ស័យ​ពីរ​នាក់​ផ្សេង​ទៀត​បាន​អង្គុយ​លេង​បៀរ​នៅ​ការដ្ឋាន​សំណង់​៩៩៩។

បើ​ទោះ​បី​ជា​ជន​សង្ស័យ​បាន​បដិសេធ​ចម្លើយ​របស់​ខ្លួន​ក៏​ដោយ​ ​ក៏​ក្រុម​សមត្ថ​កិច្ច​បាន​អះអាង​ថា​ ជន​សង្ស័យ​ទាំង​បួន​នាក់​ពិត​ជា​ជាប់​ពាក់​ព័ន្ធ​នៅ​ក្នុងករណី​ឃាតកម្ម​ទៅ​លើ​លោក​ឧកញ៉ា​អ៊ឹង ម៉េងជឺ​ពិត​ប្រាកដ​មែន។​ សមត្ថកិច្ច​ក៏បាន​ចោទ​ប្រកាន់​ទៀត​ថា​ លោក​ឧកញ៉ា​ថោង សារ៉ាត់​មេខ្លោងនៅ​ពី​ក្រោយ​ខ្នង​នៃ​អំពើ​ឃាតកម្ម​ទាំង​នេះ។​

លោក​ឧកញ៉ា​ថោង សារ៉ាត់​ ដែល​ពេល​នេះ​កំពុង​រត់​គេច​ខ្លួន​ពី​ការ​តាម​ចាប់​របស់​សមត្ថ​កិច្ច​នោះ​ ធ្លាប់​បាន​បដិសេធ​ប្រាប់​វីអូអេ​សំឡេងសហ​រដ្ឋ​អាមេរិក ​ក្នុង​បទ​សម្ភាសន៍​មួយ​កាល​ពី​ថ្ងៃ​អង្គារ​ថា​ លោក​មិនដែល​ស្គាល់​ មិនមាន​ទំនាស់​ និង​មិន​បាន​រក​ស៊ី​ជាមួយ​លោក​អ៊ឹង ម៉េងជឺ​ទេ។

លោក​និយាយ​ថា៖​ «ដូច្នេះ​ខ្ញុំ​គិត​ថា ​មិន​មាន​ការ​ពាក់​ព័ន្ធ​ជាមួយ​អង្គរក្ស​ខ្ញុំ​ទេ។​ មាន​សារព័ត៌មាន​មួយ​ចំនួន​គឺ​គាត់​មាន​ការ​បក​ស្រាយ​ខុសៗ​គ្នា។​ ​គាត់​និយាយ​ថា​ ខ្ញុំ​មាន​ការ​ពាក់​ព័ន្ធ​ជាមួយ​ឃាតកម្ម​ហ្នឹង​ដែរ។​ អញ្ចឹង​បាន​ខ្ញុំ​ឆ្ងល់​ ការងារ​ទី​មួយ​គឺ​ខ្ញុំ​ជាមួយ​ឧកញ៉ា​ អ៊ឹង ម៉េងជឺ​គឺ​មិន​ដែល​ស្គាល់​គ្នា​សោះ។​ ​ខ្ញុំ​មិន​ដែល​ស្គាល់​គាត់។ គាត់​ក៏មិន​ដែល​ស្គាល​ខ្ញុំ។​ ហើយ​មិន​ដែល​រក​ស៊ី​អ្វី​ ចូល​គ្នា​សោះ។ ​ហើយ​ដល់​ពេល​ថ្ងៃ​ស្លាប់​ហ្នឹង​ ឃើញ​ហ្វេស​ប៊ុក​បាន​ឮ​ឈ្មោះ​អ៊ឹង ម៉េងជឺ​លើ​ហ្វេស​ប៊ុក​ហ្នឹង​តែ​ម្តង»។​

បើ​ទោះ​បី​លោក​ថោង សារ៉ាត់​ធ្លាប់​បាន​បដិសេធ​ក៏​ដោយ​ ក៏​សមត្ថ​កិច្ច​បាន​ចោទ​ប្រកាន់​ថា​ លោក​ជា​មេគំនិត​នៅ​ពី​ក្រោយ​ខ្នង​នៃ​ករណី​ឃាតកម្ម​ដ៏​រំជើប​រំជួល​នេះ។​

សំណុំ​រឿង​បាញ់​សម្លាប់​លោក​ឧកញ៉ា​អ៊ឹង ម៉េងជឺ​រហូត​មក​ដល់​ពេល​នេះ​ក្រុម​សមត្ថកិច្ច​បាន​ចាប់​ខ្លួន​ជន​សង្ស័យ​ចំនួន​១០​នាក់​ហើយ​ ទាំង​អង្គរក្ស​ ប្អូន​ប្រុស​ ភរិយា​ និង​ឪពុក​ ម្តាយលោក​ឧកញ៉ា​ថោង សារ៉ាត់៕

XS
SM
MD
LG