នៅសល់តែមួយសប្តាហ៍ទៀតតែប៉ុណ្ណោះ ឃាតកម្មទៅលើលោកឧកញ៉ា អ៊ឹង ម៉េងជឺ ថៅកែស៊ីម៉ង់តិ៍សញ្ញាត្បូងពេជ្រមានរយៈពេលចំនួនមួយខែ។ ក៏ប៉ុន្តែជនសង្ស័យឈ្មោះ ថោង សារ៉ាត់ ដែលក្រុមអាជ្ញាធរមានសមត្ថកិច្ចបានអះអាងថាជាមេគំនិតនៅក្នុងអំពើឃាតកម្មដ៏លេចធ្លោនៅក្នុងទីក្រុងភ្នំពេញនេះ មិនទាន់ត្រូវបានចាប់ខ្លួននៅឡើយ។
មន្ត្រីជាន់ខ្ពស់ក្រសួងមហាផ្ទៃកម្ពុជានៅទីបំផុត បានអំពាវនាវឲ្យប្រជាពលរដ្ឋកម្ពុជាដែលរស់នៅទាំងក្នុងនិងក្រៅប្រទេសប្រសិនបើប្រទះឃើញលោកឧកញ៉ា ថោង សារ៉ាត់ ត្រូវរាយការណ៍មកសមត្ថកិច្ចដែលនៅកៀកបំផុតដើម្បីនាំខ្លួនជនសង្ស័យមកផ្តន្ទាទោស។
លោកនាយឧត្តមសេនីយ៍ ខៀវ សុភ័គ អ្នកនាំពាក្យក្រសួងមហាផ្ទៃមានប្រសាសន៍ថា សមត្ថកិច្ចធានាសុវត្ថិភាពដល់ប្រជាពលរដ្ឋគ្រប់រូប ប្រសិនណាបើពួកគេជួយផ្តល់ព័ត៌មានដែលឈានទៅរកការចាប់ខ្លួនលោកថោង សារ៉ាត់។
លោកនិយាយថា៖ «ឆ្លៀតក្នុងឱកាសនេះ ខ្ញុំសូមអំពាវនាវចំពោះបងប្អូនប្រជាពលរដ្ឋយើង ពិសេសសាច់ញាតិលោហិតដែលធ្លាប់ស្គាល់លោកឧកញ៉ា ថោង សារ៉ាត់ ហ្នឹង សូមឲ្យផ្តល់ព័ត៌មានដល់សមត្ថកិច្ចយើងដើម្បីជាផលប្រយោជន៍រួមទាំងអស់គ្នា ពីព្រោះថា អ្នកដែលពាក់ព័ន្ធមានតែគាត់ហ្នឹងមួយទេ មិនពាក់ព័ន្ធដល់អ្នកណាផ្សេងក្រៅពីគាត់ទេ»។
លោកឧកញ៉ា អ៊ឹង ម៉េងជឺ អាយុ៥៣ឆ្នាំថៅកែស៊ីម៉ង់តិ៍សញ្ញាត្បូងពេជ្រ ត្រូវបានជនមិនស្គាល់មុខម្នាក់បាញ់នឹងកាំភ្លើងខ្លីជាច្រើនគ្រាប់ កាលពីថ្ងៃទី២២ខែវិច្ឆិកាកន្លងទៅនេះបណ្តាលឱ្យជនរងគ្រោះបានស្លាប់ភ្លាមៗនៅកន្លែងកើតហេតុ។ក្នុងខណៈពេលដែលលោកបានធ្វើដំណើរចាកចេញពីរថយន្តទៅទិញផ្លែឈើនៅតូបលក់ផ្លែឈើមួយនៅជិតម្តុំអាងទឹកអូឡាំពិក។
តុលាការក្រុងភ្នំពេញកាលពីថ្ងៃទី៥កន្លងទៅនេះ បានសម្រេចចេញដីកាឃុំខ្លួនជាបណ្តោះអាសន្នដើម្បីរង់ចាំជំនុំជម្រះទោស អង្គរក្សលោកឧកញ៉ា ថោង សារ៉ាត់ សង្ស័យពីបទ៖ «ឃាតកម្មគិតទុកជាមុន» ទៅលើលោកឧកញ៉ា អ៊ឹង ម៉េងជឺ។
ជនសង្ស័យទាំងបួននាក់ ដែលបានត្រូវតុលាការសម្រេចឃុំខ្លួនរួមមាន៖ សៀង វាសនា សង្ស័យថាជាជនដៃដល់ លី សៅ អ្នកបើកម៉ូតូដឹកជនសង្ស័យធ្វើសកម្មភាព និងពីរនាក់ផ្សេងទៀតគឺ មាស សម្បត្តិ និង កូយ ចាន់ថុល ជាអ្នកបើកម៉ូតូបិទគូថតាមពីក្រោយ បន្ទាប់ពីធ្វើសកម្មភាពរួច។
អាជ្ញាធរមានសមត្ថកិច្ចកម្ពុជាបានសន្និដ្ឋានថា លោកឧកញ៉ា ថោង សារ៉ាត់ ជាមេគំនិតតែម្នាក់គត់នៅក្នុងសំណុំរឿងអំពើឃាតកម្មដ៏លេចធ្លោមួយនេះ។
បន្ទាប់ពីឃាតកម្មបានជាងពីរសប្តាហ៍ ក្រុមអាជ្ញាធរមានសមត្ថកិច្ចបានចាប់ឃាត់ខ្លួនជនសង្ស័យចំនួន១០នាក់។ ក៏ប៉ុន្តែភរិយាទី២ និងប្អូនប្រុសលោកឧកញ៉ា ថោង សារ៉ាត់ ត្រូវបានក្រុមសមត្ថកិច្ចសម្រេចដោះលែងវិញ។
ចំណែកឯ លោក ថោង ចំរើន អាយុ៦៥ឆ្នាំ ត្រូវជាឪពុក និង លោកស្រី កែវ សារី អាយុ ៥៥ឆ្នាំ ត្រូវជាម្តាយលោកឧកញ៉ា ថោង សារ៉ាត់ ត្រូវបានតុលាការសម្រេចចេញដីកាឃុំខ្លួនជាបណ្តោះអាសន្ននៅពន្ធនាគារព្រៃសពីបទសង្ស័យថាជាប់ពាក់ព័ន្ធនឹងការប្រើប្រាស់អាវុធខុសច្បាប់។
ប្រទេសកម្ពុជាកាលពីសប្តាហ៍មុនបានបញ្ជូនដីកាបង្គាប់ឲ្យចាប់ខ្លួនទៅប៉ូលិសអន្តរជាតិដែលមានមូលដ្ឋាននៅទីក្រុងលីយ៉ុង ក្នុងប្រទេសបារាំង ដើម្បីឲ្យចេញនិវេទន៍ក្រហមដល់បណ្តាប្រទេសដែលជាសមាជិកប៉ូលិសអន្តរជាតិទាំងអស់ស្វែងរកចាប់ខ្លួនលោក ថោង សារ៉ាត់។
លោកឧត្តមសេនីយ៍ ខៀវ សុភ័គ អ្នកនាំពាក្យក្រសួងមហាផ្ទៃមានប្រសាសន៍ថា តាមធម្មតារយៈពេលពីមួយទៅពីរសប្តាហ៍ ក្រោយពីបានទទួលដីការបស់កម្ពុជាហើយប្រទេសបារាំងនឹងចេញនិវេទន៍ក្រហមមួយជាផ្លូវការដើម្បីផ្សព្វផ្សាយពីការចាប់ខ្លួនលោក ថោង សារ៉ាត់៕