ភរិយា និងក្រុមគ្រួសារសាច់ញាតិរបស់លោកឧកញ៉ា ថោង សារ៉ាត់ និងជនជាប់ចោទប្រាំនាក់ផ្សេងទៀត នៅថ្ងៃសុក្រនេះ បានដាក់ញត្តិជូនលោកនាយករដ្ឋមន្រ្តីហ៊ុន សែន ស្នើសុំឲ្យលោកនាយករដ្ឋមន្ត្រីរកយុត្តិធម៌ឲ្យខ្លួន ក្រោយពីប្រព័ន្ធតុលាការកាត់ទោសឲ្យស្វាមី និងសាច់ញាតិរបស់ពួកជាប់ពន្ធនាគារ ដែលពួកគេចោទថា ជារឿងអយុត្តិធម៌ និងខ្វះតម្លាភាព។
ញត្តិរបស់ពួកគេធ្វើឡើង ក្រោយពីលោកនាយករដ្ឋមន្រ្តី និងភរិយារបស់លោកបានធ្វើអន្តរាគមន៍លើសំណុំរឿងហិង្សាលើអតីតពិធីការិនីទូរទស្សន៍គឺកញ្ញាឯក សុជាតា ដែលរងគ្រោះដោយការវាយដំប្រព្រឹត្តដោយលោកសុខ ប៊ុន សេដ្ឋីអចនទ្រព្យកាលពីដើមខែកក្កដានេះ។ លោក សុខ ប៊ុន កំពុងស្ថិតក្នុងពន្ធនាគារព្រៃស បន្ទាប់ពីមានអន្តរាគមន៍ពីលោកនាយករដ្ឋមន្ត្រីដ៏មានឥទ្ធិពលនេះ។
ពួកគេបានសរសេរនៅក្នុងញត្តិនោះថា៖ «នាងខ្ញុំទាំងអស់គ្នាជាស្រ្តីទន់ខ្សោយ មានកូនតូចៗក្នុងបន្ទុក គ្មានលទ្ធភាព និងសិទ្ធិអំណាចដើម្បីស្វែងរកយុត្តិធម៌ជូនប្តីរបស់ខ្លួនបានទេ មានតែម្រាមដៃដប់លើកប្រណម ទទូចសុំអង្វរសម្តេចតេជោ និងលោកជំទាវ ដែលជាឪពុកម្តាយរបស់យើងខ្ញុំទាំងអស់គ្នា សុំបើកក្តីមេត្តាករុណា ជួយអំពាវនាវដល់តុលាការ និងប្រព័ន្ធច្បាប់ ឲ្យមានការស៊ើបអង្កេតឡើងវិញ កាត់ក្តីដោយយុត្តិធម៌មិនលម្អៀង ដោយយោងតាមច្បាប់ និងភស្តុតាងជាក់ស្តែង ដើម្បីផ្តល់ភាពយុត្តិធម៌ដល់មនុស្សស្លូតត្រង់ដែលរងនូវការចោទប្រកាន់ខុស ក៏ដូចជាផ្តល់នូវយុត្តិធម៌ជូនសពលោកឧកញ៉ាអ៊ឹង ម៉េងជឺ និងគ្រួសារសព និងដើម្បីឲ្យប្រជាជនទាំងអស់មានជំនឿលើប្រព័ន្ធច្បាប់របស់ព្រះរាជាណាចក្រកម្ពុជាយើង»។
កាលពីខែធ្នូឆ្នាំ២០១៤ តុលាការក្រុងភ្នំពេញបានចោទប្រកាន់ថា លោកថោង សារ៉ាត់ជាមេគំនិតនៅពីក្រោយការបាញ់សម្លាប់លោកឧកញ៉ាអ៊ឹង ម៉េងជឺ ដែលជាអតីតថៅកែស៊ីម៉ង់ត៍សញ្ញាត្បូងពេជ្រ។ ឃាតកម្មនោះបានកើតឡើងកាលពីថ្ងៃទី២២ខែវិច្ឆិកាឆ្នាំ២០១៤។
មុនពេលតុលាការក្រុងភ្នំពេញសម្រេចចោទប្រកាន់ថា លោកថោង សារ៉ាត់ជាមេខ្លោងក្នុងការបាញ់សម្លាប់ ដែលនាំឲ្យមានការភ្ញាក់ផ្អើលកក្រើកទីក្រុងភ្នំពេញនោះ លោកថោង សារ៉ាត់បានរត់គេចខ្លួនទៅប្រទេសវៀតណាមជាច្រើនខែ ទម្រាំត្រូវបានអាជ្ញាធរវៀតណាមចាប់បញ្ជូនមកឲ្យសមត្ថកិច្ចកម្ពុជាវិញ កាលពីខែមេសាឆ្នាំ២០១៥នេះ។
VOA ពុំអាចទំនាក់ទំនងលោកហូ សិទ្ធី នាយកខុទ្ទកាល័យរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែនបានទេ ដោយសារទូរស័ព្ទរបស់លោកពុំដំណើរការ។ លោកនៅ រ៉ា មន្រ្តីបម្រើការនៅក្នុងខុទ្ទកាល័យលោកនាយករដ្ឋមន្ត្រីហ៊ុន សែនមានប្រសាសន៍ថា លោកមិនបានដឹងពីញត្តិរបស់ភរិយាលោកថោង សារ៉ាត់គឺអ្នកស្រីទាវ ធីតា និងសាច់ញាតិរបស់ជនជាប់ចោទប្រាំនាក់ផ្សេងទៀតនោះទេ ដោយលោកបានបញ្ជាក់ថា ការិយាល័យរបស់លោកទទួលតែពាក្យបណ្តឹងរបស់ពលរដ្ឋទូទៅ។
ញត្តិរបស់ភរិយាលោកថោង សារ៉ាត់ និងសាច់ញាតិនៃជនជាប់ចោទបួននាក់នោះ បានបន្តថា៖ «ការភាន់ច្រឡំរបស់សមត្ថកិច្ចក្នុងការចោទប្រកាន់ខុសលើស្វាមីរបស់នាងខ្ញុំទាំងអស់គ្នា បង្កើតជាក្តីទុក្ខសោកវេទនា កូនព្រាត់ឪពុក ប្រពន្ធព្រាត់ប្តី គ្រួសាររងទុក្ខ ជីវភាពកាន់តែតោកយ៉ាក បាត់ភាពថ្លៃថ្នូរជាមនុស្ស និងបាត់កិត្តិយសជាស្រ្តីខ្មែរ ដោយជាប់ឈ្មោះជាប្រពន្ធ ជាកូន ជាសាច់ញាតិរបស់ឃាតករ និងមេខ្លោងសិប្បនិមិត្ត ដែលគេបានតុបតែងឡើង»។
វីអូអេបានព្យាយាមទាក់ទងតាមទូរស័ព្ទទៅលោកលី សុខឡេង ចៅក្រមស៊ើបអង្កេតនៃសាលាដំបូងក្រុងភ្នំពេញ ដើម្បីសុំអត្ថាធិប្បាយ។ អ្នកលើកទូរស័ព្ទបានដាក់ចុះវិញ ដោយមិនធ្វើអធិបាយអ្វីទេ។
អ្នកស្រីប៉ក់ សាន អាយុ៣៣ឆ្នាំ ភរិយារបស់លោកកូយ ចាន់ថុល ដែលកំពុងជាប់ឃុំនៅក្នុងពន្ធនាគារព្រៃស បានប្រាប់វីអូអេថា អ្នកស្រីមានការជឿជាក់ថា លោកនាយករដ្ឋមន្ត្រីហ៊ុន សែននឹងអំពាវនាវឲ្យតុលាការសើររើរឿងក្តីរបស់ប្តីអ្នកស្រីឡើងវិញ ដោយអ្នកស្រីបានអះអាងថា ប្តីរបស់អ្នកស្រីមិនជាប់ពាក់ព័ន្ធនឹងការបាញ់សម្លាប់លោកឧកញ៉ាអ៊ឹង ម៉េងជឺនោះទេ។
«ខ្ញុំជឿជាក់លើសម្តេចថា គាត់នឹងរកយុត្តិធម៌ឲ្យពួកខ្ញុំ ព្រោះអីពួកខ្ញុំជាជនរងអយុត្តិធម៌ ក្រក្រី រងគ្រោះដោយអយុត្តិធម៌ ដូចថា ប្តីនាងខ្ញុំអត់បានធ្វើអីអញ្ចឹងទេណា៎»។
កាលពីខែមិថុនាកន្លងទៅ តុលាការក្រុងភ្នំពេញសម្រេចកាត់ទោសឲ្យលោកឧកញ៉ាថោង សារ៉ាត់ជាប់ពន្ធនាគារចំនួន២ឆ្នាំ៦ខែ និងឪពុកម្តាយ រួមទាំងអង្គរក្សផ្ទាល់របស់លោកក្នុងម្នាក់ៗជាប់ពន្ធនាគារ២ឆ្នាំ ហើយពិន័យជាប្រាក់ក្នុងម្នាក់៦លានរៀលលើបទល្មើសលាក់ទុកអាវុធដោយខុសច្បាប់។ បច្ចុប្បន្ននេះ លោកថោង សារ៉ាត់ និងអង្គរក្សផ្ទាល់ចំនួន៤នាក់កំពុងជាប់ឃុំឃាំង រីឯជនជាប់ចោទម្នាក់ទៀតឈ្មោះតាំង សុខកំពុងរត់គេចខ្លួន៕