ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

តុលាការ​កាត់ទោស​ដាក់​ពន្ធនាគារ​ឧកញ៉ា​ថោង សារ៉ាត់​និង​បក្ខពួក


បុណ្យ​សព​លោក ឧកញ៉ា អ៊ឹង ម៉េងជឺ​ (ផ្តល់​ឲ្យ​ដោយ​គ្រួសារ​ជន​រង​គ្រោះ)
បុណ្យ​សព​លោក ឧកញ៉ា អ៊ឹង ម៉េងជឺ​ (ផ្តល់​ឲ្យ​ដោយ​គ្រួសារ​ជន​រង​គ្រោះ)

តុលាការ​ក្រុង​ភ្នំពេញ​សម្រេច​កាត់ទោស​ដាក់​ពន្ធនាគារ​លោក​ឧកញ៉ា​ ថោង សារ៉ាត់​ ចំនួន​២​ឆ្នាំ​៦​ខែ​ និង​ឪពុក​ម្តាយ​ រួមទាំង​អង្គរក្ស​ផ្ទាល់របស់​លោក​ក្នុង​ម្នាក់ៗ​២​ឆ្នាំ ​ហើយ​ពិន័យ​ជា​ទឹកប្រាក់ក្នុង​ម្នាក់​៦​លាន​រៀល​លើ​បទល្មើស​លាក់​ទុក​អាវុធ​ដោយ​ខុសច្បាប់។​

តុលាការ​ក្រុង​ភ្នំពេញ​បាន​សម្រេច​កាត់​ទោស​ឪពុកម្តាយ​ និង​អង្គរក្សម្នាក់​របស់​លោក​ឧកញ៉ា​ ​ថោង សារ៉ាត់​ ឲ្យ​ជាប់ពន្ធនាគារ​ក្នុង​ម្នាក់ៗ​ចំនួន​ពីរ​ឆ្នាំ​ពី​បទកាន់​កាប់​អាវុធ​ខុស​ច្បាប់ ​ខណៈពេល​ដែល​លោក​ថោង សារ៉ាត់​ខ្លួន​ឯង​ផ្ទាល់​ត្រូវ​បាន​តុលាការកាត់​ឲ្យ​ជាប់​ពន្ធនាគារ​រយៈ​ពេល​២​ឆ្នាំ​និង​៦ខែ។​

តុលាការ​ក៏​បាន​បញ្ជា​ឲ្យ​ជន​ជាប់​ទោស​ទាំង​បួន​នាក់​ រួមមាន​អ្នក​ស្រី ​កែវ សារី​ អាយុ​៥៥​ឆ្នាំ​ដែល​ត្រូវ​ជាម្តាយ​ និង​លោក​ថោង​ ចំរើន​ អាយុ​៦៥​ឆ្នាំ​ ដែល​ត្រូវ​ជា​ឪពុក​របស់​លោក ​ថោង សារ៉ាត់​ និង​លោក​ថោង​ សារ៉ាត់​ខ្លួន​ឯង​ព្រម​ទាំង​លោក​ តាំង​ សុខ​ ដែលកំពុង​រត់​គេច​ខ្លួន​ឲ្យ​បង់​ប្រាក់​ពិន័យ​ក្នុង​ម្នាក់ៗ​៦​លាន​រៀល។​

នៅ​ក្នុង​បន្ទប់​សវនាការ​ ដែល​មាន​វត្តមាន​តែ​អ្នកស្រី​កែវ សារី​ឈរ​នៅ​ពី​មុខ​អង្គ​ជម្រះ ​ចៅក្រម​ជំនុំ​ជម្រៈ​លោក​ឃី ឆៃ​បាន​ប្រកាស​ប្រគល់វត្ថុ​តាង​សម្ភារៈ​ប្រើប្រាស់​ដូច​ជា​រថយន្ត​ និង​ទូរស័ព្ទ​ដៃ​ឲ្យ​ម្ចាស់​ដើម​វិញ​ រី​ឯ​សម្ភារៈ​យោធា​ ដូច​ជា​កាំភ្លើង ​និង​គ្រាប់​ត្រូវ​រឹបអូស​ទុក​ជា​សម្បត្តិ​រដ្ឋ។​

បន្ទាប់​ពី​ការ​ប្រកាស​សាលក្រម​អស់​រយៈពេល​ជិត​កន្លះ​ម៉ោង​ អ្នកស្រី​ កែវ​ សារី ​ត្រូវ​បាន​ប៉ូលិស​នាំ​ខ្លួន​ត្រឡប់ទៅ​កាន់​ពន្ធនាគារ​ព្រៃ​ស​វិញ។​ អ្នក​ស្រី​បដិសេធ​មិន​ធ្វើ​អធិប្បាយ​ជាមួយ​នឹង​អ្នក​សារ​ព័ត៌មាន​ទេ​ក្រោយ​ពី​ការ​ប្រកាស​សាល​ក្រម​រួច។​

លោក ​លឹម វណ្ណា ​មេធាវី​របស់​ឪពុក​ម្តាយ​លោក ​ថោង សារ៉ាត់​បាន​បដិសេធ​មិនធ្វើ​អធិប្បាយ​លើ​ការ​កាត់​ទោ​ស​នេះ​ទេ​ ដោយ​លើក​ឡើង​ថា ​លោក​ចាំ​ការ​សម្រេច​ពី​កូន​ក្តី​របស់​លោក​ថា ​នឹង​បន្ត​ប្តឹង​ទាស់​ឬ​យ៉ាង​ណា ​នៅ​គ្រា​ដែល​ឪពុក​លោក​ថោង​ សារ៉ាត់​គឺ​លោក​ថោង​ ចំរើន​ កំពុង​ទទួល​ការ​ព្យាបាល​វះកាត់​នៅ​មន្ទីរពេទ្យ​មិត្ត​ភាព​ខ្មែរ​សូវៀត។​

«បើ​កូន​ក្តី​គេ​ថា ​យើង​ពឹង​ពាក់​ យើង​ធ្វើ​ការ​បន្ត​ទៅ​សាលា​ឧទ្ធរណ៍​បន្ត​ទៀត ​អា​ហ្នឹង​ក៏ធ្វើ​ជូន។ ​បើ​គេ​ថា ​អត់​ទេ​ ខ្ញុំ​ពឹង​លោក​មេធាវី​តែ​តុលាការ​ថ្នាក់​ក្រោម​ទេ​ ចំពោះ​តុលាការ​ឧទ្ធរណ៍​ខ្ញុំ​ពឹង​មេធាវី​ផ្សេង​ទៀត»។​

ការ​សម្រេច​ផ្តន្ទាទោស​ឪពុក​ម្តាយលោក​ថោង សារ៉ាត់​ និង​រូប​លោក​ថោង​ សារ៉ាត់​ផ្ទាល់ ហើយនឹង​អតីត​អង្គរក្ស​របស់​លោក​នោះ​គឺ​ជា​ការ​ផ្តន្ទាទោស​ដាច់​ដោយ​ឡែក​ពី​បទ​ចោទ​ប្រកាន់​របស់​តុលាការ​ក្រុង​ភ្នំពេញ​ដែល​បានចោទ​ថា​ ​លោក ​ថោង​ សារ៉ាត់ ​ជាមេ​គំនិត​នៅ​ពី​ក្រោយ​ការ​បាញ់​សម្លាប់​លោក​ឧកញ៉ា​អ៊ឹង ម៉េង​ជឺ​ ថៅកែ​ស៊ីម៉ង់ត៍​សញ្ញា​ត្បូង​ពេជ្រ​ដែល​បាន​កើត​ឡើង​កាល​ពី​ថ្ងៃ​ទី២២​ខែ​វិច្ឆិកា​ឆ្នាំ​២០១៤។​

មុន​ពេល​តុលាការ​ក្រុង​ភ្នំពេញ​សម្រេច​ចោទ​ប្រកាន់​ថា​ លោក​ថោង​ សារ៉ាត់​ជា​មេក្លោង​ក្នុង​ការ​បាញ់​សម្លាប់​ដែល​នាំ​ឲ្យ​កក្រើក​ទីក្រុង​ភ្នំពេញ​នោះ​ លោក​ថោង​ សារ៉ាត់​បាន​រត់​គេច​ខ្លួន​ទៅ​ប្រទេស​វៀតណាម​ជា​ច្រើន​ខែ​ ទម្រាំ​ត្រូវ​បាន​អាជ្ញាធរ​វៀតណាម​ចាប់​បញ្ជូន​មក​ឲ្យ​សមត្ថ​កិច្ច​កម្ពុជា​វិញ​កាល​ពី​ខែ​មេសា។​

បច្ចុប្បន្ន​នេះ​ លោក​ថោង សារ៉ាត់​ និង​អង្គ​រក្ស​ផ្ទាល់​ចំនួន៤​នាក់​កំពុង​ជាប់​ឃុំ​ឃាំង​ដើម្បី​រង់​ចាំ​ជំនុំ​ជម្រះទោស។​

សំណុំ​រឿង​ឃាតកម្ម​នេះ​ក៏​បាន​ធ្វើ​ឲ្យ​លោក​នាយក​រដ្ឋមន្ត្រី​ហ៊ុន​ សែន​មាន​ប្រតិកម្ម​ទាក់​ទង​នឹង​ភាព​មិន​ប្រក្រតី ​ដែល​តុលាការ​ក្រុង​ភ្នំពេញ​បាន​សម្រេច​ដោះ​លែង​ឪពុក​ម្តាយ​របស់​លោក​ថោង សារ៉ាត់​គឺ​ប្រហែល​ជា​ជិត​ពីរខែ​ក្រោយ​ការ​បាញ់​សម្លាប់​ឧកញ៉ា​អ៊ឹង ម៉េងជឺ។ ​ប្រតិកម្ម​របស់​លោក​នាយក​រដ្ឋមន្ត្រី​ហ៊ុន សែន​នេះ​បាន​នាំឲ្យ​មាន​ការ​ផ្លាស់​ប្តូរ​លោក​អាំង​ មាលតី​ ប្រធាន​តុលាការ​ក្រុង​ភ្នំពេញ​ទៅ​បម្រើការ​នៅ​ក្រសួង​យុត្តិធម៌ ​ហើយ​ជំនួស​មក​វិញ​ដោយ​លោក​ចៅ​ក្រម​តាំង ស៊ុនឡាយ៕​

XS
SM
MD
LG