ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

អ្នកជំនាញ៖ បេក្ខជន​ឈរ​ឈ្មោះ​សម្រាប់​ការបោះឆ្នោត​ក្រុម​ប្រឹក្សា​ឃុំ​សង្កាត់ គួរ​តែ​ប្រកាស​ទ្រព្យ​សម្បត្តិ​ជា​សាធារណៈ

  • សាយ មុន្នី

រូបឯកសារ៖ លោក ព្រាប កុល នាយកប្រតិបត្តិនៃ​អង្គការតម្លាភាពកម្ពុជា​​ នៅ​ក្នុង​កម្មវិធី Hello VOA ប្រចាំ​ខែ​អំពី​ការ​ប្រឆាំង​អំពើ​ពុករលួយ កាល​ពី​ថ្ងៃព្រហស្បតិ៍​ទី​១២ ខែ​វិច្ឆិកា ឆ្នាំ​២០១៥។ (លឹម សុធី/VOA)

លោក ព្រាប កុល លើកឡើង​ថា ច្បាប់​ប្រឆាំង​អំពើពុករលួយ​របស់​កម្ពុជា​បច្ចុប្បន្ន តម្រូវ​ឲ្យ​មាន​ការ​ប្រកាស​ទ្រព្យសម្បត្តិ​ដែរ សម្រាប់​មន្ត្រី​ដែល​ជាប់​ឆ្នោត​ត្រៀម​ចូល​កាន់​មុខតំណែង​និង​ក្រោយ​ពី​ចេញ​ពី​តំណែង ប៉ុន្តែ លោក​ថា វា​រឹត​តែ​ប្រសើរ បើ​បេក្ខជន​ឈរ​ឈ្មោះ ធ្វើ​ការ​ប្រកាស​ទ្រព្យសម្បត្តិ​របស់​ពួកគេ មុន​ពេល​ជាប់ឆ្នោត​នោះ។

អ្នក​ជំនាញ​ខាង​ការ​ប្រឆាំង​អំពើ​ពុករលួយ​នៅ​កម្ពុជា លើកឡើង​ថា បេក្ខជន​ឈរ​ឈ្មោះ​សម្រាប់​ការបោះឆ្នោត​ក្រុម​ប្រឹក្សា​ឃុំ​ សង្កាត់ គួរ​តែ​ប្រកាស​ទ្រព្យ​សម្បត្តិ​ជា​សាធារណៈ ដើម្បី​បង្ហាញ​ពី​ភាព​ស្មោះត្រង់​និង​ដើម្បី​ទទួល​បាន​ការ​ជឿ​ទុកចិត្ត​ពី​សំណាក់​ប្រជាពលរដ្ឋ​ដែល​ជា​ម្ចាស់​ឆ្នោត។

លោក ព្រាប កុល នាយក​ប្រតិបត្តិ​នៃ​អង្គការ​តម្លាភាព​កម្ពុជា​ បាន​ថ្លែងនៅ​ក្នុង​កម្មវិធី «Hello VOA» ប្រចាំ​ខែ​ស្ដីពី​ការ​ប្រឆាំង​អំពើ​ពុករលួយ កាលពី​ថ្ងៃ​ព្រហស្បតិ៍​ ទី​៩ ខែ​កុម្ភៈ​ យ៉ាង​ដូច្នេះ​ថា៖

«ប្រសិន​បើ​យើង​អាច​ធ្វើ​ដូច្នេះ​បាន មាន​ន័យ​ថា ប្រជាពលរដ្ឋ​នៅ​ក្នុង​ឃុំ​ហ្នឹង មាន​ការ​ជឿ​ទុកចិត្ត​ពី​ភាព​ស្មោះត្រង់​របស់​ក្រុមប្រឹក្សា​ឃុំ ហើយ​យើង​ក៏​អាច​ទប់​ស្កាត់​អំពើ​ពុករលួយ​បាន​ដែរ»។​


ការ​លើកឡើង​នេះ​ ធ្វើ​ឡើង​ ខណៈ​ប្រទេស​កម្ពុជា កំពុង​ត្រៀម​រៀបចំ​ការបោះឆ្នោត​ឃុំ សង្កាត់​អាណត្តិ​ទី​៤​របស់​ខ្លួន នៅ​ថ្ងៃ​ទី​៤ ខែ​មិថុនា ឆ្នាំ​២០១៧​នេះ ដើម្បី​ជ្រើសរើស​ក្រុម​ប្រឹក្សា​ឃុំ សង្កាត់ ចំនួន ១១៥៧២​នាក់ សម្រាប់​ឃុំ សង្កាត់​ចំនួន​១៦៤៦ ទូទាំង​ប្រទេស​កម្ពុជា។

លោក ព្រាប កុល លើកឡើង​ថា ច្បាប់​ប្រឆាំង​អំពើពុករលួយ​របស់​កម្ពុជា​បច្ចុប្បន្ន តម្រូវ​ឲ្យ​មាន​ការ​ប្រកាស​ទ្រព្យសម្បត្តិ​ដែរ សម្រាប់​មន្ត្រី​ដែល​ជាប់​ឆ្នោត​ត្រៀម​ចូល​កាន់​មុខតំណែង​និង​ក្រោយ​ពី​ចេញ​ពី​តំណែង ប៉ុន្តែ លោក​ថា វា​រឹត​តែ​ប្រសើរ បើ​បេក្ខជន​ឈរ​ឈ្មោះ ធ្វើ​ការ​ប្រកាស​ទ្រព្យសម្បត្តិ​របស់​ពួកគេ មុន​ពេល​ជាប់ឆ្នោត​នោះ។

«បើ​បាន​ប្រកាស​មុន​ពេល​ជាប់​ឆ្នោត​ទៅ​ទៀត រឹត​តែ​បង្ហាញ​ដល់​ប្រជាពលរដ្ឋ​ថា គាត់​ពិត​ជា​មាន​ឆន្ទៈ​ថា​គាត់​ជា​មន្ត្រី​ដែល​នឹង​កាន់​តំណែង នឹង​ធ្វើ​ការ​បម្រើ​ប្រជាពលរដ្ឋ ដោយ​ប្រកាន់​នូវ​ជំហរ​សុចរិត ហើយ​ប្រជាពលរដ្ឋ​ជឿ​ទុកចិត្ត​បាន»។

លោក ព្រាប កុល បន្ត​ថា លក្ខខ័ណ្ឌ​នៃ​ការប្រកាស​ទ្រព្យសម្បត្តិ​តាម​ច្បាប់​បច្ចុប្បន្ន គឺ​ធ្វើ​ឡើង​តាម​រូបភាព​នៃ​ការ​ដាក់​ក្នុង​ស្រោមសំបុត្រ​បិទ​ជិត ដែល​គ្មាន​នរណា​ដឹង ហើយ​ការ​ធ្វើ​បែប​នេះ គឺ​ពុំមាន​ប្រសិទ្ធភាព​ក្នុង​ការ​ទប់ស្កាត់​អំពើ​ពុករលួយ​នោះ​ទេ។

លោក​បន្ថែម​ថា ប្រសិន​បើ​មន្ត្រី​សាធារណៈ​ មិន​អាច​ប្រកាស​ទ្រព្យសម្បត្តិ​បាន​ ដោយសារ​តែ​មាន​ឧបសគ្គ​ណាមួយ គាត់​មិន​គួរ​ធ្វើជា​មន្ត្រី​សាធារណៈ​ទេ៕

XS
SM
MD
LG