ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

លោក Mugabe ប្រឈម​នឹង​ការ​ប្តឹង​ទម្លាក់​ពី​តំណែង បន្ទាប់​ពី​មិន​ព្រម​លាលែង​ពី​តំណែង​តាម​កាល​​កំណត់


លោក​ប្រធានាធិបតី​ស៊ីមបាវ៉េ Robert Mugabe​ ថ្លែង​សុន្ទរកថា​នៅ​ក្នុង​ការ​ផ្សាយ​បន្ត​ផ្ទាល់​មួយ​ចេញ​ពី​វិមាន​ប្រធានាធិបតី នៅ​ក្នុង​ក្រុង Harare កាលពី​ថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០១៧។
លោក​ប្រធានាធិបតី​ស៊ីមបាវ៉េ Robert Mugabe​ ថ្លែង​សុន្ទរកថា​នៅ​ក្នុង​ការ​ផ្សាយ​បន្ត​ផ្ទាល់​មួយ​ចេញ​ពី​វិមាន​ប្រធានាធិបតី នៅ​ក្នុង​ក្រុង Harare កាលពី​ថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០១៧។

យោធា​ស៊ីមបាវ៉េ​បាន​បញ្ជូន​រថក្រោះ​ទៅ​ក្នុង​រដ្ឋធានី Harare និង​បាន​ឃុំ​ឃាំង​លោក​ប្រធានាធិបតី Robert Mugabe អស់រយៈពេល​ជិត​មួយ​សប្តាហ៍​មក​ហើយ។ វា​ច្បាស់​ណាស់​ថា ​ពួកគេ​ចង់​បាន​សេចក្តីសម្រេច​ដ៏​លឿន​មួយ​ចំពោះ​ការ​កើន​ឡើង​ការ​មិន​ពេញ​ចិត្ត​ជាមួយ​នឹង​ប្រធានាធិបតី​ដ៏​យូរអង្វែង​មួយ​រូប​នេះ។

ប៉ុន្តែ​ឥឡូវ​នេះ ដោយ​សារ​តែលោក Mugabe បាន​បដិសេធ​មិនព្រម​ចុះ​ចេញ​ពី​តំណែង បើ​ទោះ​ជា​មាន​ការ​បញ្ចុះបញ្ចូល​ជាច្រើន​លើក​ច្រើន​សារ​ហើយ ​និង​មាន​ការ​គំរាមកំហែង​ពី​សភា​ឲ្យ​ចាប់​ផ្តើម​ដំណើរការ​ប្តឹង​ទម្លាក់​លោក​ពី​តំណែង​នៅ​ថ្ងៃ​អង្គារ​នេះក៏​ដោយ យោធា​អាច​ត្រូវ​ប្រឈម​នឹង​ដំណើរការ​មួយ​ដែល​ទាមទារ​រយៈពេល​យូរ ​និង​ស្មុគស្មាញ​ជាមួយ​នឹង​លោក Mugabe។ ​

លោក Lovemore Madhuku សាស្ត្រាចារ្យ​ច្បាប់​នៃ​សាកលវិទ្យាល័យ ស៊ីមបាវ៉េ​ និយាយ​ថា ការ​ប្តឹង​ទម្លាក់​ពី​តំណែង​អាច​ត្រូវ​ការ​រយៈពេល​យូរ ស្មុគស្មាញ និង​ប្រុងប្រយ័ត្ន ដោយ​សារ​តែ​មិនមែន​ត្រឹម​តែ​មាន​សមាជិក​សភា​បោះឆ្នោត​ទៅ​លើ​មេដឹកនាំ​ដែល​មិន​មាន​ប្រជាប្រិយ​ម្នាក់​ជាមួយ​នឹង​សំឡេង​ឆ្នោត​គាំទ្រ​២ភាគ៣ប៉ុណ្ណោះ​ទេ។​

លោក​បាន​ថ្លែង​ប្រាប់ VOA ថា «នៅ​ពេល​ដែល​យើង​និយាយ​អំពី​ការ​ទម្លាក់​ពី​តំណែង​នៅ​ក្នុង​បរិបទ​នៃ​ប្រទេស​ស៊ីមបាវ៉េ គឺ​សំដៅ​ទៅ​ដល់​តុលាការ»។ លោក​គូស​បញ្ជាក់​ថា ប្រធានាធិបតី​ត្រូវ​បាន​អនុញ្ញាត​ឲ្យ​បង្ហាញ​ពី​ជំហរ​ការពារ​ខ្លួន​នៅ​ក្នុង​សវនាការទម្លាក់​ពី​តំណែង។​

លោក​បាន​បន្ថែម​ទៀត​ថា «អ្នក​ចោទប្រកាន់​លោក​ប្រធានាធិបតី​អំពី​រឿង​អ្វី​មួយ ហើយ​អ្នក​ចង់​ឲ្យ​តុលាការ​កាត់​ក្តី​ទៅ​លើ​រឿង​នោះ។ ប្រសិន​បើ​អ្នក​រកឃើញ​ថា​លោក​មាន​កំហុស​ទៅ​លើ​រឿង​ដែល​អ្នក​ចោទប្រកាន់​លោក​មែន​នោះ អ្នក​អាច​ទម្លាក់​លោក​ពី​តំណែង​បាន។ ប៉ុន្តែ​អ្នក​មិន​អាច​ធ្វើ​រឿង​នេះ​ក្នុង​រយៈពេល​មួយ​ថ្ងៃ​ ឬ​ត្រឹម​តែ​ប៉ុន្មាន​នាទី​នោះ​ទេ។ វា​ត្រូវ​ការ​ពេល​វេលា​រាប់​ខែ​ដើម្បី​ធ្វើ​ការ​ទម្លាក់​នរណា​ម្នាក់​ពី​តំណែង»។

រដ្ឋធម្មនុញ្ញ​ស៊ីមបាវ៉េ​ផ្អែក​លើ​ហេតុផល​៤​ដើម្បី​អាច​ទម្លាក់​ប្រធានាធិបតី​ឬ​អនុប្រធានាធិបតី​ម្នាក់​ចេញ​ពី​តំណែង​បាន ដែល​មាន​ដូចជា៖ ការ​ធ្វើ​ខុស​ធ្ងន់ធ្ងរ មិន​គោរព​ ប្រកាន់​យក ឬ​ការពារ​រដ្ឋធម្មនុញ្ញ បំពាន​រដ្ឋធម្មនុញ្ញ​ដោយ​ចេតនា ឬ​អសមត្ថភាព​ក្នុង​ការ​បំពេញ​ការងារ​ដោយសារ​តែ​បញ្ហា​សុខភាព​ផ្លូវកាយ​ឬ​ផ្លូវចិត្ត៕

XS
SM
MD
LG