ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

អ្នក​ឃ្លាំ​មើល​ស្នើ​ឲ្យ​គ.ជ.ប.​សម្រួល​ដល់​ការ​ចុះ​ឈ្មោះ​បោះឆ្នោត​របស់​ពិរុទ្ធជន


អង្គការ​ខុមហ្វ្រេល និង​សមាជិក​នៃ​អង្គការ​សម្ព័ន្ធ​កំណែទម្រង់​ការបោះឆ្នោត​ បង្ហាញ​របាយការណ៍​បឋម​ស្តីពី​ការសង្កេត​ដំណើរការ​ចុះឈ្មោះ​បោះឆ្នោត​ដើម្បី​រៀបចំ​បញ្ជី​ឈ្មោះ​បោះឆ្នោត​ថ្មី​ឆ្នាំ២០១៦ នៅ​ការិយាល័យ​អង្គការ​ខុមហ្វ្រេល នៅ​ថ្ងៃពុធទី ២៦ ខែតុលា ឆ្នាំ២០១៦។ (ខាន់ សុគុំមនោ/VOA)

ជាក់ស្តែង​លោក​ គល់ បញ្ញា ថ្លែង​ថា គ.ជ.ប​ គួរ​មាន​យន្តការ​ពិសេស​ ជាក់លាក់​ណា​មួយ​ដើម្បី​សម្រួល​ដល់​ក្រុម​ពិរុទ្ធជន​អាច​ចុះ​ឈ្មោះ​បោះឆ្នោត​ និង​មាន​សិទ្ធិ​បោះឆ្នោត​បាន​មិន​មែន​គ្រាន់​តែ​ការ​ពន្យល់​អំពី​ច្បាប់​នោះ​ទេ។

អង្គការ​ឃ្លាំមើល​ការ​បោះឆ្នោត​ខុមហ្រ្វែល​នៅថ្ងៃ​ពុធ​នេះ​ បាន​បង្ហាញ​របាយការណ៍ស្តី​ពីដំណើរការ​ចុះ​ឈ្មោះ​បោះ​ឆ្នោត​ជា​បឋម​ ដែល​បាន​ឲ្យ​ដឹង​ពី​បញ្ហា​ប្រឈម​នានា​ទាក់ទិន​កិច្ចការ​បច្ចេកទេស​ ការ​ផ្សព្វផ្សាយ​ព័ត៌មាន​បង្ក​ការ​ភាន់​ច្រឡំ​ និង​សិទ្ធិ​បោះឆ្នោត​របស់​ព្រះសង្ឃ​ និង​ពិរុទ្ធជន។​ ក្រុម​អង្គការ​សង្គម​ស៊ីវិល​ផ្សេង​ទៀត ដែល​ធ្វើ​ការ​ពាក់​ព័ន្ធ​នឹង​ការ​បោះ​ឆ្នោត​ បាន​ស្នើ​ឲ្យ​អាជ្ញាធរ​ពាក់ព័ន្ធ​ ជា​ពិសេស​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះឆ្នោតមាន​វិធានការ​បន្ថែម​ លើ​ការ​ផ្សព្វ​ផ្សាយ​ព័ត៌មាន​ឲ្យ​បាន​ទូលំ​ទូលាយ​ជាង​មុន​ ព្រមទាំង​ជំរុញ​ឲ្យ​ក្រុម​ពិរុទ្ធជន​ដែល​ជាប់​ពន្ធនាគារ និង​ពុំ​ទាន់​ទទួលនូវ​កាត់​ទោសនៅ​ឡើយ​ ទទួល​បានសិទ្ធិ​បោះឆ្នោត។

​ក្រុម​អង្គការ​សង្គម​ស៊ីវិល​ទាំង​នេះបានទាម​ទារ​ឲ្យ​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះឆ្នោត​ (គ.ជ.ប)​ គិតគូរ​ឡើង​វិញ​ពី​វិធានការ​ពិសេស​មួយ​ចំនួន​ ដើម្បី​សម្រួល​ឲ្យ​ពិរុទ្ធជន​អាច​មាន​សិទ្ធិ​ចុះ​ឈ្មោះ​បោះឆ្នោត​ និង​សម្របសម្រួល​បន្ថែម​ឲ្យ​ពលករ​ខ្មែរ​ធ្វើ​ការ​នៅ​ក្នុង​ប្រទេស​ក្បែរខាងទទួល​បាន​ការចុះ​ឈ្មោះ​បោះឆ្នោត​ប្រសើរ​ជាង​មុន។​

ការ​លើក​ឡើង​នេះ ​ធ្វើ​ឡើង​ក្នុង​សន្និសីទ​សារព័ត៌មាន​ បង្ហាញ​ពី​របាយការណ៍​លើ​ដំណើរការ​ចុះ​ឈ្មោះ​បោះឆ្នោត​ ​កាល​ពី​ព្រឹក​ថ្ងៃ​ពុធ​នេះ​ នៅទីស្នាក់ការ​អង្គការ​ខុមហ្រ្វែល។

អង្គការ​ខុមហ្វ្រេល និង​សមាជិក​នៃ​អង្គការ​សម្ព័ន្ធ​កំណែទម្រង់​ការបោះឆ្នោត​ បង្ហាញ​របាយការណ៍​បឋម​ស្តីពី​ការសង្កេត​ដំណើរការ​ចុះឈ្មោះ​បោះឆ្នោត​ដើម្បី​រៀបចំ​បញ្ជី​ឈ្មោះ​បោះឆ្នោត​ថ្មី​ឆ្នាំ២០១៦ នៅ​ការិយាល័យ​អង្គការ​ខុមហ្វ្រេល នៅ​ថ្ងៃពុធទី ២៦ ខែតុលា ឆ្នាំ២០១៦។ (ខាន់ សុគុំមនោ/VOA)
អង្គការ​ខុមហ្វ្រេល និង​សមាជិក​នៃ​អង្គការ​សម្ព័ន្ធ​កំណែទម្រង់​ការបោះឆ្នោត​ បង្ហាញ​របាយការណ៍​បឋម​ស្តីពី​ការសង្កេត​ដំណើរការ​ចុះឈ្មោះ​បោះឆ្នោត​ដើម្បី​រៀបចំ​បញ្ជី​ឈ្មោះ​បោះឆ្នោត​ថ្មី​ឆ្នាំ២០១៦ នៅ​ការិយាល័យ​អង្គការ​ខុមហ្វ្រេល នៅ​ថ្ងៃពុធទី ២៦ ខែតុលា ឆ្នាំ២០១៦។ (ខាន់ សុគុំមនោ/VOA)

លោក​ គល់ បញ្ញា​ នាយក​ប្រតិបត្តិ​នៃ​អង្គការ​ខុមហ្វ្រែល​ដែលឃ្លាំ​មើល​ការ​បោះឆ្នោត​នៅ​កម្ពុជា​ បាន​ឲ្យ​ដឹង​ថា ​ច្បាប់​ស្តី​ការ​បោះ​ឆ្នោត​ជ្រើស​តាំង​តំណាងរាស្ត្រនៅ​កម្ពុជា​ មាន​ចំណុចស្រពិចស្រពិល​មួយ​ចំនួន ដែល​បាន​រារាំង​ពុំ​ឲ្យ​មាន​គោលការណ៍​នៃ​ការ​បោះឆ្នោត​ដោយ​សេរី​ និង​យុត្តិធម៌​ អាច​ប្រព្រឹត្ត​ទៅ​បាន។​ ជាក់ស្តែង​លោក​ថា គ.ជ.ប​ គួរ​មាន​យន្តការ​ពិសេស​ ជាក់លាក់​ណា​មួយ​ដើម្បី​សម្រួល​ដល់​ក្រុម​ពិរុទ្ធជន​អាច​ចុះ​ឈ្មោះ​បោះឆ្នោត​ និង​មាន​សិទ្ធិ​បោះឆ្នោត​បាន​មិន​មែន​គ្រាន់​តែ​ការ​ពន្យល់​អំពី​ច្បាប់​នោះ​ទេ។

‍លោក​ គល់ បញ្ញា ថ្លែង​ថា៖

«គាត់​ជា​ពិរុទ្ធជន ​គាត់​មាន​សិទ្ធិ​ចុះ​ឈ្មោះ​បោះឆ្នោត ទោះ​ស្ថិត​ក្នុង​ស្ថានភាព​ជាប់​ពន្ធនាគារ​ក៏ដោយ តែ គ.ជ.ប អត់​មាន​វិធានការ​ពិសេស​មក​ដល់​សព្វថ្ងៃ​នេះ ដើម្បី​នាំ​ការ​ចុះ​ឈ្មោះ​បោះឆ្នោត​ដល់​ពួកគេ​ទេ​ឬ​នាំ​ពួកគេ​មក​ចុះ​ឈ្មោះ​បោះឆ្នោត​ទេ។​ មាន​ការ​ពន្យល់​ថា ​ពិរុទ្ធជន​នៅ​មាន​សិទ្ធិ​មាន​ការ​ចុះ​ឈ្មោះ​បោះឆ្នោត តែ​ចុះ​មាន​សិទ្ធិ​អី​បើ​គេ​នៅ​ក្នុង​ពន្ធនាគារ​ហ្នឹង?​ វា​ទាល់​តែ​មាន​ការ​វិធានការ​ពិសេស​ជួយ​គេ​ បាន​គេ​អាច​ចុះ​ឈ្មោះ​បោះឆ្នោត​បាន»។

លោក​ អំ​ សំអាត ប្រធាន​ការិយាល័យ​បច្ចេក​ទេស​ស៊ើប​អង្កេត​នៃ​អង្គការ​ការពារសិទ្ធិ​មនុស្ស​លីកាដូ​ បាន​ឲ្យដឹង​ថា​ វិធានការ​ដែល​គួរ​អនុវត្ត​នោះ​គឺ​ ការ​បង្កើត​ឲ្យ​មាន​ការិយាល័យ​ចល័ត​មួយ​ដើម្បី​ផ្តល់​សិទ្ធិ​គ្រប់គ្រាន់​ដល់​ក្រុម​ពិរុទ្ធជន។

«ខ្ញុំ​គាំទ្រ​ដែល​ស្នើ​ថា​ ពិរុទ្ធជន​អាច​មាន​សិទ្ធិ​ចុះ​ឈ្មោះ​បោះឆ្នោត​បាន ព្រោះ​ពិរុទ្ធជន​ ផ្លូវ​ច្បាប់​គេ​ជា​មនុស្ស​ដែល​មិន​ទាន់​មាន​ទោស​ទេ។ ​នៅ​ប្រទេស​គេ​ គេ​ធ្វើ​បាន​ គេ​មាន​ការិយាល័យ​ចល័ត​ ទៅ​ចុះ​ឈ្មោះ​នៅ​ពន្ធនាគារ​បាន ហើយ​ការិយាល័យ​ចល័ត​បោះឆ្នោត​នៅ​ទី​ហ្នឹង សម្រាប់​ពិរុទ្ធជន​ មាន​សិទ្ធិ​បោះឆ្នោត។ នេះ​ជា​យន្តការ​មួយ​ល្អ​ដែរ ទាក់ទង​នឹង​បញ្ហា​ទាំង​អស់​ហ្នឹង។»

ឆ្លើយ​តប​នឹង​បញ្ហា​នេះ​ លោក​ ហង្ស​ ពុទ្ធា​ អ្នក​នាំ​ពាក្យ​គ.ជ.ប បាន​បញ្ជាក់​ប្រាប់ VOA ​តាម​ទូរស័ព្ទ ថា គ.ជ.ប មិន​អាច​អនុវត្ត​តាម​អនុសាសន៍​នេះ​ទេ លុះ​ណា​តែ​មាន​វិសោធនកម្ម​ច្បាប់ស្តី​ការ​បោះឆ្នោត​ជ្រើស​តាំង​អ្នក​តំណាងរាស្រ្តនៅ​កម្ពុជា​ជា​មុន​សិន។

អ្នក​នាំ​ពាក្យ​គ.ជ.ប.​រូប​នេះ​ថ្លែង​ថា៖​

«ការ​បកស្រាយ​យើង​ចេះ​តែ​បកស្រាយ​ទៅ ប៉ុន្តែ​ឃ្លា​មួយ​ម៉ាត់​ថា ច្បាប់មិន​អនុញ្ញាត​ឲ្យ​អ្នក​ដែល​ស្ថិត​នៅ​ក្នុង​ស្ថានភាព​ជាប់​ពន្ធនាគារ​នឹង​បាន​ចុះ​ឈ្មោះ​ទេ ទោះ​បី​ជា​មិន​ទាន់​កាត់​ក៏​ដោយ។ បើ​សិន​ជា​តួ​អង្គ​នៅ​ក្នុងពន្ធនាគារ ហើយ​បើ​គាត់​អត់​បាន​ចុះ​ឈ្មោះ​ ក៏​គាត់​មិន​អាច​បោះ​ឆ្នោត​បាន​ដែរ។​ អញ្ចឹង​ច្បាប់​មិន​ឲ្យ​រៀបចំ​ចុះ​ឈ្មោះ ឬ​ក៏​ការិយាល័យ​បោះឆ្នោត​នៅ​ពន្ធនាគារ​ទេ។ គ.ជ.ប​ អត់​អាច​ធ្វើ​បាន​ទេ អាច​ធ្វើ​បាន​តែ​ក្នុង​ករណី​ដែល​ត្រូវ​ធ្វើ​វិសោធនកម្ម​ច្បាប់​សិន»។

នៅ​ក្នុង​សន្និសីទ​ដដែល​ លោក គល់ បញ្ញា​ បន្ថែម​ទៀត​ថា​ ការងារ​បច្ចេកទេស​អាច​ជជែក​ដោះស្រាយ​បាន​តែ​អ្វី​ដែល​សំខាន់​នោះ​គឺ​ឆន្ទៈ​នយោបាយ។ លោក​ថា​ បញ្ហា​ដទៃ​ទៀត​ដែល​ចោទ​ឡើង​កន្លង​មក​ និង​បាន​រារាំង​ដល់​ដំណើរការ​ចុះ​ឈ្មោះ​បោះឆ្នោត​ដោយ​សេរី និង​យុត្តិធម៌​នោះ មាន​ដូច​ជា ​ការ​ឃោសនា​ដែល​ធ្វើ​ឲ្យ​មាន​ការ​ភាន់​ច្រឡំ​ពាក់ព័ន្ធ​នឹង​សិទ្ធិ​ចុះ​ឈ្មោះ​បោះឆ្នោត​ និង​សិទ្ធិ​នយោបាយ​របស់​ក្រុម​ព្រះ​សង្ឃ​ និង​ភាព​យឺតយ៉ាវ​នៃ​ការ​ចុះ​ឈ្មោះ​បោះឆ្នោត​ក្នុង​ចំណោម​ពលករ​ចំណាកស្រុក​នៅ​ប្រទេស​ថៃ​និង​ប្រទេស​ដទៃ​ទៀត។​

​ប្រទេសក​ម្ពុជា​នឹង​ធ្វើ​ការ​បោះឆ្នោត​ ជ្រើស​រើស​ក្រុម​ប្រឹក្សា​ឃុំ​សង្កាត់​នៅខែ​មិថុនា​ ឆ្នាំ​២០១៧​ ខាង​ មុខ​ និង​ការ​បោះឆ្នោត​ជ្រើសរើស​តំណាងរាស្ត្រ​នៅ​ឆ្នាំ​២០១៨។ កន្លង​មក​ គ.ជ.ប ធ្លាប់​បញ្ជាក់​ថា ​នឹង​មាន​ប្រជាពលរដ្ឋ​ខ្មែរ​ដែល​មាន​អាយុ​ចាប់​ពី​១៨​ឆ្នាំ​ឡើង​ទៅ​ ចំនួន​ជិត​១០​លាន​នាក់​ ដែល​រំពឹង​ថា ​នឹង​មក​ចុះ​ឈ្មោះ​បោះឆ្នោត​ឡើង​វិញ​តាម​ប្រព័ន្ធ​បច្ចេកវិជ្ជា​ថ្មី​ ដែល​ចាប់​ផ្ដើម​ពី​ថ្ងៃ​ទី១​ ខែ​កញ្ញា​ និង​បញ្ចប់​ទៅនា​ថ្ងៃ​ទី​២៩​ ខែ​វិច្ឆិកា​ ឆ្នាំ​២០១៦​ ខាង​មុខ។​

​ក្នុង​អំឡុង​ពេលនៃ​ការ​ចុះ​បញ្ជី​ឈ្មោះ​បោះ​ឆ្នោត​នៅខែ​តុលា​នេះ​ ចំនួន​អ្នក​ចុះ​ឈ្មោះ​បោះ​ឆ្នោត​ប្រចាំ​ថ្ងៃ​បាន​ថយ​ចុះ​ពី​ជាង​១០ ម៉ឺន​នាក់ មក​ត្រឹម​៦​ម៉ឺន​នាក់។​ តែ​ទោះ​ជា​យ៉ាង​ណា​ រហូត​មក​ដល់​ពេល​នេះ​ ​គ.ជ.ប បាន​ចុះ​ឈ្មោះ​អ្នក​បោះឆ្នោត​ថ្មី​បាន​ជាង​៦​លាន​នាក់​ទូទាំង​ប្រទេស​កម្ពុជា៕

XS
SM
MD
LG