ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

មន្ត្រី​បក្ស​ប្រឆាំង​ អះអាង​ថា រដ្ឋាភិបាល​ ខ្វះ​ឆន្ទៈ​ក្នុង​ការ​ធានា​សិទ្ធិ​បោះឆ្នោត​សម្រាប់​ពលករ​ខ្មែរ​នៅ​ក្រៅ​ស្រុក

រូបឯកសារ៖ លោកស្រី មូរ សុខហួរ តំណាងរាស្ត្រ​មក​ពី​គណបក្ស​សង្គ្រោះ​ជាតិ សន្ទនា​ជាមួយ​នឹង​លោកស្រី Amanda Bennett នាយិកា​សម្លេង​សហរដ្ឋ​អាមេរិក អំពី​ទស្សនៈវិស័យ​របស់​ប្រទេស​កម្ពុជា នៅ​ទីស្នាក់ការ​កណ្តាល​របស់ VOA នៅ​រដ្ឋធានី​វ៉ាស៊ីនតោន កាលពី​ថ្ងៃច័ន្ទ ទី៦ ខែមិថុនា ឆ្នាំ២០១៦។

មាន​ពលករ​ខ្មែរ​យ៉ាង​តិច​រាប់​សែន​នាក់ បាន​ចេញ​ទៅ​ធ្វើការ​នៅ​ក្រៅ​ប្រទេស​ទាំង​ស្រប​ច្បាប់​និង​មិន​ស្របច្បាប់ ដូចជា​នៅ​ប្រទេស​ថៃ ម៉ាឡេស៊ី និង​កូរ៉េ​ខាងត្បូង​ជាដើម។

មន្ត្រី​ជាន់​ខ្ពស់​គណបក្ស​សង្គ្រោះ​ជាតិ​លើកឡើង​ថា ទោះ​បី​ជា​ពលករ​ខ្មែរ​ដែល​កំពុង​ធ្វើការ​នៅ​ក្រៅ​ប្រទេស​ជាច្រើន​បាន​នាំ​គ្នា​ធ្វើ​ដំណើរ​មក​ចុះ​ឈ្មោះ​បោះឆ្នោត​ ដើម្បី​ចូលរួម​ក្នុង​ការ​បោះឆ្នោត​នៅ​ពេល​ខាង​មុខ​ក៏ដោយ ក៏​ពលរដ្ឋ​ខ្មែរ​ជាច្រើន​ទៀត​កំពុង​ប្រឈម​នឹង​ការ​បាត់បង់​សិទ្ធិ​បោះឆ្នោត​របស់​ខ្លួន ដោយសារ​តែ​កង្វះ​ឆន្ទៈ​របស់​គណបក្ស​កាន់អំណាច។

លោកស្រី មួ សុខហួរ តំណាងរាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ បាន​ថ្លែង​នៅ​ក្នុង​កម្មវិធី​ «Hello VOA» កាល​ពី​ថ្ងៃ​ព្រហស្បតិ៍​ថា ពលករ​ខ្មែរ​ដែល​ធ្វើ​ចំណាកស្រុក​ទៅ​ធ្វើការ​នៅ​ក្រៅ​ប្រទេស​កំពុង​ជួប​ប្រទះ​ការ​លំបាក​ក្នុង​ការ​មក​ចុះ​ឈ្មោះ​បោះឆ្នោត ដោយ​អ្នក​ខ្លះ ត្រូវ​ចំណាយ​ថវិកា​អស់​ច្រើន និង​ខ្លះ​ទៀត​ត្រូវ​ប្រឈម​នឹង​ការ​បាត់បង់​ការងារ​ពេល​វិលត្រឡប់​ទៅវិញ ដោយសារ​ពួកគេ​មិន​មាន​ឯកសារ​ធ្វើ​ការ​ និង​រស់នៅ​ស្រប​ច្បាប់​នៅ​ក្នុង​ប្រទេស​ដែល​ពួកគេ​ស្នាក់​នៅ​ទាំង​នោះ។

មាន​ពលករ​ខ្មែរ​យ៉ាង​តិច​រាប់​សែន​នាក់ បាន​ចេញ​ទៅ​ធ្វើការ​នៅ​ក្រៅ​ប្រទេស​ទាំង​ស្រប​ច្បាប់​និង​មិន​ស្របច្បាប់ ដូចជា​នៅ​ប្រទេស​ថៃ ម៉ាឡេស៊ី និង​កូរ៉េ​ខាងត្បូង​ជាដើម។

លោកស្រី មូ សុខហូរ លើកឡើង​ថា នៅ​ក្នុង​សម័យ​ថ្មី​នេះ ប្រទេស​ជាតិ​មួយ​ អាច​រៀបចំ​ការ​បោះឆ្នោត​ដោយ​អនុញ្ញាត​ឲ្យ​ពលរដ្ឋ​របស់​ខ្លួន មិន​ថា​នៅ​ទី​ណា​ទេ អាច​ចូលរួម​យ៉ាង​ងាយស្រួល​ដោយ​មិន​ចាំបាច់​ត្រូវ​ធ្វើ​ដំណើរ​ទៅ​ចុះ​ឈ្មោះ​ដល់​ទីកន្លែង​នោះ​ទេ។

«រាជរដ្ឋាភិបាល​យើង​ថា ខ្វះ​ថវិកា ប៉ុន្តែ​ថវិកា​អត់​ខ្វះ​ទេ។ ស៊ីសង​លើ​ឆន្ទៈ​នយោបាយ​ទេ»។

សូម្បី​ប្រទេស​ភាគច្រើន​នៅ​ក្នុង​តំបន់​អាស៊ាន​បាន​អនុវត្ត​ប្រព័ន្ធ​បោះឆ្នោត ដោយ​អនុញ្ញាត​ឲ្យ​ពលរដ្ឋ​របស់​ពួកគេ​អាច​ចុះឈ្មោះ​បោះឆ្នោត​និង​បោះឆ្នោត​បាន​នៅ​ទី​កន្លែង​ណា​ក៏​បាន។​ នេះ​បើ​យោង​តាម​អ្នក​តំណាង​រាស្ត្រ​បក្ស​ប្រឆាំង​ដដែល។

នៅ​កម្ពុជា​ពលរដ្ឋ​ដែល​មាន​អាយុ​អាច​ចូលរួម​បោះឆ្នោត​បាន មាន​ជាង​៩លាន​៦សែន​នាក់ ប៉ុន្តែ​ពួកគេ​ត្រូវ​ចុះ​ឈ្មោះ​ក្នុង​បញ្ជី​បោះឆ្នោត​ថ្មី ដើម្បី​អាច​ចូលរួម​បោះឆ្នោត​ឃុំ សង្កាត់​នៅ​ពាក់​កណ្ដាល​ឆ្នាំ​ក្រោយ​បាន។

កម្មវិធី​ Hello VOA ប្រចាំ​ខែ​ស្តី​អមពី​ការ​ធ្វើ​ចំណាក​ស្រុក សម្រាប់​ថ្ងៃព្រហស្បតិ៍ ទី២២ ខែ​កញ្ញា ឆ្នាំ២០១៦ ដែល​ផ្តោត​សំខាន់​ទៅ​លើ​បញ្ហា​ប្រឈម​នៃ​ការ​ចុះ​ឈ្មោះ​បោះឆ្នោត​របស់​ពលករ​ចំណាក​ស្រុក។
កម្មវិធី​ Hello VOA ប្រចាំ​ខែ​ស្តី​អមពី​ការ​ធ្វើ​ចំណាក​ស្រុក សម្រាប់​ថ្ងៃព្រហស្បតិ៍ ទី២២ ខែ​កញ្ញា ឆ្នាំ២០១៦ ដែល​ផ្តោត​សំខាន់​ទៅ​លើ​បញ្ហា​ប្រឈម​នៃ​ការ​ចុះ​ឈ្មោះ​បោះឆ្នោត​របស់​ពលករ​ចំណាក​ស្រុក។

លោក សុខ ឥសាន ​អ្នក​នាំពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា ថ្លែង​ប្រាប់​ VOA ​ថា រដ្ឋ​មិន​មាន​លទ្ធភាព​ចេញ​ថ្លៃ​ធ្វើ​ដំណើរ ​និង​ថ្លៃ​ចំណាយ​ផ្សេងៗ​ជូន​ពលករ​ចំណាកស្រុក​ទៅក្រៅ​ប្រទេស ដើម្បី​ឲ្យ​ពួកគេ​អាច​មក​ចុះ​ឈ្មោះ​បោះឆ្នោត​បាន​ទេ។

លោក​ថា វា​អាស្រ័យ​ទៅលើ​ការ​សម្រេច​ចិត្ត​របស់​ពលករ​ម្នាក់ៗ​ក្នុង​ការ​ចុះឈ្មោះ​បោះឆ្នោត។

លោក នេត ភីរម្យ ពលករ​ខ្មែរ​ម្នាក់​ដែល​កំពុង​ធ្វើ​ការ​នៅ​ប្រទេស​ថៃ បាន​សម្រេច​ចិត្ត​ធ្វើ​ដំណើរ​មក​ចុះ​ឈ្មោះ​បោះឆ្នោត​នៅ​ក្នុង​ស្រុកកំណើត​របស់​លោក​ក្នុង​ខេត្ត​បាត់ដំបង ដោយ​ចំណាយ​ថវិកា​ផ្ទាល់​ខ្លួន។

លោក​ថ្លែង​ថា លោក​ចង់​បំពេញ​និង​ប្រើប្រាស់​សិទ្ធិ​បោះឆ្នោត​របស់​លោក​ក្នុង​ការ​ជ្រើសរើស​មេដឹកនាំ​មូលដ្ឋាន​របស់​លោក។

«នេះ​គឺ​ជា​ឆន្ទៈ​របស់​ខ្ញុំ​ផ្ទាល់​ ក្នុង​ការ​បំពេញ​កាតព្វកិច្ច​ជាពលរដ្ឋ»៕

XS
SM
MD
LG