ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ពលករ​ខុស​ច្បាប់​ខ្មែរ​នៅ​ថៃ​អាច​លំបាក​ក្នុង​ការចុះ​ឈ្មោះ​បោះឆ្នោត

  • ម៉ែន គឹមសេង

រូបឯកសារ៖ ពលករ​ខ្មែរ​​ដែល​ចេញ​​ទៅ​ធ្វើការ​​នៅ​ប្រទេស​ថៃ។

គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត ​នឹង​ធ្វើ​ការ​ចុះ​ឈ្មោះ​​អ្នក​បោះឆ្នោត​ពី​ថ្ងៃ​ទី​១ ខែ​កញ្ញា​ដល់ថ្ងៃ​ទី​​២៩ខែ​វិច្ឆិកា។

ក្នុង​ខណៈពេល​ដែល​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត (គ.ជ.ប) កំពុង​ត្រៀម​រៀបចំ​ចុះ​ឈ្មោះ​អ្នក​បោះឆ្នោត​តាម​ប្រព័ន្ធ​ទំនើប មាន​ការ​ព្រួយ​បារម្ភ​ថា​ ពលករ​ខ្មែរ​ដែល​កំពុងធ្វើការ​នៅ​ក្រៅ​ប្រទេស​ និង​អ្នក​ខ្លះដែល​ធ្វើ​ការ​ដោយ​ខុស​ច្បាប់​នៅ​ប្រទេស​ថៃ​រាប់​សែន​នាក់​អាច​នឹង​បាត់​បង់​សិទ្ធិ​បោះឆ្នោត​ បើ​សិន​ជា ​មិន​មាន​ការ​យក​ចិត្ត​ទុក​ដាក់​ និង​ជួយ​សម្រួល​ដល់​ពួកគេ។

គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត ​នឹង​ធ្វើ​ការ​ចុះ​ឈ្មោះអ្នក​បោះឆ្នោត​ពី​ថ្ងៃ​ទី​១ ខែ​កញ្ញា​ដល់ថ្ងៃ​ទី២៩ខែ​វិច្ឆិកា។ នេះ​គឺ​ជាការ​ចុះ​ឈ្មោះ​ធ្វើ​បញ្ជី​បោះឆ្នោត​ថ្មី​ ដោយ​ប្រើ​ប្រព័ន្ធ​ឌីជីថល​ ហើយ​ជាផ្នែក​មួយ​នៃការ​ព្រម​ព្រៀង​គ្នារវាង​គណបក្ស​នយោបាយ​ទាំងពីរ​ គឺ​គណបក្ស​ប្រជាជន​កម្ពុជា​របស់​លោក​នាយករដ្ឋ​មន្ត្រី​ហ៊ុន សែន​និង​គណបក្ស​សង្គ្រោះ​ជាតិ​ដែល​បាន​ចរចា​គ្នា​សម្រេច​ក្រោយ​ពី​ជាប់​គាំង​នយោបាយ​អស់​រយៈ​ពេល​ជិត​មួយ​ឆ្នាំ​បន្ទាប់​ពី​ការ​បោះឆ្នោត​ជាតិ​ឆ្នាំ​២០១៣។​

គណបក្ស​ប្រឆាំង​ក្នុង​ប្រទេស​កម្ពុជា​បាន​ស្នើ​សុំ​ឱ្យ​គណបក្ស​នយោបាយ​នានា​ រដ្ឋាភិបាល ​និង​ស្ថាន​ទូត​ និង​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត​ផ្តោត​ការ​ចាប់​អារម្មណ៍​លើ​បញ្ហា​នេះ​ បើ​មិន​ដូច្នេះ​ ទេ​ពួកគាត់​នឹង​បាត់​បង់​សិទ្ធិ​បោះឆ្នោត​ក្នុង​ពេល​ខាងមុខ។

​លោកស្រី​មូរ​ សុខហួរ​ អ្នកតំណាងរាស្ត្រ​នៃ​គណបក្ស​សង្គ្រោះ​ជាតិ​បាន​បញ្ជាក់ក្នុង​កម្មវិធី​ Hello VOA កាលពី​ថ្ងៃ​ព្រហស្បតិ៍​ថា៖

«អ្វី​ដែល​សំខាន់​ដែល​យើង​ត្រូវ​ធ្វើ​គឺ​ពលករ​ធ្វើការ​ក្រៅ​ប្រទេស​ត្រូវ​តែ​ទៅចុះ​ឈ្មោះ​ឆ្នោត‍»។


គណ​បក្ស​សង្គ្រោះ​ជាតិ​បាន​បង្កើត​ក្រុមការងារ​ជួយ​ចុះឈ្មោះ​ពលករ​នៅ​តាម​ព្រំដែន​ហើយ​លោកស្រី​មូរ សុខហួរ​ដែល​ដឹកនាំ​គណៈកម្មការ​ចំពោះ​កិច្ច​របស់​គណបក្ស​សង្គ្រោះ​ជាតិ​នឹង​ធ្វើ​ដំណើរ​ទៅ​ប្រទេស​ថៃ​ក្នុង​ពេល​ឆាប់ៗ​ខាងមុខ​នេះ​ដើម្បី​ធ្វើ​ទំនាក់​ទំនង​ជាមួយ​ពលករ​និង​ប្រាប់​ពួកគេ​ឱ្យ​បាន​ដឹង​ពី​ការ​ចុះឈ្មោះ​បោះឆ្នោត​និង​សេវា​ដែល​ជួយ​ដល់​ពួកគេ។

លោកស្រី​បន្ថែម​ថា៖

«ខ្ញុំ​ក៏​សូម​អ្នកតំណាងរាស្រ្ត​នៃ​គណបក្ស​ដទៃ​ទៀត​ធ្វើ​ការងារ​នេះ​ដូច​គ្នា​ដើម្បី​ធ្វើការងារ​ហ្នឹង​ដូច​គ្នា​ហើយ​យើង​សូម​ឱ្យ​រាជរដ្ឋាភិបាល​ជាពិសេស​ក្រសួង​ការងារ​ហើយ​នឹង​អគ្គរដ្ឋ​ទូត​ប្រទេស​កម្ពុជា​យើង​គឺ​ត្រូវ​តែ​រៀបចំ​ធ្វើ​ដំណោះស្រាយ​នេះ​ជាមួយ​នឹង​ប្រទេស​ដែល​យក​ពលករ​យើង​ទៅ​ធ្វើ​ យក​ធនធាន​មនុស្ស​យើង​ទៅ​ធ្វើការ។ ដូច្នេះ​យើង​ជា​រដ្ឋាភិបាល​ត្រូវ​មាន​កាតព្វ​កិច្ច​នៅក្នុង​ការ​ការពារសិទ្ធិ​ពលរដ្ឋ​ ពលករ​ចំណាកស្រុក​គឺ​មាន​សិទ្ធិ​ធ្វើ​នយោបាយ​ដូច​ជា​ពលរដ្ឋ​ដទៃ​ទៀត​ដែរ‍»។​

គណបក្ស​សង្គ្រោះ​ជាតិលើក​ទឹក​ចិត្តពលករ​ខ្មែរ​ដែល​ធ្វើ​ការ​នៅ​ប្រទេស​ថៃ​ឱ្យ​មក​ចុះ​ឈ្មោះ​បោះឆ្នោត​នៅ​តាម​ខេត្ត​មួយ​ចំនួន​នៅ​តាម​បណ្តោយ​ព្រំដែន​ខ្មែរ-ថៃ​បើ​ពួកគេ​មិន​មាន​លទ្ធភាព​ធ្វើ​ដំណើរ​ទៅ​ចុះ​ឈ្មោះ​នៅ​ស្រុក​កំណើត​ដែល​នៅ​ឆ្ងាយ​នោះ​ទេ​ជាពិសេស​នៅក្នុង​ឱកាស​បុណ្យ​ភ្ជុំ​ក្នុង​ពេល​ខាងមុខ។

លោកស្រី​មូរ សុខហួរបាន​បន្ថែម​ថា​ចំណាត់​ការ​នេះ​គឺ​ដើម្បី​ការពារ​សិទ្ធិ​បោះឆ្នោត​របស់​ពលករ​នៅ​ក្រៅ​ប្រទេស​បន្ទាប់​ពី​គណបក្ស​នេះ​បាន​តស៊ូ​ដោយ​មិន​បាន​ជោគជ័យ​ក្នុង​ការ​ទាម​ទារ​ជាមួយ​នឹង​គណបក្ស​កាន់​អំណាចឱ្យ​បង្កើត​ការិយាល័យ​ចុះឈ្មោះ​និង​បោះឆ្នោត​នៅ​ក្រៅប្រទេស។

អង្គការ​ពលកម្ម​នានា​ប៉ាន់​ស្មាន​ថា​មាន​ពលករខ្មែរ​ជិត១លាន​នាក់​កំពុង​ធ្វើ​ការ​ទាំងស្រប​ច្បាប់​និង​មិន​ស្រប​ច្បាប់​នៅក្នុង​ប្រទេស​ថៃ។

លោកលី រតន​រស្មី ​អ្នក​គ្រប់​គ្រង​នៅ​ក្នុង​ក្រុម​ហ៊ុន​សន្តិសុខ​មួយ​ក្នុង​តំបន់​លំហែរ​ប៉ាតាយ៉ា​ក្នុង​ប្រទេស​ថៃ​លើក​ឡើ​ង​ថា​ពលករ​ខ្មែរ​មាន​ចិត្ត​ចង់​ត្រឡប់​ទៅ​ស្រុកកំណើត​វិញ​ដើម្បី​ចុះ​ឈ្មោះ​បោះឆ្នោត​ហើយ​អ្នក​ដែល​មាន​ឯកសារ​ធ្វើ​ដំណើរ​ភាគច្រើន​នឹង​ត្រឡប់​ទៅ​ចុះ​ឈ្មោះប៉ុន្តែ​ពលករ​ខ្លះ​មិន​ហ៊ាន​ត្រឡប់​មក​វិញ​ទេ​ព្រោះ​ពួកគេ​បាន​ចូល​ទៅ​ប្រទេស​ថៃ​ដោយ​ខុសច្បាប់​ហើយ​គ្មាន​ឯកសារ​សម្រាប់​ធ្វើ​ដំណើរ​ឡើយ។

លោក​បាន​បន្ថែម​ថា​៖

«​សម្រាប់​ប្រជាពលករ​ដែល​នៅ​ក្នុង​ប្រទេស​ថៃ​ វាចូល​ពី ៦០​ភាគរយ​ទៅ ​៧០​ភាគរយ​ហើយ​ដែល​គាត់​ចង់​បាន​ទាមទារ​ឱ្យ​ប្រទេស​កម្ពុជា​យើង​ដូច​ជា​ខាង​គ.ជ.ប.​ បើ​សិន​ជា​មាន​ការ​បោះឆ្នោត​ រៀបចំ​នៅ​ប្រទេស​ថៃ​តាម​តំបន់​នីមួយៗ​ឬ​នៅ​ទូទាំង​ប្រទេស​ថៃ​ គឺ​បើ​ខាង​គ.ជ.ប​អាច​រៀបចំ​នៅក្នុង​ប្រទេស​ថៃ​ដែល​ជា​តំបន់​ពួកគាត់​កំពុង​រស់​នៅ​ធ្វើការ​ខ្ញុំ​ជឿជាក់​ថា​ពួកគាត់​នឹង​ចូលរួម​បោះឆ្នោត​ច្រើន‍»។

ច្បាប់​បោះឆ្នោត​ថ្មី​មិន​បាន​ផ្តល់​លទ្ធភាព​ឱ្យ​ពលរដ្ឋ​ខ្មែរ​ដែល​កំពុង​ធ្វើការ​នៅ​ក្រៅ​ប្រទេស​ឬ​រស់នៅ​ជា​ពលរដ្ឋ​អចិន្ត្រៃយ៍​នៅក្រៅ​ប្រទេស​ដូចជា​នៅ​សហរដ្ឋ​អាមេរិក​ បារាំង ​កាណាដា​និង​អូស្ត្រាលី​បាន​បោះឆ្នោត​ទេ។ នេះ​ជា​ការដែល​អ្នក​តស៊ូ​មតិ​សហគមន៍​ដូច​ជា​លោក​សេង សោភ័ណ​ប្រធាន​គណៈកម្មការ​សិទ្ធិ​បោះឆ្នោត​របស់​ពលរដ្ឋ​ខ្មែរ​នៅ​ក្រៅ​ប្រទេស ​(សេរ៉ក់)​កំពុង​តស៊ូ​ទាមទារ។

លោក​សេង សោភ័ណ​បាន​បញ្ជាក់​ប្រាប់​វីអូអេ​ថា​លោកមាន​ជំនឿ​និង​អំពាវនាវ​ធ្វើ​យ៉ាង​ណា​ឱ្យ​គ.ជ.ប​រៀបចំ​ចុះឈ្មោះ​បោះឆ្នោត​ពលករខ្មែរ​ធ្វើការនៅ​ប្រទេស​ថៃ​និងកូរ៉េ​មាន​ឱកាស​ចុះឈ្មោះ​បោះឆ្នោត។

«ប្រជាជន​ខ្មែរ​ដែល​នៅក្រៅ​ប្រទេស​មាន​ចំនួន​ច្រើនណាស់​ហើយ​អ្នកទាំងអស់​នេះ​ជា​អ្នកចូលរួម​អភិវឌ្ឍន៍​ជាតិ​ អភិវឌ្ឍន៍​សេដ្ឋកិច្ច​នយោបាយ​ក៏ដូច​ជា​អភិវឌ្ឍន៍​សេដ្ឋកិច្ច​សង្គម​បាន​ច្រើន​ណាស់​នៅ​ក្នុង​ប្រទេស​កម្ពុជា​យើង​ជាពិសេស​គឺ​យុវជន។ កម្លាំង​កម្មករ​ចំណាក​ស្រុក​ទាំង​នៅស្រុក​ថៃ​និងកូរ៉េ​គឺ​ជា​កម្លាំង​ចលករ​យុវជន​ជំនាន់​ថ្មី​ដែល​មាន​ស្មារតី​កម្លាំង​ពលំខ្លាំង​ដូច្នេះ​ពួកគេ​គួរតែ​មាន​សិទ្ធិ​បោះឆ្នោត‍»។

គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត​រំពឹង​ថា​មាន​ពលរដ្ឋ​ខ្មែរ​ជាង​៩​លាន​នាក់​មាន​សិទ្ធិ​ចុះ​ឈ្មោះ​បោះឆ្នោត។

ប្រទេស​កម្ពុជា​នឹង​រៀបចំ​ការបោះឆ្នោត​ឃុំ​សង្កាត់​នៅ​ខែ​កក្កដា​ឆ្នាំ​២០១៧ ​រីឯ​ការបោះឆ្នោត​ជាតិ​គ្រោង​នឹង​ធ្វើ​នៅ​ឆ្នាំ​២០១៨​ប៉ុន្តែ​នៅ​មិនទាន់​កំណត់​កាលបរិច្ឆេទ​ច្បាស់​លាស់​នៅឡើយ​ទេ៕

XS
SM
MD
LG