ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ពលករ​កម្ពុជា​ស្វែងរក​ជំនួយ​ផ្លូវច្បាប់​ទាមទារ​សំណង​ពី​ក្រុមហ៊ុន


រូបឯកសារ៖ ពលរដ្ឋ​កម្ពុជា​ជាច្រើន​បាន​ចាកចេញ​ពី​ប្រទេស​កំណើត​ទៅ​ធ្វើការ​នៅ​ក្រៅ​ប្រទេស ដូចជា​នៅ​ក្នុង​រូបថត​នេះ គឺជា​ពលករ​កម្ពុជា​ដែល​រង់ចាំ​ឲ្យ​គេ​ពិនិត្យ​ឯកសារ​របស់​ខ្លួន​នៅ​ស្ថានីយ៍​ប៉ូលិស​នៅ Aranyaprathet នៅ​ថ្ងៃទី ១៥ ខែមិថុនា ឆ្នាំ២០១៤ គ្រាដែល​ពួកគេ​ត្រៀម​ខ្លួន​វិល​ត្រឡប់​មក​កម្ពុជា​វិញ។
រូបឯកសារ៖ ពលរដ្ឋ​កម្ពុជា​ជាច្រើន​បាន​ចាកចេញ​ពី​ប្រទេស​កំណើត​ទៅ​ធ្វើការ​នៅ​ក្រៅ​ប្រទេស ដូចជា​នៅ​ក្នុង​រូបថត​នេះ គឺជា​ពលករ​កម្ពុជា​ដែល​រង់ចាំ​ឲ្យ​គេ​ពិនិត្យ​ឯកសារ​របស់​ខ្លួន​នៅ​ស្ថានីយ៍​ប៉ូលិស​នៅ Aranyaprathet នៅ​ថ្ងៃទី ១៥ ខែមិថុនា ឆ្នាំ២០១៤ គ្រាដែល​ពួកគេ​ត្រៀម​ខ្លួន​វិល​ត្រឡប់​មក​កម្ពុជា​វិញ។

ពលករ​កម្ពុជា​ចំនួន​២០១​នាក់​កំពុង​ស្វែងរក​ជំនួយ​ផ្លូវ​ច្បាប់​ពី​អង្គការ​ការពារ​សិទ្ធិ​មនុស្ស​ក្នុង​ស្រុក ​ដើម្បី​ទាមទារសំណង​ជា​ថវិកាចំនួន​៨០.៤០០​ដុល្លារ​សហរដ្ឋ​អាមេរិក ដែល​ពួកគេ​បាន​បង់​ទៅ​ឲ្យ​ក្រុមហ៊ុន​ក្នុង​ស្រុក​ចំនួន​ពីរ​ជា​ថ្នូរ​នឹង​ការ​រក​ការងារ​ឲ្យ​ពួក​គេ​ធ្វើ​នៅ​ប្រទេស​ជប៉ុន និង​បាន​ចេញ​ទៅ​បម្រើ​ការងារ​នៅ​ប្រទេស​ជប៉ុន​ហើយ​នាំ​ពួកគេ​ទៅ​ធ្វើការ​នៅ​ទីនោះ។

ការទាមទារ​សំណង​របស់​ពួកគេ​ធ្វើ​ឡើង​បន្ទាប់​ពី​ក្រុមហ៊ុន​ Rice Natural Co.,Ltd. ​និង​ក្រុមហ៊ុន​ Century Cambodia Manpower Co., Ltd.​ ខកខានមិន​បាន​បំពេញ​តាម​ការសន្យា​ដែល​ថា នឹង​នាំ​ពួក​គេ​ទៅ​ធ្វើការ​ក្នុង​វិស័យ​កសិកម្ម ឧស្សាហកម្ម និង​សំណង់​នៅ​ប្រទេស​ជប៉ុន​ក្នុង​ពេល​ប្រាំមួយ​ខែ​យ៉ាងយូរ។

អ្នកស្រី​ ឆន សុគន្ធា​ ប្រធាន​ផ្នែក​ស្រ្តី​ កុមារ ​និង​ការ​ដោះស្រាយ​ទំនាស់​ ក្រៅ​ប្រព័ន្ធ​តុលាការ​របស់​សមាគម​អាដហុក បាន​ថ្លែង​ប្រាប់​វីអូអេ​ជា​ខេមរភាសា​ថា សមាគម​របស់​អ្នកស្រី​នឹង​ស្នើ​សុំ​ជួប​លោក​អ៊ិត សំហេង​ រដ្ឋមន្ត្រី​ក្រសួង​ការងារ​ នៅ​ពាក់​កណ្តាល​ខែ​នេះ ​ដើម្បី​ដក​យក​ប្រាក់​តម្កល់​របស់​ក្រុមហ៊ុន​ទាំង​ពីរ​មក​ ទូទាត់​សង​ទៅ​ពលករខាងលើ ក្រោយ​ពី​សមាគម​លោកស្រី​ទទួល​ បាន​ពាក្យ​បណ្តឹង​របស់​ពួកគេ​កាល​ពីដើម​ខែ​មេសា​ឆ្នាំ​២០១៥​នេះ។​

អ្នកស្រី​បាន​និយាយ​ថា៖​ «ខាង​ខ្ញុំ​នឹង​ស្នើ​សុំ​ជួប​ជាមួយ​រដ្ឋមន្ត្រី ​ដើម្បី​ជួយ​ជំរុញ​ដោយ​ដក​ប្រាក់​តម្កល់​ចំនួន​១០​ម៉ឺន​ដុល្លារ ​យក​ទៅ​ទូទាត់​ឲ្យ​ខាង​ជន​រង​គ្រោះ»។​

សមាគម​អាដហុក​ក៏​បាន​ចេញ​ផ្សាយ​សេចក្តី​ប្រកាស​ព័ត៌មាន​មួយ​ កាលពី​ថ្ងៃ​ព្រហស្បតិ៍​ផង​ដែរ​ ដោយ​ថ្លែង​ថា ​ប្រធាន​ក្រុមហ៊ុន​ទាំង​ពីរ​ដែលទទួល​បាន​អាជ្ញា​បណ្ណ​ពី​រដ្ឋាភិបាល ​បាន​ទម្លាក់​ស្លាក​សញ្ញា​ក្រុមហ៊ុន​ចោល ​និង​មិន​គោរព​ទៅ​តាម​ការ​សន្យា​របស់​ខ្លួន​ក្នុង​ការ​បញ្ជូន​ពលករ​កម្ពុជា​ទាំង​នេះ​ទៅ​កាន់​ប្រទេស​ជប៉ុន​ ទេ​ ខណៈ ពេល​ដែលពល​ករ​ចាប់​ផ្តើម​ដាក់​ពាក្យ​បណ្តឹង។

ក្រសួង​ការងារ​បាន​ចេញ​សេចក្តី​ជូន​ដំណឹង​មួយ​កាលពី​ថ្ងៃ​ទី១០​ខែ​មេសា​ដើម្បី​ស្នើ​ឲ្យ​អគ្គនាយក​ក្រុមហ៊ុន​ទាំង​ពីរ​ផ្អាក​សកម្មភាព​ជ្រើសរើស​ពលករ​ថ្មី​រហូត​ដល់​មាន​ដំណោះស្រាយ​ជាមួយ​ពលករ មិន​ឲ្យ​លើស​ពី​៤៥​ថ្ងៃ។ នេះ​បើ​តាម​ការ​បញ្ជាក់​ពី​អ្នកស្រី​សុគន្ធា។

អ្នកស្រី​សុគន្ធា​បាន​បន្ត​ថា៖ «ក្នុង​ចំណោម​២០១​នាក់​ហ្នឹង​ មាន​ជន​រងគ្រោះ​ភាគច្រើន​គឺ​គាត់​បាន​ខ្ចី​លុយ​ពី​ធនាគារ​ ឬ​អ្នក​រក​ស៊ី​ចង​ការ​ប្រាក់​នៅ​ក្នុង​តម្លៃ​ការ​ប្រាក់​ខ្ពស់»។​

អ្នកស្រី​បន្ត​ទៀត​ថា៖ «គាត់​ប្រឈម​មុខ​នឹង​ធនាគារ​ធ្វើការ​រឹប​អូស​ផ្ទះ​គាត់​ ឬ​ក៏ដី​ស្រែ​របស់​គាត់​ ដោយសារ​ពេល​ដែល​គាត់​អត់ទាន់​បាន​ចេញ​ទៅ​ធ្វើការ​នៅ​ក្រៅ​ គាត់​អត់​មាន​លុយ​សម្រាប់​បង់​ការ​ប្រាក់​ដើម​ឲ្យ​គេ​វិញ»។​

VOA បាន​ព្យាយាមទំនាក់​ទំនង​ទៅ​កាន់​លោក​ជាវ ផល្លី ​នាយករង​នៃ​នាយកដ្ឋាន​ប្រឆាំង​ការ​ជួញ​ដូរ​មនុស្ស​នៅ​ឯ​ក្រសួង​មហាផ្ទៃ​ដើម្បី​សុំ​ការ​បំភ្លឺ​ តែ​មិន​អាច​ទាក់ទង​បាន​ទេ ​ដោយសារ​លោក​ពុំ​បាន​លើក​ទូរស័ព្ទ។ ​ចំណែក​ឯ​ទូរស័ព្ទ​របស់​ អ្នក​នាំពាក្យ​នៅ​ក្រសួ​ងការងារ​គឺលោក​ហេង សួ​ ក៏​ពុំអាច​ទំនាក់​ទំនង​បាន​ដែរ។​

លោក​នូ នឹម​ ប្រធាន​មន្ទីរ​ការ​ងារ​ក្រុង​ភ្នំពេញ​ បាន​បដិសេដ​មិន​ធ្វើ​អត្ថាធិប្បាយ​ ទេ ​រួច​ហើយ​លោក​បង្វែរ​សំណួរ​ទៅ​កាន់​ក្រសួង​ការងារ​វិញ។​

លោក​និយាយ​ថា៖​ «សូម​លោក​ទាក់ទង​ទៅ​ខាង​ក្រសួង​ការងារ។ ​វា​មិន​ពាក់ព័ន្ធសមត្ថកិច្ច​ខាង​មន្ទីរ​ខ្ញុំ​ទេ»។

VOA ក៏​បាន​ព្យាយាម​ទាក់​ទង​សុំ​ការ​បញ្ជាក់​ពី​លោក​ហែម ប៊ុននី​ ប្រធាន​នាយកដ្ឋាន​ពលករ​ និង​ការងារ​នៃ​ក្រសួង​ការងារ​ ហើយ​ក៏​ពុំ​អាច​ទាក់ទង​បាន​ដែរ ​ដោយទូរស័ព្ទ​របស់​លោក​គ្មាន​អ្នក​ទទួល។ ​VOA ក៏បាន​ទាក់ទង​តាម​ទូរស័ព្ទទៅ​លោកជួប ណារុធ​ អនុប្រធាន​នាយកដ្ឋាននេះ​ ​តែ​ទូរស័ព្ទ​របស់​លោក​មិន​ដំណើរការ។​

កញ្ញា​រៃ ថារាជ្យ ​អាយុ​២១​ឆ្នាំ​ ដែល​ជា​ពលកររ​ងគ្រោះ​មកពី​ខេត្ត​កណ្តាល​ បាន​និយាយ​ថា ​កញ្ញា​ទាមទារ​ឲ្យ​ក្រុមហ៊ុន​ ​Rice Natural Co.,Ltd. ​ប្រគល់​ប្រាក់​មួយ​ចំនួន​មក​វិញ​ ក្រោយ​ពេល​ដែល​ក្រុមហ៊ុន​នេះ​ មិន​ធ្វើតាម​ការ​សន្យា​ដែល​ថា ​នឹង​នំា​កញ្ញា​ទៅ​ធ្វើការ​នៅ​ប្រទេស​ជប៉ុន ​ក្នុង​កំឡុងពេលប្រាំ​មួយខែ​គិត​ចាប់ពី​ខែ​ធ្នូ​ឆ្នាំ​ ២០១៤ ​រហូត​មក​ដល់​ពេល​កញ្ញា​ដាក់​ពាក្យ​ប្តឹង​មក​សមាគម​សិទ្ធិ​មនុស្ស​អាដហុក​ នៅ​ខែ​មេសា​ឆ្នាំ​២០១៥​នេះ។​

កញ្ញា​និយាយ​ថា៖​ «ខ្ញុំ​ចង់​ទាមទារ​លុយមួយ​ចំនួន ​ហើយ​និង​លិខិត​ឆ្លង​ដែន​របស់​ខ្ញុំ។​ ខ្ញុំ​មាន​អារម្មណ៍​ពិបាក​ចិត្ត ​តែ​ធ្វើ​ម៉េច​គេ​ធ្វើ​អញ្ចឹង​[ការ​បោកប្រាស់]​ទៅ​ហើយ»។​

VOA ​បាន​ទូរស័ព្ទទៅ​លោក​ប្រធាន​ក្រុមហ៊ុន​ទាំងពីរ​រូប​គឺ​លោក​ផុន សុវណ្ណារិទ្ធិ​នៃ​ក្រុមហ៊ុន​Rice Natural Co.,Ltd.​ និង​លោក​ដុល យុទ្ធ​នៃ​ក្រុមហ៊ុន​ Century Cambodia Manpower Co., Ltd.​ តែអ្នក​ទទួល​ទូរស័ព្ទ​មិន​និយាយ​ រួច​ហើយ​អ្នក​ផ្សេង​លើក​ជំនួស។​

លោក​ឌី ថេហូយ៉ា ​មន្រ្តី​កម្មវិធី​ការងារ​នៅ​ឯ​មជ្ឈមណ្ឌល​អប់រំ​ច្បាប់​សម្រាប់​សហគមន៍​ ពុំ​ទទួល​បាន​បណ្តឹង​ពី​ករណី​នៃ​ការ​បោកប្រាស់​ពលករ​ខ្មែរ​ទាំង​២០១​នាក់​ដែល​ក្រុមហ៊ុន​សន្យា​យកទៅធ្វើការ​នៅ​ប្រទេស​ជប៉ុន​នោះ​ទេ​ ប៉ុន្តែ​លោក​មើល​ឃើញ​ថា​ ករណី​នេះ​ជា​ករណី​ដដែលៗ​ ដែល​ពលករ​បាន​ជួប​ប្រទះ ​ពីព្រោះ​រដ្ឋាភិបាល​ខ្វះ​យន្តការ​តាមដាន​ អង្កេត​ក្រុមហ៊ុន​ ដែល​នាំ​ពលករ​កម្ពុជា​ទៅក្រៅ​ប្រទេស។​

លោក​និយាយ​ថា៖​ «ខ្ញុំ​លើក​ឧទាហរណ៍​ងាយៗ​សម្រាប់​ឲ្យ​យើង​យល់​ ដូចជា​នៅ​ប្រទេស​ថៃ​អញ្ចឹង​គឺ​ក្រសួង​ការងារ​គេ​មាន​ការ​ចាត់ចែង​ច្បាស់លាស់​ ដូច​ជា​មុន​នឹង​បញ្ជូន​កម្មករ​ទៅ​តាម​រយៈ​ក្រសួង​ការងារ​របស់​គេ​ គេមាន​អនុព័ន្ធ​ការងារ​របស់​គេ។ ឧទាហរណ៍​បើសិន​គេ​បញ្ជូន​ទៅ​ប្រទេស​តៃវ៉ាន់​ គេ​ត្រូវតែ​ដឹង​ថា​ មាន​ក្រុមហ៊ុន​ចំនួន​ប៉ុន្មាន? ​តម្រូវការ​ប៉ុន្មាន? ​ហើយ​ក្រុមហ៊ុន​ហ្នឹង​វា​ធ្វើការ​លើអី​ខ្លះ?​ ហើយ​គេ​ឲ្យ​ភ្នាក់ងារ​ជ្រើសរើស​ពលករ​នៅ​ប្រទេស​គេ​ហ្នឹង។ ​ដូច​ថា​ ក្រុមហ៊ុន​ក​ត្រូវ​ទទួល​ប៉ុន្មាន​ដើម្បី​ជ្រើសរើស​បុគ្គលិក​ទៅ។​ គេ​បញ្ជាក់​ផ្នែក​ការងារ​អី​ខ្លះ។ ​គេ​ច្បាស់​លាស់​ផ្នែក​ហ្នឹង។ ​ប៉ុន្តែ​យើង​ហាក់​ដូចជា​មិន​បាន​យក​ចិត្ត​ទុក​ដាក់​ក្នុង​រឿង​ហ្នឹង​ទេ»។​

VOA ក៏​បាន​ព្យាយាម​ទាក់​ទង​សុំ​ការ​បំភ្លឺ​ពីមន្រ្តី​ស្ថានទូត​ជប៉ុន​ប្រចាំ​ប្រទេស​កម្ពុជា​ តែ​មិន​មាន​ការ​ឆ្លើយ​តប​តាម​សារអេឡិចត្រូនិក​ ឬ​អ៊ីម៉េល​ដើម្បី​បញ្ជាក់ថា​ តើ​ក្រុមហ៊ុន​ក្នុង​ស្រុក​ទាំងពីរ​បាន​ទំនាក់​ទំនង​ទៅ​ស្ថានទូត​ក្នុង​ការ​នាំយក​ពលករ​កម្ពុជា​ទៅ​ប្រទេស​ជប៉ុន​ ឬ​យ៉ាង​នោះ​ឡើយ។​

ដោយ​ឡែក​នៅ​ដើម​សបា្តហ៍​ខាង​មុខ​នេះ​ដែរ​ ពលរដ្ឋ​កម្ពុជា​ចំនួន​៥៨​នាក់​ គ្រោង​ចាកចេញ​ពី​ប្រទេស​ឥណ្ឌូនេស៊ី​មក​កម្ពុជា​វិញ​ បន្ទាប់ពី​ពួក​គេ​ ត្រូវបាន​ជួយ​សង្គ្រោះ​ពី​ការ​បោកប្រាស់​ឲ្យទៅ​ធ្វើ​កម្មករ​នេសាទ​របស់​ថៃ៕

XS
SM
MD
LG