ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

អ្នក​តាម​ដាន​សង្គម៖​ តំណាង​រាស្ត្រ​​ត្រូវ​តែ​ហ៊ាន​ប្រកាស​ទ្រព្យ​សម្បត្តិ​របស់​ខ្លួន​ជា​សាធារណៈ​ដើម្បី​​ផ្ទៀង​ផ្ទាត់​សម្បថ ​


ព្រះមហាក្សត្រ ព្រះបាទ នរោត្តម សីហមុនី យាងថតរូបជាមួយមន្ត្រីរដ្ឋាភិបាល ក្នុងសម័យប្រជុំដំបូង សម្រាប់នីតិកាលទី ៧ នៃរដ្ឋសភា រាជធានីភ្នំពេញ ថ្ងៃទី ២១ ខែសីហា ឆ្នាំ ២០២៣។
ព្រះមហាក្សត្រ ព្រះបាទ នរោត្តម សីហមុនី យាងថតរូបជាមួយមន្ត្រីរដ្ឋាភិបាល ក្នុងសម័យប្រជុំដំបូង សម្រាប់នីតិកាលទី ៧ នៃរដ្ឋសភា រាជធានីភ្នំពេញ ថ្ងៃទី ២១ ខែសីហា ឆ្នាំ ២០២៣។

បន្ទាប់​ពី​តំណាង​រាស្ត្រ​ជាប់​ឆ្នោតធ្វើ​សច្ចា​ប្រណិធានថា​ «មិន​កេង​ប្រវ័ញ្ច​នូវ​ផល​ប្រយោជន៍​ជាតិ​សម្រាប់​ផ្ទាល់​ខ្លួន ​ឬ​សម្រាប់​គ្រួសារ ​ឬ​សម្រាប់​បក្ខពួក»​នោះ ​អ្នក​តាម​ដាន​សង្គម​កម្ពុជា​ថ្លែង​ថា​ បើ​ចង់​ឱ្យការ​សច្ចា​ប្រណិធាន​នោះមាន​ប្រសិទ្ធ​ភាព ​លុះត្រា​តំណាង​រាស្ត្រ​ហ៊ានប្រកាស​ទ្រព្យ​សម្បត្តិ ​និង​បំណុល​ដោយ​បើក​ចំហ​ និង​ជាសាធារណៈ​ ព្រោះ​ពាក្យ​សម្បថ​មិន​ទាន់​អាច​ផ្តល់​ទំនុក​ចិត្ត​សម្រាប់ពល​រដ្ឋ​នោះ​ទេ ​ហើយក៏​មិន​អាចកាត់​បន្ថយ​អំពើ​ពុក​រលួយ​បាន​ដែរ។​

កាល​ពី​ថ្ងៃ​ទី​២១ ​ខែ​សីហា ​ដែល​ជាថ្ងៃ​ដំបូង​នៃ​ការ​បើក​សម័យ​ប្រជុំ​លើក​ដំបូង​របស់​រដ្ឋ​សភា​ អាណត្តិ​ទី​៧ ​តំណាង​រាស្ត្រ​ទាំង​១២៥​រូប​ ដែល​មក​ពី​គណ​បក្ស​ប្រជាជន​កម្ពុជា​ និង​មក​ពី​គណ​បក្ស​រាជា​និយម​ហ៊្វុនស៊ិនប៉ិច បាន​ធ្វើ​សច្ចា​ប្រណិធាន​ ផឹក​ទឹក​សម្បថនៅ​ព្រះ​មរប​រាជ​វាំង ​ដើម្បី​ធានា​ចំពោះ​ភាព​ស្រប​ច្បាប់របស់​ខ្លួន ​ក្នុងការ​ធ្វើ​ជា​តំណាង​រាស្ត្រអាណត្តិ​ទី​៧ និង​បាន​សច្ចា​បម្រើ​ផល​ប្រយោជន៍​ជាតិ។ ​

​លោក វ៉ន ចាន់ឡូត ​អ្នក​ជំនាញ​ច្បាប់​មួយ​រូប យល់​ថា ​ការធ្វើ​សច្ចា​ប្រណិធាន​នេះ​ គ្រាន់​តែជា​ទម្រង់​មួយ ​ដើម្បីបង្គ្រប់​កិច្ច ​ក្នុង​ការ​បញ្ជាក់​អំពី​ភាព​ត្រឹម​ត្រូវ ​និង​ភាព​ស្រប​ច្បាប់​របស់​តំណាង​រាស្ត្រ​ ដោយ​យោងតាម​ទំនៀម​ទម្លាប់​ដែល​កម្ពុជា​បាន​កំណត់​តែ​ប៉ុណ្ណោះ។ ​

លោក​ថា ​ប្រសិន​បើចង់ឱ្យ​ពាក្យ​សច្ចា​ប្រណិ​ធាន​នោះ​មាន​ប្រសិទ្ធ​ភាព ​និង​ដើម្បី​ឱ្យ​ពល​រដ្ឋ​ទុក​ចិត្ត​ លុះ​ត្រា​តែ​តំណាង​រាស្ត្រ​ទាំង​អស់​ហ៊ាន​ប្រកាស​ទ្រព្យ​សម្បត្តិ​ និង​បំណុល​របស់​ខ្លួន​ជា​សាធារណៈ ​បើ​ទោះ​បី​ជា​ច្បាប់​ប្រឆាំង​អំពើ​ពុក​រលួយ​មិន​បាន​ចែង​ក៏​ដោយ។

លោក វ៉ន ចាន់ឡូត ​ប្រាប់​វីអូអេ​នៅ​ថ្ងៃ​ពុធ​នេះថា៖ ​«ការ​ស្បថ​នេះជា​ការ​ពញ្ញាក់​ ឬ​ជា​ការ​សន្យា​មួយ​ដើម្បី​ធានា​ថា ខ្លួន​នឹងមិន​ធ្វើ​នូវ​ទង្វើ​ទុច្ច​រិត​ [មិន​ធ្វើ]​នូវទង្វើ​នៃ​ការ​ធ្វើ​ឱ្យ​ប៉ះ​ពាល់​ទៅ​ដល់​ផល​ប្រយោជន៍​ជាតិ ​ផល​ប្រយោជន៍​របស់​ប្រជា​ពល​រដ្ឋ។ ​ហើយ​ជាក់​ស្តែង​ បើ​យើង​មើល​អំពី​ការ​ប្រកាស​ទ្រព្យ​សម្បត្តិ​ជា​សាធារណៈ​ជា​ដើម ​គឺកម្ពុជា​យើង​អត់​មាន​ទេ។ ​អ៊ីចឹង​ហើយ​ដែល​វា​កង្វះ​នូវ​តម្លា​ភាព​មួយ ​ដែល​ជំរុញ​ឱ្យ​ការ​ត្រួត​ពិនិត្យ​ទៅ​ដល់​បញ្ហា​នៃ​អំពើ​ពុក​រលួយ ​ឬ​បញ្ហា​អំពើ​ពុក​រលួយ​នៅ​ប្រទេស​កម្ពុជា​មិន​មាន​ការ​ថម​ថយ»។​

ក្រៅ​ពី​នេះ ​លោក​ថា ប្រសិន​បើ​កម្ពុជាចង់ដោះ​ស្រាយ​អំពើ​ពុក​រលួយ​ និង​ការមិន​កេង​ប្រវ័ញ្ច​ផល​ប្រយោជន៍​ជាតិ​ ​គឺ​វាអាស្រ័យ​លើ​ការ​ទទួល​ខុស​ត្រូវ​របស់​អ្នក​នយោ​បាយ ​និង​អ្នក​ដឹក​នាំ​ប្រទេស​តែម្តង។​ លោក​បន្ថែម​ថា ​អំពើ​ពុក​រលួយ​នៅ​បន្ត​ញាំ​ញី​សង្គមកម្ពុជា ​ព្រោះ​ការ​បែង​ចែក​អំណាច​ទាំង​បី​នៅ​មាន​ភាព​មិន​ច្បាស់​លាស់​ ហើយ​ម្យ៉ាង​ទៀត ​កម្ពុជា​ក៏កំ​ពុង​ប្រឈម​មុខ​នឹងកង្វះ​កា​រ​ប្រកួត​ប្រជែង​ដោយ​សេរី ​ត្រឹមត្រូវ​ និងយុត្តិធម៌ ​ទាំង​ផ្ទៃ​ក្នុង​គណ​បក្ស​កាន់​អំណាច ​និង​ជាមួយ​គណ​បក្ស​នយោ​បាយ​ផ្សេង​ទៀត។

បើ​តាម​លោក វ៉ន ចាន់ឡូត ​អំពើ​ពុក​រលួយ​ និង​ប្រព័ន្ធ​នីតិ​រដ្ឋ​នៅ​កម្ពុជា​ត្រូវ​បាន​គេ​វាយ​តម្លៃ​ថា​ មាន​ស្ថាន​ភាព​អាក្រក់​ ដូច្នេះ​លោក​ថា ​រដ្ឋាភិបាល​ថ្មី ​ដែល​ដឹក​នាំដោយ​កូន​ប្រុស​ច្បង​លោក ​ហ៊ុន សែន ​គឺ លោក ​ហ៊ុន ម៉ាណែត​ ត្រូវ​ស្តារ​បញ្ហា​នីតិ​រដ្ឋ​ និង​ដោះ​ស្រាយ​អំពើ​ពុក​រលួយ​នេះ។​

បើ​តាម​សន្ទស្សន៍​នៃ​ការ​យល់​ឃើញ​ពី​អំពើ​ពុក​រលួយ​(CPI) ​ឆ្នាំ​២០២២ ​ដែល​ត្រូវ​បាន​ចេញ​ផ្សាយ ដោយ​អង្គ​ការ​តម្លា​ភាពអន្តរ​ជាតិ​កាល​ពីខែ​មករា ​ឆ្នាំ​២០​២៣​កន្លង​ទៅ​ ប្រទេស​កម្ពុជាទទួល​បាន​ពិន្ទុ​២៤​ លើ​ពិន្ទុ​អតិបរមា​១០០ ​និង​ជាប់​ចំណាត់​ថ្នា​ក់ទី​១៥០ ​ក្នុង​ចំណោម​១៨០​ប្រទេស ​ដែល​ត្រូវ​បាន​ដាក់​បញ្ចូល​នៅ​ក្នុង​សន្ទស្សន៍។ ​លទ្ធ​ផល​ពិន្ទុ និង​ចំណាត់​ថ្នាក់​នេះ​បាន​បង្ហាញ​ពី​ភាព​ប្រសើរ​ឡើង​បន្តិច​ បើ​ធៀប​នឹង​លទ្ធ​ផល​ឆ្នាំ​២០២១។​

ក្នុង​សន្ទស្សន៍​ CPI ​ឆ្នាំ​២០​២១ ​ប្រទេស​កម្ពុជា​ទទួល​បាន​២៣​ពិន្ទុ ​លើ​ពិន្ទុ​អតិ​បរមា​១០០ ​និង​ជាប់​ចំណាត់​ថ្នាក់​ទី​១៥៧។ ​ហើយ​លទ្ធផល​សន្ទស្សន៍ ​CPI ​ឆ្នាំ​២០២២ បង្ហាញ​ថា​ ប្រទេស​កម្ពុជា​បន្ត​បោះ​ជំហាន​យ៉ាង​យឺត​ពី​ក្រោយ​បណ្តា​ប្រទេស​ក្នុង​តំបន់​អាស៊ី​ ក៏​ដូច​ជា​សកល​លោក​ ក្នុង​ការ​លុប​បំបាត់​អំពើ​ពុក​រលួយ។​

ប្រធាន​សមាគម​សម្ព័ន្ធ​និស្សិត​បញ្ញវន្ត​ខ្មែរ លោក ​កើត សារ៉ាយ​ ប្រាប់​វីអូអេ​ថា ​ពាក្យ​សម្បថរបស់​តំណាង​រាស្ត្រ​គ្រាន់​តែ​ជា​ចិត្ត​សាស្ត្រមួយ​ដើម្បី​បញ្ជាក់​ជំហរជា​លក្ខណៈ​អន្តរ​កាល ​ឬ​ជា​បណ្តោះ​អាសន្ន​តែ​ប៉ុណ្ណោះ។ ​លោក​ថា ​អ្វី​ដែល​សំខាន់​ត្រូវ​មើល​លើ​គោល​នយោបាយ ​និងការ​អនុវត្ត​គោល​នយោបាយ​របស់​រដ្ឋា​ភិបាល​ថ្មីថា ​តើនឹង​ដឹក​នាំ​កម្ពុជា​បែប​ណា។​ ​

លោក​ក៏​មិន​ទាន់​មាន​ជំនឿ​លើ​រដ្ឋា​ភិបាល​ថ្មី​ក្នុង​ការ​ដោះ​ស្រាយអំពើ​ពុក​រលួយ ​បញ្ហា​សិទ្ធិ​មនុស្ស ​និង​បញ្ហា​ផ្សេង​ទៀត​ក្នុង​សង្គម​បាន​ល្អ​ប្រសើរ​នោះ​ដែរ​ ដោយ​សារ​កង្វះឆន្ទៈ​នយោបាយ​ដើម្បី​ឆ្លើយ​តបនឹង​ការ​រីករាលដាល​នៃ​អំពើ​ពុក​រលួយ។​

លោក​ថ្លែងថា៖ ​«យើង​ត្រូវ​មើល​ទៅ​លើ​គោល​នយោបាយ​ យើង​ត្រូវ​ទៅ​មើល​ពី​យន្ត​ការ​ថា​ តើ​រដ្ឋាភិបាល​នីតិ​កាល​ទី​៧ ​តំណាង​រាស្ត្រ​ដែល​ស្បថ​នៅ​ក្នុង​ព្រះ​មរប​រាជ​វាំង​ ឬ​មន្ត្រី​ផ្សេងៗ ​ដែល​ទៅ​ស្បថ​ហ្នឹង​ តើ​ពួក​គាត់​មាន​ទស្សន​វិស័យ​ មាន​កា​រកែប្រែ​ឡាន​ចាស់ ​មួយ​គ្រឿង​ដែល​បើក​ជាង​៣០​ឆ្នាំ​ហ្នឹង​ ហើយ​ឬ​នៅ? បាន​ដូរ​កង់​ហើយ​ ឬនៅ?​ មាន​ឆន្ទៈដូរ​ហ្វ្រាំង ​ហើយ​ឬ​នៅ? ​មាន​ឆន្ទៈ​ដូរ​ម៉ាស៊ីន ​ដូរ​ស្បែកសព្វ​បែប​យ៉ាង​ទេ? ​បើ​គ្មាន​ទេ ​ដូ​រតែ​អ្នក​បើក​ឡាន​ថ្មី​ ហើយ​បើក​ឡាន​ចាស់​ដដែល​ ខ្ញុំជឿ​ជាក់​ថា ​ប្រជា​ពលរដ្ឋ​កម្ពុជា​នៅតែ​ទទួល​លទ្ធ​ផល​ចាស់​ដដែល​ទេ​ [ពាក់ព័ន្ធ] ​អំពើ​អយុត្តិ​ធម៌ ​អំពើ​ពុក​រលួយ​ ពាស​ពេញ​ប្រទេស​ដដែល»។​

ប្រតិកម្ម​ទៅ​នឹង​រឿង​ស្បថ​ស្បែ​នេះ​ ​អ្នក​នាំ​ពាក្យ​គណ​បក្ស​ប្រជាជន​កម្ពុជា​លោក ​សុខ ឥសាន ​លើក​ឡើងថា​ ​ ពាក្យ​សម្បថ​ដែល​តំណាង​រាស្ត្រ​ស្បថ​នោះ​ គឺ​មានក្នុងរដ្ឋ​ធម្មនុញ្ញ​កម្ពុជា។ ​លោកថា ​តំណាង​រាស្ត្រ​អនុវត្ត​តាម​ច្បាប់ ​និង​ទទួល​បាន​ប្រាក់​បំណាច់​នៃ​ការ​បំពេញ​ការងារ​តែ​ប៉ុណ្ណេះ ​ដូច្នេះគ្មាន​ពាក់​ព័ន្ធ​អំពើ​ពុក​រលួយនោះ​ទេ។​ ​

លោក​ថ្លែង​ថា៖ ​«គាត់ ​[តំណាង​រាស្ត្រ] ​ធ្វើការ​ងារ ​ទីមួយអនុម័ត​ច្បាប់ ​ទី២​តាម​ដាន​ការ​ត្រួត​ពិនិត្យ​ការ​អនុវត្ត​ច្បាប់​ ​និង​ទី៣​ចុះ​ទៅសំណេះ​សំណាល​ប្រជា​ពលរដ្ឋ ​ដើម្បី​ដឹង​សុខ​ទុក្ខ​ប្រជា​ពល​រដ្ឋ ​ហើយ​ប្រជា​ពល​រដ្ឋ​មាន​សំណូម​ពរ​អី។ អាហ្នឹង​សំខាន់​នូវ​តួនាទី​តំណាង​រាស្ត្រ។ ​ដូច្នេះ​វា​គ្មាន​អី​ពាក់​ព័ន្ធ​អីជា​មួយ​រឿង​អំពើ​ពុក​រលួយ​អី​ទេ​ ព្រោះ​តំណាង​រាស្ត្រ​ធ្វើ​អំពើ​ពុក​រលួយ​ក៏​មិន​អាច​ប្រព្រឹត្ត​ទៅ​បាន​ដែរ​ ពីព្រោះ​គ្នា​ស៊ី​តែ​ប្រាក់​បំណាច់​ទេ»។​

បើ​តាម​លោក ​សុខ ឥសាន ​ការ​ប្រកាស​ទ្រព្យ​សម្បត្តិ​ និង​បំណុល​របស់​តំណាង​រាស្ត្រ ​ក៏​អនុវត្ត​ទៅតា​ម​ច្បាប់​ប្រឆាំង​អំពើ​ពុក​រលួយ​ផង​ដែរ ​ដោយ​មិន​ចេះ​តែ​ប្រកាស​ជា​សាធារណៈ​នោះ​ទេ។​ ​

ច្បាប់​ប្រឆាំង​អំពើ​ពុក​រលួយ​ចែង​ថា ​សមាជិក​ព្រឹទ្ធ​សភា ​សមាជិក​រដ្ឋ​សភា សមា​ជិក​រាជ​រដ្ឋា​ភិបាល ​មន្រ្តី​សាធារណៈ​ដែល​មាន​អាណត្តិ​ជ្រើស​តាំង ​សមា​ជិក​ក្រុម​ប្រឹក្សា​ជាតិ​ប្រឆាំង​អំពើ​ពុក​រលួយ​ ប្រធាន​ អនុប្រធាន ​និង​មន្រ្តី​ទាំងអស់​នៃ​អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ ​មន្រ្តី​រាជការ​ស៊ីវិល​យោធា​ ​នគរ​បាល​ជាតិ​ និង​អ្នក​រាជការ​សាធារណៈ​ផ្សេង​ទៀត​ដែល​ត្រូវ​បាន​តែង​តាំង​ដោយព្រះរាជ​ក្រឹត្យ ឬ​អនុ​ក្រឹត្យ​ជាដើម ​ត្រូវ​ប្រកាស​ទ្រព្យ​សម្បត្តិ​ និង​បំណុល​របស់​ខ្លួន​រៀង​រាល់​២​ឆ្នាំម្ដង។​ ថ្នាក់​ដឹកនាំ​អង្គការ​ក្រៅ​រដ្ឋាភិបាល​ក៏​តម្រូវ​ឱ្យ​ធ្វើ​ដូច្នេះ​ដែរ។​

ជាមួយ​គ្នា​នេះ ​អ្នក​ឯកទេស​អភិបាល​កិច្ច ​លោក ​ឱក សេរីសោភក្តិ៍ កត់​សម្គាល់​ថា​ ប្រសិន​បើ​តំណាង​រាស្ត្រ​អាណត្តិ​មុនៗ​ពិត​ជា​បាន​ធ្វើ​ដូច​ពាក្យ​ស្បថ​ នោះ​កម្ពុជា​ទំនង​នឹង​មិន​មាន​អំពើ​ពុករ​លួយ​នោះ​ទេ។​ ​

លោក​ថ្លែង​ថា៖​ «ចំពោះ​ខ្ញុំ ​បើ​សិន​ជា​ម្នាក់ៗ​ធ្វើ​សច្ចា​ប្រណិ​ធាន​ហើយ​ វា​មាន​ប្រសិទ្ធ​ភាព​មែន [គឺ] ​ស្រុក​ទេស​មិន​ដឹង​ជា​ជឿន​លឿន ​មិន​ដឹង​ជា​អត់មាន​អំពើ​ពុក​រលួយ​ហ្នឹង​យ៉ាង​ណា​ទេ ​ទោះបីជា​ចៅក្រម ​ក៏​ធ្វើ​ដែរ។​ ក៏ប៉ុន្តែ​ប្រសិទ្ធ​ភាព​យ៉ា​ងណា​នោះ ​ដូច​មតិ​សាធារណ​ជន​បាន​ឃើញ​ហើយ​ វា​មាន​កម្រិត​តិច​តួច​ណាស់»។

លោក​បន្ថែមថា​ ការ​ប្រកាស​ទ្រព្យ​សម្បត្តិ ​និង​បំណុល​ ​បូក​រួម​ឆន្ទៈ​អ្នក​ដឹក​នាំ​ប្រទេស ពិត​ជា​មាន​សារៈ​សំខាន់​ណាស់​ក្នុង​ការ​លុប​បំបាត់​អំពើ​ពុក​រលួយ។​ ប៉ុន្តែ​លោក​ថា​ ប្រសិន​បើ​ការ​ប្រកាស​ទ្រព្យ​សម្បត្តិ​ ដែល​នៅ​តែ​ធ្វើ​ដូច​សព្វ​ថ្ងៃ ​គឺ​នៅតែ​មិន​មាន​ប្រសិទ្ធ​ភាព​ ក្នុង​ការ​លុប​បំបាត់​អំពើ​ពុក​រលួយ​នោះ​ទេ ​ដូច្នេះការ​ប្រកាស​ទ្រព្យ​សម្បត្តិ គួរ​តែធ្វើ​ឡើង​ដោយ​បើក​ចំហ។ ​

លោក​បន្ថែម​ថា៖ ​«ចំណាត់​ការ​ដើម្បី​កុំ​ឱ្យ​មាន​អំពើ​ពុក​រលួយ​ហ្នឹង​ វា​ជា​រឿង​មួយ​ផ្សេង​ទៀត។ ​វា​ជា​ឆន្ទៈ​របស់​រាជ​រដ្ឋា​ភិបាល​ របស់​ថ្នាក់​ដឹក​នាំ​រាជ​រដ្ឋាភិបាល ដោយ​រួម​បញ្ចូល​ដោយ​មាន​ការ​ប្រកាស​ទ្រព្យ​សម្បត្តិ ​ការ​ប្រកាស​បំណុល។ ​ប៉ុន្តែ​ដូច​ដែល​យើង​ឃើញ​ស្រាប់​ហើយ​ ​ការ​ប្រកាស​ទ្រព្យ​សម្បត្តិ​ អត់​មាន​លក្ខណៈ​ជា​ចំហ​ទេ។ ​វា​ជា​ស្រោម​សំបុត្រ​បិទ។ ​បើ​ចង់​ឱ្យ​មាន​ប្រសិទ្ធ​ភាព​ទាល់​តែ​បើក​ចំហ​ឱ្យ​គេ​ដឹង​គ្រប់​គ្នា​ដូច​ប្រទេស​ឯ​ទៀត​បាន​ធ្វើ។ ​បើ​យើង​គ្រាន់​តែ​បិទ​ដដែល​ ហើយ​សាធារណ​ជន​មិន​ដឹង អា​ហ្នឹង​ជារឿងផ្ទៃ​ក្នុង​របស់​រាជ​រដ្ឋាភិបាល»។​

បើ​តាម​លោក ​ឱក សេរី​សោ​ភក្តិ៍ ​ប្រទេស​ដែល​មាន​ការ​ប្រកាសទ្រព្យ​សម្បត្តិ ​និង​បំណុល​ជា​សាធារ​ណៈ​ និង​ហ៊ាន​ស៊ើប​អង្កេត​ចាប់​មន្ត្រី ​ឬ​អ្នក​ខិលខូច​មក​ផ្តន្ទាទោស​ ​គឺ​ប្រទេស​នោះ​មាន​ប្រសិទ្ធ​ភាព​ក្នុង​ការកាត់​បន្ថយ​អំពើ​ពុករ​លួយ។ ​លោក​ថា​ ​បញ្ហា​ចម្បង​ក្នុង​ប្រទេស​កម្ពុជា​វិញ ​គឺ ​ដោយសារ​កម្ពុជា​មិន​ទាន់​មាន​«​ច្បាប់​ការពារ​ដល់​អ្នក​ដែល​ហ៊ាន​ផ្តល់​ព័ត៌មាន​អំពើ​ពុក​រលួយ» ​និង​មិន​ហ៊ាន​ដាក់​ទោស​មន្ត្រី ដែល​ប្រព្រឹត្ត​អំពើ​ពុក​រលួយ ​ទើប​ជាហេតុធ្វើ​ឱ្យ​កម្ពុជា​ឋិត​ក្នុង​ប្រទេស​ដែល​មាន​ការ​ប្រព្រឹត្តអំពើ​ពុក​រលួយ​ច្រើន​នៅ​ឡើយ៕

XS
SM
MD
LG