ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ពលរដ្ឋ​សុំ​អន្តរាគមន៍​ពី​រដ្ឋមន្ត្រី​មហាផ្ទៃ​ពាក់ព័ន្ធ​នឹង​រឿង​សូក​លុយ​ឱ្យ​កូន​ប្រឡង​ជាប់​ក្របខណ្ឌ​នគរបាល


រូបឯកសារ៖ ប្រាក់​ដុល្លារ​សហរដ្ឋ​អាមេរិក។
រូបឯកសារ៖ ប្រាក់​ដុល្លារ​សហរដ្ឋ​អាមេរិក។

ប្រជាពលរដ្ឋ​ ១១​ នាក់​នៅ​ខេត្ត​បាត់ដំបង កាល​ពី​ពេល​ថ្មីៗ​នេះ បាន​ដាក់​ពាក្យ​បណ្តឹង​ទៅ​រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ​ឱ្យជួយ​អន្តរាគមន៍ ពាក់ព័ន្ធ​នឹង​ករណី​ដែល​ពួកគេ​បាន​សូក​ប្រាក់​ដល់​មន្ត្រីម្នាក់ ដើម្បី​ឱ្យ​កូន​អាច​ប្រឡង​ជាប់​ជា​ក្របខណ្ឌ​នគរបាល។ នេះ​បើ​តាម​ពាក្យ​បណ្តឹង​ដែល​វីអូអេ​ទទួល​បាន និង​បើ​តាម​ក្រុម​គ្រួសារ​ដែល​កំពុង​ទាមទារ​ប្រាក់​មក​វិញ។

បើ​តាម​បញ្ជី​ឈ្មោះ​ដែល​មាន​ស្នាម​មេដៃ​របស់​ពួកគេ​ទាំង ​១១​នាក់​នោះ ពលរដ្ឋ​ម្នាក់ៗ​បាន​ចំណាយ​ប្រាក់​ចន្លោះ​ពី​ ៥.៧០០​ដុល្លារ​ ដល់ ១២.០០០​ដុល្លារ​អាមេរិក ដែល​សរុប​ទឹក​ប្រាក់​ទាំង​អស់​ចំនួន​ ៩៤.៧០០​ដុល្លារ ដែល​ពួកគេ​បាន​ព្យាយាម​ទាមទារ​ពី​មន្ត្រី​ពន្ធនាគារ​ខេត្ត​បាត់ដំបង​ម្នាក់ ដែល​បាន​យក​លុយ​នោះ​ ហើយ​សន្យា​ថា​នឹង​ជួយ​កូនៗ​របស់​ពួកគេ​ឱ្យ​ប្រឡង​ជាប់​ក្របខណ្ឌ​នគរបាល។

បើ​តាម​ពាក្យ​បណ្តឹង​ចុះ​ថ្ងៃ​ទី​ ២ ខែ​ឧសភា ឆ្នាំ​ ២០២៣ ពួកគេ​បាន​ប្តឹង​អ្នកស្រី ស៊ឹម សុខុន ដែល​បច្ចុប្បន្ន​កំពុង​បម្រើ​ការ​នៅ​ពន្ធនាគារ​ខេត្ត​បាត់ដំបង។ ពួកគេ​បញ្ជាក់​ថា​កាល​ពី​ថ្ងៃ​ទី​ ២៨ ខែ​មីនា ឆ្នាំ ២០២១ ពួកគេ​បាន​យក​ថវិកា​ទៅ​ប្រគល់​ឱ្យ​អ្នកស្រី ស៊ឹម សុខុន ដោយ​បុគ្គល​នោះ​បាន​សន្យា​ថា ​នឹង​ជួយ​រត់​ការ​ប្រឡង​ចូល​ក្របខណ្ឌ​មន្ត្រី​នគរបាល​ជាតិ ហើយ​ថា​ប្រសិន​បើ​មិន​បាន​នឹង​ប្រគល់​ថវិកា​ជូន​វិញ​គ្រប់​ចំនួន។ បើ​តាម​ប្រជាពលរដ្ឋ ការ​ជ្រើស​រើស​នោះ​នឹង​ធ្វើ​ឡើង​ក្នុងជួរ​យុវជន​របស់​គណបក្ស​ប្រជាជន​កម្ពុជា។

ពាក្យ​បណ្តឹង​បញ្ជាក់​ថា៖ «ក្រោយ​ពេល​ដល់​ថ្ងៃ​កំណត់​ប្រឡង​រួច តែ​លទ្ធផល​មិន​បាន​ជាប់​ដូច​ការ​សន្យា ទើប​យើង​ខ្ញុំ​ទាំង​អស់​គ្នា​សម្រេច​ចិត្ត​សុំ​ដក​ថវិកា​មក​វិញ តែ​រយៈពេល​មួយ​ឆ្នាំ​ហើយ មិន​ព្រម​ឱ្យ​»។

បើ​តាម​ពាក្យ​បណ្តឹង​នោះ ពួកគេ​ទាំង​ ១១ នាក់​ធ្លាប់​បាន​ដាក់​ពាក្យ​បណ្តឹង​ទៅ​សាលា​ខេត្ត​បាត់ដំបង តែ​ការ​ដោះ​ស្រាយ​មិន​ទទួល​បាន​លទ្ធផល​នៅ​ឡើយ។ ដូច្នេះ​ទើប​ពួកគេ​ដាក់​ពាក្យ​បណ្តឹង​ទៅ​កាន់​លោក ស ខេង រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ។

លោក ណុប នី អាយុ​ ៦៧ ឆ្នាំ ពលរដ្ឋ​ម្នាក់​ក្នុង​ចំណោម​ ១១​ នាក់​ដែល​ដាក់​ពាក្យ​បណ្តឹង ប្រាប់​វីអូអេ​ថា​ លោក​បាន​បង់​លុយ​អស់​ ៨.០០០​ដុល្លារ យក​ទៅ​ឱ្យ​អ្នក​ស្រី ស៊ឹម សុខុន កាលពី​ថ្ងៃ​ទី​ ៣០ ខែ​ឧសភា ឆ្នាំ​ ២០២១ ដោយ​អ្នកស្រី ស៊ឹម សុខុន អះអាង​ថា ​កូន​របស់​លោក​គ្រាន់​តែ​ទិញ​ពាក្យ និង​ទៅ​ប្រឡង​ គឺ​ជាប់​ហើយ។

លោក​បញ្ជាក់​ថា៖ «កូន​ខ្ញុំ​បាន​ប្រឡង​ ដល់​តែ​ខ្ញុំ​សួរ​គាត់​វិញ​ អត់​ឃើញ​បាន​ពាក្យ​អី​ធ្លាក់​មក​ ហើយ​អ្នក​ដែល​គេ​ដាក់​លុយ​ច្រើនៗ​នោះ​គេ​ជាប់​ ឧទាហរណ៍​ខ្លះ​ ២ម៉ឺន​៥ពាន់​ [ដុល្លារ] ខ្ញុំ​ដឹង​ដំណឹង​គេ​ជាប់​ហើយ។ អ៊ីចឹង​ខ្ញុំ​ទៅ​សួរ​គាត់​ គាត់​ថា​ចាំ​ក្រោយ​ទៀត​ទៅ​ តែ​ខ្ញុំ​ថា​អត់​ចាំ​ទេ​ខ្ញុំ​សុំ​លុយ​វិញ»។

លោក​ក៏​បាន​សំណូមពរ​ឱ្យ​អ្នកស្រី​ ស៊ឹម សុខុន សង​លុយ​មក​ពួកគេ​វិញ និង​សុំ​ឱ្យ​រដ្ឋាភិបាល​ជួយ​អនុវត្ត​ច្បាប់​ចំពោះ​មន្ត្រី​រាជការ​ដែល​បោក​ប្រាស់​យក​លុយ​ពី​ប្រជាជន។

លោក​បន្ថែម​ទៀត​ថា៖ «គាត់​ថា​ ឱ្យ​តែ​មាន​លុយ​ប៉ុណ្ណឹង​ទៅ​គាត់​ធ្លាប់​ជួយ​គេ​បាន​ច្រើន​ហើយ​ មិន​មែន​មាន​តែ​ប៉ុណ្ណឹង​ទេ​ តាម​រយៈ​ជួរ​គណបក្ស​ និង​ជួរ​សម្ព័ន្ធ​យុវជន​សន្តិភាព​ហ្នឹង​គឺ​គាត់​ជួយ​បាន​ ឱ្យ​តែ​មាន​លុយ​ប៉ុណ្ណឹង​ទៅ​ ឧទាហរណ៍​ ៨ពាន់ ៩ពាន់ អ្នក​ខ្លះ​ថា​ ៨ពាន់ ទៅ​ ៩ពាន់​អ៊ីចឹង»។

ពលរដ្ឋ​ម្នាក់​ទៀត​ដែល​កំពុង​ទាមទារ​ប្រាក់​មក​វិញ​ដែរ អ្នកស្រី សំ រ៉ាន់ ប្រាប់​វីអូអេ​នៅ​ថ្ងៃ​ព្រហស្បតិ៍​នេះ​ថា​ មាន​ការ​សន្យា​ថា​ជួយ​ឱ្យបាន​ជាប់​ក្របខណ្ឌ​នគរបាល ទើប​អ្នកស្រី​ហ៊ាន​ចំណាយ​ ១ម៉ឺន​ដុល្លារ ដើម្បី​កូន​អាច​ចូល​បម្រើ​ការងារ​នគរបាល​បាន។

អ្នកស្រី​ថ្លែង​ថា​៖ «ចុះ​បើ​គាត់​ថា​ គាត់​នឹង​ជួយ​បាន​តាម​គណបក្ស​ តាម​ក្រុម​ការងារ​បក្ស​ចឹង គាត់​ថា​ជួ យ​បាន​ ខ្ញុំ​សួរ​ថា​ជួយ​បាន​ដែរ? បើ​អ្នកខ្លះ​ថា​ពីរ​ម៉ឺន​មិន​បាន​ផង​គាត់​ថា​បាន​ ជួយ​បាន ​ចឹង​យើង​ទុក​ចិត្ត​គេ​ទៅ​ណា»។​

ចំណែក​ឯ​លោក មាន មឿន ពលរដ្ឋ​ម្នាក់​ទៀត​ដែល​ដាក់​ពាក្យ​បណ្តឹង​ ប្រាប់​វីអូអេ​ថាលោក​មិន​ដែល​ស្គាល់​អ្នកស្រី ស៊ឹម សុខុន​ ពី​មុន​មក​ទេ ​តែ​លោក​ស្គាល់​តាមរយៈ​អ្នក​ផ្សេង​ទៀត។ លោក​បាន​ចំណាយ​ប្រាក់​ ៨.០០០​ដុល្លារ​អាមេរិក​ សម្រាប់​កិច្ចការ​នេះ។

ស្រប​ពេល​ដែល​មាន​ការ​ដាក់​ពាក្យ​បណ្តឹង​ទៅ​ក្រសួង​មហាផ្ទៃ ក៏​មាន​ការ​បង្ហោះវីដេអូ​មួយ​ក្នុង​ទំព័រ​ហ្វេសប៊ុក​មាន​ឈ្មោះ​ថា​ KCTV Cambodia ដែល​បង្ហាញ​ថា​អ្នកស្រី​ ស៊ឹម សុខុន មន្ត្រី​ស័ក្តិ​មួយ​នៅ​ពន្ធនាគារ​ ខេត្ត​បាត់ដំបង បាន​ទទួល​លុយ​ជា​ប្រាក់​ដុល្លារ។

ក្នុង​វីដេអូ​នោះ អ្នកស្រី ស៊ឹម សុខុន បាន​ថ្លែង​ថា៖ «កន្លង​មក​ធ្លាប់​ធ្វើ​ ដាក់​អស់ៗ​ទៅ​ហ្នឹង​ឯង​ មិន​ដែល​នៅ​ទេ។ បើ​វា​ស្ទះ​អី​ ដូច​ឧទាហរណ៍​ដូច​វគ្គ​ដាក់​ស្នងការ​ គេ​ចេញ​ស្នង​ការ​ហើយ​អ៊ីចឹង​ទៅ​ ដូច​ថា​គេ​ប្រាប់​ថា​ឱ្យ​ទៅ​ព្រំដែន​ទៅ​ គេ​រុញ​ទៅ​ព្រំដែន។ អ៊ីចឹង​បើគេ​ចង្អុល​ប្រាប់​យើង​ថា​ ទៅ​ណា​ គេ​រុញ​ទៅ​ហ្នឹង​ឱ្យ។ ដល់​ពេល​ណា​គេ​អាច​ជួយ​កន្លែង​ណា​ខ្លះ​បាន​អ៊ីចឹង​ គេ​ប្រាប់​ថា​ កន្លែង​ហ្នឹង​គេ​ឱ្យ ៥ នាក់​អ៊ីចឹង​ទៅ»។

នៅ​ពេលទាក់​ទង​ទៅ និង​ដឹង​ថា​ជា​អ្នក​សារព័ត៌មាន​វីអូអេ អ្នក​ស្រី ស៊ឹម សុខុន ហាក់​មិន​ចង់​ឆ្លើយ​តប ហើយ​ប្រាប់​ថា​រវល់ មុន​នឹង​ចុច​ផ្តាច់​ទូរសព្ទ។

វីអូអេ​មិន​ទាន់​អាច​សុំ​ការ​អត្ថាធិប្បាយ​ពី​លោក សឿម ប៊ុនរិទ្ធ អភិបាល​រង​ខេត្ត​បាត់ដំបង និង​ជា​អ្នកនាំពាក្យ​បាន​នៅ​ឡើយ​ទេ។

រដ្ឋលេខាធិការ និង​ជា​អ្នក​នាំពាក្យ​ក្រសួង​មហាផ្ទៃ លោក ខៀវ សុភ័គ ប្រាប់​វីអូអេ​នៅ​ថ្ងៃ​ព្រហស្បតិ៍​នេះ​ថា​ ទាក់​ទង​នឹង​ករណី​នេះ សមត្ថកិច្ចបាន​ទទួល​ និង​កំពុង​តែ​រៀបចំ​ឯកសារ​ដោះស្រាយ។

លោក​លើក​ឡើង​ថា​៖ «ជា​គោលការណ៍​ក្រសួង​មហាផ្ទៃ​មិន​អនុញ្ញាត​ឱ្យ​មាន​អ៊ីចឹង​ទេ​ ហើយ​សុំ​លើក​ទឹក​ចិត្ត​ កុំ​ឱ្យ​មាន​អំពើ​ហ្នឹង​នៅ​ក្នុង​សង្គម​យើង​ពេល​ប្រឡង​ទាំង​អ្នក​យក​លុយ​ទៅ​ឱ្យ​គេ និង​អ្នក​ទទួល​លុយ​ពី​គេ​គឺ​មាន​ទោស​ដូច​គ្នា។ ការជ្រើស​រើស​ក្រប​ខណ្ឌ​នគរបាល​នេះ​ អត់​មាន​ជាប់​ពាក់​ព័ន្ធ​អី​ហ្នឹង​លុយ​កាក​បងប្អូន​ទេ​ គេ​មាន​គណៈកម្មការ​គេ​ដឹក​នាំ​ត្រឹម​ត្រូវ»។

លោក​ក៏​អំពាវនាវ​ដល់​បង​ប្អូន​ពលរដ្ឋទាំង​អស់​ សូម​មេត្តា​កុំ​ប្រើប្រាស់​រូបភាព​ទាំង​អស់​នេះ​ទៅ​ពឹង​ពាក់​គេ ដើម្បីទទួល​តួនាទី ព្រោះ​វា​ងាយ​នឹង​ចាញ់​បោក​គេ។

នាយក​ប្រតិបត្តិ​សម្ព័ន្ធ​គណនេយ្យ​ភាព​សង្គម​កម្ពុជា ​លោក សន ជ័យ ប្រាប់​វីអូអេ​ថា​
ករណី​អំពើ​សូកប៉ាន់​ពុក​រលួយ​នៅ​កម្ពុជា ថយ​ចុះ​តាម​ផ្នែក​តែ​ប៉ុណ្ណោះ ដោយ​ផ្នែក​ខ្លះ​នៅ​តែ​បន្ត​កើត​ឡើង​ជា​ហូរហែ។

លោក​ថ្លែង​ថា​៖ «យើង​ដឹង​ហើយ​ថា​ រឿង​នេះវា​មាន​ពាក់ព័ន្ធ​នឹង​អ្នក​ស៊ី​ និង​អ្នក​សូក​ ក៏​ប៉ុន្តែ​យ៉ាង​ណា​ក៏​ដោយ​ អ្នក​សូក​ដែល​មាន​ភាព​រង​គ្រោះ​ ហើយ​ពួកគេ​ហ៊ាន​ចេញ​មុខ​មក​លាត​ត្រដាង​បែប​នេះ​ ខ្ញុំ​យល់​ថា ​គឺ​ជា​ការគួរតែ​មាន​ការលើក​ទឹក​ចិត្ត​ឱ្យ​មាន​ការ​រាយការណ៍​អំពី​ពុករ​លួយ​បែប​នេះ»។

លោក​ក៏​ជំរុញ​ឱ្យ​ចាត់​វិធានការ​លើ​សកម្មភាព​ពុករលួយ​ទាំង​អស់​នេះ​ឱ្យ​បាន​ផង​ដែរ៕

XS
SM
MD
LG