ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

អ្នកបោះឆ្នោត​លើកដំបូង​រំពឹង​ថា រដ្ឋាភិបាល​បង្កើន​ការងារ​និង​ដោះស្រាយ​បញ្ហា​ប្រឈម​សំខាន់ៗ


លោក ប្រាក់កែវ រិទ្ធីឯក អាយុ​១៩​ឆ្នាំ និស្សិត​ឆ្នាំ​ទី​២ ផ្នែក​វិទ្យាសាស្ត្រ​កុំព្យូរទ័រ​ ផ្តល់​បទសម្ភាសន៍​ជាមួយ​សំឡេង​សហរដ្ឋអាមេរិក​ នៅ​ទីក្រុង​ភ្នំពេញ​ ថ្ងៃទី​១៤ ខែកក្កដា ឆ្នាំ​២០២៣។ (ហ៊ុល រស្មី/វីអូអេ)
លោក ប្រាក់កែវ រិទ្ធីឯក អាយុ​១៩​ឆ្នាំ និស្សិត​ឆ្នាំ​ទី​២ ផ្នែក​វិទ្យាសាស្ត្រ​កុំព្យូរទ័រ​ ផ្តល់​បទសម្ភាសន៍​ជាមួយ​សំឡេង​សហរដ្ឋអាមេរិក​ នៅ​ទីក្រុង​ភ្នំពេញ​ ថ្ងៃទី​១៤ ខែកក្កដា ឆ្នាំ​២០២៣។ (ហ៊ុល រស្មី/វីអូអេ)

នៅពេល​ការ​បោះឆ្នោត​ជាតិ​ថ្ងៃទី​២៣ ខែកក្កដា កំពុង​ខិតចូលមក​ដល់​នោះ​ អ្នក​បោះឆ្នោត​វ័យក្មេង​មួយ​ចំនួន បាន​បង្ហាញ​ពីក្តីរំពឹង​ថា​ រដ្ឋាភិបាល​ថ្មី​នឹង​បន្ត​គិតគូរដល់​ការ​បង្កើត​ការ​ងារជូន​កម្លាំង​ពលកម្ម​ដែល​ជា​និសិ្សត​ទើបបញ្ចប់​ការសិក្សា​ និង​ដោះ​ស្រាយបញ្ហា​ប្រឈម​ផ្សេង​ៗទៀត​ដូច​ជា​ការ​ជន់​លិចផ្នែកខ្លះនៅ​ទីក្រុងភ្នំពេញ​ពេល​រដូវ​វស្សា​ចូល​មក​ដល់​។ ​ពួក​គេ​ក៏ប​ង្ហាញ​សុទិដ្ឋិនិយម​ថា​ រដ្ឋាភិបាល​ថ្មី​នឹង​បន្ត​ដោះ​ស្រាយ​ជម្លោះ​ដីធ្លី លុប​បំបាត់​អំពើ​ពុករលួយ ក៏ដូច​ជា​រក​ទីផ្សារកសិកម្មជូនកសិករ។

កញ្ញា​ ខេន សុវិមាន​ ជានិស្សិត​ឆ្នាំ​ទី២​ នៅ​សាកល​វិទ្យាល័យភូមិន្ទ​ភ្នំពេញ​កំពុង​មាន​ក្តីបារម្ភ​ចំពោះ​ទីផ្សារ​ការងារ​នៅពេល​បញ្ចប់​ការសិក្សា​ ដូច្នេះ​ហើយ​កញ្ញា​ចង់​ឃើញ​រដ្ឋាភិបាល​អាណត្តិ​ក្រោយ​ ផ្តល់​អាទិភាព​លើការ​បង្កើត​ការងារ​ជូន​យុវជន​នៅ​ក្នុង​ប្រទេស​។

កញ្ញា​ប្រាប់​វីអូអេថា​៖ «ក្នុង​ការ​បោះឆ្នោត​ហ្នឹង​ដែរ​ ខ្ញុំ​រំពឹង​ថា​ រាជរដ្ឋាភិបាល​ថ្មី​គាត់​នឹង​ ជួយ​បំពេញ​រាល់​ចំណុច​ខ្វះ​ខាត​ រាល់​ចន្លោះខ្វះ​ខាត​នៅ​ក្នុង​ប្រទេស​យើង​ ហើយ​និង​ជួយឱ្យ​ប្រទេស​យើង​មាន​ការ​អភិវឌ្ឍ​ជា​ដរាប​ទៅ​មុខ​។ ហើយ​សម្រាប់​ដូច​ខ្ញុំ​ជា​សិស្ស​និស្សិត​ផង​ដែរ​ ចង់​ឱ្យ​គាត់​ជួយ​ដូច​ជា​ផ្តល់ទីផ្សារ​នៅ​ក្នុង​ការ​ងារ​ដល់​ប្អូន​ៗ​សិស្ស​និស្សិត»។ ​

ជា​ពលរដ្ឋ​រស់​នៅ​ក្នុង​ទីក្រុង​ភ្នំពេញ​ កញ្ញា សុវិមាន​ លើក​ឡើង​ពី​បញ្ហាប្រឈម​មួយ​ចំនួន​របស់​អ្នករស់​នៅ​ទីក្រុង​ ដូចជាបញ្ហាចរាចរណ៍​ និងប្រព័ន្ធលូ​បង្ហូរទឹក ដែល​កញ្ញាថា ​គួរ​មាន​ការ​កែលម្អ។

កញ្ញា​បន្ថែម​ថា​៖ «សម្រាប់​ខ្ញុំ​អ្នក​នៅ​ក្នុង​ទីក្រុង​ផ្ទាល់ បញ្ហា​ដែល​យើង​ជួប​ប្រទះ​ ភាគ​ច្រើន​ហ្មង​ការ​កក​ស្ទះ​ ហើយ​និង​ពេល​រដូវ​ភ្លៀង​ គឺ​មាន​ការ​ដូច​ជា​ភ្លៀង​លិច​ទឹក​ ពិបាក​ក្នុង​ការ​ធ្វើ​ដំណើរ​»។

ក្រៅពីនោះ​ កញ្ញា​ក៏រំពឹងថារដ្ឋាភិបាល​អាណត្តិក្រោយ នឹង​ប្រឹងប្រែង​ដោះស្រាយ​វិវាទ​ដីធ្លី​ដែល​នៅ​សេសសល់​ ឱ្យ​បាន​ឆាប់រហ័ស​ ព្រោះ​កញ្ញា​សង្កេតឃើញ​ថា​ ការតវ៉ា​រឿង​ដីធ្លី​នៅ​បន្ត​កើត​មាន។

និស្សិតផ្នែក​ប្រព័ន្ធ​ផ្សព្វផ្សាយ ​លោក ភួង ខេមរា អាយុ​ ២០ឆ្នាំ បង្ហាញក្តីរីករាយ​ដែល​បាន​ចូល​រួមការបោះឆ្នោត ហើយ​បាន​ឱ្យ​ដឹង​ពីក្តីរំពឹងរបស់គាត់​ថា​ ការ​បង្កើត​ការងារ​ជារឿង​ចំាបាច់​ដែល​រដ្ឋា​ភិបាល​ត្រូវ​ធ្វើជូននិស្សិត​បញ្ចប់​ការសិក្សា និង​ពលរដ្ឋ​ដើម្បី​កាត់​បន្ថយ​ការ​ចំណាក​ស្រុក​។

លោក​សង្ឃឹមថា​ រដ្ឋាភិបាល​នឹង​ជួយ​រក្សាលំនឹង​ថ្លៃ​ទំនិញ​លើទីផ្សារ​ដែល​បាន​កើន​ឡើង​នៅ​ក្នុង​រយៈ​ពេល​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ​នេះ។

លោក​ថ្លែង​ថា​៖ «មួយ​ទៀត​ បើសិន​ជា​ការ​ដែល​យើង​មិន​ដំឡើង​តម្លៃ​ទំនិញ​ គឺ​ជា​ចំណែក​មួយ​ធ្វើ​ឱ្យ​ប្រជាជន​គាត់​អាច​រស់​នៅ​ក្នុង​ប្រទេស​បាន​យ៉ាង​សុខ​ស្រួល​ ដោយ​មិន​មាន​ការ​ភ័យ​ខ្លាច​ទៅ​លើ​ការ​ឡើង​ថ្លៃ​នូវ​ទំនិញ​ ហើយ​គាត់​អត់​មាន​ប្រាក់​ចំណូល​ដើម្បី​ទិញ​ទាំង​អស់​ហ្នឹង​។​ អ៊ីចឹង​ បើសិន​ជា​រាជរដ្ឋាភិបាល​ បាន​ដោះស្រាយ​លើ​បញ្ហា​នេះ​ ខ្ញុំ​ជឿថា​ ប្រជាជន​នឹង​ស្រឡាញ់​ នឹង​គាំទ្រ​រាជរដ្ឋាភិបាល​អស់​ពីកម្លាំង​ចិត្ត​ ហើយ​និង​បោះឆ្នោត​ជូន​ពួក​គាត់​ផង​ដែរ»។ ​

លោក​ ប្រាក់កែវ​ រិទ្ធីឯក​ អាយុ១៩ឆ្នាំ​ និស្សិត​ឆ្នាំ​ទី​២ ផ្នែក​វិទ្យាសាស្ត្រកំព្យូរទ័រ​ ដែលបាន​ចុះឈ្មោះ​សម្រាប់​ការ​បោះឆ្នោត​នៅឆ្នាំ​២០២៣​នេះ​និយាយ​ថា មេ​ដឹក​នាំ​ជំនាន់​ថ្មី​ អាច​មាន​គោល​នយោបាយ​ថ្មីៗ​ ក្នុងការ​គ្រប់គ្រងប្រទេស​ ​ដើម្បី​លុប​បំបាត់​អំពើ​ពុក​រលួយ​។

លោក​ប្រាប់​វីអូអេ​ថា​៖ «ខ្ញុំគិត​ថា អាច​ល្អ​ភាគច្រើន​ ដោយ​សារ​តែ​គិត​ទៅ​ថា​រលក​ក្រោយ​ត្រូវ​តែ​ច្រាន​រលក​មុខ​ រលក​ក្រោយ​ចឹង​ទៅគាត់​អាច​ល្អ​ជាង។ ឬក៏អាច​ខ្សោយ​ជាង​ អាហ្នឹង​យើង​មើល​តាម​ភាព​ជាក់​ស្តែង​ដែរ។ ប៉ុន្តែ​ខ្ញុំ​គិត​ថា​ ភាគរយ​ល្អ​ច្រើន​ជាង​ ដោយ​សារ​គិត​ថា ជំនាន់​ក្រោយ​យើង​ យើង​ familiar ​ជាមួយ​គ្រឿងបរិក្ខា​រទំនើប​អស់​ហើយ​»។

ចំណែក​និសិ្សត​ឆ្នាំ​ទី​២ ផ្នែក​ប្រព័ន្ធផ្សព្វផ្សាយម្នាក់​ទៀត​ កញ្ញា ​សុន ស្រីសួគ៌​ អាយុ ២០ ឆ្នាំ​ មើល​ឃើញ​ទុក្ខ​លំបាក​របស់​កសិករ​ នៅ​ក្នុង​ការ​លក់​ទិន្នផល​ដែល​ប្រមូល​បាន​។

កញ្ញា​ប្រាប់​វីអូអេ​ថា​៖ «សម្រាប់​ទៅ​បោះឆ្នោត​លើក​ហ្នឹង ខ្ញុំ​រំពឹង​ថា​ រដ្ឋាភិបាល​ក៏​នឹង​កែតម្រូវ​នូវ​វិស័យ​មួយចំនួន​ ជាកសិកម្ម​ គឺខ្ញុំចង់​ឱ្យ​គាត់​បង្កើត​នូវ​ទីផ្សារ​ សម្រាប់​ប្រជាជន​កសិករ​ ដោយ​សារ​ឥឡូវ​ហ្នឹង​ យើង​អត់​ឃើញ​មាន​ទីផ្សា​រច្រើន​សម្រាប់​ពួក​គាត់​ ដែល​ធ្វើ​ឱ្យ​ពួកគាត់​ពិបាក​ក្នុង​ការ​ដាំដុះ​។ នៅ​ពេល​ដែល​ដាំដុះ​ហើយ អត់​ដឹង​យក​ទៅ​ដាក់​លក់​ទីតាំង​នៅឯណា​អ៊ីចឹង​។ អ៊ីចឹង អាច​បង្ក​ឱ្យ​ពួកគាត់​ខូចខាត​ ហើយធ្វើ​ឱ្យ​ជីវភាព​ពួក​គាត់​ធ្លាក់​ទៅ​តាម​ហ្នឹង​ដែរ​អ៊ីចឹង​ទៅ»។

យុវជន​ខ្លះទៀត ដែល​មាន​សិទ្ធិបោះឆ្នោត​ បាន​មើល​ឃើញ​ភាព​ខ្វះចន្លោះ​នៅក្នុង​ការ​បោះឆ្នោត​ ដែល​គ្មាន​គណបក្ស​ជំទាស់​ចូលរួម។ ទោះយ៉ាងណា ពួកគេ​ចង់​ឃើញ​រដ្ឋា​ភិបាល​ថ្មី​បន្តផ្តល់​អាទិភាពខ្ពស់​ចំពោះវិស័យ​អប់រំ​ ដើម្បី​បង្កើន​ធនធាន​មនុស្ស​ដែល​មាន​សមត្ថភាពប្រកួត​ប្រជែង​ក្នុងទីផ្សារ​ការងារ​ជាមួយ​បណ្តា​ប្រទេស​ផ្សេង​ទៀត​។

និស្សិត​ឆ្នាំ​ទី​៤​ ផ្នែក​ទំនាក់​ទំនង​អន្តរជាតិ​ក្នុង​សាកល​វិទ្យាល័យ​មួយ​នៅទីក្រុងភ្នំពេញ​ លោក​ សែម ជា​ដារ៉ាវិបុល​ អាយុ​ ២២​ឆ្នាំ​ ប្រាប់​វីអូអេ​ថា​ លោក​មាន​អារម្មណ៍​រីករាយ​ដែល​បាន​ចូល​រួម​បោះឆ្នោត​ជាលើក​ដំបូង​ ហើយ​លោក​រំពឹងថា​ វិស័យ​អប់រំ​នឹង​ជា​កិច្ច ការ​ចម្បង​ដែលរដ្ឋាភិបាលថ្មី​ត្រូវ​យក​ចិត្ត​ទុក​ដាក់​ ដើម្បីបំពេញ​តម្រូវ​ការ​ទីផ្សារ​ការងារ​ទាំង​ក្នុងនិងក្រៅ​ប្រទេស​ និង​រួមចំណែក​ដល់​ការ​អភិវឌ្ឍ​ប្រទេសជាតិ។​

លោក​ថ្លែងថា​៖ «បើ​សម្រាប់​ខ្ញុំ​ផ្ទាល់ ក្នុងនាម​ខ្ញុំ​ជា​និស្សិត​ អ្វីដែល​ខ្ញុំ​ចង់ឃើញ​ ហើយ​និង​ចង់​បាន​ជាង​គេ​បំផុត​ គឺ​ផ្នែក​ការ​អប់​រំ​ ខ្ញុំ​ចង់​ឱ្យ​មានការ​អភិវឌ្ឍ​ ឬក៏ជំរុញ​បន្ថែម​ និង​អភិវឌ្ឍ​បន្ថែម​ទៅ​លើ​ប្រព័ន្ធ​អប់រំរបស់​ប្រទេស»។ ​

បើ​តាម​របាយការណ៍​ប្រចាំ​ឆ្នាំ​២០២២​ ស្តីពី​ការងាររបស់​ក្រសួងការងារ​ និង​បណ្តុះ​បណ្តាល​វិជ្ជាជីវៈ​ ស្ថានភាព​ទីផ្សារ​ការងារ​កម្ពុជា​មាន​ភាព​រឹង​មាំ​រក្សាបាន​ អត្រា​អ្នក​មាន​ការ​ងារ​ធ្វើ​ខ្ពស់​ប្រមាណ​ ៩៩,៣ភាគរយ​ នៃ​កម្លាំង​ពលកម្ម​សរុប​ចំនួន​ប្រមាណ​ ១០,៨​លាន​នាក់​ ក្នុងនោះ​អ្នក​កំពុង​ធ្វើការ​ក្នុង​ប្រទេស​ក្នុង​វិស័យ​ឧស្សាហកម្ម​ចំនួន ​២,៥​លាន​នាក់​ ស្មើ​នឹង​ ២៣​ភាគរយ​ វិស័យ​សេវាកម្ម​ចំនួន ​៣,១លាននាក់​ ស្មើនឹង​ ២៩​ភាគរយ​ វិស័យ​កសិកម្ម​ចំនួន​ ៣,៤លាននាក់​ ស្មើនឹង​ ៣១ភាគរយ​ មន្ត្រី​សាធារណៈ​ចំនួន​៥០ម៉ឺន​នាក់​ស្មើនឹង​ ៥ភាគរយ​ និង​ពលករ​ទេសន្តរប្រវេសន៍​មាន​ចំនួន​ ១,៣លាននាក់​ ស្មើនឹង​ ១២​ភាគរយ។ ​

ដោយ​ឡែក​ លោក​សុខ ឥសាន​ អ្នក​នាំ​ពាក្យ​គណបក្ស​កាន់​អំណាច​ដែល​គេជឿ​យ៉ាង​ទូលំ​ទូលាយ​ថានឹងឈ្នះការ​បោះ​ឆ្នោតនោះ​ ប្រាប់​វីអូអេ​អំឡុងពេល​មាន​ការ​ធ្វើ​យុទ្ធនា​ការ​ឃោសនា​បោះ​ឆ្នោត​ថា​ គណបក្ស​ប្រជាជន​កម្ពុជា​បន្ត​យក​ចិត្តទុកដាក់​លើ​ការ​ផ្តល់​សេវាសាធារណៈ​ទាន់​ពេល​វេលា និង​ជួយ​ពលរដ្ឋក្រីក្រ​ ហើយ​បន្តដោះស្រាយ​វិវាទ​ដីធ្លី​ដែល​ករណីខ្លះ​មានការ​ប្តឹងផ្តល់​ទៅ​តុលាការ​។​

លោកថ្លែងដោយ​សំដៅលើ​បញ្ហា​ដីធ្លី​ថា៖ «សរុប​មក​ ទំនាស់​ដីធ្លី​ដែល​កើត​ឡើង​ កន្លង​ទៅ​នេះ​ រាជរដ្ឋាភិបាល​ បាន​ខិត​ខំ​ដោះស្រាយ​បាន​ជាមូលដ្ឋាន​ហើយ​។ ហើយ​ចំពោះ​បញ្ហា​ដែល​ថា​ មាន​ការ​ចោទ​ប្រកាន់​ទៅ​តាម​ផ្លូវ​តុលាការ​ ខ្ញុំ​យល់ថា​ លើក​លែង​តែ​ករណី​ធ្ងន់​ធ្ងរ​ ដែល​បង​ប្អូនបង្កើត​ឡើង​ជា​សកម្មភាព​ សកម្មភាព​។ ហើយ​នៅ​ពីក្រោយ​ខ្នង​ មាន​សកម្មភាពនយោបាយនៅពីក្រោយ​ខ្នង​។ អាហ្នឹង​រាជរដ្ឋាភិបាល​មិន​អាច​ ទទួល​ដោះ​ស្រាយ​បាន​ទេ​ វាត្រូវ​តែបញ្ជូន​តាមផ្លូវ​តុលាការ​ដើម្បី​ដោះស្រាយ​ហើយ​។​

នៅក្នុង​ការបោះឆ្នោត​ជ្រើសរើសសមាជិក​សភា​សម្រាប់​អាណត្តិទី​៧ គណបក្ស​នយោ បាយ​ចំនួន​ ១៨​ ត្រូវ​បាន​ចុះ​បញ្ជី​នៅ​គណៈកម្មាធិការ​ជាតិ​រៀប​ចំ​ការ​បោះឆ្នោត​ (គ.ជ.ប) ដើម្បី​ឈរ​ឈ្មោះ​បោះឆ្នោត។

ដោយសារតែ​គណបក្ស​ចំនួន​១៧ មាន​ថវិកា​និង​សំឡេងគាំទ្រ​តិចតួច គណបក្ស​ប្រជា​ជន​កម្ពុជា​ ដែល​កំពុង​កាន់​អំណាច​ទំនង​ជា​នឹង​ទទួល​បាន​អាសនៈ​ទាំងអស់ ហើយ​បង្កើត​រដ្ឋាភិបាល​ថ្មី។ អង្គការ​អន្តរជាតិ​ជា​ច្រើន​ចាត់​ទុក​ការ​បោះឆ្នោត​នេះ​ថា ​ជា​ការ​បោះ​ឆ្នោត​ក្លែងក្លាយ។

ក៏ប៉ុន្តែ​អ្នកនាំពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា​ លោក​ សុខ ឥសាន​ ប្រាប់វីអូអេ​កាលពី ដើម​ខែ​កក្កដា​នេះថា​ រដ្ឋាភិបាល​ដែលនឹង​កើត​ក្រោយ​ថ្ងៃទី​២៣ ខែកក្កដា​ ឆ្នាំ​២០២៣​នេះ​ នឹង​ដំណើរ​ការ​ទៅ​ជាប្រក្រតី​ ហើយនិងមាន​ទំនាក់​ទំនង​ជា​ធម្មតា​ជា​មួយ​ប្រទេស​ជាមិត្ត​ និង​ដៃគូអភិវឌ្ឍន៍នានា ដូចពេល​ក្រោយកាល​បោះឆ្នោត​ឆ្នាំ​២០១៨ ដែល​ក្រុម​ជំទាស់​បាន​ចោទ​ប្រកាន់​ថា​ ជា​ការ​បោះឆ្នោតក្លែង​ក្លាយ​ផង​ដែរ​នោះ។

គួរ​រំឭក​ថា អ្នក​ដែល​បាន​ចុះឈ្មោះ​បោះឆ្នោត​ជាតិ​ឆ្នាំ​២០២៣​នេះ​ មានចំនួន​សរុប​ជាង​៩,៧លាននាក់​ ក្នុង​នោះ​មាន​ទាំងអ្នកបោះឆ្នោត​វ័យក្មេង​ដែល​មាន​អាយុ​ចន្លោះ​ចាប់​ពី​១៨ដល់​២៥​ឆ្នាំ​ផងដែរ៕

អត្ថបទ​ទាក់ទង

វីដេអូថ្មីៗបំផុត

XS
SM
MD
LG