ហាងបិតស្រាមួយបានប្រើចំណែកជាតិអាល់កុលដែលនៅសេសសល់ពីការផលិតស្រាសម្រាប់ផលិតជាទឹកអាល់កុលលាងដៃ ដើម្បីចូលរួមក្នុងការទប់ទល់ការរីករាលដាលនៃជំងឺផ្លូវដង្ហើមកូវីដ១៩ ដែលបានសម្លាប់មនុស្សយ៉ាងហោចណាស់៣ម៉ឺននាក់នៅក្នុងពិភពលោក។
អស់រយៈពេល៥ឆ្នាំមកហើយ ក្រុមហ៊ុន Samai Distilling Co. ជាក្រុមហ៊ុនក្នុងស្រុកផលិតស្រាច្រើនប្រភេទសម្រាប់តម្រូវការអតិថិជនក្នុងស្រុកនិងនាំចេញទៅប្រទេសមួយចំនួននៅក្នុងសហគមន៍អឺរ៉ុប ដូចជា ប្រទេសបារាំង និងប្រទេសអេស្ប៉ាញ និងនៅអាស៊ីដូចជា ប្រទេសសិង្ហបុរី។
ខណៈពេលដែលមិនមានការកម្មង់ទិញពីទីផ្សារក្នុងស្រុក និងប្រទេសទាំងនោះ ក្រុមហ៊ុន Samai Distilling Co. ដែលមានទីតាំងនៅភ្នំពេញ បានចាប់ផ្តើមផលិតទឹកអាល់កុលលាងដៃ ដើម្បីបំពេញតម្រូវការក្នុងស្រុក និងដើម្បីចូលរួមក្នុងកិច្ចខិតខំការពារការឆ្លងជំងឺនេះ។
ចាប់តាំងពីមានការរីករាលដាលនៃជំងឺកូវីដ១៩ ដែលផ្ទុះដំបូងឡើងក្នុងក្រុងវូហាន ខេត្តហ៊ូបេ ប្រទេសចិន តម្រូវការនិងតម្លៃនៃសម្ភារៈ និងឧបករណ៍ផ្សេងៗដែលគេប្រើប្រាស់ ដើម្បីការពារពីការឆ្លងជំងឺនេះ មានការកើនឡើងជាបន្តបន្ទាប់។ តួយ៉ាងដូចជាតម្លៃម៉ាស និងទឹកអាល់កុលនៅកម្ពុជា បានឡើងថ្លៃយ៉ាងគំហុក ធ្វើឲ្យមានប្រតិកម្មពីប្រជាពលរដ្ឋ និងថ្នាក់ដឹកនាំប្រទេសជាបន្តបន្ទាប់។
បើទោះជាមិនទាន់មានករណីស្លាប់ដែលបណ្តាលមកពីមេរោគកូរ៉ូណាថ្មីនេះក៏ដោយ ក្រសួងសុខាភិបាលកម្ពុជានៅតែបន្តអំពាវនាវឲ្យប្រជាពលរដ្ឋការពារខ្លួន ដោយការលាងដៃជាប្រចាំជាមួយសាប៊ូ ឬទឹកអាល់កុល ដើម្បីបញ្ចៀសការរីករាលដាលនៃជំងឺនេះ។
លោក Daniel Pacheco អាយុ៣៥ឆ្នាំ ជាស្ថាបនិកម្នាក់នៃក្រុមហ៊ុនផលិតស្រានេះ ប្រាប់វីអូអេនៅថ្ងៃអង្គារថា៖
«ដូចអ្នកបានឃើញហើយ យើងគឺជាអ្នកបិតស្រា ដូច្នេះជារៀងរាល់ថ្ងៃ យើងផលិតអាល់កុលច្រើន ហើយភាគច្រើននៃអាល់កុលទាំងអស់ហ្នឹង យើងមិនប្រើសម្រាប់ផលិតស្រាទេ។ ដូច្នេះយើងមើលឃើញពីស្ថានការណ៍នៃមេរោគហ្នឹងនៅក្នុងប្រទេសកម្ពុជា ក៏ដូចជានៅក្នុងពិភពលោក»។
លោកបន្ថែមថា៖
«យើងឃើញមានតម្រូវការទឹកអាល់កុលលាងដៃច្រើន ហើយប្រទេសជាច្រើនទៀត ការពិតទៅកំពុងតែខ្វះខាតទឹកអាល់កុលលាងដៃហ្នឹង។ ដូច្នេះនៅក្នុងស្ថានការណ៍នេះ យើងគិតថា យើងអាចផ្តល់ជូនសហគមន៍កម្ពុជាដែលកន្លងទៅបានជួយយើងហើយថែមទាំងបានគាំទ្រយើងជាច្រើន។ យើងចាប់យកឱកាសនេះ ដើម្បីជាការផ្តល់ជូនត្រឡប់ទៅវិញ»។
កំពុងតែធ្វើការជាមួយបុគ្គលិក ៤នាក់ទៀតនៅក្នុងរោងបិតស្រាសម័យនេះ កាលពីព្រឹកថ្ងៃច័ន្ទលោក Antoine Callet ជាប្រធានផ្នែកផលិតនៃក្រុមហ៊ុនផលិតស្រានេះ មានប្រសាសន៍ថា ក្នុងដំណាក់កាលចម្រាញ់ជាតិអាល់កុលដើម្បីផលិតស្រា គេទទួលបាន អាល់កុលដំណាក់កាលដំបូង ដំណាក់កាលកណ្តាលឬទីពីរ និងអាល់កុលដំណាក់កាលចុងក្រោយ។
លោក Antoine Callet អាយុ ២៥ឆ្នាំ ប្រាប់វីអូអេថា ជាទូទៅក្រុមហ៊ុនលោកប្រើតែអាល់កុលក្នុងដំណាក់កាលទីពីរប៉ុណ្ណោះដើម្បីផលិតស្រា។ ហើយស្រាដំណាក់កាលទីបី ឬចុងក្រោយ លោកប្រើនៅក្នុងការបិតស្រាបន្ទាប់។ លោកថាពីមុន ក្រុមហ៊ុនរបស់លោកប្រើអាល់កុលដំណាក់កាលដើមដែលមិនអាចធ្វើជាស្រាបាននោះ សម្រាប់លាងសម្អាតឧបករណ៍ផលិតស្រា។
ប៉ុន្តែចាប់ពីសប្តាហ៍មុនមក ក្រុមហ៊ុនលោកបានប្រើអាល់កុលដំណាក់កាលដើមនោះមកផលិតជាអាល់កុលលាងដៃវិញ។
លោកប្រាប់វីអូអេថា៖ «អាល់កុលដំណាក់កាលទីមួយនេះមានជាតិអាល់កុលពី ៨០ទៅ៨៥ ភាគរយ។ អាល់កុលដំណាក់កាលនេះ មិនមានរសជាតិល្អ អញ្ចឹងហើយយើងមិនប្រើវាសម្រាប់ផលិតស្រារ៉ាំទេ។ ហើយអាល់កុលដំណាក់កាលដំបូងនេះ យើងប្រើសម្រាប់ជូតលាងសម្ភារប្រើប្រាស់របស់យើង។ អាល់កុលដំណាក់កាលហ្នឹង ហើយដែលយើងអាចប្រើវាជាទឹកអាល់កុលលាងដៃបាន»។
ឥឡូវនេះ ខណៈអាជីវកម្មជាច្រើនប្រឈមការផ្អាកដំណើរការ ក្រុមហ៊ុនផលិតស្រា Samai Distilling Co. បានចាប់ផ្តើមលក់ផលិតផលទឹកអាល់កុលលាងដៃដែលខ្លួនផលិតបាននេះកាលពីថ្ងៃច័ន្ទ ដើម្បីជួយទប់ស្កាត់ការរីករាលដាលនៃជំងឺនេះនិងដើម្បីបន្តរកប្រាក់ចំណូលមកផ្គត់ផ្គង់បុគ្គលិកនិងបន្តដំណើរការផលិតកម្ម។
លោក Daniel Pacheco ជាស្ថាបនិក និងជាប្រធានផ្នែកប្រតិបត្តិការរបស់ក្រុមហ៊ុននេះ ប្រាប់វីអូអេ កាលពីថ្ងៃអង្គារបន្ថែមថា៖
«សម្រាប់ពួកយើង ការផលិតនេះគ្រាន់តែជាគម្រោងតូចមួយប៉ុណ្ណោះនៅពេលនេះ។គោលបំណងរបស់យើងនៅពេលនេះមិនមែនយើងចង់បានប្រាក់ចំណូលនោះទេ។ ការពិតទៅយើងចង់ផលិត ផលិតផលដែលប្រជាពលរដ្ឋអាចមានលទ្ធភាពទិញបាន។ យើងឃើញថា អ្នកលក់ទឹកលាងដៃបានបង្កើនតម្លៃទឹកអាល់កុល ខណៈតម្រូវការកើនឡើង។ ខ្ញុំគិតថាវាមិនមែនជារឿងល្អនោះទេ បើយើងមើលលើស្ថានការណ៍បច្ចុប្បន្ន។ ដូច្នេះយើងចង់ផ្តល់ជម្រើសដល់អ្នកទិញជាមួយតម្លៃសមរម្យ»។
លោក Daniel Pacheco ដែលបានរស់នៅក្នុងប្រទេសកម្ពុជាអស់រយៈពេល ៩ឆ្នាំ ប្រាប់វីអូអេបន្ថែមថា ក្រុមហ៊ុនលោកចាប់ផ្តើមចែកចាយទឹកអាល់កុលកាលពីថ្ងៃចន្ទ។ លោកថា ទឹកអាល់កុលក្នុងដបដែលមានចំណុះ ១២០មីលីលីត្រ មានតម្លៃ៣ដុល្លារ ហើយអ្នកដែលយកសំបកដបដដែលមកជាវទឹកអាល់កុលនៅទីនេះ លោកនឹងគិតត្រឹមមួយដុល្លារប៉ុណ្ណោះ។
ចាប់តាំងពីមានការផ្ទុះនិងបន្តរីករាលដាលការឆ្លងមេរោគកូរ៉ូណានេះមក ប្រជាពលរដ្ឋបានត្អូញត្អែរថាតម្លៃទឹកអាល់កុលលាងដៃកើនឡើងជាបន្តបន្ទាប់។ រដ្ឋាភិបាលបានអំពាវនាវម្តងហើយម្តងទៀត មិនឲ្យអ្នកលក់ដំឡើងថ្លៃទឹកសម្អាតដៃនេះ។
ផលិតកម្មរបស់ក្រុមហ៊ុនសម័យមិនត្រឹមតែជួយក្នុងការទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ១៩ប៉ុណ្ណោះទេ ប៉ុន្តែការងារនេះក៏បានផ្តល់ឱកាសឲ្យបុគ្គលិករបស់លោកបន្តការងារផងដែរ។
បុគ្គលិករបស់រោងផលិតស្រានេះបង្ហាញក្តីសប្បាយចិត្ត ដែលផលិតកម្មរបស់ពួកគេអាចបម្រើសេចក្តីត្រូវការរបស់សាធារណជននៅក្នុងពេលដ៏លំបាកនេះ។
លោក យ៉ម បញ្ញា វ័យ ៣១ ជាបុគ្គលិកម្នាក់ដែលធ្វើការនៅក្នុងក្រុមហ៊ុននេះ អស់រយៈពេល ៤ឆ្នាំមកហើយ។
លោកប្រាប់វីអូអេយ៉ាងដូច្នេះថា៖
«សម្រាប់ខ្ញុំក៏មានមោទកភាពដែរដែលក្រុមហ៊ុនមួយនេះអាចផលិតជែលក៏ដូចជាអាល់កុលសម្រាប់ប្រជាជនប្រើប្រាស់ក្នុងការសម្អាតឬក៏លាងដៃ ដើម្បីសម្លាប់មេរោគ។ ហើយក៏ចូលរួមចំណែកជាមួយរដ្ឋាភិបាលក្នុងការកាត់បន្ថយហានិភ័យដែលឆ្លងតាមរយៈពីមនុស្សម្នាក់ទៅមនុស្សម្នាក់។ ឥឡូវនេះបញ្ហាសំខាន់ គឺដោយសារកត្តាកូរ៉ូណាវីរុស»។
អ្នកនាង ផល គាមមួយ អាយុ ២៥ឆ្នាំ ជាបុគ្គលិកម្នាក់ដែលធ្វើការនៅក្នុងក្រុមហ៊ុននេះអស់រយៈពេល៤ឆ្នាំមកហើយ នាងបង្ហាញក្តីសប្បាយចិត្ត នៅពេលដែលក្រុមហ៊ុនរបស់លោកផលិតអាល់កុលសម្រាប់ប្រជាពលរដ្ឋក្នុងតម្លៃសមរម្យ។
អ្នកនាងនិយាយថា៖
«[ខ្ញុំ]សប្បាយចិត្តដោយសារតែឥឡូវគេកំពុងតែត្រូវការ។ និយាយទៅប្រជាជនក៏ដូចជាពួកខ្ញុំផ្ទាល់ ដូចជាបងជាដើម ប្រាកដជាត្រូវការចាំបាច់នូវប្រភេទជែលក៏ដូចជាអាល់កុលសម្លាប់មេរោគ ដើម្បីដាក់តាមខ្លួនពេលយើងទៅក្រៅ ឬក៏ពេលយើងមុននឹងកាន់អីញាំ»។
គិតត្រឹមចុងខែមីនានេះ មានការឆ្លងជំងឺផ្លូវដង្ហើមកូវីដ១៩ ១០៩ករណី នៅកម្ពុជា។ នៅទូទាំងពិភពលោកវិញ ប្រជាពលរដ្ឋយ៉ាងហោចណាស់ ៦៩៣.០០០នាក់ បានឆ្លងជំងឺនេះនិងប្រជាពលរដ្ឋជាង ៣៣.១០០ បានស្លាប់ដោយសារជំងឺនេះ៕