ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ក្រុមហ៊ុន​ឱសថ​អាមេរិកមួយ​​ថា​​ វ៉ាក់សាំង​ COVID​ អាចមាន​សម្រាប់​ការ​ប្រើ​គ្រាមាន​អាសន្ន​នៅ​ដើម​ឆ្នាំ​២០២១


រូបឯកសារ៖ ស្រ្តីម្នាក់ទទួលវ៉ាក់សាំងធ្វើតេស្តប្រឆាំងនឹងវីរុសកូរូ៉ណា នៅសហរដ្ឋអាមេរិក។
រូបឯកសារ៖ ស្រ្តីម្នាក់ទទួលវ៉ាក់សាំងធ្វើតេស្តប្រឆាំងនឹងវីរុសកូរូ៉ណា នៅសហរដ្ឋអាមេរិក។

មហា​ក្រុមហ៊ុន​ផលិត​ឱសថ​ស.រ.អា. ​Johnson & Johnson​ បាន​និយាយ​កាល​ពី​ថ្ងៃ​ចន្ទ​ទី​៣០​ខែ​មីនា​ថា​ ខ្លួន​បាន​ប្តេជ្ញា​ផ្តល់​ប្រាក់​ចំនួន​១​ពាន់​លាន​ដុល្លារ​ដើម្បី​ផលិត​និង​ធ្វើ​តេស្ត​ថ្នាំ​វ៉ាក់សាំង​រួម​គ្នា​ជាមួយ​ក្រសួង​សុខាភិបាល​និង​សេវា​មនុស្ស​ស.រ.អា.។​ ក្រុមហ៊ុន​នេះ​បាន​និយាយ​ថា​ ប្រសិន​បើ​ការ​សាកល្បង​ប្រើ​ថ្នាំ​វ៉ាក់សាំង​នេះ​ជាមួយ​មនុស្ស​បាន​ជោគ​ជ័យ​ ក្រុមហ៊ុន​ប្រុង​ប្រៀប​នឹង​ផលិត​ថ្នាំ​វ៉ាក់សាំង​នេះ​ចំនួន​ជាង​១​ពាន់​លាន​ដូស។

មហា​ក្រុមហ៊ុន​ផលិត​ឱសថ​ស.រ.អា.​Johnson & Johnson ​បាន​និយាយ​ថា​ ខ្លួន​រំពឹង​ថា​ ថ្នាំ​វ៉ាក់សាំង​នេះ​ដែល​ផលិត​ដំបូងៗ​នឹង​មាន​សម្រាប់​ការ​ប្រើ​ប្រាស់​គ្រា​មាន​អាសន្ន​មិន​ហួស​ពី​ដើម​ឆ្នាំ​២០២១​ទេ។​

លោក​ Alex Gorsky ​ប្រធាន​ប្រតិបត្តិ​នៃ​ក្រុម​ហ៊ុន​នេះ​ បាន​និយាយ​ប្រាប់​កម្ម​វិធី​«Today»​នៃ​បណ្តាញ​ទូរទស្សន៍​ស.រ.អា.​ NBC ថា​ ការ​សង្កេត​ដំបូងៗ​នៃ​ការ​ស្រាវជ្រាវ​បង្ហាញ​ថា​ ​ថ្នាំ​វ៉ាក់សាំង​ដែល​ធ្វើ​ពិសោធន៍​នេះ​ទំនង​ជា​មាន​ប្រសិទ្ធ​ភាព។​

លោក ​Gorsky ​បាន​មាន​ប្រសាសន៍​ថា៖​

«យើង​មាន​អ្នកត្រូវ​សាក​ល្បង​ម្នាក់​ ហើយ​ទំនង​ណាស់​ថា ​ នឹង​មាន​ជោគជ័យ​ប្រឆាំង​នឹងវីរុស​COVID-19»។​

លោក​បាន​និយាយ​បន្ថែម​ថា៖​

«យើង​មាន​សមត្ថភាព​បង្កើន​ការ​ផលិត​ថ្នាំ​វ៉ាក់សាំង​នេះ​នៅ​ក្នុង​រយៈ​ពេល​ខ្លី​ដើម្បី​ប្រើប្រាស់»។​

លោក​ Gorsky ​បាន​មាន​ប្រសាសន៍​ថា​ ក្រុមហ៊ុន​លោក​គ្រោង​នឹង​បង្កើន​ការ​ផលិត​ថ្នាំ​វ៉ាក់សាំង​នេះ​ក្នុង​ពេល​ប៉ុន្មាន​សប្តាហ៍​ខាង​មុខ​នេះ​ដោយ​មាន​គោល​ដៅ​ធ្វើ​ឱ្យ​មាន​រាប់​រយ​លាន​ដូស​នៅ​ពាក់​កណ្តាល​ឆ្នាំ​ក្រោយ​និង​ធ្វើ​ឱ្យ​មាន​១​ពាន់លាន​ដូស​មិន​ហួស​ពី​ដំណាច់​ឆ្នាំ​២០២១​ទេ។​

មហា​ក្រុមហ៊ុន​ផលិត​ឱសថ​ស.រ.អា. ​Johnson & Johnson ​បាន​និយាយ​ថា​ ​ខ្លួន​ផលិត​ថ្នាំ​វ៉ាក់សាំង​នេះ​មិន​មែន​ដើម្បី​រក​«ប្រាក់​ចំណេញ»​ ក៏​ប៉ុន្តែ​ក្រុមហ៊ុន​មិន​បាន​ស្ទង់​ប្រមាណ​ថា ​ តើ​អ្នក​ប្រើ​ថ្នាំ​នេះ​នឹង​ត្រូវ​ចំណាយ​ប៉ុន្មាន​ទេ។​ ភាគហ៊ុន​របស់​ក្រុមហ៊ុន​នេះ​បាន​ឡើង​ថ្លៃ​នៅ​ពេល​ធ្វើ​ពាណិជ្ជ​កម្ម​កាល​ពី​ថ្ងៃ​ចន្ទ​ទី​៣០​ ខែ​មីនា។

ក្រុមហ៊ុន​ផលិត​ឱសថ​អាមេរិកាំង​មួយ​ទៀត​គឺ​ក្រុមហ៊ុន​ Moderna Therapeutics​ នៃ​ក្រុង​ Cambridge ​ដែល​ធ្វើ​ជាដៃ​គូ​ជាមួយ​វិទ្យាស្ថាន​ជាតិ​សុខាភិបាល​ស.រ.អា.​ក៏​បាន​ចាប់​ផ្តើម​ធ្វើការ​ពិសោធន៍​ថ្នាំវ៉ាក់​សាំង​ប្រឆាំង​នឹង​មេរោគ​កូត៉ូណា​ជាមួយ​មនុស្ស​នៃ​ផងដែរ។​

ក្រសួង​សុខាភិបាល​និង​សេវា​មនុស្ស​ស.រ.អា.​បាន​និយាយ​នៅ​ក្នុង​សេចក្តី​ថ្លែង​ការណ៍​មួយ​កាល​ពី​ថ្ងៃ​ចន្ទ​ទី​៣០ ​ខែ​មីនា​ថា​ ខ្លួន​កំពុង​ធ្វើការ​ជាមួយ​ក្រុមហ៊ុន ​Johnson & Johnson ​និង​ក្រុមហ៊ុន​ Moderna ​ក្នុង​ការ​ពន្លឿន​ការ​ធ្វើ​ថ្នាំ​វ៉ាក់សាំង។​

នៅ​ក្នុង​សេចក្តី​ថ្លែង​ការណ៍​មួយ​ ក្រសួង​នេះ​បាន​និយាយ​ថា​ ខ្លួន​នឹង​ធ្វើការ​ជាមួយ​ក្រុមហ៊ុន​ទាំង​ពីរ​នេះ​និង​ផ្នែក​រដ្ឋបាល​ខាង​ម្ហូបអាហារ​និង​ឱសថ​ស.រ.អា.​«ដើម្បី​ធ្វើឱ្យ​ងាយ​ស្រួល​ដល់​ដំណើរ​ការ​ផលិត​និង​ធ្វើ​បទ​បញ្ញត្តិ​សម្រាប់​វ៉ាក់សាំង​ដែល​មាន​សុវត្ថិភាព​និង​ប្រសិទ្ធ​ភាព​សម្រាប់​ប្រើប្រាស់​ ឱ្យ​បាន​ឆាប់​រហ័ស​តាម​ដែល​អាច​ធ្វើ​បាន»។​

ថ្នាំ​វ៉ាក់សាំង​មាន​សក្តានុពល​ទាំង​អស់​ត្រូវតែ​ឆ្លង​កាត់​ដំណាក់​កាល​នៃ​ការ​ធ្វើ​ តេស្ត​មួយ​ចំនួន​ដើម្បី​បង្ហាញ​ថា​ វា​ប្រើ​ការ​បាន​ ហើយ​មាន​សុវត្ថិភាព​ផង​ដែរ។ ​ពួក​អ្នក​វិទ្យាសាស្ត្រ​មាន​ការ​ប្រុង​ប្រយ័ត្ន​ក្នុង​ការ​តាម​ឃ្លាំ​មើល​មនុស្ស​ដែល​ត្រូវ​ធ្វើ​តេស្ត​ទាំង​អស់​ដើម្បី​ឱ្យ​ដឹង​ថា​ តើ​ថ្នាំ​វ៉ាក់សាំង​ពិសោធន៍​នេះ​នាំ​ឱ្យ​មាន​ប្រតិកម្ម​តប​នឹង​មេរោគ​កូរ៉ូណា​ឬ​ទេ។​ពួក​គេ​ក៏​ពិនិត្យ​មើល​ពួក​អ្នក​ជំងឺ​ដែរ​អំពី​លទ្ធភាព​នៃ​ការ​មាន​ផលវិបាក​ដោយសារ​ឱសថ​នេះ។​

ពួក​អ្នក​វិទ្យាសាស្ត្រ​នៅ​ទូទាំង​ពិភព​លោក​ ដោយ​រួម​បញ្ចូល​ទាំង​នៅ​ក្នុង​ប្រទេស​ចិន​ផង​ដែរ​ ដែល​ការ​រាតត្បាត​នៃ​មេរោគ​នេះ​បាន​ចាប់ផ្តើម​ ​ ក៏​កំពុង​ធ្វើការ​ដើម្បី​បង្កើត​ថ្នាំ​វ៉ាក់សាំង​ប្រឆាំង​នឹង​ជំងឺ COVID-19​ ដែរ៕​

ប្រែសម្រួល​ដោយ​ពិន ស៊ីសុណ្ណ

XS
SM
MD
LG