ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ការបំផ្ទុះ​គ្រាប់បែក​នៅ​វិហារ​ឥស្លាម​នៅ​ប៉ាគីស្ថាន​ធ្វើ​ឱ្យ​មនុស្ស​ស្លាប់​និង​រងរបួស​រាប់សិប​នាក់


មន្ត្រី​ប៉ូលិស​ម្នាក់​សម្រួលចរាចរណ៍ បន្ទាប់​ពី​មាន​ការ​បំផ្ទុះ​គ្រាប់បែក​អត្តឃាត​នៅ​ក្នុង​វិហារ​ឥស្លាម នៅ​ក្នុង​ក្រុង Peshawar ប្រទេស​ប៉ាគីស្ថាន នៅ​ថ្ងៃទី៣០ ខែមករា ឆ្នាំ២០២៣។
មន្ត្រី​ប៉ូលិស​ម្នាក់​សម្រួលចរាចរណ៍ បន្ទាប់​ពី​មាន​ការ​បំផ្ទុះ​គ្រាប់បែក​អត្តឃាត​នៅ​ក្នុង​វិហារ​ឥស្លាម នៅ​ក្នុង​ក្រុង Peshawar ប្រទេស​ប៉ាគីស្ថាន នៅ​ថ្ងៃទី៣០ ខែមករា ឆ្នាំ២០២៣។

ការ​ផ្ទុះ​គ្រាប់​បែក​ដ៏​ខ្លាំងក្លា​មួយ​គ្រាប់​នៅ​ក្នុង​ព្រះវិហារ​ឥស្លាម​មួយ​កន្លែង​ដែល​ពោរពេញ​ដោយ​មនុស្ស​កកកុញ​នៅ​ភាគ​ពាយ័ព្យ​ប្រទេស​ប៉ាគីស្ថាន​នៅ​ថ្ងៃ​ចន្ទ​នេះ បាន​ធ្វើ​ឱ្យ​អ្នក​បួងសួង​យ៉ាង​តិច ២៨ នាក់​ស្លាប់​ និង១៥០ នាក់​ទៀត​រង​របួស។

ការ​វាយ​ប្រហារ​នៅ​ពេល​រសៀល​ថ្ងៃ​ចន្ទ​នេះ​នៅ​កណ្ដាល​ក្រុង Peshawar ដែល​ជា​ទី​រួម​ខេត្ត​នៃ​ខេត្ត Khyber Pakhtunkhwa ត្រូវ​បាន​គេ​រាយការណ៍​ថា​បាន​ធ្វើ​ឡើង​ដោយ​អ្នក​ដាក់​គ្រាប់​បែក​អត្តឃាត​ម្នាក់។

លោក​ស្នងការ​រង Shafiullah Khan ដែល​ជា​មន្ត្រី​សន្តិសុខ​ជាន់​ខ្ពស់​មួយ​រូប បាន​បញ្ជាក់​អះអាង​អំពី​ចំនួន​អ្នក​ស្លាប់​និង​រង​របួស​នេះ​នៅ​ក្នុង​ទូរទស្សន៍​របស់​រដ្ឋដោយ​លោក​បារម្ភថា​ ចំនួន​អ្នក​ស្លាប់​ទំនង​ជា​នឹង​កើនឡើង។

មន្ត្រី​សុខាភិបាល​នៃ​មន្ទីរពេទ្យ​ក្នុង​ក្រុង Peshawar បាន​អះអាង​ថា​បាន​ទទួល​ព្យាបាល​អ្នក​រង​របួស​រាប់​សិប​នាក់ និង​ថា ​អ្នក​ខ្លះ​ក្នុង​ចំណោម​នោះ​ស្ថិត​ក្នុង​ស្ថានភាព«ធ្ងន់ធ្ងរ»។

អ្នក​រស់រាន​មាន​ជីវិត​និង​បុគ្គលិក​សង្គ្រោះ​បន្ទាន់​បាន​និយាយ​ថា ដំបូល​ព្រះ​វិហារ​បាន​ស្រុត​ចុះ​ដោយសារតែ​ការ​ផ្ទុះ​ដ៏​ខ្លាំងក្លា។

មន្ត្រី​ប៉ូលិស​មិន​បាន​រៀបរាប់​ភ្លាមៗ​អំពី​លក្ខណៈ​នៃ​ការ​វាយ​ប្រហារ​នេះ​ទេ ដោយ​បាន​និយាយ​ថា​ ការ​ស៊ើប​អង្កេត​កំពុង​ដំណើរការ។

នាយករដ្ឋមន្ត្រី​ប៉ាគីស្ថាន​លោក Shahbaz sharif «បាន​ថ្កោលទោស​ការ​បំផ្ទុះ​គ្រាប់​បែក​អត្តឃាត​នៅ​ព្រះ​វិហារ​ឥស្លាម» នៅ​ក្នុង​ក្រុង Peshawar នេះ។ នេះ​បើ​យោង​តាម​សេចក្ដី​ថ្លែងការណ៍​ផ្លូវការ​មួយ​ដែល​ធ្វើ​ឡើង​នៅ​ក្នុង​ទីក្រុង​អ៊ីស្លាម៉ាបាដ ​រដ្ឋធានី​នៃ​ប្រទេស​ប៉ាគីស្ថាន។

ព្រះវិហារ​ឥស្លាម​នេះ​ជា​រឿយៗ​ត្រូវ​បាន​មន្ត្រី​សន្តិសុខ​និង​មន្ត្រី​រដ្ឋាភិបាល​ទៅ​បួងសួង​ដែរ។

មិន​មាន​នរណា​ម្នាក់​ចេញ​មុខ​អះអាង​ទទួល​ខុស​ត្រូវ​ភ្លាមៗ​ចំពោះ​ការ​បំផ្ទុះ​គ្រាប់​បែក​ដ៏​ប្រល័យ​នេះ​ទេ។

ខេត្ត Khyber Pakhtunkhwa របស់​ប៉ាគីស្ថាន​នេះ​មាន​ព្រំ​ប្រទល់​ជាប់​នឹង​ប្រទេស​អាហ្វហ្គានីស្ថាន និង​ធ្លាប់​ជួប​ប្រទះ​ការ​វាយ​ប្រហារ​ភេរវកម្ម​ម្ដង​ហើយ​ម្ដង​ទៀត​នៅ​ក្នុង​រយៈពេល​ប៉ុន្មាន​ខែ​ថ្មីៗ​នេះ។ អំពើ​ហិង្សា​ភាគ​ច្រើន​កាលពី​លើក​មុនៗ​ត្រូវ​បាន​អះអាង​ទទួល​ខុស​ត្រូវ​ដោយ​ក្រុម​ខុស​ច្បាប់ Tehrik-i-Taliban Pakistan ដែល​គេ​ស្គាល់​ថា​ជា​ក្រុម​តាលីបង់ (Taliban) នៅ​ប្រទេស​ប៉ាគីស្ថាន៕

វីដេអូថ្មីៗបំផុត

XS
SM
MD
LG