អនុរដ្ឋមន្ត្រីការបរទេសរុស្ស៊ីលោក Serge Ryabkov បាននិយាយថា រដ្ឋាភិបាលក្រុងមូស្គូនឹងទំនងជាសងសឹកជាមួយសហរដ្ឋអាមេរិក ដើម្បីជាការឆ្លើយតបទៅនឹងការដាក់ទណ្ឌកម្មរបស់សហរដ្ឋអាមេរិកថ្មីៗបន្ថែមទៀតទៅលើប្រទេសរុស្ស៊ី ពាក់ព័ន្ធនឹងការជ្រៀតជ្រែករបស់រុស្ស៊ីទៅក្នុងការបោះឆ្នោតប្រធានាធិបតីសហរដ្ឋអាមេរិកកាលពីឆ្នាំមុន។
កាលពីថ្ងៃអង្គារម្សិលមិញ រដ្ឋសភាអាមេរិកបានអនុម័តច្បាប់មួយ ដែលបន្ថែមលទ្ធភាពបន្ថែមទៀតដល់សភាក្នុងការត្រួតពិនិត្យមើលលើលទ្ធភាពរបស់លោក Donald Trump នៅក្នុងការបន្ធូរបន្ថយលើការដាក់ទណ្ឌកម្មទាំងនេះ។
បើយោងតាមប្រព័ន្ធផ្សព្វផ្សាយរដ្ឋរបស់រុស្ស៊ី លោក Ryabkov បានព្រមានថា ទណ្ឌកម្មថ្មីទាំងនេះនឹងបង្អាក់ដល់ឱកាសបង្កើនទំនាក់ទំនងរវាងរដ្ឋាភិបាលក្រុងមូស្គូ និងរដ្ឋាភិបាលក្រុងវ៉ាស៊ីនតោន ឲ្យបានប្រសើរជាងមុន។ លោកក៏បានបញ្ជាក់បន្ថែមទៀតថា រដ្ឋាភិបាលរុស្ស៊ីធ្លាប់បានព្រមានរដ្ឋបាលរបស់លោក Trump រួចមកហើយថា រុស្ស៊ីនឹងធ្វើការតបតវិញ ប្រសិនបើសភាសហរដ្ឋអាមេរិកអនុម័តច្បាប់ដាក់ទណ្ឌកម្មនេះ។
អំណាចគ្រប់គ្រងថ្មីទាំងនេះរបស់សភាត្រូវបានតាក់តែងឲ្យក្លាយជាច្បាប់ បន្ទាប់ពីមានការចរចារវាងគណបក្សទាំងពីរនៅក្នុងសភាអស់រយៈពេលជាងមួយខែ និងបន្ទាប់ពីមានការពន្យារពេលដំណើរការនីតិវិធីរួចមក។
ច្បាប់ដាក់ទណ្ឌកម្មដែលអនុម័តដោយសភាក្នុងសំឡេង ៤១៩ ទល់នឹង ៣ នេះ មានបញ្ចូលទាំងការដាក់ទណ្ឌកម្មលើប្រទេសអ៊ីរ៉ង់ និងកូរ៉េខាងជើងផងដែរ បន្ថែមទៅនឹងការដាក់ទណ្ឌកម្មលើប្រទេសរុស្ស៊ីនោះ៕