ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

កង្វះ​អាហារូបត្ថម្ភ​សម្រាប់​ម្តាយ​និង​ទារក​ជា​ការ​ខាតបង់​ទាំង​ថវិកា​និង​ជីវិត​កុមារ


សិស្សានុសិស្ស​នៅ​បឋមសិក្សា​ឥន្ធកុមារ​ដែល​មាន​ចម្ងាយ​ប្រមាណ​ជា​ពីរ​គីឡូម៉ែត្រ​ពី​ទីរួម​ខេត្ត​កំពង់​ធំ កាល​ពី​ថ្ងៃ​ទី​១០ ខែ​មិថុនា ឆ្នាំ​២០១៤។
សិស្សានុសិស្ស​នៅ​បឋមសិក្សា​ឥន្ធកុមារ​ដែល​មាន​ចម្ងាយ​ប្រមាណ​ជា​ពីរ​គីឡូម៉ែត្រ​ពី​ទីរួម​ខេត្ត​កំពង់​ធំ កាល​ពី​ថ្ងៃ​ទី​១០ ខែ​មិថុនា ឆ្នាំ​២០១៤។

កង្វះ​អាហារូបត្ថម្ភ​សម្រាប់​ម្តាយ​និង​កុមារ​ជា​ការ​ព្រួយ​បារម្ភ​ដ៏ធំ​មួយ​នៅ​កម្ពុជា។ ​វា​ធ្វើ​ឲ្យ​កុមារ​កម្ពុជា​ស្លាប់​យ៉ាង​ហោច​ណាស់​៦.០០០​ពាន់​ នាក់​ក្នុង​មួយ​ឆ្នាំៗ ​និង​ធ្វើ​ឲ្យ​កុមារ​ផ្សេង​ទៀត​លូតលាស់​មិន​បាន​ល្អ។ អ្នក​ជំនាញ​បាន​អះអាង​ថា ​ប្រទេស​កម្ពុជា​ខាត​បង់​ប្រាក់​ចំណូល​រហូត​ដល់​ទៅ​៤០០​លាន​ដុល្លារក្នុង​១​ឆ្នាំៗ។​

កង្វះ​អាហារូបត្ថម្ភ​បានធ្វើឲ្យ​ប្រទេស​កម្ពុជា​បាត់បង់​បាក់​ចំណូល​ប្រមាណ​៤០០​លាន​ដុល្លារ​អាមេរិកក្នុង​មួយ​ឆ្នាំៗ។​ នេះ​បើ​យោង​តាម​ក្រុម​មន្ត្រី​ជំនាញ​និង​របាយការណ៍​អង្កេត​របស់​អង្គការ​អន្តរជាតិ​សំខាន់ៗ​មួយ​ចំនួន​ដែល​បាន​បង្ហាញ​នៅ​ក្នុង​សន្និសីទ​ជាតិ​ស្តី​ពី​អាហារូបត្ថម្ភ​រយៈ​ពេល​ពីរ​ថ្ងៃ​ក្នុង​ទី​ក្រុង​ភ្នំពេញ។ ​សន្និសីទ​បាន​បញ្ចប់​នា​ថ្ងៃ​ពុធ​នេះ។​

នៅ​ក្នុង​សេចក្តីប្រកាស​រួម​របស់អង្គការ​មូលនិធិ​អង្គការ​សហ​ប្រជាជាតិ​សម្រាប់​កុមារ​ហៅ​ថា ​Unicef​ ទី​ស្តីការ​គណៈ​រដ្ឋមន្ត្រី ​និង​កម្មវិធី​ស្បៀង​អាហារ​ពិភព​លោក​ WFP ​បាន​បង្ហាញ​ថា ​ការ​ខាត​បង់​តម្លៃ​សេដ្ឋ​កិច្ច​នេះ​តំណាង​ឲ្យ​២,៥%​នៃ​ផលិតផល​សរុប​របស់​ប្រទេស​កម្ពុជា​ដ៏​ក្រីក្រ​នេះ។​

សេចក្តី​ថ្លែង​ការណ៍​ដដែល​រៀប​រាប់​ថា ទឹក​ប្រាក់​ដែល​ខាត​បង់​ រួម​មាន​ ​៨៨,៧​លាន​ដុល្លារ​អាមេរិក​បណ្តាល​មក​ពី​អត្រា​មរណៈ​នៃ​កុមារ​អាយុ​ក្រោម​៥​ឆ្នាំ​ ដោយ​សារកង្វះ​អាហារូប​ត្ថម្ភ​របស់​ម្តាយ ​ដែល​មិន​គ្រប់ទម្ងន់ និង​ស្គាំង​ស្គម ​ការ​បំបៅ​កូន​នឹង​ទឹក​ដោះ​មិន​បាន​ល្អ​និង​កង្វះ​មីក្រូ​សារជាតិ​ជា​ដើម។​

ហើយ​ទឹកប្រាក់​ចំនួន​១២៨​លានដុល្លារ​ផ្សេង​ទៀត​បាន​ខាត​បង់ ដោយ​សារ​ភាព​ក្រិន​និង​ភាព​ស្លេក​ស្លាំង ​ដោយ​សារ​បញ្ហា​បំពង់​សរសៃ​ប្រសាទ​និង​ដោយ​សារ​ការ​លូត​លាស់​ទន់​ខ្សោយ ​និង​ការ​អន់​ខ្សោយ​ផ្នែក​សតិ​បញ្ញា​របស់​កុមារ។​

លោក​ ងី ចាន់ផល ​អនុប្រធាន​ក្រុម​ប្រឹក្សា​ស្តារ​អភិវឌ្ឍ​វិស័យ​កសិកម្ម​និង​ជនបទ ​បាន​ពន្យល់​ថា​ អាហារូបត្ថម្ភ​មាន​សារៈ​សំខាន់​ណាស់​សម្រាប់​ការ​អភិវឌ្ឍ​សេដ្ឋកិច្ច​ជាតិ ​ព្រោះ​ថា​ កង្វះ​អាហារូបត្តម្ភ​របស់​កុមារ​ធ្វើ​ឲ្យ​ប៉ះ​ពាល់​ដល់​ការ​លូតលាស់របស់​កុមារ ​ទាំង​ខាង​រាងកាយ​និង​ប្រាជ្ញា​ ហើយ​នឹង​អាច​បណ្តាល​ឲ្យ​ខាត​បង់​សេដ្ឋកិច្ច​ជាតិ​ទាំង​មូល​ទៀត​ផង។​ ​លោកចាត់​ទុក​ថា​ ​ការ​ខាត​បង់​នេះ​ជា​ការ​ខាត​បង់​សេដ្ឋកិច្ច​ជាតិ​ដ៏​ធំធេង​មួយ។​

«សេដ្ឋ​កិច្ច​កម្ពុជា​បាត់​ប្រហែល​ជា​៤០០​លាន​ដុល្លារ​ក្នុង​មួយ​ឆ្នាំ​ ហើយ​ស្មើ​និង​២,៥​នៃ​ផល​សរុប​ជាតិ​របស់​យើង។​ នេះ​គឺ​ជា​បញ្ហា​ធ្ងន់ធ្ងរ​ណាស់។​ ប្រសិន​បើ​យើង​មិន​បាន​ធ្វើ​អ្វីសោះ ​យើង​បាត់បង់​ចំណូល​ជាតិ​ស្មើ​នឹង​២,៥​នៃ​ GDP»។​ ​

លោក​ងី ចាន់ផល​បាន​បញ្ជាក់ថា៖ ​ការ​ខាត​បង់​របស់​កម្ពុជា​ ​រួមមាន ការ​ស្លាប់​របស់​កុមារ​កម្ពុជា​ចំនួន​៦០០០​នាក់​ក្នុង​១​ឆ្នាំៗ ​ការ​បាត់បង់​កាយ​សម្បទា​ ការ​ក្រិន​និង​ការ​លូតលាស់​មិន​បាន​ល្អ​របស់​កុមារ ​ដែល​បណ្តាល​មកពី​ការ​ខ្វះ​អាហារូបត្ថម្ភ ការ​កើត​ជំងឺ​ស្លេក​ស្លាំង ​ដែល​បណ្តាល​ឲ្យ​កម្ពុជា​បាត់បង់​កម្លាំង​ពលកម្ម​ ដែល​អាច​រក​ចំណូល​សម្រាប់​ជាតិ។​

សន្និសីទ​ជាតិ​ស្តី​ពី​អាហារូបត្ថម្ភ​រយៈ​ពេល​ពីរ​ថ្ងៃ​ដែល​មាន​ការ​ចូលរួម​សហការ​ពី​ទីភ្នាក់ងារ​ជំនួយ​សហ​រដ្ឋ​អាមេរិក​សម្រាប់​ការ​អភិវឌ្ឍ​អន្តរជាតិ​ USAID ​និធិ​អង្គការ​សហ​ប្រជាជាតិ​សម្រាប់​កុមារ​ UNICEF​ និង ​អង្គការ​កម្មវិធី​ស្បៀង​អាហារ​ពិភពលោក ​World Food Program ​នេះគឺ​ផ្តោត​សំខាន់​ដើម្បី​រិះរក​មធ្យោបាយ​ដើម្បី​ទប់ស្កាត់​បញ្ហា​នេះ​និង​អភិវឌ្ឍ​ធនធាន​មនុស្ស​របស់​កម្ពុជា។​

អ្នក​ជំនាញ​កម្ពុជា​ដដែល​នេះ​បាន​បន្ថែម​ថា ​ដើម្បី​ឲ្យម្តាយ​និង​កុមារ​កម្ពុជា​មាន​«កម្លាំង​នា​ពេល​១០​ទៅ​២០​ឆ្នាំ​ខាង​មុខ​ទៀត»សម្រាប់​កិច្ច​អភិវឌ្ឍ​សេដ្ឋកិច្ច​ជាតិ ​កម្ពុជា​គួរ​ចាប់​ផ្តើម​ធ្វើ​សកម្មភាព​ពី​ពេល​នេះ​ទៅ។​

ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ សេចក្តី​ថ្លែង​ការណ៍មួយ​ទៀត​នៅ​ក្នុង​សន្និសីទ​ជាតិ​នេះ​ដែរ​បង្ហាញ​ថា ​អត្រា​ជំងឺ​ក្រិន​របស់​កុមារ​ និង​ជំងឺ​ ខ្វះ​អាហារូបត្ថម្ភ​រ៉ាំរ៉ៃ​នៅ​កម្ពុជា ​បាន​ធ្លាក់​ចុះ​ជា​គំហុក​ពី​៤៣% នៅ​ក្នុង​ឆ្នាំ​២០០៥​ មក​នៅ​ត្រឹម​២៣%​នៅ​២០១៤ ​ក៏​ប៉ុន្តែ​កុមារ​កម្ពុជា​នៅ​តែ​ជួប​ប្រទះ​បញ្ហា​កង្វះ​ ជីវជាតិ​បំប៉ន​និង​ស្គមស្គាំង​នៅ​ឡើយ។

លោកស្រី​ ជូលី​ ជុង​ (Julie Chung)​ នាយិកា​រង​បេសកម្ម​សហរដ្ឋ​អាមេរិក​នៅ​ទីក្រុង​ភ្នំពេញមាន​ប្រសាសន៍​ថា​ កង្វះ​អាហាររូបត្ថម្ភ​គឺ​ជា​រឿង​ដ៏​ស្មុគ​ស្មាញ ​ដែល​តម្រូវ​ឲ្យ​ រដ្ឋាភិបាល​និង​ផ្នែក​ឯកជនធ្វើ​ការ​ជាមួយ​គ្នា​ដើម្បី​ដោះស្រាយ​បញ្ហា​ទាំង​នេះ​ ដែល​រួមមាន​ការ​ផ្គត់ផ្គង់​ទឹក​ស្អាត​ ផ្តល់​ភាព​ងាយ​ស្រួល​ដល់​ការ​ទទួល​អាហារ​មាន​ជីវជាតិ​គ្រប់​គ្រាន់​ដល់​ប្រជាជន​កម្ពុជា​ ជា​ពិសេស​ស្ត្រី​មាន​ផ្ទៃ​ពោះ​ និង​កុមារ​ដែល​មាន​អាយុ​ក្រោម​២​ឆ្នាំ។​

«ការ​ដាក់​ទុន​ទៅ​លើ​អាហារូបត្ថម្ភ​របស់​កុមារ​អាយុ​ក្រោម​២​ឆ្នាំ​ គឺ​ជា​ការ​បណ្តាក់​ទុន​លើ​ផ្នែក​សុខភាព​របស់​ប្រទេស​ទាំងមូល។​ យើង​មិន​អាច​សង្ឃឹម​ថា​ វា​នឹង​ទទួល​លទ្ធផល​ភ្លាមៗ​នោះ​ទេ»។​

ជាមួយ​គ្នា​នេះ​ដែរ​ លោកស្រី​ជូលី​ ជុង​បាន​បង្ហាយ​ពី​ការ​ព្រួយ​បារម្ភ​ពី​ការ​ធ្លាក់​ចុះ​នៃ​ទិន្នផល​ត្រី​នៅ​កម្ពុជា​ដែល​ជា​អាហារូបត្ថម្ភ​ដ៏​សំខាន់​សម្រាប់​ប្រជាជន​កម្ពុជា ​ក្រោយពី​ការ​សាងសង់​ទំនប់​វារី​អគ្គិសនី​នៅ​តាម​បណ្តោយ​ទន្លេ​មេគង្គ៕

XS
SM
MD
LG