ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

កង្វះ​បុគ្គលិក​ពេទ្យ​ជា​កត្តា​រួម​ចំណែក​ក្នុងអត្រា​មរណៈ​របស់​មាតា​នៅ​​កេនយ៉ា


រូបភាព​ឯកសារ៖ វេជ្ជបណ្ឌិតដាក់​ឧបករណ៍ត្រួត​ពិនិត្យ​បេះដូងជាប់​នឹង​ជើង​ទារក​ម្នាក់​ដែល​មាន​ជំងឺគ្រុនចាញ់​យ៉ាង​ធ្ងន់ធ្ងរក្នុង​មន្ទីរពេទ្យ Siaya ភាគខាងលិច​ប្រទេស​កេនយ៉ា។​

របាយការណ៍​មួយ​ដែល​ទើប​នឹង​ចេញ​ផ្សាយ​នា​ពេល​ថ្មី​ៗ​នេះ​ អំពី​បញ្ហា​មរណៈ​របស់​មាតា​នៅ​ប្រទេស​កេនយ៉ា​និយាយ​ថា​ ស្រី្ត​ជា​មាតា​ដែល​ជិត​សម្រាល​កូន​មួយ​ចំនួន​ធំ​ ស្លាប់​នៅ​ក្នុង​មន្ទីរ​ពេទ្យ​ក្នុង​ពេល​យប់​ អំឡុង​ពេល​ចុង​សប្តាហ៍​និង​ថ្ងៃ​ឈប់​សម្រាក​សាធារណៈ។​ នោះ​គឺ​ជា​ពេល​ដែល​វេជ្ជបណ្ឌិត​ភាគ​ច្រើន​អវត្តមាន។ របាយការណ៍​នោះ​បាន​បង្ហាញ​ថា អ្នក​នៅ​ទទួល​បន្ទុក​នា​ពេល​ទាំង​នោះ​គឺ​ជា​​បុគ្គលិក​ពេទ្យ​ក្មេងៗ​ ប៉ុន្តែ​ពួកគេ​ខ្វះ​បទ​ពិសោធន៍​ក្នុង​ការ​ដោះ​ស្រាយ​ករណី​បន្ទាន់​ទាំង​នេះ​។​

នាង​ Irene Akala​ បាន​បាត់​បង់​បងស្រី​របស់​នាង​នៅ​មន្ទីរ​ពេទ្យ​រដ្ឋ​មួយ​ នៅ​ភាគ​ខាង​លិច​ប្រទេស​កេនយ៉ា​កាល​ពី​ចុង​ឆ្នាំ​មុន។​ បងស្រី​របស់​នាង​ ឈ្មោះ Elizabeth​ ជា​ម្តាយ​របស់​កូន​០​២​នាក់​ បាន​ស្លាប់​នៅ​ក្នុង​ថ្ងៃ​ចុង​ក្រោយ​នៃ​ការ​ពពោះ។​

​ Akala​ និយាយ​ថា​ បងស្រី​របស់​នាង​ចាប់​ផ្តើម​មាន​អារម្មណ៍​ឈឺ​ពោះ​០៣ថ្ងៃ ​មុន​នឹង​នាង​ត្រូវ​បាន​បញ្ជូន​ទៅ​មន្ទីរ​ពេទ្យ​រដ្ឋ​មួយ។​

នាង​និយាយ​ថា​ ការឆ្លុះ​អេកូ​បាន​បង្ហាញ​ថា ​ទារក​បាន​ស្លាប់​នៅ​ក្នុង​ផ្ទៃ​ម្តាយ​រួច​ទៅហើយ។​ បន្ទាប់​មក​នាង​ក៏​ត្រូវ​បាន​គេ​ផ្លាស់​ប្តូរ​ទៅ​មន្ទីរ​ពេទ្យ​ជាតិ​ Kakamega ។​ នាង​និយាយ​ថា ​វេជ្ជបណ្ឌិត​បាន​សរសេរ​កំណត់​ចំណាំ​មួយ​ថា​ ស្ថានភាព​ជំងឺរបស់​បងស្រី​នាង​គឺ​ជា​ករណី​សង្គ្រោះ​បន្ទាន់​។​

ពួកគេ​បាន​ទៅ​ដល់​មន្ទីរពេទ្យ​ម៉ោង​ប្រហែល​៥ល្ងាច​។ ក្រុម​គ្រូពេទ្យ​បាន​ធ្វើ​តេស្ត​មួយ​ចំនួន ​បន្ទាប់​មក​វេជ្ជបណ្ឌិត​និយាយ​ថា វា​ល្ងាច​ពេក​ហើយ​។ គាត់​ដល់​ម៉ោង​ចេញ​ពី​ធ្វើការ​ ដូច្នេះ​គាត់​នឹង​មក​ពិនិត្យ​នាង​នៅ​ថ្ងៃ​បន្ទាប់។​

Akala និយាយ​ថា​ វេជ្ជបណ្ឌិត​មួយ​ចំនួន​បាន​ពិនិត្យ​បង​ស្រី​របស់​នាង​នៅ​ពេល​ព្រឹក ប៉ុន្តែ​មិន​អាច​ជួយ​ជីវិត​នាង​បាន។​

Akala និយាយ​ថា​ នៅ​ដំណាក់​កាល​ចុងក្រោយ​ បងស្រី​របស់​នាង​បាន​ចាប់​ផ្តើម​ហូរ​ឈាម​ចេញ​ពីមាត់​ ។ វា​មើល​ទៅ​ដូច​ជា​ការឈឺចាប់​បាន​ចប់​ហើយ។​ Elizabeth មើលទៅ​ហាក់ដូចជា មាន​សភាព​ស្រួលខ្លួន ​និង​ស្ងប់ស្ងាត់​ ហើយ​លែង​ស្រែក​ត​ទៅ​ទៀត​។​ បន្ទាប់​មក​នាង​ក៏​បាន​ស្លាប់​ភ្លាមៗ​ ដោយ​មិន​បាន​សម្រាល​កូន​ដែល​ស្លាប់​ក្នុង​ផ្ទៃ​នោះ​ឡើយ​។

នៅ​ពេល​មេឃ​ចាប់​ផ្តើម​ងងឹត​ ម្តាយ​ដែល​ជិត​សម្រាល​កូន​ជា​ច្រើន​មិន​ងាយ​នឹង​ទទួល​បាន​ការ​មើល​ថែ​បាន​ត្រឹម​ត្រូវ​នោះ​ទេ​នៅ​តាម​មន្ទីរ​ពេទ្យ​កេនយ៉ា​។​ នេះ​បើ​យោង​តាម​ការ​ស្ទង់​មតិ​ថ្មី​មួយ​ ដែល​មាន​ចំណង​ជើង​ថា​ ការ​ឃ្លាំ​មើល​និង​ការ​ឆ្លើយ​តប​អត្រា​មរណៈ​របស់​មាតា ឆ្នាំ២០១៣-២០១៥។​

លោក​វេជ្ជ​បណ្ឌិត Mathias Aketch ​ អ្នកជំនាញ​ផ្នែក​រោគ​ស្រ្តី​និយាយ​ថា​ ពេលទាំងនោះ​គឺ​ជា​ពេលស្រ្តី​ដែលនឹង​ក្លាយ​ជាមាតា​ទទួល​មរណភាព។​

«អ្វី​ដែល​គួរ​កត់​សម្គាល់​បំផុត​នោះ​គឺ​ ការ​ស្លាប់​ទាំងនេះ​ភាគច្រើន​កើត​ឡើង​នៅ​ក្រៅ​ម៉ោង​ធ្វើ​ការ​ បន្ទាប់​ពី​ម៉ោ​ង​៥​ល្ងាច​និង​មុន​ម៉ោង​៨​ព្រឹក​ នៅ​ចុង​សប្តាហ៍​និង​ថ្ងៃ​ឈប់​សម្រាក​សាធារណៈ។ អំឡុង​ពេល​ទាំងនោះ​ យើងរកឃើញ​ថា​វេជ្ជ​បណ្ឌិត​ដែល​មាន​បទ​ពិសោធន៍ គឺ​មិនមាន​វត្តមាន​ក្នុង​មន្ទីរពេទ្យ​នោះ​ទេ។​ អ្នក​ដែល​ព្យាយាម​ពិនិត្យ​អ្នក​ជំងឺ​ដែល​ជិត​ស្លាប់​ទាំង​នេះ​ គឺគ្រាន់​តែ​ជា​វេជ្ជបណ្ឌិត​ក្មេងៗ​មិន​សូវ​មាន​បទពិសោធន៍»។​

របាយការណ៍​មួយ​ផ្សេង​ទៀត​ ដែល​បាន​ចេញ​ផ្សាយ​កាល​ពី​ខែ​មុន​នៅ​ក្នុង​ទស្សនាវដ្ដី​ The Lancet និយាយ​ថា​ ស្រ្តី​ប្រមាណ​២,៦​លាន​នាក់​ស្លាប់​ ក្នុង​ពេល​សម្រាល​កូន​រៀងរាល់​ឆ្នាំ ដោយ​អត្រា​៩៨​ ភាគរយ ​កើត​ឡើង​ចំពោះ​ប្រទេស​ដែល​មាន​ប្រាក់​ចំណូល​ទាប​និង​មធ្យម។​

​លោក​វេជ្ជបណ្ឌិត​ Aketch និយាយ​ថា​មន្ទីរ​ពេទ្យ​រដ្ឋ​របស់ប្រទេស​កេនយ៉ា​ត្រូវ​ការបុគ្គលិក​និង​ឧបករណ៍​វេជ្ជសាស្រ្ត​បន្ថែម​ ដើម្បី​បញ្ចប់​ការឈឺចាប់​របស់​ស្ត្រី​នៅ​ក្នុង​ការថែទាំ​រ​បស់​ពួកគេ។​

«គួរ​តែ​មាន​អ្នក​ដែល​មាន​បទពិសោធន៍ប្រចាំ​ការ​ ដើម្បី​មើល​ថែ​ស្រី្ត​ទាំង​នេះ​។ ប៉ុន្តែ​វា​នៅ​តែ​ជា​បញ្ហា។​ ប្រទេស​នេះ​មាន​បញ្ហាប្រឈម​ជា​ទូទៅ​គឺ ​កង្វះ​ខាតបុគ្គលិក​នៅ​តាម​មន្ទីរពេទ្យ​នានា។ ចំណុច​មួយ​ទៀត​ដែល​បង្ហាញយ៉ាង​ច្បាស់​បន្ទាប់​ពី​ការ​ធ្វើ​រោគ​វិនិច្ឆ័យ​ត្រូវ​បាន​ធ្វើ​ឡើងត្រឹមត្រូវ​រួច​រាល់​ហើយ​នោះ​គឺ​ ការ​ជួយ​សង្រ្គោះ​ក្នុង​ករណី​ភាគ​ច្រើន​នៅ​តែ​មិន​អាច​សម្រេច​បាន​ ដោយ​សារ​តែ​កង្វះ​ខាត​គ្រឿង​ផ្គត់​ផ្គង់ផ្សេងៗ​»។

នៅ​ពេល​ដែល​លោក​ប្រធានាធិបតី​ Uhuru Kenyatta ចូល​កាន់​តំណែង​ក្នុង​ឆ្នាំ​២០១៣ លោក​បាន​ចេញ​បញ្ជា​ទៅ​គ្រប់​មន្ទីរពេទ្យ​រដ្ឋ​ទាំង​អស់​ ឲ្យ​ផ្តល់​សេវាកម្ម​មិនគិត​ថ្លៃ​ដល់​ស្ត្រី​ពេល​សម្រាល​កូន​។​

ប៉ុន្តែ​មន្ទីរ​ពេទ្យ​មួយ​ចំនួន​បាន​គម្រាម​បញ្ឈប់​ផ្តល់​សេវាកម្ម​មិន​គិត​ថ្លៃ​នេះ​ ហើយ​បាន​ចាប់​ផ្តើម​យក​ប្រាក់​ពី​ស្រី្ត​ទាំងនោះ​ បន្ទាប់​ពី​រដ្ឋាភិបាល​ខកខាន​ក្នុងការទូទាត់​បំពេញ​ការចំណាយ​របស់​មន្ទីរពេទ្យ។​ ក្រុមបុគ្គលិក​ពេទ្យ​មួយ​ចំនួន​និយាយថា​ ថវិកា​ចំនួន​២៥​ដុល្លារ​ ដែល​រដ្ឋាភិបាល​ចេញ​ដើម្បី​ទូទាត់​សង​ទៅ​មន្ទីរពេទ្យ​សម្រាប់​ការ​ផ្តល់​សេវា​កម្ម​មាតុភាពឥត​គិត​ថ្លៃ​នេះ​គឺ​មិន​គ្រប់​គ្រាន់​ទេ៕

ប្រែសម្រួល​ដោយ ទុំ ម្លិះ

XS
SM
MD
LG