ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

មូស​ចម្លងជំងឺ​គ្រុនចាញ់​ ត្រូវ​បាន​បង្រ្កាប​ដោយ​សត្វមាន់​


សត្វមូស​ម្យ៉ាង​ដែល​មាន​ឈ្មោះ ​Anopheles បឺត​ឈាម​ពី​មនុស្ស​តាម​រយៈច្រមុះ​ស្រួច​របស់​ខ្លួន​។ រូបភាព​ទទួល​បាន​ពីភ្នាក់​ងារសារព័ត៌មាន​ Reuters កាលពី​ថ្ងៃទី​២៥ វិច្ឆិកា ២០១៥។
សត្វមូស​ម្យ៉ាង​ដែល​មាន​ឈ្មោះ ​Anopheles បឺត​ឈាម​ពី​មនុស្ស​តាម​រយៈច្រមុះ​ស្រួច​របស់​ខ្លួន​។ រូបភាព​ទទួល​បាន​ពីភ្នាក់​ងារសារព័ត៌មាន​ Reuters កាលពី​ថ្ងៃទី​២៥ វិច្ឆិកា ២០១៥។

ប្រសិនបើ​អ្នក​រស់នៅ​ក្នុង​អនុតំបន់​​សាហារ៉ា​ (Sahara) នៅ​ទ្វីប​អាហ្វ្រិក​ក្នុង​តំបន់​ដែល​មាន​ជំងឺ​គ្រុនចាញ់​រាតត្បាត​ នោះ​វាមិនមែន​ជា​គំនិត​ចម្លែក​ណាស់ណា​ទេ​​ក្នុង​ការ​ទទួល​ទាន​ដំណេក​​នៅជិត​សត្វមាន់។ តាមពិត​ទៅ​​ ក្លិន​របស់សត្វមាន់​អាច​បណ្តេញ​សត្វមូស​មួយ​ចំនួន​ ហើយ​នេះ​អាចជា​មធ្យោបាយ​ងាយស្រួល​ និង​ធូរថ្លៃ​​មួយ​សម្រាប់​ការពារ​ជំងឺ​ដែល​បង្ក​ដោយ​សត្វមូស។

សត្វមូស​មួយចំនួន​ធំ​ចូលចិត្ត​ខាំ​មនុស្ស។ ក្នុងនោះ​ក៏​ រាប់បញ្ចូល​ទាំង​សត្វមូស​ដែល​ចម្លង​ប៉ារ៉ាស៊ីត​គ្រុនចាញ់​ ដែល​អាច​បង្ក​គ្រោះថ្នាក់​ដល់​ជីវិត​ផងដែរ​។ សត្វ​មូស​ទាំង​នោះចម្លង​ជំងឺ​តាមរយៈ​ការ​ខាំបឺត​យក​ឈាម។

ពេលខ្លះ​ ពពួក​សត្វមូស​នោះខាំបឺត​ឈាម​ពី​គោ​ ពពែ​ និង​ចៀម។ ប៉ុន្តែ​ពួកវាជា​ពួក​រើស​ប្រភព​អាហារ​ដែរ។ សត្វមូស​មិនចូលចិត្ត​រសជាតិ​ពីឈាម​មាន់​ទេ​ ដូចនេះ​សត្វមាន់​កម្រ​នឹង​ត្រូវ​មូសខាំ​ណាស់។

ក្រុម​អ្នកស្រាវជ្រាវ​ជនជាតិ​ស្វីស​ សម្រេច​បាន​នូវ​របកគំហើញ​នេះក្នុង​ការ​ចុះ​សិក្សា​នៅ​ប្រទេស​អេត្យូពី។ ពួកគេ​បាន​រៀបចំ​អន្ទាក់​ដើម្បី​ចាប់​ប្រភេទមូស​ Anopheles arabiensis ​ដែលជា​ប្រភេទមូស​សម្បូរ​ជាងគេ​ក្នុង​តំបន់​នោះ​ ពី​លំនៅដ្ឋាន​ចំនួន​១១ខ្នង​ក្នុង​រដ្ឋធានី​ អាឌីស​ អាបេបា​( Addis Ababa)។

បន្ទាប់មក​ ក្រុម​អ្នកស្រាវជ្រាវ​បាន​ធ្វើតេស្ត​ឈាម​នៅក្នុង​សត្វមូស​ទាំងនោះ​ ហើយ​បាន​ដឹងថា​ឈាម​នោះ​មានប្រភព​ពី​សត្វគ្រប់ប្រភេទ។ ប៉ុន្តែ​ ក្នុងនោះ​កម្រ​មាន​ឈាម​របស់​សត្វមាន់​ណាស់។

របក​គំហើញ​នេះ​ បាន​លើកឡើង​សំនួរ​មួយ​៖ តើ​ប្រជាជន​នៅ​តំបន់​ជំងឺ​គ្រុនចាញ់​គួរតែ​ទទួល​ទាន​ដំណេកនៅក្បែរ​សត្វមាន់​ឬទេ? នេះ​ជារឿងកំប្លែង​មួយ​ដែល​លោក​ Rickert Ignell​ ស្តាប់​ឮ​គ្រប់ពេល។

«បាទ ពួកយើង​និយាយ​ពីវា​ស្ទើតែគ្រប់ពេល​(រឿងកំប្លែង​នោះ) ហើយ​ក៏​មានរឿង​កំប្លែង​ដូចជា​ តើ​ប្រជាជន​គួរតែ​យកសត្វមាន់​តាមខ្លួន​ដើម្បី​ការពារ​ខ្លួន​ពី​ជំងឺគ្រុនចាញ់។ ប៉ុន្តែ​គំនិត​នេះ​មិនទាន់​ត្រូវ​គេ​ទទួលយក​ប៉ុន្មានទេ»។

លោក​ Ignell​ ជា​សាស្រ្តាចារ្យ​មួយរូប​នៅ​សាកលវិទ្យាល័យ​វិទ្យាសាស្រ្ត​កសិកម្ម​ស្វីស។ លោក​មានចំណាប់​អារម្មណ៍​ក្នុងការ​សិក្សាស្រាវជ្រាវ​ពី​ភាពទាក់ទាញ​តាមរយៈ​សារធាតុ​គីមី​នៃ​សត្វល្អិត​ផ្ទុក​ជំងឺ​ ហើយ​ក្នុងនោះ​ក៏​មាន​សត្វមូស​ដែល​ចម្លង​ជំងឺ​គ្រុនចាញ់​ផង​ដែរ។

ក្នុង​លំនៅដ្ឋាន​ចំនួន​១១​ខ្នង​នោះ​ លោក ​Ignell ​បាន​ប្រមូល​អ្នក​ស្ម័គ្រចិត្ត​១១នាក់​ឲ្យ​ទទួលទាន​ដំណេកក្នុង​មុង​រហែក​ដែល​មាន​អន្ទាក់​ និង​បំណែក​សាច់មាន់​នៅក្បែរ។
បើតាម​សម្តី​របស់​លោក​ Ignell​ «ក្នុង​តេស្ត​មួយ​ ពួកយើង​បាន​ព្យួរសត្វមាន់​មួយ​នៅក្បែរ​អន្ទាក់​ដែល​យើង​ប្រើ។ ហើយ​យើង​បាន​សង្កេតឃើញ​ថា​ អត្រា​សត្វមូស​ដែលចាប់បានបាន​ថយចុះ​ដល់ទៅ​៩៥%។ នេះ​មានន័យ​ថា​ សត្វមាន់​ និង​ក្លិន​មាន់​អាច​បណ្តេញ​សត្វមូស​ចេញពីផ្ទះ​បាន»។

រោម​មាន់​

លោក​ Ignell និយាយថា​ ក្លិន​ដែល​សត្វមូស​មិនចូលចិត្ត​មាន​ប្រភព​មកពី​ធាតុផ្សំ​ក្នុង​រោម​មាន់។ ធាតុផ្សំ​ទាំងនេះ​ មាន​តម្លៃ​ថោក​ ហើយ​ខ្លះ​អាច​រកបាន​ស្រាប់។
គំនិត​ដែល​ទុក​សត្វមាន់​នៅក្នុងផ្ទះ​ ដើម្បី​បណ្តេញ​សត្វមូស​ចម្លង​ជំងឺ​គ្រុនចាញ់​មិនមែន​ជា​គំនិត​អាក្រក់ទេ។

«នៅ​កន្លែង​ជាច្រើន​ក្នុងប្រទេសអេត្យូពី​ និង​កន្លែង​ជាច្រើន​នៅ​អាហ្វិ្រក​ដែល​ពួកយើង​បាន​ស្រាវជ្រាវ​ ប្រជាជន​ទីនោះ​រក្សា​បសុសត្វ​នៅក្នុងផ្ទះ។ ទោះបី​ភាគច្រើន​មិនមែន​ជា​សត្វមាន់​ក្តី ប៉ុន្តែ​វាជា​មធ្យោបាយ​មួយ​ដែល​អាចសាកល្បង​ដើម្បី​ដឹង​ថា​វាមាន​ប្រសិទ្ធភាព​ឬទេ» នេះ​ជាសម្តី​របស់​លោក​ Ignell។

លោក​ Ignell​ និយាយថា ​មធ្យោបាយ​ប្រើប្រាស់​សត្វមាន់​បណ្តេញ​សត្វមូស​អាច​ប្រើ​ជាមួយ​មុង​ដែល​មាន​សារធាតុ​សម្លាប់​សត្វល្អិត​ ដើម្បី​ការពារ​ទាំងស្រុង។

ការការពារ​ទាំងក្នុង​ និង​ក្រៅ

ខុស​ពី​សត្វមូស​ដទៃ​ដែល​ស្វែងរក​ចំណី​ក្នុង​ផ្ទះ​ លោក​ Ignell ​និយាយថា​ ប្រភេទ​មូស​ Anopheles arbiensis ​ក៏​ខាំ​មនុស្ស​នៅ​ខាងក្រៅផ្ទះដែរ។

«... ហើយ​ជាពិសេស​នៅពេល​ដែល​មនុស្ស​កំពុង​អង្គុយ​ក្រៅផ្ទះ​ ពេលដែល​ខាងក្នុង​ផ្ទះ​ក្តៅពេក»។

លោក​ Ignell​ ចង់ស្វែងយល់​ថា​ តើ​ក្លិន​សត្វមាន់​ដែល​ត្រូវបាន​បញ្ចូល​ក្នុង​ក្រមួន​ ដែល​អាច​ដុតដូច​ទៀន​បាន​ អាច​បណ្តេញ​សត្វមូស​នៅក្រៅផ្ទះ​ដែរ​ឬទេ។
របកគំហើញ​ទាំងនេះ​ ត្រូវ​បានចុះផ្សាយ​នៅក្នុង​ទស្សនាវដ្តី​ Malaria Journal ​ ដែល​អាច​ចូល​អាន​ដោយសេរី។

គ្មាន​ថវិកា​ជំនួយ​

លោក ​Ignell​ និយាយថា​ លោក​គ្មាន​ហេតុផល​អ្វី​ដែល​ត្រូវ​ជឿថា ​ក្លិន​របស់សត្វមាន់​មិនអាច​បណ្តេញ​សត្វមូស​ដទៃ​ទៀតបានទេ។
ប៉ុន្តែ​ជាអកុសល​ សម្រាប់​លោក Ignell​ និង​មិត្តរួមការងារ​ ពួកគេ​មិនបាន​ទទួល​ប្រាក់​ជំនួយ​ដើម្បី​បន្ត​កិច្ច​សិក្សា​ស្រាវជ្រាវ​ទៅលើ​បណ្តុំ​សារធាតុ​គីមី​ដែល​មាន​ក្នុង​សត្វមាន់​ទេ។

បើយោងតាម​អង្គការ​សុខភាព​ពិភពលោក​ ក្នុង​ឆ្នាំ​២០១៥ ​មាន​ករណី​ជំងឺគ្រុនចាញ់​ចំនួន​២១៤​លាន ករណី​ និង​មាន​ករណី​ស្លាប់​ដោយ​ជំងឺ​គ្រុនចាញ់​មាន​ប្រមាណ​ ៤៣៨.០០០ករណី​ ហើយ​ភាគច្រើន​កើតឡើង​លើកុមារ។ ការកើនឡើង​នូវ​ការការពារ​ និង​វិធានការ​ទប់ស្កាត់​បាន​កាត់បន្ថយ​អត្រា​មរណៈ​ដោយសារ​ជំងឺ​គ្រុនចាញ់​៦០ភាគយ​នៅលើ​ពិភពលោក​តាំង​ពី​ឆ្នាំ​២០០២។

អនុតំបន់​សាហារ៉ា​អាហ្រ្វិក​នៅ​តែ​មាន​អត្រា​ជំងឺ​គ្រុនចាញ់​ខ្ពស់​ទូទាំង​ពិភពលោក។ លោក ​Ignell ​និយាយថា​ សត្វមូស​ចាប់​ផ្តើម​មាន​ភាព​ស៊ាំ​នឹង​មុង​ជ្រលក់​ថ្នាំ​ ប៉ុន្តែកំណើន​នៃ​ករណី​កើត​មាន​ជំងឺ​គ្រុនចាញ់មាន​សភាព​យឺតយ៉ាវ​នៅក្នុង​អនុតំបន់​សាហារ៉ា​អាហ្រ្វិក​ដែរ៕

ប្រែសម្រួលដោយ៖ វិញ សុជាតា

XS
SM
MD
LG