ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ស្រកា​ពង្រូល​ដែល​ជា​សត្វ​ជិតផុត​ពូជ​ជាង ១ តោន ត្រូវ​បាន​រឹបអូស​នៅ​ប្រទេស​ថៃ


មន្ត្រី​ថៃ​បង្ហាញ​ស្រកា​ពង្រូល​ក្នុង​អំឡុង​សន្និសីទ​ព័ត៌មាន​មួយ​កាល​ពី​ថ្ងៃ​ទី​១៧ ខែ​សីហា ឆ្នាំ​២០២៣។
មន្ត្រី​ថៃ​បង្ហាញ​ស្រកា​ពង្រូល​ក្នុង​អំឡុង​សន្និសីទ​ព័ត៌មាន​មួយ​កាល​ពី​ថ្ងៃ​ទី​១៧ ខែ​សីហា ឆ្នាំ​២០២៣។

ស្រកា​ពង្រូល​ដែល​ជាសត្វ​កម្រ​ជិត​ផុត​ពូជ​ជាង​មួយ​តោនត្រូវ​បាន​រឹបអូស​នៅ​ប្រទេស​ថៃ។ អាជ្ញាធរ​សង្ស័យ​ថា ស្រកា​ពង្រូល​ទាំង​នេះ​នឹង​ត្រូវ​នាំចេញ​ទៅ​ប្រទេស​ចិន ដើម្បី​ធ្វើ​ថ្នាំ​បុរាណ។

អាជ្ញាធរ​ថៃ​បាន​ថ្លែង​កាល​ពី​ថ្ងៃ​ព្រហស្បតិ៍​សប្តាហ៍​មុន​ថា ពួក​គេ​បាន​រឹបអូស​ស្រកា​ពង្រូល​ជាង១តោន​ដែល​មាន​តម្លៃ​ជាង៥០លាន​បាត​ឬ​ប្រមាណ១លាន៤សែនដុល្លារ ដែល​គេ​ជឿ​ថា​កំពុង​ព្យាយាម​នាំ​ចេញ​ពី​ប្រទេស​នេះ​តាម​ផ្លូវគោក។


ស្រកា​ពង្រូល​ដែល​ជាប្រភេទ​សត្វ​ស៊ី​ស្រម៉ោច​និង​កណ្ដៀរ​ជា​អាហារ​ត្រូវ​បាន​គេ​រក​ឃើញ​កាល​ពី​យប់​ថ្ងៃ​ពុធ នៅ​ខេត្ត​ Kalasin ស្ថិត​នៅ​ភាគ​ឦសាន ហើយ​ទំនង​ជា​កំពុង​ត្រៀម​ដឹក​ចេញ​តាម​ខេត្ត Mukdahan ដែល​មាន​ព្រំដែន​ជាប់​នឹង​ប្រទេស​ឡាវ។ នេះ​បើ​តាម​ការ​បញ្ជាក់​របស់​ប៉ូលិស​ថៃ​ ក្នុង​សន្និសីទ​ព័ត៌មាន​ នៅ​ទីក្រុង​បាងកក​ កាល​ពី​ថ្ងៃ​ព្រហស្បតិ៍​សប្តាហ៍​មុន។

លោក Ariyapol Sinsorn នាយរង​ផ្នែក​បទល្មើស​ធនធាន​ធម្មជាតិ​និង​បរិស្ថាន​បាន​ឲ្យ​ដឹង​ថា​បុរស​សង្ស័យ​ពីរ​នាក់​ ដែល​កំពុង​ស្ថិត​នៅ​ក្នុង​រថយន្ត​ធុន​ធ្ងន់​ដឹក​ស្រកា​ពង្រូល ត្រូវ​បាន​ចាប់​ខ្លួន​និង​ចោទប្រកាន់​ពី​បទ​រក្សា​ទុក​គ្រោងសត្វ​ដែល​ស្ថិត​ក្រោម​ការ​អភិ រក្ស។ លោក​ឲ្យ​ដឹង​ទៀត​ថា បុរស​ទាំង​ពីរ​ បាន​សារភាព​ដូចអ្វី​ដែល​ត្រូវ​បាន​ចោទ​ប្រកាន់។

លោក Kamnuan Chan-anan នាយរង​ប្រចាំតំបន់​ផ្នែក​បទល្មើស​បរិស្ថាន​បាន​ថ្លែង​ថា ស្រកា​ពង្រូល​ត្រូវ​គេ​ប៉ាន់​ប្រមាណ​ថាមាន​តម្លៃ​ប្រហែល៤០ម៉ឺន​បាត​ឬ១១២៩ដុល្លារ​ក្នុង​មួយ​គីឡូក្រាម។ ស្រកា​ទាំង​នេះ​ត្រូវ​គេ​សង្ស័យ​ថា​បាន​នាំ​ចេញ​ពី​ប្រទេស​ម៉ាឡេស៊ី ចូល​មក​ប្រទេស​ថៃ​ដើម្បី​ដឹក​ជញ្ជូន​បន្ត​ទៅ​ប្រទេស​ឡាវ។ បន្ទាប់​ពី​បាន​ដល់​ប្រទេស​ឡាវ ពួក​វា​នឹង​នាំចេញ​ទៅ​លក់​ឲ្យ​អតិថិជន​នៅ​ប្រទេស​ចិន។ លោក​បន្ត​ថាសមត្ថកិច្ច​កំពុងស៊ើបអង្កេត​បន្ត​ដើម្បី​បញ្ជាក់​ពី​តម្រាយ​ផ្លូវ​ដឹកជញ្ជូន។

ស្រកា​ពង្រូល​ក្រៀម​ទាំង​នេះ​ ត្រូវ​បាន​ដាក់​បង្ហាញ​នៅ​ក្នុង​សន្និសីទ​ព័ត៌មាន​នៅ​ទីក្រុង​បាងកក​កាល​ពី​ថ្ងៃ​ព្រហស្បតិ៍​សប្តាហ៍​មុន ដោយ​ដាក់​ក្នុង​បាវ​ជី​ដែល​មាន​អក្សរ​ចិន​និង​មាន​តួលេខ​ផ្សេង​គ្នា។ អាជ្ញាធរ​និយាយ​ថា​ពួកគេ​សង្ស័យ​ថា​តួលេខ​នៅ​លើ​បាវ​ជី​ទាំង​នោះ ប្រើ​សម្រាប់​កំណត់​ពី​គុណភាព​ស្រកា​ពង្រូល​ទាំង​នោះ។

លោក Prasert Sonsatahpornkul មន្ត្រី​ការពារ​សត្វ​ព្រៃ​បាន​ថ្លែង​ថា​ស្រកា​ពង្រូល​ទាំង​នេះ ត្រូវ​គេ​ប៉ាន់ប្រមាណ​ថា​យក​ពី​សត្វ​ពង្រូល​ងាប់​ចន្លោះ​ពី៣​ពាន់​ទៅ៤ពាន់​ក្បាល។ លោក​បន្ត​ថា​ស្រកា​ ទាំងនេះ​នឹង​ត្រូវ​ធ្វើតេស្ត​ដើម្បី​បញ្ជាក់​ពី​ប្រភេទ​សត្វពង្រូល​ជាក់​លាក់។

សត្វ​ពង្រូល​គឺជា​ប្រភេទ​សត្វ​ជិត​ផុតពូជ​ហើយ​ការ​ធ្វើជំនួញ​សត្វ​ទាំងនេះ​ គឺជា​អំពើ​ល្មើស​ច្បាប់។ ស្រកា​របស់​វា​ត្រូវ​បាន​គេ​ប្រើ​សម្រាប់ផ្សំ​ធ្វើ​ថ្នាំ​បុរាណ​ចិន​និង​មាន​សារធាតុ​កេរ៉ាទីន​ដែល​ជា​ប្រភេទ​ប្រូតេអ៊ីន​មាន​នៅ​ក្នុង​ស្នែង​រមាស ប៉ុន្តែ គ្មាន​ភស្តុតាង​បែប​វិទ្យាសាស្ត្រ​ណា​មួយ​បញ្ជាក់​ថា​ប្រូតេអ៊ីន​នេះ​មាន​តម្លៃ​ផ្នែក​វេជ្ជសាស្ត្រ​នោះ​ទេ។ នៅ​ប្រទេស​វៀតណាម​និង​ផ្នែក​ខ្លះ​នៃ​ប្រទេស​ចិន សាច់​ពង្រូល​ ត្រូវ​បាន​គេ​ជឿ​ថា​មាន​រសជាតិ​ឆ្ងាញ់។

តម្រូវការ​ស្រកា​និង​សាច់​ពង្រូល​បាន​ជំរុញ​ឲ្យ​មាន​ការ​បរបាញ់​សត្វ​ខុសច្បាប់​យ៉ាង​សកម្ម​ដែល​ធ្វើ​ឲ្យ​ចំនួន​សត្វ​នេះ​នៅ​អាស៊ី កំពុង​ត្រូវ​បាន​បំផ្លាញ​យ៉ាង​ធ្ងន់ធ្ងរ៕

ប្រែសម្រួល​ដោយ នៀម ឆេង

វីដេអូថ្មីៗបំផុត

XS
SM
MD
LG