ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

អនុ​សញ្ញា​កិច្ច​ព្រមព្រៀង​សត្វ​ព្រៃ​មាន​គោល​ដៅ​ថែ​រក្សា​សត្វ​គ្រប់​ប្រភេទ​មិន​ថា​ធំ តូច​ឬ​អាក្រក់​​


នេះ​ជា​រូបភាព​ដែល​ត្រូវ​បាន​ថត​កាល​ពី​ថ្ងៃទី​២០ កញ្ញា​​ ២០១៦ បង្ហាញ​ពី សត្វពង្រូល​នៅ​ចិន​មួយ​ក្បាល​ដេក​នៅ​លើ​មេក​ឈើ​ក្នុង​មជ្ឈមណ្ឌល​សង្រ្គោះ​សត្វ​ព្រៃ​ប្រទេស​វៀត​ណាម​ក្នុង​ឧទ្យាន​ជាតិ​ Cuc Phuong ខេត្ត​ Ninh Binh ប្រទេស​វៀតណាម។

សត្វ​ដ៏​ធំ​អស្ចារ្យ​ដូច​ជា ​ដំរី​និង​តោ​មាន​ទំនោរ​ជា​ចំណុច​ផ្តោត​នៅ​ក្នុង​​​ការ​ជជែក​ពិភាក្សា​ក្នុង​កិច្ច​ប្រជុំ​ធំៗ​ស្ទើរ​តែទាំង​អស់​នៃ​សមាជិក​អនុសញ្ញា​ស្តី​ពី​ពាណិជ្ជកម្ម​អន្តរជាតិ​​លើ​ប្រភេទ​សត្វ​​ជិត​ផុតពូជ (CITES)​។ ប៉ុន្តែ​របៀបវារៈ​ក្នុង​ឆ្នាំ​នេះ​គឺ ​សត្វ​ដែល​មិន​សូវ​មាន​គេ​ស្គាល់​ដូច​ជា​ សត្វ​ត្រកួត​ហុងកុង​ កង្កែប​ទឹក Titicaca និង​ខ្យង​គោក​​គុយបា។

សត្វ​ពង្រូល​នៅ​អាហ្រ្វិក​ជា​ ទំនង​មិន​ជា​ប្រធាន​បទ​ដែល​គេ​នឹង​យក​មក​ពិភាក្សា​នៅ​ក្នុង​កិច្ចប្រជុំ។

សត្វ​ដែល​មាន​ស្រកា​និង​ចូលចិត្ត​ស៊ី​ស្រមោចនេះ​ គឺមាន​លក្ខណៈ​អៀនប្រៀន​ ធុំ​ក្លិន​ ហើយ​ជា​សត្វ​រាត្រី​ចរ។​

ប៉ុន្តែ​សត្វ​ពង្រូលដ៏​មាំទាំ​មួយ​នេះបាន​ក្លាយ​ជា​ប្រធានបទ​ផ្តោត​សំខាន់​មួយក្នុង​ឆ្នាំ​នេះ។ កិច្ច​ប្រជុំ​សត្វព្រៃ​ពិភពលោក​ដ៏​ធំ​បំផុត​ក្នុង​ខែ នេះបាន​ផ្តល់​អនុសាសន៍​ថា​ពូជ​សត្វ​ពង្រូល​ទាំង​ ៨​ប្រភេទត្រូវ​បាន​ហាមឃាត់ក្នុង​ការជួញ​ដូរ​អន្តរជាតិ។ ថនិកសត្វ​នេះ​គឺ​ជា​សត្វ​ដែល​ត្រូវ​បាន​ជួញ​ដូរ​ខ្លាំង​បំផុត​ក្នុង​ពិភពលោក ដោយសារ​តែមាន​ជំនឿ​ដ៏​ល្បី​ល្បាញ​ថា​វា​មាន​ប្រយោជន៏ក្នុង​ការ​ធ្វើ​ជា​ថ្នាំ​បុរាណ ដែល​ភាគ​ច្រើន​ត្រូវ​បាន​រក​ឃើញ​ថា មិន​ពិត​នោះ​ទេ។​

លោក​ John Scanlon អគ្គ​លេខា​ធិការ​នៃ​សន្ធិសញ្ញា​ CITES ប្រាប់ VOA សត្វពង្រូល​អាហ្រ្វិក​នេះ​គ្រាន់​តែ​ជា​សត្វ​មួយ​ប្រភេទ​ក្នុង​ចំណោម​ពូជ​សត្វ​ ចំនួន​ ៥០០​ ប្រភេទ​ដែលរងការ​គំរាម​កំហែង​ និង​ដែលត្រូវ​បាន​លើក​យក​មក​ពិភាក្សា​នៅ​កិច្ចប្រជុំ​ CITES ក្នុង​ឆ្នាំ​នេះ​នៅទីក្រុង​ Johannesburg ប៉ុន្តែ​ប្រភេទ​សត្វ​ធំ​ៗជា​រឿយ​ៗ​មាន​ទំនោរ​ជា​ប្រធានបទ​ផ្តោត​សំខាន់​ជាង។

លោក​ Scanlon បាន​និយាយ​ថា៖ «​អ្វី​ដែល​ទាក់​ទាញ​ការ​ចាប់​អារម្មណ៍​សាធារណ​ជន​បំផុត​នោះ​គឺ ប្រភេទ​សត្វ​ធំៗ​ដូច​ជា​ដំរី រមាស​និង​តោ​ជា​ដើម។​ ហេតុដូច្នេះ​បាន​ជា​ពួក​យើង​សប្បាយ​ចិត្ត​ដែល​ឃើញ​ថា​ពូជ​សត្វ​តូចៗ​ដូច​ជា​ពង្រូល​អាហ្រ្វិក​ក៏​ទាក់​ទាញ​ការ​ចាប់អារម្មណ៍​ដែរ​នោះ​។​ ប៉ុន្តែ​យើង​មាន​ ពស់ ជីងជក់​ និង​កង្កែប​ ក៏​ដូចជា​ពពួក​សត្វដ៏​គួរ​ឲ្យ​ចាប់​អារម្មណ៍​មួយ​ចំនួន​ទៀត​ដូច​ជា ជីង​ជក់​គ្មាន​ត្រចៀក​ កង្កែប Titicaca និងតុកែ​ថ្ម។​ មាន​សត្វ​ដ៏​គួរ​ឲ្យចាប់​អារម្មណ៍​មួយ​ចំនួន​ដែល​គ្មាន​អ្នក​ណា​យក​ចិត្ត​ទុក​ដាក់»។

លោក Dan Ashe នាយក​ទី​ភ្នាក់​ងារ​ជលផល​និង​សត្វ​ព្រៃ​អាមេរិកបាន​និយាយ​ថា នេះដោយ​សារ​តែវា​ពិបាក​ក្នុង​ការ​លើក​កម្ពស់​ការ​យល់ដឹង​ពីសត្វ​ដែល​មាន​ឈ្មោះ​ចម្លែក​និង​មុខ​អាក្រក់​។ ឧទាហរណ៍ លោក​មាន​មោទនភាព​ដែល​កាល​ពី​ឆ្នាំ​មុន​សហរដ្ឋអាមេរិក​បាន​បង្កើត​ប្រវត្តិសាស្រ្ត​តាមរយៈ​សង្រ្គោះ​ត្រីដំបូង​គេ​បំផុត​ក្នុង​បញ្ជី​សហព័ន្ធ​នៃ​សត្វ​ជិត​ផុត​ពូជ​និង​រង​ការ​គំរាម​កំហែង។ ប៉ុន្តែ​ទំរាំ​តែ​ជួយ​សង្រ្គោះ​ត្រី​ Oregon Chub បាន​ គេ​ប្រើ​ពេល​អស់​ជិត​ពីរ​ទសវត្សរ៍។

លោក​បាន​និយាយ​ថា៖ «​ជា​ច្រើន​លើក​ច្រើន​សារ​ អ្វី​ដែល​ជា​បញ្ហា​ខ្លាំង​បំផុត​នោះ ​គឺ​សត្វ​ដែល​ពិ​បាក​សម្គាល់​។ យើង​កំពុង​ដោះ​ស្រាយជាមួយ​ប្រភេទ​សត្វ​រុយ​ចូលចិត្តផ្កា​ Delhi Sands និង​គីង្គក់ Houston Toad។​ នេះ​ជា​អ្វី​ដែល​សាធារណ​ជន​តែង​តែ​ចោទ​សួរ​ថា​ហេតុ​អ្វី​បាន​ជា​វា​សំខាន់? ហេតុអ្វី​បាន​ជា​យើង​គួរ​តែ​សង្រ្គោះ​សត្វទាំងនោះ​? ហើយ​ជា​រឿយ​ៗ​ខ្ញុំប្រាប់​អ្នក​ទាំង​នោះ​ថា ដោយសារតែ​យើង​មិន​យល់»។​

ដូច​ជា​សត្វ​ពង្រូល​អាហ្រ្វិក​ជា​ដើម​ ពួកវារស់​នៅ​ដោយ​ស៊ី​សត្វ​ស្រមោច​និងសត្វ​កណ្តៀរ។ នេះ​មាន​ន័យ​ថា​ ពួកវារក្សា​លំនឹង​ចំនួន​សត្វ​ល្អិត​។​

ប៉ុន្តែ​អ្នក​អភិរក្ស​និយាយ​ថា​ពូជ​សត្វ​ទាំង​នេះ​ភាគ​ច្រើន​មិន​ត្រូវ​បាន​យក​មក​សិក្សា​ឲ្យ​ល្អិត​ល្អន់​ដូច​ពូជ​ស្រដៀង​គ្នា​តែ​ល្បី​ជាង​ហើយធំ​ជាង​នោះ​ទេ ដែល​នេះ​មានន័យ​ថា​ សូម្បី​តែ​អ្នក​ជំនាញ​ក៏​មិន​ដឹង​ច្បាស់​ថាវា​មាន​សារៈ​សំខាន់​យ៉ាង​ណា​ចំពោះ​ប្រព័ន្ធ​អេកូឡូស៊ី​ដែរ។​

អ្នកស្រី Jan Creamer ប្រធាន​អង្គការ​ការ​ពារ​សត្វ​អន្តរជាតិ​ និយាយ​ថា​អ្នកស្រី​មិន​ដែល​ជួប​សត្វ​ដែល​អ្នក​ស្រីមិន​ចូល​ចិត្ត​ទេ។ សូម្បី​តែ​សត្វ​កន្លាត ក៏​មាន «​សម្រស់​ប្លែក​បែប​ម្យ៉ាង​ដែរ»។

អ្នកស្រី​បាន​និយាយ​ថា ប៉ុន្តែ​ការ​ជួយ​សង្រ្គោះ​សត្វ​តូច​និង​អាថ៌កំបាំង​ពិត​ជា​ពិ​បាក​ខុស​ពី​ធម្មតា។

«សម្រាប់​ពូជ​សត្វ​ជាក់​លាក់​មួយ​ វា​ត្រូវ​ការ​ពេល​ដើម្បី​ដឹង​ថា​សត្វ​នោះ​ស្ថិត​ក្នុង​គ្រោះ​ថ្នាក់​។ ប៉ុន្តែ​ខ្ញុំ​គិត​ថា​នេះ​ពិត​ជា​គោលដៅ​បេសកកម្ម​របស់​អនុសញ្ញា​ CITES និង​អ្វី​ដែល​អនុសញ្ញា​នេះជួយបាន​ ដោយ​សារ​អនុសញ្ញា​បាន​បង្កើត​វេទិកាមួយ​ដើម្បី​លើក​ឡើង​ពី​បញ្ហា​របស់​សត្វ​ទាំង​នេះ»។

លោក Scanlon និយាយ​ថា​ អ្វី​ដែល​ពពួក​សត្វ​ទាំង​នេះ​ត្រូវ​ការ​ គឺ​អ្នក​ជួយ​លើក​កម្ពស់​ផ្សព្វផ្សាយ​ម្នាក់។

យើង​ធ្លាប់​និយាយ​ថា៖ «សត្វ​ពង្រូល​អាហ្រ្វិ​ក​ដែល​មិន​សូវ​ល្បី» ប៉ុន្តែ​ក្រោយ​មក​យើង​បាន​ឃើញ​ព្រះ​អង្គម្ចាស់ William និង​អ្នកឯទៀត​ផ្តោត​ការ​យក​ចិត្ត​ទុក​ដាក់​ខ្លាំង​លើ​សត្វ​ពង្រូល​អាហ្វ្រិក​នេះ ហើយ​ឥឡូវ​ខ្ញុំ​នឹង​និយាយ​ថា​វា​ជា​សត្វ​ពង្រូល​ដ៏​ល្បី ពីព្រោះ​តែ​ការ​យកចិត្ត​ទុក​ដាក់​ខ្លាំង​ក្នុង​កិច្ចប្រជុំ​ និង​តាម​រយៈ​ដៃ​គូ​របស់​យើង​ ក៏​ដូចជា​ឥស្សរជន​ជាន់​ខ្ពស់​ដូច​ជា ​ព្រះ​អង្គម្ចាស់ William។

រហូត​មក​ទល់​ពេល​នេះ​ មិន​ទាន់​មាន​សែ​រាជ​វង្ស​ណា​ចេញ​មុខ​ដើម្បី​សត្វ​កង្កែប​ទឹក​រូបអាក្រក់ Titicaca របស់​ប៉េរូ​នៅ​ឡើយទេ ហើយ​សត្វ​នេះ​កំពុង​រង​ការជិត​ផុត​ពូជ​ដោយ​សារ​ជំងឺ​ផ្សិត​និងត្រី​ស៊ី​កង្កែប​។​

ប៉ុន្តែ​លោក Scanlon និយាយ​ថា​លោក​សង្ឃឹម​ថា​ថ្ងៃ​ណា​មួយ​ ប្រហែល​ជា​ព្រះអង្គ​ម្ចាស់​របស់​សត្វកង្កែប​នេះ​នឹង​លេច​មុខ៕

ប្រែសម្រួល​ដោយ ទុំ​ ម្លិះ

XS
SM
MD
LG