មនុស្សជាង៤០នាក់បានរងរបួសនៅក្នុងហេតុការណ៍ផ្ទុះមួយកាលពីថ្ងៃអាទិត្យ នៅក្នុងតៀមស្រាមួយកន្លែង ក្នុងទីក្រុង Sapporo ដែលស្ថិតនៅប៉ែកខាងជើងប្រទេសជប៉ុន។ នេះបើយោងតាមបណ្តាញសារព័ត៌មាន Kyodo របស់ជប៉ុន។
នៅមិនមានការបកស្រាយណាមួយចំពោះមូលហេតុនៃការផ្ទុះនេះនៅឡើយទេ។ បណ្តាញព័ត៌មាននេះបានឲ្យដឹងថា អគារជាច្រើនបានដួលរលំ ហើយមនុស្សម្នាក់កំពុងស្ថិតក្នុងស្ថានភាពគំរាមកំហែងដល់អាយុជីវិត។
ប៉ូលិសនិងក្រុមអ្នកពន្លត់អគ្គិភ័យបានទៅកន្លែងកើតហេតុដើម្បីព្យាយាមគ្រប់គ្រងស្ថានការណ៍ ពន្លត់អគ្គិភ័យ និងព្រមានប្រជាពលរដ្ឋនៅក្នុងតំបន់នោះអំពីលទ្ធភាពដែលអាចកើតមានការផ្ទុះផ្សេងទៀត។ នេះបើយោងតាមបណ្តាញសារព័ត៌មានដដែលនេះ។
ការផ្ទុះនេះបានកើតឡើងកាលពីម៉ោង៨:៣០នាទីយប់។ សាក្សីនៅកន្លែងកើតហេតុបានរាយការណ៍ថា ពួកគេធំក្លិនឧស្ម័ននៅក្នុងតំបន់នោះ ក្រោយពីហេតុការណ៍ផ្ទុះនោះបានកើតឡើង។ នេះបើយោងតាមបណ្តាញសារព័ត៌មាន Kyodo ដដែលនេះ៕