ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

មាន​ការ​បំផ្ទុះ​គ្រាប់​បែក​នៅ​ទីស្នាក់ការ​ប៉ូលិស​ឥណ្ឌូណេស៊ី មួយ​ថ្ងៃ​បន្ទាប់​ពី​មាន​ការ​បំផ្ទុះ​នៅ​ព្រះវិហារ​សាសនា​គ្រិស្ត


ប៉ូលិស​ឈរ​យាម​នៅ​ទីស្នាក់ការ​កណ្តាល​ប៉ូលិស​បន្ទាប់​ពី​មាន​ការ​វាយប្រហារ​ដោយ​គ្រាប់​បែក​អត្តឃាត​មួយ​នៅ​ក្នុង​ក្រុង Surabaya ប្រទេស​ឥណ្ឌូណេស៊ី កាលពី​ថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០១៨។
ប៉ូលិស​ឈរ​យាម​នៅ​ទីស្នាក់ការ​កណ្តាល​ប៉ូលិស​បន្ទាប់​ពី​មាន​ការ​វាយប្រហារ​ដោយ​គ្រាប់​បែក​អត្តឃាត​មួយ​នៅ​ក្នុង​ក្រុង Surabaya ប្រទេស​ឥណ្ឌូណេស៊ី កាលពី​ថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០១៨។

ប៉ូលិស​នៅ​ក្នុង​ប្រទេស​ឥណ្ឌូណេស៊ី​និយាយ​ថា គ្រួសារ​មួយ​ដែល​មាន​គ្នា​៥​នាក់​បាន​ធ្វើ​ការ​បំផ្ទុះ​គ្រាប់បែក​អត្តឃាត​ទៅ​លើ​ទីស្នាក់ការ​ប៉ូលិស​មួយ​នៅ​ក្នុង​ទីក្រុង Surabaya ដែល​បាន​បណ្តាល​ឲ្យ​មនុស្ស​១០​រងរបួស។​

វីដេអូ​ពី​កាមេរ៉ា​សុវត្ថិភាព​បង្ហាញ​ថា ម៉ូតូ​ពីរ​គ្រឿង​បាន​បើក​ចូល​ទៅ​កាន់​កន្លែង​ត្រួតពិនិត្យ​សន្តិសុខ មុន​នឹង​ការ​ផ្ទុះ​គ្រាប់បែក​នោះ​កើតឡើង​បន្តិច។

អាជ្ញាធរ​និយាយ​ថា ក្មេង​ស្រី​អាយុ​៨​ឆ្នាំ​ម្នាក់​បាន​រស់រាន​មាន​ជីវិត​ពី​ការ​វាយប្រហារ​កាល​ពី​ថ្ងៃ​ចន្ទ​នោះ។ អ្នក​រងរបួស​រួម​មាន​ទាំង​ប៉ូលិស​៤​នាក់​និង​ជនស៊ីវិល​៦​នាក់​ផង​ដែរ។ ក្រុម​រដ្ឋឥស្លាម​អះអាង​ថា​ហេតុការណ៍​បំផ្ទុះ​គ្រាប់បែក​នោះ​គឺ​ជា​ស្នាដៃ​របស់​ខ្លួន។ ការវាយប្រហារ​នៅ​ក្នុង​ទីក្រុង​ធំ​ជាង​គេ​បង្អស់​ទី​ពីរ​នៅ​ក្នុង​ប្រទេស​ឥណ្ឌូណេស៊ី​នេះ បាន​កើតឡើង​មួយ​ថ្ងៃ​បន្ទាប់​ពី​គ្រួសារ​មួយ​ដែល​មាន​សមាជិក​៦​នាក់​ដែល​មាន​កូន​ប្រុស​វ័យ​ជំទង់​ពីរ​នាក់​និង​កូនស្រី​តូច​ៗ​ពីរ​នាក់ បាន​ធ្វើ​ការ​បំផ្ទុះ​ទៅ​លើ​ព្រះវិហារ​សាសនា​គ្រិស្ត​ចំនួន​បី ដែល​បាន​បណ្តាល​ឲ្យ​មនុស្ស​យ៉ាង​ហោច​ណាស់​១៣​នាក់​ស្លាប់​និង​របួស​៤១​នាក់​នៅ​ក្នុង​ទីក្រុង​ដដែល​នេះ។​

ឥឡូវ​នេះ ទីក្រុង​ធំៗ​នៅ​ក្នុង​ប្រទេស​ឥណ្ឌូណេស៊ី​ទាំងអស់​កំពុង​ស្ថិត​ក្នុង​ការ​ប្រុងប្រយ័ត្ន​ខ្ពស់។

ក្រុម​រដ្ឋឥស្លាម​ក៏​បាន​អះអាង​ថា​ការ​វាយប្រហារ​កាល​ពី​ថ្ងៃ​អាទិត្យ​គឺ​ជា​ស្នាដៃ​របស់​ខ្លួន​ ដែរ ហើយប្រធានាធិបតី​នៃ​ប្រទេស​នេះ​បាន​ហៅ​ហេតុការណ៍​នេះ​ថា ​«សាហាវ​ឃោរឃៅ‍»។ គ្រួសារ​នេះ​ត្រូវ​បាន​គេ​រាយការណ៍​ថា ទើប​តែ​ត្រឡប់​មក​ពី​ប្រទេស​ស៊ីរី​វិញ៕

XS
SM
MD
LG