ក្រោយប៉ះទង្គិចហិង្សាជាមួយអាជ្ញាធរក្នុងស្រុកគូលែន ខេត្តព្រះវិហារទាក់ទងនឹងការបណ្តេញចេញពីលំនៅឋាន កាលពីដើមខែមីនា ប្រជាពលរដ្ឋជាង ៣០ នាក់ បន្តរស់នៅក្នុងព្រៃ ដោយសារតែពួកគេខ្លាចអាជ្ញាធរចាប់ដាក់ពន្ធនាគារ ដូចពលរដ្ឋជិត ៣០ នាក់ ដែលត្រូវបានឃុំខ្លួនក្នុងពន្ធនាគារពីបទឈូសឆាយដីព្រៃ។ នេះបើតាមប្រជាពលរដ្ឋ និងសកម្មជនដែលតាមដានរឿងនេះ ប្រាប់វីអូអេ។ ប្រជាពលរដ្ឋបានស្នើអាជ្ញាធរបញ្ឈប់ការយាយី និងដោះស្រាយបញ្ហាដីធ្លីដោយសន្តិវិធី។
ពលរដ្ឋទាំងនោះប្រាប់វីអូអេនៅថ្ងៃសុក្រនេះថា ប្រសិនបើអាជ្ញាធរមិនមានដំណោះស្រាយលើវិវាទដីធ្លីនេះទេ ពួកគេនឹងចំណាកស្រុកទៅប្រទេសថៃ ដើម្បីជីវភាព និងដោះស្រាយបំណុល ជាពិសេសផ្គត់ផ្គង់កូនចៅរបស់ពួកគេ។ ពួកគេថា ការចំណាកស្រុក គឺដោយសារតែគ្មានជម្រើស និងគ្មានមុខរបរចិញ្ចឹមជីវិតបន្ត ព្រោះផ្ទះសម្បែង និងដីធ្លីកសិកម្មដែលធ្លាប់អាស្រ័យផលជាង ១០ឆ្នាំ ត្រូវបានអាជ្ញាធរដុតបំផ្លាញនិងបាត់បង់។
ស្រ្តីម្នាក់អាយុ ៣៤ ឆ្នាំ ដែលអះអាងថារស់ស្រុកគូលែន ខេត្តព្រះវិហារ តាំងពីឆ្នាំ ២០១៣ ប្រាប់វីអូអេនៅថ្ងៃសុក្រនេះក្នុងលក្ខខណ្ឌសុំមិនបញ្ចេញឈ្មោះ ដោយសារខ្លាចអាជ្ញាធរតាមចាប់។ អ្នកស្រីបញ្ជាក់ថា បន្ទាប់ពីអាជ្ញាធរខេត្តព្រះវិហារបណ្តេញពលរដ្ឋចេញពីលំនៅឋាននិងដុតបំផ្លាញផ្ទះពលរដ្ឋជាង ៣០ នាក់ បន្តរស់នៅក្នុងព្រៃនិងតែងតែភិតភ័យមិនហ៊ានទៅណានោះទេ។ អ្នកស្រីថា ការភៀសខ្លួនរស់នៅក្នុងព្រៃនេះប្រឈមបញ្ហាជាច្រើន ដូចជាបញ្ហាផ្លូវចិត្ត មិនមានម្ហូបអាហារគ្រប់គ្រាន់ ឈឺស្កាត់ ភ័យខ្លាចសត្វព្រៃ និងបញ្ហាបំណុលជាដើម។
មូលហេតុដែលពលរដ្ឋរស់នៅក្នុងព្រៃ ដោយសារតែពលរដ្ឋខ្លាចអាជ្ញាធរចាប់ខ្លួនយកទៅដាក់ពន្ធនាគារ ដូចពលរដ្ឋប្រមាណ៣០នាក់ដែលអាជ្ញាធរបានចាប់ខ្លួន និងឃុំខ្លួនក្នុងពន្ធនាគារ កាលពីដើមខែមីនា។
ពលរដ្ឋរូបនោះបានអំពាវនាវឱ្យអាជ្ញាធរដោះលែងអ្នកភូមិដែលជាប់ពន្ធនាគារឱ្យមានសេរីភាពឡើងវិញ បញ្ឈប់សកម្មភាពតាមចាប់ពលរដ្ឋ និងត្រូវដោះស្រាយបញ្ហានេះដោយសន្តិវិធី។ អ្នកស្រីបង្ហាញការងឿងឆ្ងល់ និងចោទជាសំណួរថាហេតុអ្វីបានជាអាជ្ញាធរមិនបែងចែងដីដល់ប្រជាពលរដ្ឋ។
អ្នកស្រីបញ្ជាក់ថា៖ ខ្ញុំឆ្ងល់អ៊ីចេះថា ដីប្រទេសកម្ពុជាមានច្រើនណាស់ ហេតុអ្វីបានមិនបែងចែងឱ្យប្រជាពលរដ្ឋ រស់នៅឱ្យបានសុខស្រួលដូចប្រទេសដទៃទៀតទៅ»។
ស្ត្រីរូបនេះអះអាងថា ប្រសិនបើបញ្ហានេះនៅតែអូសបន្លាយ ហើយការនៅរស់នៅក្នុងប្រទេសលំបាកដោយលែងមានផ្ទះសម្បែង និងដីអាស្រ័យផលកសិកម្មបែបនេះ ជម្រើសចុងក្រោយ គឺអ្នកស្រីនឹងចំណាកស្រុកទៅប្រទេសថៃ ដើម្បីរកលុយដោះបន្ទុកសេដ្ឋកិច្ចគ្រួសារ ក៏ដូចជាផ្គត់ផ្គង់កូនទាំងពីរនាក់របស់អ្នកស្រី។
ចំណែកពលរដ្ឋម្នាក់ទៀតប្រាប់វីអូអេដោយសុំមិនបញ្ចេញឈ្មោះដែរ ដោយភ័យខ្លាចដូចគ្នា។ លោកថ្លែងថាកាលអំឡុងឆ្នាំ ២០១៥ រដ្ឋបាលស្រុកបានចុះឆ្វៀលដីឱ្យពលរដ្ឋតំបន់នោះ ប៉ុន្តែមិនបានចេញប្លង់កម្មសិទ្ធិឱ្យពលរដ្ឋនោះទេ។ លោកមិននឹកស្មានថាទាំងរូបលោកនិងពលរដ្ឋផ្សេងទៀតជួបរឿងបែបនេះឡើយ ដោយគិតស្មានថាមន្ត្រីខេត្តចុះមកសួរសុខទុក្ខពលរដ្ឋកាលពីដើមខែមីនា ប៉ុន្តែបែរជាមានការបណ្តេញចេញពីលំនៅដ្ឋានទៅវិញ។
លោកបញ្ជាក់ថា៖ «ខ្ញុំទើបតែ[ជួបប្រទះបញ្ហានេះ]លើកទីមួយទេ ខ្ញុំមិនដែលគិតថាមានបញ្ហាធំកើតឡើងអ៊ីចេះផង ខ្ញុំស្មានតែខាងខេត្តចុះ ដូចជាអភិបាលខេត្តចុះ ខ្ញុំស្មានគាត់ចុះពិនិត្យមើលប្រជាពលរដ្ឋ តើប្រជាពលរដ្ឋរស់នៅដីនោះរបៀបម៉េច ស្មានតែគាត់ចុះចែក[ដី]ឱ្យ។ ឱ្យប្អូនទៅមើលទៅ ខ្ញុំអត់បានទៅមើលទេ ដល់ប្អូនទៅមើលគេចាប់ប្អូនបាត់ហើយ ទាក់ទងអត់បាន»។
លោកស្នើឱ្យអាជ្ញាធរបញ្ឈប់សកម្មភាពតាមចាប់ពលរដ្ឋបន្តទៀត និងដោះលែងប្អូនប្រុសរបស់លោកដែលកំពុងជាប់ពន្ធនាគារ។
លោកថ្លែងថា៖ «អាជ្ញាធរគួរតែផ្អាកចាប់ប្រជាពលរដ្ឋទៀតទៅ ព្រោះអីប្រជាពលរដ្ឋសុទ្ធតែអ្នកខ្វះខាត អ្នកក្រ។ បើនៅតែតាមចាប់អ៊ីចេះទេ ប្រជាពលរដ្ឋបានអីរស់ ណាមួយជិតដល់ខែស្រែ ខែចម្ការហើយ»។
បុរសវ័យ ៣១ ឆ្នាំ ដែលមានកូន៣នាក់រូបនេះ អះអាងថា លោកចង់ចំណាកស្រុកទៅប្រទេសថៃ ដើម្បីរកចំណូលផ្គត់ផ្គង់ជីវភាពគ្រួសារ និងសងបំណុលដែលលោកជំពាក់គេជាង១០លានរៀល ដែលលោកបានខ្ចីយកមកធ្វើកសិកម្មកាលពីកន្លងទៅ។
លោកប្រាប់វីអូអេថា៖ «គិតអីមិនចេញទេបង ដេកក៏មិនលក់ ហូបបាយក៏មិនកើតទេ នឹកឃើញថាជំពាក់គេ ហើយដីក៏គេយកអស់ទៀត បានអីធ្វើទៀត កូនចៅ៣ [ឬ] ៤នាក់»។
លោក ណុប វុធ្ធី អភិបាលរងខេត្តព្រះវិហារ និងជាអ្នកនាំពាក្យសាលាខេត្ត អំពាវនាវឱ្យប្រជាពលរដ្ឋដែលកំពុងរស់នៅក្នុងព្រៃ ចាកចេញពីព្រៃមករស់នៅផ្ទះសម្បែងវិញ។ លោកបន្ថែមថា ប្រសិនបើពលរដ្ឋទាំងនោះពិតជាពលរដ្ឋរស់នៅក្នុងខេត្តព្រះវិហារ និងប្រឈមបញ្ហាខ្វះដីអាស្រ័យផលពិតមែន រដ្ឋបាលខេត្តនឹងរៀបចំផ្តល់ដីសង្គមកិច្ចដល់ពួកគេ។ លោកថា អាជ្ញាធរក៏មានដីកាចាប់ខ្លួនមនុស្ស៨នាក់ផងដែរ ប៉ុន្តែលោកថា មិនមែនជាពលរដ្ឋទាំងនោះទេ។
លោកប្រាប់វីអូអេនៅថ្ងៃសុក្រនេះថា៖ «យើងសុំធានាអះអាងថា ឱ្យគាត់ចេញមក ព្រោះគាត់មិនមែនជាជនល្មើសទេ។ ជនល្មើសយើងមានហើយ យើងមានដីកាមានអីហើយ មានន័យថា គាត់៨នាក់ ដែលកំពុងរត់គេចខ្លួន ប៉ុន្តែអត់ពាក់ព័ន្ធបងប្អូនប្រជាពលរដ្ឋទាំងនោះទេ។ អ៊ីចឹងទេ កុំឱ្យគាត់មានការខ្លាចអី ហើយបើគាត់មិនមែនជាអ្នកខេត្តព្រះវិហារ ខាងអាជ្ញាធរខេត្តនឹងជូនគាត់ទៅដល់ស្រុកកំណើតវិញ»។
លោក ណុប វុធ្ធី បញ្ជាក់ថា កាលពីឆ្នាំ២០១៧ អាជ្ញាធរបានកាត់ឆ្វៀលដីឱ្យពលរដ្ឋរួចរាល់អស់ហើយ ដូច្នេះលោកថា ការអះអាងរបស់ពលរដ្ឋមិនពិតនោះទេ។
លោក ណុប វុធ្ធី ធ្លាប់ប្រាប់វីអូអេថា ប្រជាពលរដ្ឋទាំងនោះរស់នៅលើដីរដ្ឋខុសច្បាប់ ដែលរដ្ឋបានធ្វើសម្បទានសេដ្ឋកិច្ចឱ្យក្រុមហ៊ុនសីលាដាម៉ិច ខូ អិលធីឌី (Seladamex Co., Ltd) ហើយសមត្ថកិច្ចចម្រុះបានប្រើគ្រាប់បែកផ្សែង និងគ្រាប់កាំភ្លើងចំនួន២គ្រាប់កាលពីថ្ងៃទី៦ ខែមីនា ដើម្បីទប់ទល់នឹងការតវ៉ារបស់ពលរដ្ឋនាពេលនោះ។
វីអូអេមិនទាន់សុំការបញ្ជាក់ពីលោក សួស សុខដារ៉ា ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តព្រះវិហារ បាននៅឡើយទេ។
ក្រុមហ៊ុនសីលាដាម៉ិច ខូអ៊ិលធីឌី ទទួលបានដីសម្បទានសេដ្ឋកិច្ចទំហំជាង ៦.៣០០ ហិកតាសម្រាប់វិនិយោគដំណាំកសិ-ឧស្សាហកម្ម ដំណាំកៅស៊ូ ដែលស្ថិតក្នុងឃុំស្រយង់ អំឡុងឆ្នាំ ២០១១។ នេះបើតាមសេចក្តីជូនដំណឹងរបស់រដ្ឋបាលស្រុកគូលែនចុះថ្ងៃទី ១ ខែធ្នូ ឆ្នាំ ២០២៣។
ប៉ុន្តែពលរដ្ឋប្រាប់វីអូអេថា ក្រុមហ៊ុនមួយនេះ មិនមានសកម្មភាពអ្វីតាំងពីអំឡុង២០១៧មកម្ល៉េះ និងទើបឮឈ្មោះសាជាថ្មីក្នុងរយៈពេល ២ ឆ្នាំចុងក្រោយនេះ។
លោក ស្រេង វុទ្ធា ព្រះរាជអាជ្ញារង និងអ្នកនាំពាក្យអយ្យការអមសាលាដំបូងខេត្តព្រះវិហារ ធ្លាប់ប្រាប់វីអូអេថា ពលរដ្ឋចំនួន ២៩ នាក់ ក្នុងចំណោម ៣៦ នាក់ ដែលអាជ្ញាធរចាប់ខ្លួនជុំវិញវិវាទដីធ្លីក្នុងស្រុកគូលែន ត្រូវបានតំណាងអយ្យការចោទប្រកាន់ពីបទ«កាប់រាន់ព្រៃ ឈូសឆាយដីព្រៃ ហ៊ុមព័ទ្ធកាន់កាប់ដីព្រៃ» កាលពីថ្ងៃទី ៨ ខែមីនា។ លោកបន្តថា ករណីនេះ ចៅក្រមស៊ើបបានសម្រេចឃុំខ្លួនពលរដ្ឋទាំងនោះក្នុងពន្ធនាគារ។
លោក កើត សារ៉ាយ ប្រធានសមាគមសម្ពន្ធនិស្សិតបញ្ញវន្តខ្មែរ ប្រាប់វីអូអេនៅថ្ងៃសុក្រនេះថាលោកបានចុះទៅជួបជាមួយពលរដ្ឋដែលកំពុងរស់នៅក្នុងព្រៃទាំងនោះ កាលពីថ្ងៃពុធ។ លោកថា ស្ថានភាពពលរដ្ឋទាំងនោះ គឺលំបាកខ្លាំង ទាំងការស្នាក់នៅ ការហូបចុក ជំងឺឈឺស្កាត់ជាពិសេសកើតលើកុមារតែម្តង និងការភ័យខ្លាចអាជ្ញាធរចាប់ខ្លួនពួកគេ។
លោកស្នើឱ្យរដ្ឋាភិបាលនិងអាជ្ញាធរដោះស្រាយបញ្ហានេះប្រកបដោយបរិយាបន្ន ដើម្បីកុំឱ្យពលរដ្ឋរងគ្រោះបន្តទៀត។ ប៉ុន្តែលោកថា វាទាមទារនូវឆន្ទៈក្នុងការដោះស្រាយបញ្ចប់បញ្ហានេះ។
លោកថ្លែងថា៖ «ស្ថិតនៅត្រង់សំណួរមួយ តើរដ្ឋមានឆន្ទៈនៅក្នុងការសម្របសម្រួលរៀបចំឱ្យមានការទម្រង់អភិវឌ្ឍបែបបរិយាបន្ន មានន័យថា ជាទម្រង់អភិវឌ្ឍមួយចំណេញទាំងរដ្ឋ ចំណេញទាំងរាស្ត្រ។ ខ្ញុំថា គួរតែមានគំនិតបែបហ្នឹងឡើងវិញ គឺគ្រប់ដំណោះស្រាយ គ្រប់បញ្ហា គឺត្រូវគិតរឿងអស់ហ្នឹង ថាដោះយ៉ាងម៉េចក៏ដោយ ដោះក្នុងផ្លូវណាក៏ដោះទៅ ប៉ុន្តែក្នុងផ្លូវគោលដៅតែមួយ គឺធ្វើម៉េចអត់ឱ្យរាស្ត្រទឹកភ្នែកហើយ ឱ្យរាស្ត្រចំណេញ រដ្ឋខ្លួនឯងក៏ចំណេញ»។
លោកបន្ថែមថា ប្រសិនបើរដ្ឋាភិបាល ក្នុងនាមជាអ្នករៀបចំគោលនយោបាយជាតិ និងដឹកនាំប្រទេសមិនអាចសម្របសម្រួលឱ្យពលរដ្ឋមានទីលំនៅសមរម្យ និងរស់នៅប្រកបដោយសេចក្តីថ្លៃថ្នូរទេ នោះវានឹងបង្ហាញពីភាពបរាជ័យរបស់រដ្ឋាភិបាល។
គួរបញ្ជាក់ថា វិវាទដីធ្លីនេះបានកើតឡើងកាលពីថ្ងៃទី ៦ ខែមីនា ដោយកងកម្លាំងប្រដាប់អាវុធមួយក្រុម ដែលរួមមានកងរាជអាវុធហត្ថ និងមន្ត្រីនគរបាលជាច្រើននាក់ រួមជាមួយមន្ត្រីរដ្ឋបាលព្រៃឈើមួយចំនួនបានប្រមូលផ្តុំគ្នា ដើម្បីការពារដីធ្លីដែលកំពុងមានជម្លោះ ដោយមានការបាញ់គ្រាប់កាំភ្លើងពិត និងចាប់ខ្លួនពលរដ្ឋមួយចំនួន។ នេះបើតាមការរាយការណ៍របស់អង្គការលីកាដូ។
អង្គការលីកាដូបន្ថែមថា ក្រុមហ៊ុនសីលាដាម៉ិច ខូអិលធីឌី ទទួលបានដីសម្បទានសេដ្ឋកិច្ច កាលពីខែមីនា ឆ្នាំ ២០១១ នៅក្នុងឃុំស្រយង់ និងឃុំភ្នំត្បែងពីរ ស្រុកគូលែន ខេត្តព្រះវិហារ។ បើតាមអង្គការលីកាដូ ការទទួលបានដីសម្បទាននេះធ្វើឱ្យកើតមានជម្លោះដីធ្លីជាមួយពលរដ្ឋរាប់រយគ្រួសារដែលរស់នៅទីនោះ៕
វេទិកាបញ្ចេញមតិ