ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

មនុស្ស​ជាង​១០០​នាក់​ត្រូវ​បាន​សម្លាប់​ក្នុង​ការ​វាយ​ប្រហារ​លើ​មូលដ្ឋាន​ទ័ព


ផែន​ទី​នៃ​ប្រទេស​លីប៊ី។
ផែន​ទី​នៃ​ប្រទេស​លីប៊ី។

មាន​មនុស្ស​យ៉ាង​ហោចណាស់​១៤១​នាក់​ ដែល​ភាគ​ច្រើន​ជា​ពួក​ទាហាន​នៃ​កង​ទ័ព​ជាតិ​លីប៊ី​របស់​បុរស​មាន​អំណាច​ខ្លាំង ​គឺ​ឧត្តមសេនី​ Khalifa Haftar ​បាន​ត្រូវ​សម្លាប់​កាល​ពី​ថ្ងៃ​សុក្រ​ នៅ​ក្នុង​ការ​វាយ​ប្រហារ​មួយ​លើ​មូលដ្ឋាន​មួយ​នៃ​កង​ទ័ព​អាកាស​ក្នុង​ប៉ែក​ខាង​ត្បូង​នៃ​ប្រទេស​លីប៊ី ​នេះបើ​តាម​ការ​ប្រាប់​ឱ្យ​ដឹង​ដោយ​អ្នក​នាំ​ពាក្យ​របស់​កងជីវពល​នេះ។

អ្នក​នាំ​ពាក្យ​ លោក ​Ahmad al-Mismari បាន​និយាយ​ប្រាប់​ទីភ្នាក់​ងារព័ត៌​មាន​បារាំង ​AFP ​ថា​ការ​វាយ​ប្រហារ​លើ​មូលដ្ឋាន​កង​ទ័ព​អាកាស​ Brak al-Shati បាន​ត្រូវ​ធ្វើ​ឡើង​ដោយ​ពួក​ជីវពល​មួយ​ស្មោះ​ត្រង់​ជាមួយ​រដ្ឋាភិបាល​នៃ​កិច្ច​ព្រម​ព្រៀង​ជាតិ​ហៅ​កាត់​ថា​ GNA​ នៅ​ក្នុង​ក្រុង​ Tripoli ​គាំទ្រ​ដោយ​អ.ស.ប.។

លោក al-Mismari បាន​និយាយ​ថា៖ «ពួក​ទាហាន​បានវិល​ត្រឡប់​មក​ពី​ការ​ធ្វើ​ព្យុហយាត្រា​យោធា​មួយ។ ពួក​គេ​គ្មាន​អាវុធ​ទេ។​ ទាហាន​ភាគ​ច្រើន​បាន​ត្រូវ​ប្រហារ​ជីវិត»។

លោក​បាន​ថ្លែង​ថា​ ពួក​ជន​រង​គ្រោះ​ឯទៀតៗ​មាន​រួម​បញ្ចូល​ពួក​ជន​ស៊ីវិល​ដែល​ធ្វើ​ការ​នៅ​ឯ​មូលដ្ឋាន​កងទ័ព​អាកាស​នេះ​និង​ជន​ឯទៀត​ដែល​គ្រាន់​តែ​ឋិត​នៅ​ក្នុង​តំបន់​នោះ។

រដ្ឋាភិបាល​នៃ​កិច្ច​ព្រម​ព្រៀង​ជាតិ​ហៅ​កាត់​ថា​ GNA ​បាន​ថ្កោល​ទោស​ការ​វាយ​ប្រហារ​នោះ ​ហើយ​បាន​ប្រកែក​ថា​ខ្លួន​គ្មាន​ការ​ទាក់​ទិន​ជាមួយ​ការ​វាយ​ប្រហារ​នោះ​ទេ។​ រដ្ឋាភិបាល​នេះ​បាន​សន្យា​ថា​នឹង​ធ្វើ​ការ​ស៊ើប​អង្កេត​អំពី​វាយ​ប្រហារ​នេះ​ ហើយ​បាន​និយាយ​ថា ​ពួក​គេ​នឹង​ព្យួរ​ការងារ​លោក​រដ្ឋមន្ត្រី​ការពារ​ប្រទេស al-Mahdi al-Barghati រហូត​ដល់​ពេល​ណា​គេ​ដឹង​អត្តសញ្ញាណ​ពួក​ជន​មាន​ការ​ទទួល​ខុសត្រូវ​ដល់ការ​វាយ​ប្រហារ​នេះ។​

ពួក​កង​ជីវពល​ជា​គូ​បដិបក្ខ​បាន​ប្រកួត​ប្រជែង​គ្នា​ដណ្តើម​ឧត្តមភាព​នៅក្នុង​ប្រទេស​លីប៊ី​ចាប់​តាំង​ពី​ឆ្នាំ២០១១​មក ដែល​នៅ​ពេល​នោះ​មាន​ការ​បះបោរ​មួយ​បាន​បណ្តេញ​មេដឹកនាំ​យូរ​យា​មក​ហើយ​ឈ្មោះ ​Moammar Gadhafi ចេញ​ពី​តំណែង។​

កង​ទ័ព​ជាតិ​លីប៊ី​ LNA ​បាន​ប្រកែក​មិន​ព្រម​ទទួល​ស្គាល់​ភាព​ត្រឹម​ត្រូវ​តាម​ច្បាប់​នៃ​ពួក​ GNA ទេ​ហើយ​បាន​គាំទ្រ​អាជ្ញាធរ​ជា​គូ​បដិបក្ខ​មួយ​នៅ​ក្នុង​ផ្នែក​ខាង​កើត​នៃ​ប្រទេស​លីប៊ី៕

វីដេអូថ្មីៗបំផុត

XS
SM
MD
LG