ដោយមានការឆ្លងមេរោគកូរ៉ូណាជាង១៤លាន៧សែនករណីនិងមនុស្សស្លាប់ជិត៦សែន១ម៉ឺននាក់ ពួកអ្នកស្រាវជ្រាវកំពុងរាយការណ៍ពីការជឿនលឿនក្នុងការប្រកួតប្រជែងបង្កើតថ្នាំវ៉ាក់សាំងប្រកបដោយសុវត្ថិភាព និងប្រសិទ្ធភាពប្រឆាំងនឹងជំងឺនេះ។
ថ្នាំវ៉ាក់សាំងដែលពិសោធន៍២ខុសគ្នា មួយត្រូវបានអភិវឌ្ឍរួមគ្នារវាងសាកលវិទ្យាល័យ Oxford របស់ចក្រភពអង់គ្លេស និងក្រុមហ៊ុនផលិតឱសថ AstraZeneca របស់អង់គ្លេស និងស៊ុយអែត និងមួយទៀតដោយក្រុមហ៊ុនជីវៈសាស្រ្ត CanSino Biologics របស់ចិន បានបង្ហាញឱ្យឃើញថា បានឆ្លើយតបខ្លាំងក្លានូវប្រព័ន្ធស៊ាំនឹងជំងឺនៅក្នុងការសាកល្បងលើមនុស្ស។ នេះតាមការសិក្សាដែលបានពិនិត្យមើល២ដែលបានចេញផ្សាយកាលពីថ្ងៃចន្ទក្នុងទស្សនាវដ្តីពេទ្យអង់គ្លេស The Lancet។
ក្នុងខណៈនោះដែរ ក្រុមហ៊ុនផលិតឱសថ Pfizer របស់សហរដ្ឋអាមេរិក និងដៃគូគឺក្រុមហ៊ុន BioNTech របស់អាល្លឺម៉ង់ក៏បានរាយការណ៍ពីការជឿនលឿនប្រកបដោយវិជ្ជមានកាលពីថ្ងៃចន្ទលើថ្នាំវ៉ាក់សាំងពិសោធន៍របស់ខ្លួនដែរ។
ថ្នាំវ៉ាក់សាំងដែលត្រូវបានបង្កើតរួមគ្នាដោយសាកលវិទ្យាល័យ Oxford និងក្រុមហ៊ុន AstraZeneca កំពុងទទួលបានការចាប់អារម្មណ៍ដ៏ខ្លាំងបំផុត ដោយក្រុមហ៊ុននោះ បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងជាមួយរដ្ឋាភិបាលជាច្រើនដើម្បីផ្គត់ផ្គង់ថ្នាំវ៉ាក់សាំងរបស់ខ្លួន ប្រសិនបើថ្នាំវ៉ាក់សាំងនោះបង្ហាញនូវប្រសិទ្ធភាព និងទទួលបានការអនុញ្ញាត។ ក្រុមហ៊ុននោះក៏បានតាំងចិត្តផលិតថ្នាំវ៉ាក់សាំងនោះចំនួន២ពាន់លានដូសដែរ។
កាសែត The New York Times បានប្រាប់ឱ្យដឹងថា ថ្នាំវ៉ាក់សាំងនោះ ត្រូវបានចាក់លើពួកអ្នកស្ម័គ្រចិត្តជាងមួយម៉ឺននាក់នៅក្នុងចក្រភពអង់គ្លេស ប្រេស៊ីល និងប្រទេសអាហ្វ្រិកខាងត្បូង។ អ្នកចូលរួម៣ម៉ឺននាក់ទៀតនៅក្នុងសហរដ្ឋអាមេរិក មានកំណត់ពេលទទួលបានថ្នាំវ៉ាក់សាំងពិសោធន៍នៅសប្តាហ៍ក្រោយ៕