ក្រុមហ៊ុនផលិតឱសថអាមេរិក Moderna បានឲ្យដឹងកាលពីថ្ងៃច័ន្ទថា វ៉ាក់សាំងបង្ការជំងឺកូវីដ១៩របស់ខ្លួន ដែលត្រូវបានសាកល្បង បានបង្កើតជាតិអង់ទីគ័រដែលអាច«បង្ក្រាប»ឥទ្ធិពលវីរុសកូរ៉ូណានៅក្នុងខ្លួនអ្នកជំងឺ ដែលបានចូលរួមនៅក្នុងការធ្វើការព្យាបាលសាកល្បងទ្រង់ទ្រាយតូចមួយ។
លទ្ធផលដំបូងៗពីការសិក្សានេះដែលធ្វើឡើងដោយវិទ្យាស្ថានជាតិសុខាភិបាលសហរដ្ឋអាមេរិកហៅកាត់ថា NIH រកឃើញថា កម្រិតជាតិអង់ទីគ័រក្នុងឈាមរបស់អ្នកជំងឺដែលត្រូវគេចាក់វ៉ាក់សាំងនេះប្រហាក់ប្រហែលនឹងកម្រិតជាតិអង់ទីគ័រក្នុងខ្លួនអ្នកជំងឺដែលបានជាស្បះស្បើយពីជំងឺកូវីដ១៩ដែរ។
ក្រុមហ៊ុនជីវបច្ចេកវិទ្យានេះនិយាយបន្តថា វ៉ាក់សាំងដែលមានឈ្មោះបច្ចេកទេសថា mRNA-1273 ក៏ត្រូវបានគេរកឃើញជាទូទៅថាមានសុវត្ថិភាពនៅក្នុងការប្រើសាកល្បងដំបូងៗ។
ក្រុមហ៊ុន Moderna នេះនាំមុខនៅក្នុងកិច្ចប្រឹងប្រែងសាកលក្នុងការផលិតវ៉ាក់សាំងប្រឆាំងនឹងវីរុសកូរ៉ូណា ហើយកាលពីសប្តាហ៍មុន បានទទួលការអនុញ្ញាតពីអាជ្ញាធរសុខាភិបាលអាមេរិកក្នុងការពន្លឿននីតិវិធីពិនិត្យខាងនិយតកម្មរបស់ខ្លួន ដើម្បីអាចឈានទៅធ្វើការសាកល្បងដំណាក់កាលចុងក្រោយនៅត្រឹមខែកក្កដាបាន។
ដំណឹងល្អនេះបានធ្វើឲ្យផ្សារភាគហ៊ុន Wall Street របស់អាមេរិកកាលពីថ្ងៃច័ន្ទបានជួញដូរក្នុងតម្លៃខ្ពស់ជាងមុន ដោយហ៊ុននៃក្រុមហ៊ុន Moderna បានកើន២៥%៕