ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ពលរដ្ឋ​អូស្ត្រាលី​កាន់តែ​ច្រើន​ត្រូវ​បាន​ជំរុញ​ឲ្យ​ប្រើ​កម្មវិធី​តាមដាន​ជំងឺ​កូវីដ​១៩ លើ​ទូរស័ព្ទ​ស្មាត​ហ្វូន


រូបឯកសារ៖ រូបថតបង្ហាញនូវកម្មវិធី COVIDSafe បង្កើតឡើងដោយរដ្ឋាភិបាលអូស្រ្តាលី។
រូបឯកសារ៖ រូបថតបង្ហាញនូវកម្មវិធី COVIDSafe បង្កើតឡើងដោយរដ្ឋាភិបាលអូស្រ្តាលី។

ប្រជាពលរដ្ឋ​អូស្ត្រាលី​ជាង ៤ លាន​នាក់ បាន​ទាញ​យក​កម្មវិធី​របស់​រដ្ឋាភិបាល​ដែល​ប្រើប្រាស់​នៅ​លើ​ទូរស័ព្ទ​ស្មាត​ហ្វូន​ឈ្មោះ​ថា CovidSafe tracing App ដែល​ជា​កម្មវិធី​តាមដាន​អំពី​សុវត្ថិភាព​ទាក់ទិន​នឹង​ជំងឺ​កូវីដ​១៩។ ក៏ប៉ុន្តែមន្ត្រី​បាន​ទទូច​ថា កម្មវិធី​នេះ តម្រូវ​ឲ្យ​មាន​មនុស្ស​ជាច្រើន​នាក់​ទៀត ទាញយក​វា​មក​ប្រើប្រាស់ ដើម្បី​ឲ្យ​វា​មាន​ប្រសិទ្ធភាព។ ប្រទេស​អូស្ត្រាលី​មាន​អ្នកឆ្លង​ជំងឺ​កូវីដ​១៩ ចំនួន ៦.៨០០ នាក់។ ក្នុង​នោះ អ្នកជំងឺ ៥.៨០០ នាក់ បាន​ជាសះស្បើយ ហើយ​មនុស្ស​ចំនួន ៩៥ នាក់ បាន​ស្លាប់។

កម្មវិធី CovidSafe App ត្រូវ​បាន​បង្កើត​ឡើង​នៅ​ប្រទេស​អូស្ត្រាលី​កាលពី​ចុង​ខែ​មេសា​កន្លង​ទៅ​នេះ។ ប្រជាពលរដ្ឋ​អូស្ត្រាលី​ចំនួន​ប្រមាណ ៤ លាន ២ សែន ៥ ម៉ឺន​នាក់ បាន​ទាញ​យក​កម្មវិធី​នេះ​មក​ប្រើ ក៏ប៉ុន្តែរដ្ឋាភិបាល​និយាយ​ថា លទ្ធផល​ដែល​បាន​មក​ពី​ការ​ប្រើ​កម្មវិធី​តាមដាន​វីរុស​កូរ៉ូណា​នេះ នឹង​អាច​ផ្តល់​ឲ្យ​មេដឹកនាំ​នយោបាយ​នូវ «ភាពជាក់ច្បាស់» ក្នុងការ​សម្រេច​បន្ធូរបន្ថយ​ការរឹត​បន្តឹង​នានា។

រដ្ឋាភិបាល​អូស្ត្រាលី​បាន​ឲ្យ​ដឹង​ថា ប្រជាពលរដ្ឋ​ប្រហែល ១០ លាន​នាក់ ឬ ៤០ ភាគរយ​នៃ​ប្រជាពលរដ្ឋ​អូស្ត្រាលី​ទាំងអស់ ចាំបាច់​ត្រូវ​ចូលរួម​ប្រើ​កម្មវិធី​នេះ ដើម្បី​ឲ្យ​វា​ក្លាយជា​ឧបករណ៍​ដ៏​មាន​ប្រសិទ្ធភាព ក្នុង​ការតាមដាន​រក​អ្នកឆ្លង​វីរុស​កូរ៉ូណា​នេះ។

ក្រុមគាំទ្រ​សេរីភាព​ប្រជាពលរដ្ឋ​និយាយ​ថា បច្ចេកវិទ្យា​នេះ​រំលោភ​លើ​សិទ្ធិ​ឯកជន ខណៈដែល​អ្នកជំនាញ​មួយ​ចំនួន បាន​ចោទ​សួរ​អំពី​សមត្ថភាព​នៃ​កម្មវិធី​នេះ​ក្នុង​ការតាមដាន​អ្នកប្រើប្រាស់​ឲ្យ​បាន​ត្រឹមត្រូវ។

ក៏ប៉ុន្តែប្រធាន​ផ្នែក​វេជ្ជសាស្ត្រ​លោក Brendan Murphy កំពុង​ជំរុញ​ប្រជាពលរដ្ឋ​អូស្ត្រាលី​កាន់តែ​ច្រើន​ថែមទៀត​ឲ្យ​ចូលរួម​ប្រើ​កម្មវិធី​នេះ។

លោក Murphy បាន​ថ្លែង​ក្នុង​សម្តី​ដើម​ថា៖ «កត្តា​ចាំបាច់​ជា​មុន​ដ៏​សំខាន់​មួយ​ទៀត ដែល​យើង​បាន​និយាយ​ជាច្រើន​ដង​មក​ហើយ គឺ​កម្មវិធី​នេះ​ឯង។ ប្រជាពលរដ្ឋ​អូស្ត្រាលី​ចំនួន ៤ លាន ២ សែន ៥ ម៉ឺន​នាក់ ឥឡូវ​នេះ បាន​ទាញយក​កម្មវិធី​នេះ​មក​ប្រើ ហើយ​ច្បាស់ណាស់​ថា យើង​ត្រូវ​ធ្វើ​យ៉ាងណា ដើម្បី​ឲ្យ​ចំនួន​អ្នក​ទាញយក​កម្មវិធី​នេះ និង​អ្នកចុះឈ្មោះ​បន្ត​កើន​ឡើង​ទៀត។ យើង​គិត​ថា មាន​មនុស្ស​ពេញវ័យ​ប្រហែល ១៦ លាននាក់ ដែល​មាន​ទូរស័ព្ទ​ស្មាតហ្វូន​ប្រើប្រាស់។ ពួកគេ​ទាំងនោះ ជា​គោលដៅ​របស់​យើង។ ពួកគេ​ជា​ក្រុម​មនុស្ស​ដែល​យើង​ចង់​ឲ្យ​ទាញ​យក​កម្មវិធី​នេះ ពីព្រោះ​ពួកគេ​ជា​ក្រុម​មនុស្ស ដែល​អាច​មាន​កា​ប្រាស្រ័យ​ទាក់ទង​ជាមួយ​នឹង​អ្នក​ផ្ទុក​វីរុស​កូរ៉ូណា ហើយ​យើង​ចង់​ឲ្យ​ពួកគេ​ជាច្រើន​តាម​តែ​អាច​ធ្វើ​ទៅ​បាន ទាញយក​កម្មវិធី​នេះ​ទៅ​ប្រើប្រាស់»។

រដ្ឋាភិបាល​សហព័ន្ធ​អូស្ត្រាលី​និយាយ​ថា ខ្លួន​នឹង​ប្រកាស​អំពី​កម្មវិធី​នេះ​នៅ​ក្នុង​សប្តាហ៍​នេះ ប្រសិន​បើ​ការ​ទប់ស្កាត់​ជំងឺ​កូវីដ១៩ មានភាព​ប្រសើរ​ឡើង បន្ទាប់ពី​អាជ្ញាធរ​រដ្ឋ និង​ដែនដី​មួយ​ចំនួន បាន​ចាត់​វិធានការ​បន្ធូរបន្ថយ​ការ​ដាក់​កំហិត​ការ​ប្រមូលផ្តុំ​ជា​សាធារណៈ និង​ការ​កម្សាន្ដ​ខ្លះៗ​នោះ។

ការធ្វើ​តេស្ត​ទៅ​លើ​មនុស្ស​ជាង ៦ សែន ៣ ម៉ឺននាក់ ត្រូវបាន​អនុវត្ត​នៅ​ទូទាំង​ប្រទេស។ ប្រទេស​អូស្ត្រាលីក៏​បាន​បិទ​ព្រំដែន​របស់​ខ្លួន​មិន​ឲ្យ​ជនបរទេស​ចូល​ផងដែរ​កាលពី​ខែមីនា ដើម្បី​បញ្ឈប់​ការ​ឆ្លង​រាតត្បាត​នៃ​ជំងឺ​កូវីដ១៩ តាមរយៈ​ការ​នាំចូល​ជំងឺ​នេះ​ពី​ក្រៅ​ប្រទេស។

ក្រុម​កីឡាករ rugby នៃ​ប្រទេស​នូវែលហ្សេឡង់ គឺ​ជា​ក្រុម​ជន​បរទេស​ដំបូង​គេ​បង្អស់ ដែល​ត្រូវ​បាន​អនុញ្ញាត​ឲ្យ​ចូល​ក្នុង​ប្រទេស​អូស្ត្រាលី ចាប់តាំងពី​ព្រំដែន​អន្តរជាតិ​ត្រូវ​បាន​បិទ។ កីឡាករ​នៃ​ក្រុម New Zealand Warriors នឹង​ស្នាក់​នៅ​ដាច់​ដោយឡែក​ពីគេ​រយៈពេល ១៤ ថ្ងៃ មុន​ពេល​ចាប់ផ្ដើម​ឡើង​វិញ​នូវ​ការ​ប្រកួត​កីឡា rugby របស់​សម្ព័ន្ធ​ជាតិ​កីឡា rugby អូស្ត្រាលី ដែល​បាន​គ្រោង​ទុក​នោះ នៅ​ថ្ងៃ​ទី ២៨ ខែ​ឧសភា​ខាងមុខ​នេះ។ ក្រុម Warriors នៅ​ទីក្រុង Auckland ប្រទេស​នូវែលហ្សេឡង់​នេះ គឺជា​ក្រុម​មកពី​ក្រៅប្រទេស​តែ​មួយ​គត់ ដែល​នឹង​ចូលរួម​នៅក្នុង​ការប្រកួត​ដែល​មាន ១៦ ក្រុម។

នៅ​ទីក្រុង​ស៊ីដនី ពលរដ្ឋ​វ័យ​ចំណាស់​ម្នាក់​ទៀត បាន​ស្លាប់​នៅ​ឯ​អាគារ​សម្រាប់​មនុស្ស​ចាស់​ស្នាក់​នៅ​មួយ​កន្លែង។ អាគារ​នោះ​បាន​ក្លាយ​ជា​ចំណុច​ស្នូល​នៃ​ការ​ឆ្លង​រាតត្បាត​ជំងឺ​កូវីដ​១៩ នៅ​អូស្ត្រាលី។ ឥឡូវនេះ មនុស្ស ១៤ នាក់ បាន​ស្លាប់ បន្ទាប់ពី​បុគ្គលិក​ម្នាក់​បាន​ធ្វើឲ្យ​មាន​ការឆ្លង​រាតត្បាត ដោយ​ធ្វើការ​ច្រើន​វេន​ជាប់ៗ​គ្នា បើទោះបីជា​ខ្លួន​មាន​រោគសញ្ញា​ជំងឺ​កូវីដ១៩​តិចតួច​ក៏ដោយ។ រដ្ឋាភិបាល​រដ្ឋ New South Wales បាន​និយាយ​ថា ស្ថានភាព​នៅ​ក្នុង​អាគារ​នោះ គឺ «គួរ​ឲ្យ​រន្ធត់» និង «មិន​អាច​ទទួល​យក​បាន​ទេ»៕

ប្រែសម្រួលដោយអ្នកស្រី លី ម៉ូរីវ៉ាន់

វីដេអូថ្មីៗបំផុត

XS
SM
MD
LG