ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

លាវ​មាន​ការ​ខ្វែង​គំនិត​គ្នា​ចំពោះ​ការសាងសង់​ទំនប់​វារី​អគ្គីសនី​លើ​ទន្លេ​មេគង្គ


អ្នក​នេសាទ​ម្នាក់​បង់​សំណាញ់​នៅ​ក្បែរ​តំបន់​កោះ​ ដន​សាហុង​។ រដ្ឋាភិបាល​លាវ​មាន​គម្រោង​សាងសង់​ទំនប់​វារី​អគ្គីសនី​ ដែល​មាន​តម្លៃ​៦០០​លាន​ដុល្លារ​​ នៅ​តំបន់​នេះ។​

រដ្ឋាភិបាល​ប្រទេសលាវ​ត្រូវ​បាន​រដ្ឋាភិបាល​របស់​ប្រទេសក្នុង​តំបន់​និង​អ្នក​ជំនាញ​បរិស្ថាន​ស្តី​រិះគន់​យ៉ាង​ខ្លាំង​ ចំពោះ​ភាពព្រងើយ​កន្តើយ​អំពី​ការព្រួយ​បារម្ភ​របស់​ពួក​គេ និង ចំពោះ​ការ​បន្ត​គម្រោង​សាងសង​ទំនប់​វារី​អគី្គសនី​មួយ​ទៀត​នៅ​លើ​ទន្លេ​មេគង្គ។​ លោក​ Luke Hunt រាយការណ៍​ពី​កោះ​ Don Det ​ភាគ​ខាង​ត្បូង​ប្រទេស​លាវ​ ដែល​ជា​សហគមន៍ក្នុង​តំបន់ ​បាន​បង្ហាញ​ពី​ការ​ព្រួយ​បារម្ភ​ជា​ច្រើន ប៉ុន្តែ​មិន​មែន​គ្រប់​គ្នា​ប្រឆាំង​នឹង​ការ​សាងសង់​ទំនប់វារីអគ្គីសនី ដនសាហុង​ (Don Sahong)​ ដែល​នៅ​ក្បែរ​នោះ​ឡើយ។

នៅ​ក្នុង​សហគមន៍​ដែល​នៅ​ដាច់​ពី​គេ​នៃ​កោះ​ ស៊ីផាន​ដន (Siphandone) ​ឬ​កោះ​បួន​ពាន់ ដែលនៅ​ញែក​ទន្លេ​មេគង្គ​ស្ថិត​នៅ​ភាគ​ខាង​ត្បូង​ប្រទេស​លាវនោះ ការ​ពិភាក្សា​អំពី​ការ​សាង​សង់​ទំនប់វារី​អគ្គីសនី​ ដនសាហុង ដែល​មាន​តម្លៃ​៦០០​រយ​លាន​ដុល្លារ​អាមេរិក​ បាន​ទាក់​ទាញ​ឲ្យ​មាន​ការចាប់​អារម្មណ៍​មក​លើ​តំបន់​កោះ​នៅ​ដាច់​ស្រយាល​មួយ​នេះ​ ដែលតាម​ធម្មតា​ជា​កន្លែង​ទេសចរសម្រាប់​អ្នក​ចង់​ទៅ​ដើរ​លេង​តំបន់​ដាច់​ស្រយ៉ាល​តែ​ប៉ុណ្ណោះ។

គម្រោង​របស់​រដ្ឋាភិបាល​ក្នុង​ការ​សាងសង់​ទំនប់វារីអគ្គីសនី​នៅច្រក​ផ្លូវ​ទឹក​ដ៏​សំខាន់នៃ​ទន្លេ​មេគង្គ​នឹង​អាច​ផ្តល់​ថាមពល​ កម្លាំង​២៦០ មេហ្គាវ៉ាត់​នោះ បាន​ធ្វើឲ្យ​មាន​ការអភិវឌ្ឍ​ថ្មីៗ​ដែល​ពឹង​ផ្អែក​លើ​ភាព​ថិតថេរ​នៃ​ការ​ផ្គត់ផ្គង់​ថាមពល​អគ្គីសនី និងការ​បង្កើន​ការ​ប្រើ​ប្រាស់​ទឹក​ម៉ាស៊ីន​។ តម្លៃ​អចលនា​ទ្រព្យ​បាន​កើន​ឡើង​សឹង​តែ​ទ្វេ​ដង​នៅ​ក្នុង​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ​នេះ​ ខណៈ​ដែល​ពួក​អ្នក​លក់​ដូរ​ដីធ្លី​បាន​នាំ​គ្នា​ចូល​ទៅ​រក​ស៊ី​នៅ​ទីនោះ។

ក្រុមអ្នក​ស្រុក​មួយ​ចំនួន​ប្រឆាំង​នឹង​គម្រោង​នោះ។​ អ្នក​ខ្លះ​និយាយ​ថា​ទំនប់​វ៉ារីអគ្គី​សនី​នោះ​នឹង​ធ្វើ​ឲ្យ​ជីវភាព​របស់​ពូក​គេ​បាន​ប្រសើរ​ឡើង​ ហើយ​ពួក​គេ​ត្រូវ​បាន​គេ​សន្យា​ថា​នឹង​ឲ្យសំណង​សមរម្យ​ប្រសិន​បើ​មាន​ការ​ផ្លាស់​ទី​លំនៅ។​

ប៉ុន្តែ​អ្នក​និពន្ធ​ដែល​សរសេរ​អំពី​ការ​ធ្វើ​ដំណើរ​ម្នាក់​ អ្នក​នាង Anna Fenton បាន​កត់សម្គាល់ក្នុង​អំឡុង​ពេល​ទស្សនកិច្ច​របស់​ខ្លួន​ថា ឧបសគ្គ​ធំ​បំផុត​គឺ​នៅ​តែ​ជា​កង្វះ​ខាត​ព័ត៌មាន​ដែល​គួរ​ឲ្យ​ជឿ​ទុក​ចិត្ត​អំពី​ទំនប់​វារី​អគ្គីសនីនេះ និង​ផល​ប៉ះពាល់​ដែល​មាន​នៅ​លើ​ផល​ត្រី​និង​បរិស្ថាន​ជុំវិញ។

«​រឿង​សំខាន់​គឺ​ប្រជាជន​ក្នុង​តំបន់​ហាក់​បី​ដូចជា​មិន​យល់​ច្បាស់​លាស់​ថា​តើ​ទំនប់វារីអគ្គីសនី​មាន​ន័យ​យ៉ាង​ដូចម្តេច​ចំពោះ​ពួកគេ។ អ្នក​ខ្លះ​បាន​ប្រាប់​ខ្ញុំ​ថា​ ពួកគេ​គិត​ថា​វា​គ្រាន់​តែ​ប៉ះពាល់​ដល់​ល្បាក់​ខោន​ (Khon Fall) ដែល​ជា​កន្លែង​ព័ទ្ធ​ជុំ​វិញ​តូច​មួយ ហើយ​អ្នក​ខ្លះ​ទៀត​ដូច​ជា​គិត​ថា​ វា​គ្រប​ដណ្តប់​តំបន់​កោះ​បួន​ពាន់​ទាំង​មូល​ដែលជា​ទន្លេ​មេគង្គ​នៅ​ចំ​កន្លែង​មាន​ទទឹង​ធំជាង​គេ​បង្អស់ ហើយ​រហូត​ដល់​ពេល​ណា​ដែល​គេ​អាច​ប្រាប់​អ្នក​ស្រុក​ឲ្យ​បាន​ច្បាស់​លាស់ ក្រុមអ្នក​ស្រុក​នឹង​ពិបាក​យល់​ថាតើទំនប់​វារី​អគ្គីសនី​មាន​ន័យ​ដូចម្តេច​»។

ការ​ពន្យល់ឲ្យ​ដឹង​ជា​ការ​ពិបាក​មួយ។

នៅ​ក្នុង​ប្រទេស​លាវ គណបក្ស​កុំម្មុយនីស្ត​ដែល​កំពុង​កាន់​អំណាច​គ្មាន​ការអត់ធ្មត់​ចំពោះ​ការ​រិះគន់​ខ្លួន​ឡើយ។ អ្នក​ប្រឆាំង​នឹង​ទំនប់វារីអគ្គីសនី​និយាយ​ថា​ មាន​ការបង្រ្កាប​កាន់​តែ​ខ្លាំងកាល​ពី​២ឆ្នាំ​មុន​ នៅ​ពេល​ដែល​សកម្មជន​សិទ្ធិ​ដី​ធ្លី​ដ៏​ល្បី​ឈ្មោះ​ម្នាក់ គឺ​លោក Sombath Somphone ​បាន​បាត់​ខ្លួន​ដោយ​គ្មាន​តម្រុយ​ បន្ទាប់​ពី​លោក​ត្រូវ​បាន​ប៉ូលីស​បញ្ឈប់ ដែល​មាន​ការ​ថត​ជា​វីដេអូនោះ។

ក្រុម​ប្រទេស​លោក​ខាង​លិច​និង​អ្នក​ជំនាញ​បរិស្ថាន​ដែល​ត្រូវ​បាន​ស្គាល់​ថា​ជា «មិត្ត​នៃ​ទន្លេ​មេគង្គ» បាន​ជម្រុញ​ឲ្យ​រដ្ឋាភិបាល​ប្រទេស​លាវ​ពន្យា​ពេល​សម្រេច​ចិត្ត​ក្នុង​ការចាប់​ផ្តើម​ការសាងសង់​រហូត​ដល់​ពេល​មាន​ការសិក្សា​បន្ថែម។​ នៅ​ក្នុង​ការជួប​ប្រជុំ​ក្នុង​ពេល​ថ្មី​ៗ​នេះ​នៅ​ទីក្រុង​ប៉ាកសេ​ បាន​និយាយ​ថា​ដំណើរការ​ប្រឹក្សា​យោបល់​រយៈពេល​៦​ខែ​ដែល​ទើប​តែ​បញ្ចប់​ក្នុង​ពេល​ថ្មីៗ​នេះ គឺ​មិន​គ្រប់​គ្រាន់​នោះ​ទេ។

លោក តឹក​ វណ្ណារ៉ាជានាយកប្រតិបត្តិវេទិកានៃអង្គការមិនមែនរដ្ឋាភិបាល​ស្តី​ពី​កម្ពុជា។ លោក​និយាយ​ថា កង្វះ​ខាត​នៃ​ការប្រឹក្សា​យោបល់​គឺ​ត្រូវ​បាន​រំពឹង​ទុកថា​មាន​នៅ​ក្នុង​រដ្ឋ​កុំម្មុយនីស្ត​ឯក​បក្ស។​ ប៉ុន្តែ​ដោយ​សារផល​ប៉ះ​ពាល់​ពី​ទំនប់​វារី​អគ្គីសនីនោះមាន​ធំខ្លាំង​ ដូច្នេះ​រដ្ឋាភិបាល​កម្ពុជា វៀតណាម និង​ក្រុម​សង្គម​ស៊ីវិល​ ព្រម​ទាំង​ជន​ជាតិ​លាវ​ដែល​រស់​នៅ​បរទេស​ បាន​រួប​រួម​គ្នា​ទាមទារ​ឲ្យ​មាន​ការ​សិក្សា​កាន់​តែស៊ី​ជម្រៅ​មុន​គម្រោង​នេះ​ចាប់​ផ្តើម។​

«សម្រាប់​ប្រជាជន​លាវ​ដែល​ស្ថិត​នៅ​ក្នុង​ស្ថានភាព​រឹត​ត្បិត​នយោបាយ ពួក​គេ​មិន​ហ៊ាន​បញ្ចេញ​មតិ​បង្ហាញ​ពី​ការព្រួយ​បារម្ភ​ឡើយ​ ប៉ុន្តែ​សម្រាប់​សហគមន៍​អន្តរជាតិ​ យើង​ក៏​បាន​ទាក់ទង​ជាមួយ​ប្រជាជន​លាវ​រស់​នៅ​ក្រៅ​ប្រទេស​ ហើយ​ភាគ​ច្រើន​គឺ​មិន​គាំទ្រ​ការ​សង់​ទំនប់​វារី​អគ្គីសនី​ ដន​សាហុង​ឡើយ»។ ​

លោក​ វណ្ណារ៉ា​បាន​និយាយ​ទៀត​ថា ប្រជាជន​៦០​លាន​នាក់​រស់​នៅ​ពឹង​ផ្អែក​ដោយ​ផ្ទាល់​ទៅ​លើ​ទន្លេ​មេគង្គ ហើយ​ប្រជាជន​៣០០​លាន​នាក់​ទៀត​រស់​នៅ​ពឹក​ផ្អែក​លើ​ដៃ​ទន្លេ​នេះ មាន​សិទ្ធិ​គ្រប់​បែប​យ៉ាង​ទាំង​អស់ ដើម្បី​បង្ហាញ​ពី​ការ​ព្រួយ​បារម្ភ​អំពី​ផល​ត្រី និង​អំពីលទ្ធភាព​នៃការ​ប្តូរ​កន្លែង​បង្កាត់​ពូជ​ត្រី​និងការផ្លាស់​ប្តូរ​ទំលាប់​ធ្វើ​ដំណើរ​របស់​ត្រី​។

នៅ​ភាគ​ខាង​ជើង​ពី​ទី​នេះ ទន្លេ​មេគង្គ​បាន​បែងចែក​ផ្លូវ​ទឹក​សំខាន់ៗ​និង​កោះជាច្រើន​។ ផ្លូវ​ទឹក​ដែល​បែង​ចែក​ប្រជុំ​កោះ​ដន​សាហុង ពី​ដន​សាដាម ដែល​ជា​កន្លែង​គ្រោង​សាង​សង់ទំនប់​វារី​អគ្គីសនី​នោះ ប្រហែល​ជា​កន្លែង​ដែល​មាន​ទឹក​ជ្រៅ​ជាង​គេ។ ហើយ​អ្នក​វិទ្យាសាស្រ្ត​និយាយ​ថា​វា​បាន​ផ្តល់​ច្រក​ផ្លូវ​ទឹក​ផ្តាច់​មុខសម្រាប់​ការផ្លាស់​ទី​កន្លែង​របស់ត្រី​ក្នុង​អំឡុង​ពេល​រដូវ​ប្រាំង។ លោក​វណ្ណារ៉ា​និយាយ​ថា​មាន​ក៏​ការ​ព្រួយ​បារម្ភ​អំពី​ការផុត​ពូជ​នៃ​ត្រី​ផ្សោត​មេគង្គ​ផង​ដែរ។

«​ខ្ញុំ​គិត​ថា​ទំនប់​វារី​អគ្គីសនី​នឹង​មាន​ផល​ប៉ះ​ពាល់​ចំពោះ​ត្រី​ផ្សោត ជា​ពិសេស​ត្រី​ផ្សោត​ដែល​ស្ថិត​នៅ​ក្នុង​ខេត្ត​ស្ទឹងត្រែង ប្រទេស​កម្ពុជាដែល​នៅ​ជាប់​ព្រំដែន​ឡាវ និង​ត្រី​ផ្សោត​នៅ​ក្នុង​ខេត្ត​ក្រចេះ ដោយ​សារ​គុណភាព​ទឹក​ក្នុង​អំឡុង​ពេល​សាងសង់​និង​នៅ​ពេល​អនាគត ព្រោះ​ការឡើង​ចុះ​ទឹក​នឹង​មាន​ផលប៉ះ​ពាល់​ដោយ​ផ្ទាល់​ចំពោះ​ត្រី​ផ្សោត»។​

អ្នក​វិទ្យាសាស្រ្ត​ឯករាជ្យ​ថែម​ទាំងចង់​ឃើញ​របាយការណ៍​លម្អិត​នៃ​គម្រោង​ធ្វើ​ឲ្យ​ផ្លូវ​ទឹកនៅ​ក្បែរ​នោះ​កាន់​តែ​ជ្រៅ​ឡើង ដើម្បីផ្តល់​ផ្លូវ​ជំនួស​ដ៏​សមរម្យ​មួយ​សម្រាប់​ត្រី​ដែល​ផ្លាស់​ទីកន្លែង។

លោក Peter Degen ជា​ទី​ប្រឹក្សា​អន្តរជាតិ​ផ្នែកបច្ចេក​ទេស នៃ​គណៈកម្មការ​ទន្លេ​មេគង្គ។ លោក​និយាយ​ថា​រាល់​ការ​សម្រេច​ចិត្ត​ណា​មួយ​ដើម្បី​ឲ្យ​គម្រោង​សាងសង់​ទំនប់​វារី​អគ្គីសនី​ដំណើរ​ការ​ទៅ​មុខ​នោះ​ គឺ​ជា​រឿងនយោបាយ​ ហើយ​ការងារ​របស់​លោក​គឺ​គ្រាន់​តែ​ផ្តល់​ជំនួយ​ផ្នែក​បច្ចេកទេស​តែ​ប៉ុណ្ណោះ។​ ប៉ុន្តែ​លោក​និយាយ​ថា ក្រុមហ៊ុន​អភិវឌ្ឍ​ត្រូវ​តែ​ផ្តល់​ព័ត៌មាន​លម្អិត​បន្ថែម​អំពី​គម្រោង​នេះ។

«​គម្រោង​នោះ​មាន​ការ​វាយ​តម្លៃ​ផ្នែក​បរិស្ថាន​និង​ការវាយ​តម្លៃ​ផល​ប៉ះពាល់​សង្គម ប៉ុន្តែ​វា​នៅ​មាន​ចន្លោះ​ប្រហោង​ដែល​ត្រូវ​តែ​យក​មក​ដោះ​ស្រាយ​ ដើម្បី​ធ្វើ​ឲ្យ​ប្រសើរ​ឡើង​នៅ​ក្នុង​ការ​រចនា​[គម្រោង​] ក្នុង​ករណី​ដែល​ពួក​គេចង់​បន្ត​គម្រោង​នោះ»។

រដ្ឋាភិបាល​ក្រុង​វៀងចន្ទន៍​មិន​ទាន់​បាន​ឆ្លើយ​តប​នឹង​ការជំរុញ​ឲ្យ​ពន្យាពេល​សាងសង់នា​ពេល​ចុង​ក្រោយ​ថ្មី​នេះ​នៅ​ឡើយ​ទេ។ ប៉ុន្តែ​ពួក​គេ​ទទូច​ថា​ពួក​គេ​មាន​សេរីភាព​ក្នុង​ការ​បន្ត​ការអភិវឌ្ឍ​ទំនប់​វារី​អគ្គីសនី​ដន​សាហុង បន្ទាប់​ពី​បាន​បំពេញ​ដំណើរ​ការ​ប្រឹក្សា​យោបល់​អស់​រយៈពេល​៦​ខែ ហើយ​ហើយ​ថា​ខ្លួន​ពេញ​ចិត្ត​ចំពោះការធានា​ពី​ក្រុម​ហ៊ុនអភិវឌ្ឍ​នោះ​គឺ ក្រុម​ហ៊ុនFirst Corporation Berhad Malaysia៕​

ប្រែ​សម្រួល​ដោយ នូវ​ពៅ​លក្ខិណា

XS
SM
MD
LG