មេដឹកនាំកូរ៉េខាងជើង គីម ជុងអ៊ុន នឹងធ្វើជាម្ចាស់ផ្ទះទទួលលោកប្រធានាធិបតីកូរ៉េខាងត្បូង Moon Jae-in នៅពេលដែលមេដឹកនាំទាំងពីររូបនេះជួបគ្នាសម្រាប់ជំនួបកំពូលអន្តរកូរ៉េលើកទីបីរបស់អស់លោកពីថ្ងៃទី១៨ ដល់ថ្ងៃទី២០ ខែកញ្ញា នៅក្នុងក្រុងព្យុងយ៉ាង។
ជំនួបកំពូលនេះនឹងមានធ្វើនៅក្រោយព្រឹត្តិការណ៍ពីរទៀតនៅលើឧបទ្វីបកូរ៉េក្នុងសប្តាហ៍នេះ គឺកិច្ចចរចាខាងយោធាកម្រិតធ្វើការងារនិងការបើកការិយាល័យសម្ព័ន្ធការរួមគ្នាមួយដែលជាលទ្ធផលនៃជំនួបកំពូលអន្តរកូរ៉េលើកដំបូង។
នៅថ្ងៃព្រហស្បតិ៍នេះ លោក Moon Chung-in ទីប្រឹក្សាពិសេសរបស់ប្រធានាធិបតីកូរ៉េខាងត្បូងខាងការបង្រួបបង្រួមប្រទេសជាតិ, កិច្ចការបរទេសនិងសន្តិសុខជាតិ បាននិយាយប្រាប់ពួកអ្នកកាសែតថា លោកមានជំនឿផ្ទាល់ខ្លួនថា ជំនួបនេះជាការបន្តជំនួបកំពូលកាលពីថ្ងៃទី២៧ ខែមេសា ដែលជាលទ្ធផលនៃសេចក្តីប្រកាសនៅភូមិសន្តិភាព Panmunjom។
លោក Moon Chung-in ដែលបានថ្លែងថា លោកនិយាយក្នុងឋានៈជាអ្នកជំនាញម្នាក់ហើយមិនមែននិយាយក្នុងនាមនៃរដ្ឋាភិបាលក្រុងសេអ៊ូលទេនោះ បាននិយាយថា លោករំពឹងថាលោកប្រធានាធិបតីកូរ៉េខាងត្បូងនឹងផ្តោតការយកចិត្តទុកដាក់របស់លោកលើការធ្វើមិនឱ្យមានអាវុធនុយក្លេអ៊ែរលើឧបទ្វីបកូរ៉េនិង បំពេញមុខនាទីជាអ្នកសម្រួលឬជាអ្នកសម្របសម្រួលរវាងរដ្ឋាភិបាលក្រុងព្យុងយ៉ាង និងរដ្ឋាភិបាលក្រុងវ៉ាស៊ីនតោន និងឧបត្ថម្ភផ្ចុងផ្តើមការសន្ទនាគ្នារវាងប្រទេសទាំងពីរនេះផងដែរ។
លោក Moon Chung-in បានមានប្រសាសន៍ថា លោកប្រធានាធិបតី Moon Jae-in មានជំនឿថា ទំនាក់ទំនងអន្តរកូរ៉េដែលល្អប្រសើរជាងមុនមានមុខនាទីខ្លះក្នុងការសម្រួលកិច្ចចរចារវាងស.រ.អា.និងសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតកូរ៉េ និងក្នុងការដោះស្រាយបញ្ហានុយក្លេអ៊ែរនៃប្រទេសកូរ៉េខាងជើងថែមទៀតផង៕