ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បាននិយាយកាលពីថ្ងៃអាទិត្យថា «វាគឺជាសេចក្តីថ្លែងការណ៍ដ៏ធំនិងមានលក្ខណៈវិជ្ជមានមួយ» ដែលកូរ៉េខាងជើងបានរៀបចំពិធីដង្ហែក្បួនយោធាចុងក្រោយបង្អស់របស់ខ្លួន ដោយគ្មានការបង្ហាញអាវុធនុយក្លេអ៊ែរ ដូចដែលធ្លាប់ធ្វើកន្លងមក។
មេដឹកនាំអាមេរិក ដែលព្យាយាមបង្ខំឲ្យមេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន លុបចោលកម្មវិធីនុយក្លេអ៊ែររបស់ខ្លួន បានសរសេរលើបណ្តាញសង្គម Twitter ថា «អរគុណដល់លោកប្រធាន គីម» បន្ទាប់ពីរដ្ឋាភិបាលក្រុង ព្យុងយ៉ាង បានរៀបចំពិធីដង្ហែក្បួនខួបទី៧០នៃការបង្កើតប្រទេសកូរ៉េខាងជើង ដោយមិនមានការបង្ហាញកាំជ្រួចមីស៊ីលបាញ់ឆ្លងទ្វីប ដែលកូរ៉េខាងជើងធ្លាប់និយាយថា មានសមត្ថភាពអាចបាញ់ដល់សហរដ្ឋអាមេរិកបាន។
លោក ត្រាំ បាននិយាយសំដៅទៅលើការចរចាលើការលុបបំបាត់នុយក្លេអ៊ែរពីឧបទ្វីបកូរ៉េថា «យើងនឹងបង្ហាញឲ្យអ្នកទាំងអស់គ្នាឃើញថា អ្នកទាំងអស់គ្នាយល់ខុស! គ្មានអ្វីដែលល្អជាងកិច្ចសន្ទនាដ៏ល្អរវាងមនុស្សពីរនាក់ ដែលចូលចិត្តគ្នាទៅវិញទៅមកនោះទេ! គឺល្អជាងមុនពេលដែលខ្ញុំឡើងកាន់តំណែងទៅទៀត»។
លោក ត្រាំ បានលើកឡើងម្តងហើយម្តងទៀតកោតសរសើរដល់កូរ៉េខាងជើងចំពោះការដង្ហែក្បួនលើកនេះ ដោយនិយាយថា «ប្រធានបទគឺសន្តិភាពនិងការអភិវឌ្ឍសេដ្ឋកិច្ច»។ មេដឹកនាំអាមេរិករូបនេះត្រូវបានគេស្រង់សម្តីពីទូរទស្សន៍ Fox News ថា «អ្នកជំនាញជឿថា កូរ៉េខាងជើងដកចេញនូវកម្មវិធីផលិតកាំជ្រួចមីស៊ីលរបស់ខ្លួន ដើម្បីបង្ហាញលោកប្រធានាធិបតី ត្រាំ អំពីការប្តេជ្ញាក្នុងការលុបបំបាត់នុយក្លេអ៊ែរ»៕