ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

តើអ្វី​ដែល​ប៉ះមុខ​របស់​អ្នក ដែល​នាំ​ឲ្យ​ឆ្លង​មេរោគ​កូវីដ១៩?


រូបឯកសារ៖ ស្រ្តីម្នាក់លាងសម្អាតទូរសព្ទដៃរបស់ខ្លួននៅ រដ្ឋ Virginia កាលពីថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២០។
រូបឯកសារ៖ ស្រ្តីម្នាក់លាងសម្អាតទូរសព្ទដៃរបស់ខ្លួននៅ រដ្ឋ Virginia កាលពីថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២០។

មជ្ឈមណ្ឌល​គ្រប់គ្រង​និង​ការពារ​ជំងឺ​សហរដ្ឋ​អាមេរិក​ CDC បាន​ណែនាំ​ឱ្យ​សម្អាត​វត្ថុប្រើប្រាស់នានា ដែលអ្នកប៉ះពាល់ញឹកញាប់បំផុត​ជារៀងរាល់ថ្ងៃ ដូចជា​ទូរស័ព្ទ ក្តារចុច និង​កុំព្យូទ័រ​ជាដើម។

អ្នកជំនាញ​និយាយ​ថា មេរោគ​កូវីដ​១៩​នេះ អាច​រស់នៅ​បាន ៣ ថ្ងៃ​លើ​ផ្លាស្ទិក​និង​ដែក​អ៊ីណុក ឬ ដែក​មិនច្រេះ ហើយ​ឆ្លង នៅ​ពេល​អ្នក​ប៉ះផ្ទៃ​ដែល​មាន​ភាព​កខ្វក់​ដូចជា​ការ​ផ្អឹប​ទូរស័ព្ទ​នៅ​លើ​ថ្ពាល់​របស់​អ្នក នៅ​ពេល​អ្នក​និយាយ​ទូរស័ព្ទ។

ប៉ុន្តែ​អ្នក​ត្រូវ​សម្អាត​ដោយ​ថ្នម បើ​មិន​ដូច្នេះ​ទេ​អ្នក​អាច​ធ្វើ​ឱ្យ​ឧបករណ៍​របស់​អ្នក​ខូច។ តទៅ​នេះ គឺជា​អ្វី​ដែល​អ្នក​មិន​ត្រូវ​ធ្វើ​នៅ​ពេល​អ្នក​សម្អាត​ទូរស័ព្ទ៖

កុំ​បាញ់​ទឹក​លាង​សម្អាត​ដោយ​ផ្ទាល់​ទៅ​លើ​ទូរស័ព្ទ​របស់​អ្នក។

កុំ​ដាក់​ទូរស័ព្ទ​ទៅ​ក្នុង​ទឹក​លាង​សម្អាត។

កុំ​ប្រើ​ឧបករណ៍​ដែល​ប្រើ​កម្លាំង​ខ្យល់ ដូចជា ការបាញ់​ខ្យល់​ដើម្បី​សម្អាត​ក្តារ​វាយ​កុំព្យូរទ័រ​ជាដើម។

ជៀសវាង​កុំប្រើ​របស់​ដែល​គ្រើម វា​អាច​ធ្វើ​ឲ្យ​មាន​ស្នាម​ឆូត។

តើ​អ្វី​ដែល​យើង​អាច​រៀន​បាន​ពី​វិធី​សម្អាត​ទាំងប៉ុន្មាន​ខាង​លើ​នេះ? កុំ​ធ្វើ​ឲ្យ​ទូរស័ព្ទ​អ្នក​សើម​ឲ្យ​សោះ។ សូម​បញ្ជាក់​ម្តង​ហើយ​ម្តង​ទៀត គឺកុំ​ធ្វើ​ឲ្យ​ទូរស័ព្ទ​អ្នក​សើម​ឲ្យ​សោះ។

តទៅនេះ ជា​វិធី​ដែល​អ្នកគួរតែ​ធ្វើ​ដើម្បី​សម្អាត​ទូរស័ព្ទ​របស់​អ្នក៖

ជាដំបូង អ្នក​ត្រូវ​បិទ​ទូរស័ព្ទ​របស់​អ្នក​សិន ហើយ​ដក​ខ្សែរ​បញ្ចូល​ថ្ម​ផងដែរ។ អ្នក​ត្រូវតែ​ពិនិត្យ​មើល​ឲ្យ​ប្រាកដ​ថា ពេល​អ្នក​សម្អាត​ទូរស័ព្ទ​របស់​អ្នក ទូរស័ព្ទ​របស់​អ្នក​មិន​កំពុង​ បញ្ចូល​ថ្ម​ទេ ហើយ​ទូរស័ព្ទ​របស់​អ្នក​ក៏​មិន​ត្រូវ​សើម​ដែរ។

ប្រើ​ក្រណាត់​ជូត​សម្អាត​ដែល​មាន​ជាតិ​អាល់កុល ៧០ភាគរយ ដូចជា​ក្រណាត់​ជូត​នៅក្នុង​ប្រអប់​ដែល​អ្នក​អាច​ទាញ​យក​មក​ប្រើ​មួយ​ផ្ទាំង​ម្តង។ រោងចក្រ​ផលិត​ទូរស័ព្ទ​iPhone របស់​ក្រុមហ៊ុន Apple បាន​ឲ្យ​ដឹង​ថា នៅ​ពេល​ដែល​អ្នក​ប្រើ​ក្រណាត់​ជូត អ្នក​ត្រូវ​ជូត​វា​ដោយ​ថ្នមៗ។ ក្រុមហ៊ុន​បណ្តាញ​ទូរស័ព្ទ​ចល័ត AT&T ផ្តល់​អនុសាសន៍​ថា អ្នក​ត្រូវ​ពួត​ទឹក​ចេញ​ពី​ក្រណាត់​ជូត​នោះ​ឲ្យ​អស់ មុន​ពេល​អ្នក​យក​វា​ទៅ​ជូត​សម្អាត​ទូរស័ព្ទ​របស់​អ្នក។

ក្រដាស និង​ក្រណាត់​ធម្មតា ក៏​អាច​យក​មក​ជូត​សម្អាត​ទូរស័ព្ទ​បាន​ដែរ ដោយ​បាញ់​ទឹក​លាង​សម្អាត​នៅ​លើ​ក្រដាស និង​ក្រណាត់​នោះ។ កុំ​បាញ់​ទឹក​លាង​សម្អាត​ដោយ​ផ្ទាល់​ទៅ​លើ​ទូរស័ព្ទ​របស់​អ្នក។

ប្រភេទ​ក្រណាត់​ផ្សេង​ទៀត ដែល​អាច​យក​មក​ជូត​សម្អាត​ទូរស័ព្ទ​បាន​ដែរ​នោះ គឺ​ក្រណាត់​ដែល​អ្នក​ប្រើ​ដើម្បី​ជូត​សម្អាត​កញ្ចក់​ម៉ាស៊ីនថត និង​វែនតា​របស់​អ្នក។

រីឯ​ក្រុមហ៊ុន Google ឲ្យ​យោបល់​ថា អ្នក​អាច​សម្អាត​ទូរស័ព្ទ​របស់​អ្នក​ដោយ​យក​ក្រណាត់​ទៅ​ផ្សើម​តិចៗ​នឹង​សាប៊ូ​និង​ទឹក ដរាបណា អ្នក​មិន​ធ្វើ​ឲ្យ​ទូរស័ព្ទ​របស់​អ្នក​សើម ពីព្រោះ​បើ​ទូរស័ព្ទ​អ្នក​សើម វា​នឹង​អាច​ខូច​បាន។

ចំណែក​ឯ​ក្រុមហ៊ុន Samsung ដែល​ជា​ក្រុមហ៊ុន​ផលិត​ទូរស័ព្ទ​ធំ​ជាងគេ​បំផុត​នៅក្នុង​ពិភពលោក​នោះ​ថា ខ្លួន​នឹង​មាន​អ្វី​មួយ​ថ្មី​ដើម្បី​សម្អាត​ទូរស័ព្ទ នោះគឺ​សេវាកម្ម​សម្អាត​ទូរស័ព្ទ​ដោយ​មិន​គិតថ្លៃ​ ដែលពាក់ព័ន្ធ​ទៅនឹង​ការប្រើ​ពន្លឺ UV។ សេវាកម្ម​នេះ នឹង​មាន​ផ្តល់​ជូន​នៅ​ក្នុង​ហាង​លក់​ទូរស័ព្ទ Samsungនិង​មណ្ឌល​សេវាកម្ម​មួយ​ចំនួន ដែល​មាន​ទីតាំង​នៅក្នុង​សហរដ្ឋ​អាមេរិក។ ក្រុមហ៊ុន Samsung នឹង​ពង្រីក​សេវាកម្ម​នេះ ទៅ​បណ្តា​ប្រទេស​ដទៃ​ទៀត ក្នុង​រយៈពេល​ប៉ុន្មាន​សប្តាហ៍​ខាងមុខ​នេះ។

ការសម្អាត​ទូរស័ព្ទគឺ​ជា ​វិធានការ​មួយ​ក្នុង​ចំណោម​វិធានការ​ជាច្រើន​ដែល​មន្រ្តី​សុខាភិបាល​ណែនាំ​ឲ្យ​អនុវត្ត​ដើម្បី​កាត់​បន្ថយ​ការរាតត្បាត​នៃ​មេរោគ​កូវីដ ១៩៕

ប្រែសម្រួលដោយអ្នកស្រី លី ម៉ូរីវ៉ាន់

XS
SM
MD
LG