ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

អ.ស.ប​ប្តេជ្ញា​បន្ត​ជួយ​ដល់​សាលាក្តី​ខ្មែរក្រហម​


សវនាការ​សាលាក្តី​ខ្មែរ​ក្រហម​កាល​ពី​ថ្ងៃ​ទី​៣០ ខែ​មីនា ឆ្នាំ​២០១៣។
សវនាការ​សាលាក្តី​ខ្មែរ​ក្រហម​កាល​ពី​ថ្ងៃ​ទី​៣០ ខែ​មីនា ឆ្នាំ​២០១៣។

កាល​ពី​ដើមខែ​តុលា​កន្លង​ទៅ​នេះ​ រដ្ឋាភិបាល​អូស្ត្រាលី​បាន​សន្យា​ផ្តល់​ថវិកា​បន្ថែម​ចំនួន​៣.២៥០.០០០​ដុល្លារ​អូស្ត្រាលី​ថដល់​សាលាក្តី​ខ្មែរ​ក្រហម​សម្រាប់​ដំណើរការ​នៅ​ផ្នែក​ភាគី​អន្តរជាតិ​នៃ​សាលាក្តី​នេះ។

លោក​ Stephen Mathias ឧបការី​អគ្គ​លេខាធិការ​អង្គការ​សហប្រជាជាតិ​ទទួល​បន្ទុក​កិច្ចការ​ច្បាប់​ បាន​ផ្តល់​ការ​គាំទ្រ​ដល់​សំណើ​របស់​រាជ​រដ្ឋាភិបាល​កម្ពុជា​ដែល​បាន​ស្នើ​សុំ​ការ​ឧបត្ថម្ភ​ធន​សម្រាប់​ប្រតិបត្តិការ​របស់​អង្គ​ជំនុំ​ជម្រះ​វិសាមញ្ញ​ក្នុង​តុលាការ​កម្ពុជា​ (អ.វ.ត.ក)​ ក្នុង​ឆ្នាំ​២០១៦។ នេះ​បើ​យោង​ទៅតាម​សេចក្តី​ប្រកាស​ព័ត៌មាន​របស់​អង្គភាព​ព័ត៌មាន​ និង​ប្រតិកម្ម​រហ័ស​នៃ​ទីស្តីការ​គណៈរដ្ឋមន្ត្រី​ដែល​បាន​ចេញ​ផ្សាយ​នៅ​ថ្ងៃ​ពុធនេះ។​ ​

យោង​ទៅ​តាម​សេចក្តី​ប្រកាស​ព័ត៌មាន​នេះ​ លោក​ Stephen Mathias ​បាន​ជួប​ពិភាក្សា​ជាមួយ​លោក ​សុខ អាន​ រដ្ឋមន្ត្រី​ទទួល​បន្ទុក​ទីស្តីការគណៈរដ្ឋមន្ត្រី​ និង​ជា​ប្រធាន​ក្រុម​ការងារ​រាជរដ្ឋាភិបាល​ទទួល​បន្ទុក​សាលាក្តី​ខ្មែរ​ក្រហម​ កាលពី​ថ្ងៃ​អង្គារ​ ដើម្បី​ស្វែងយល់​ពី​ការ​វិវត្តន៍​របស់​សាលាក្តី​ខ្មែរក្រហម ខណៈ​ដែល​សាលាក្តី​ដ៏​ចម្រូងចម្រាស​នេះ​ ចាប់​ផ្តើម​សវនាការ​ លើ​បណ្តឹង​សារ​ទុក្ខ​ក្នុង​សំណុំរឿង​០០២/០១។​

សេចក្តី​ប្រកាស​ព័ត៌មាន​នោះ​បាន​បង្ហាញ​ពី​សេចក្តី​ថ្លែងការណ៍​រួម​របស់​ភាគី​ទាំង​ពី​ដែល​បានសរសេរ​ថា៖​ «​ភាគី​ទាំង​ពីរ​ បាន​ស្វាគមន៍​ចំពោះ​សុឆន្ទៈ​របស់​រាជ​រដ្ឋាភិបាល​ ក្នុង​ការ​គាំទ្រ​ដល់​សំណើ​របស់​អគ្គលេខាធិការ​ អ.ស.ប.​ ដាក់​ជូន​មហាសន្និបាត​ អ.ស.ប ​ទាក់​ទង​នឹង​ការ​ឧបត្ថម្ភធន​សម្រាប់​ប្រតិបតិ្តការ​របស់​អ.វ.ត.ក ក្នុង​ឆ្នាំ​២០១៦​ ព្រមទាំង​សុឆន្ទៈ​ របស់​ខ្លួន​ក្នុង​ការ​បន្ត​ផ្តល់​វិភាគ​ទាន​គ្រប់​គ្រាន់​ និង​ដោយ​ផ្ទាល់​ដល់​ភាគី​ជាតិ​នៃ​ អ.វ.ត.ក​ ដើម្បី​ធានា​ឲ្យ​បាន​ថវិកា​គ្រប់​គ្រាន់​ ដោយ​ពិចារណា​ទៅលើ​ការ​ចូលរួម​វិភាគទាន​ពី​ប្រទេស​ម្ចាស់​ជំនួយ​អន្តរជាតិ​នានា។​ ហើយ​សង្ឃឹម​ថា​វិធាន​ការ​ទាំង​នេះ​ នឹង​ផ្តល់​នូវ​ស្ថិរភាព​ហិរញ្ញវត្ថុ​សម្រាប់​ អ.វ.ត.ក​ ក្នុង​ឆ្នាំ​២០១៦»។

លោក​ ឯក ថា​ អនុប្រធាន​នាយកដ្ឋាន​ព័ត៌មាន​នៃ​អង្គភាព​ព័ត៌មាន​ និង​ប្រតិកម្ម​រហ័ស ថ្លែង​ប្រាប់​ក្រុម​អ្នកសារព័ត៌មាន​ក្រោយពី​ជំនួប​នោះ​ថា​ រដ្ឋាភិបាល​កម្ពុជា​បាន​បន្ត​យក​ចិត្ត​ទុក​ដាក់ក្នុង​ការ​ប្រព្រឹត្តិ​ទៅ​ នៃ​សាលាក្តី​ខ្មែរក្រហម​ ហើយ​ថា​ រដ្ឋាភិបាល​កម្ពុជា​បាន​សម្រេច​ផ្តល់​ថវិកា​បដិភាគ​ដល់​ភាគី​ជាតិ​ដើម្បី​ដំណើរការសាលាក្តី​ក្នុង​រយៈពេល​៦​ខែ​នៅ​ក្នុង​ឆ្នាំ​ខាងមុខនេះ។​

«សម្រាប់​៦ខែ​ ឆ្នាំ​២០១៦ គឺ​ប្រាំមួយ​ខែ​ឆ្នាំ​ក្រោយ​នេះ​ គឺ​រាជរដ្ឋាភិបាល​កម្ពុជា​ នឹង​ផ្តល់​ថវិកា​បដិភាគ​ ប្រមាណ​ជា​ជាង​បួន​លាន​ដុល្លារ​អាមេរិក​ សម្រាប់​ដល់​ភាគី​ជាតិ​កម្ពុជា​ ទាំងផ្នែក​ប្រតិបត្តិការ​សម្រាប់​ការ​ប្រើ​ប្រាស់​នៅ​អង្គ​ជំនុំ​ជម្រះ​វិសាមញ្ញ​នៅ​តុលាការ​ហ្នឹង ក៏​ដូច​ជា​ការ​បូក​បញ្ចូល​ប្រាក់​ខែ​របស់​បុគ្គលិក​ខាង​ភាគី​ជាតិ​»។​ ​ ​

ប៉ុន្តែ​ពុំ​មាន​ភាគី​ណា​ម្នាក់​បញ្ជាក់​ថា​ថវិកា​ចាំ​បាច់​សម្រាប់​ដំណើរការ​សាលាក្តី​ទាំងមូល​មាន​ចំនួន​ប៉ុន្មាន​ទេ​សម្រាប់​ឆ្នាំ​២០១៦។

សេចក្តី​ថ្លែងការណ៍​រួម​ដដែល​នោះ​ បាន​បញ្ជាក់​បន្ថែម​ថា​ ភាគី​ទាំង​ពីរ​មាន​ការ​ខ្វែង​គំនិត​គ្នា​ លើ​សំណុំ​រឿង​ចំនួន២ ​ដែល​បច្ចុប្បន្ន​នេះ​កំពុង​ស្ថិត​ក្នុង​ដំណាក់​កាល​ស៊ើប​អង្កេត។​ យ៉ាងណាក៏ដោយ​ ភាគី​ទាំងពីរ​បាន​ឯកភាព​គ្នា​ ថា​ការសម្រេច​បាន​ឆាប់​រហ័ស​នូវ​ដំណោះស្រាយ​គួរ​ជាទី​ពេញ​ចិត្ត​ ដែល​អនុលោម​តាម​លក្ខខណ្ឌ​ដែល​មាន​ចែង​នៅ​ក្នុង​កិច្ច​ព្រមព្រៀង​បង្កើត​អ.វ.ត.ក​ ពាក់​ព័ន្ធ​សំណុំរឿង​ចំនួន​២​នេះ​ គឺ​មាន​សារៈសំខាន់​ណាស់​ជាមួយ​នឹង​វិធានការ​ពាក់​ព័ន្ធ​ដែល​នឹង​ត្រូវ​ដាក់​ចេញ​ដោយ​រាជ​រដ្ឋាភិបាល​កម្ពុជា។​

សាលាក្តី​ខ្មែរក្រហម​ នៅ​មាន​បញ្ហា​ចម្រូងចម្រាស​មិន​ទាន់​សម្រេច​ដាច់​ស្រេច​លើ​សំណុំរឿង​០០៣ និង​០០៤ ថា​តើ​ត្រូវ​បន្ត​ទៀត​ឬ​យ៉ាងណា​នៅ​ឡើយ​ទេ។

ជារឿយៗ​សាលាក្តី​ខ្មែរ​ក្រហម​តែងតែ​ជួប​ប្រទះ​វិបត្តិ​ថវិកា​នៅ​ក្នុង​ដំណើរការ​កាត់​ទោស​មេដឹកនាំ​ខ្មែរ​ក្រហម​ដែល​នៅ​រស់រាន​មាន​ជីវិត​ចំនួន​ពីរ​នាក់​គឺ​នួន ជា ​អតីត​ប្រធាន​សភា ​និង​ ខៀវ សំផន ​អតីត​ប្រមុខ​រដ្ឋ​ដែល​មាន​តែ​ឈ្មោះ។

កាល​ពី​ដើមខែ​តុលា​កន្លង​ទៅ​នេះ​ រដ្ឋាភិបាល​អូស្ត្រាលី​បាន​សន្យា​ផ្តល់​ថវិកា​បន្ថែម​ចំនួន​៣.២៥០.០០០​ដុល្លារ​អូស្ត្រាលី (ប្រហែល​២លាន​៣សែន​ដុល្លារ​សហរដ្ឋ​អាមេរិក) ដល់​សាលាក្តី​ខ្មែរ​ក្រហម​សម្រាប់​ដំណើរការ​នៅ​ផ្នែក​ភាគី​អន្តរជាតិ​នៃ​សាលាក្តី​នេះ៕

វីដេអូថ្មីៗបំផុត

XS
SM
MD
LG