ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

វិទ្យុប្រចាំ​សប្តាហ៍របស់​​សាលាក្តី​ខ្មែរ​ក្រហម​ធ្វើការផ្សាយ​តាម​​រលក​វិទ្យុ​ FM 102 ​របស់​មណ្ឌល​ស្រី្ត​កម្ពុជា​ ​


រូប​ឯកសារ៖ ពលរដ្ឋ​ចូលរួម​សវនាការ​កាត់ទោស​មេដឹកនាំ​ខ្មែរ​ក្រហម​នៅឯសាលាក្តី​នៅ​ជាយក្រុង​ភ្នំពេញ ថ្ងៃទី២១ វិច្ឆិកា ២០១១។
រូប​ឯកសារ៖ ពលរដ្ឋ​ចូលរួម​សវនាការ​កាត់ទោស​មេដឹកនាំ​ខ្មែរ​ក្រហម​នៅឯសាលាក្តី​នៅ​ជាយក្រុង​ភ្នំពេញ ថ្ងៃទី២១ វិច្ឆិកា ២០១១។

កម្មវិធី​វិទ្យុ​ប្រចាំ​សប្តាហ៍​របស់​សាលាក្តី​កាត់ទោស​ខ្មែរ​ក្រហម​បាន​ធ្វើ​ការ​ផ្សាយ​សា​​ជា​ថ្មី​ឡើង​វិញ​ហើយ​កាល​ពីថ្ងៃ​ទី១០ ​ខែ​កញ្ញា​ថ្មីៗ​នេះ​ នៅ​​លើ​រលក​​វិទ្យុ​ FM 102 ​របស់​មណ្ឌល​ស្រី្ត​កម្ពុជា។

កម្មវិធី​វិទ្យុ​ប្រចាំ​សប្តាហ៍​របស់​សាលាក្តី​កាត់​ទោស​ខ្មែរ​ក្រហម​បាន​ធ្វើ​ការ​ផ្សាយ​សា​ជា​ថ្មី​ឡើង​វិញ​ហើយ​កាល​ពីថ្ងៃ​ទី១០ ​ខែ​កញ្ញា​ថ្មីៗ​នេះ​ នៅ​លើ​រលក​វិទ្យុ​ FM 102 ​របស់​មណ្ឌល​ស្រី្ត​កម្ពុជា​ ក្រោយពី​ការ​ផ្លាស់​ប្តូរ​ពីរ​ដង​កន្លង​ទៅ​ពី​វិទ្យុជាតិ​កម្ពុជា​ទៅ​វិទ្យុ​បាយ័ន ​និង​ចុង​ក្រោយ​មក​វិទ្យុ​មណ្ឌល​ស្រ្តី​កម្ពុជា។​

​អមទៅ​នឹង​ដំណើរ​ការ​នៃ​ការកាត់​ទោស​ មេដឹកនាំ​ក្នុង​របប​ខ្មែរក្រហម​ ឬ​របប​កម្ពុជា​ប្រជា​ធិបតេយ្យ​ អង្គ​ជំនុំ​ជម្រះ​វិសាមញ្ញ​ក្នុង​តុលាការ​កម្ពុជា ​(អ.វ.ត.ក) ​ឬ​ដែល​គេ​ស្គាល់​ថា ​សាលាក្តី​កាត់​ទោស​ខ្មែរ​ក្រហម ​បាន​បើក​ការផ្សាយ​កម្ម​វិធី​វិទ្យុ​របស់​ខ្លួន​តាំងពី​ខែ​វិច្ឆិកា​ ឆ្នាំ​២០១១​មក​តាម​វិទ្យុជាតិ​កម្ពុជា។​

ហើយ​នៅ​ខែ​កញ្ញា​ថ្មីៗ​នេះ ​កម្មវិធី​វិទ្យុ​របស់​អ.វ.ត.ក.​ដែល​មាន​ឈ្មោះ​ថា ​«ការ​ជំនុំ​ជម្រះ​ក្តី​កាត់​ទោស​អតីត​មេ​ដឹកនាំ​ខ្មែរ​ក្រហម»នោះ​ត្រូវ​បាន​បើក​ឲ្យ​មាន​ការ​ផ្សាយ​ផ្ទាល់​សាជា​ថ្មីម្តង​ទៀត​ តាម​រយៈ​រលក​វិទ្យុស្រ្តី​កម្ពុជា ​FM 102 ​ក្រោយពី​ការ​ផ្លាស់​ប្តូរ​ចំនួន​ពីរ​ដង ​គឺ​ពីវិទ្យុជាតិ​កម្ពុជា​ទៅ​វិទ្យុ​បាយ័ន​នៅ​ឆ្នាំ​២០១៣ ​និង​ចុង​ក្រោយ​ប្តូរ​មក​ផ្សាយ​តាម​វិទ្យុ​ស្រ្តី​កម្ពុជា ​FM 102។​

ទាក់ទង​នឹង​ការផ្អាក​ និង​ការផ្លាស់​ប្តូរ​នេះ​ លោក​ នេត្រ ភក្ត្រា អ្នកនាំ​ពាក្យ​សាលាក្តី​ខ្មែរ​ក្រហម​ បាន​បញ្ជាក់​ថា​ មិន​មាន​ហេតុផល​ក្រៅ​ពី​ការ​ផ្លាស់​ប្តូរ​កុងត្រា​មួយ​ឆ្នាំ​ម្តងៗ​នោះ​ទេ។​

បច្ចុប្បន្ន ​កម្ម​វិធី​វិទ្យុ​ប្រចាំ​សប្តាហ៍​ដែល​មាន​រយៈពេល​១ម៉ោង​នេះ​ផ្សាយ​ផ្ទាល់​រៀង​រាល់​ថ្ងៃ​ព្រហស្បតិ៍​ ពី​ម៉ោង​៦​ដល់​ម៉ោង​៧​ល្ងាច។​

លោក​ នេត្រ ភក្ត្រា ​បាន​ឲ្យ​ដឹង​ថា ​កម្មវិធី​វិទ្យុ​នេះ​មិន​ត្រឹម​តែ​បង្ហាញ​ពី​ការ​វិវឌ្ឍ​ថ្មីៗ​ជុំវិញ​ដំណើរការ​ជំនុំ​ជម្រះ​ក្តី​ប៉ុណ្ណោះ​ទេ ​ក៏​ប៉ុន្តែ​វា​ជា​វេទិកា​ដែល​អាច​សួរ​ដេញ​ដោល​អំពី​ដំណើរ​ការ​នីតិ​វិធី​នៃ​ការ​កាត់ក្តី​ផង​ដែរ​ ដោយ​មាន​វាគ្មិន​ជា​អ្នក​ជំនាញ​មក​ពី​អង្គ​ជំនុំ​ជម្រះ​វិសាមញ្ញ​ក្នុង​តុលាការ​កម្ពុជា​ចូលរួម។​

លោក​ នេត្រ​ ភក្ត្រា ​បាន​ឲ្យ​ដឹង​ទៀត​ថា​ វិទ្យុ​នេះ​គឺ​សម្រាប់​មហាជន​ទូទៅ​ គឺ​មិន​មាន​កំណត់​ក្រុម​គោល​ដៅ​នៃ​អ្នក​ស្តាប់​នោះ​ទេ។ ​ហើយ​សម្រាប់​ការ​ផ្សាយ​ដំបូង​ក្នុង​ខែ​កញ្ញា​ឆ្នាំ​២០១៥​នេះ​ ប្រធាន​បទ​ដែល​លើក​យក​មក​ពិភាក្សា​នោះ​ទាក់ទង​ទៅនឹង​ឧក្រិដ្ឋ​កម្ម​ប្រល័យ​ពូជសាសន៍​ ​ឧក្រិដ្ឋ​កម្ម​ប្រឆាំង​ជនជាតិ​ចាម​ ដែល​អង្គ​ជំនុំ​ជម្រះ​សាលា​ដំបូង​ចាប់​ផ្តើម​សវនាការ​កាលពី​ថ្ងៃ​ទី៧​ ខែ​កញ្ញា​កន្លង​ទៅ។​

«ពេល​នេះ​ការ​ជំនុំ​ជម្រះ​ក្តី​របស់​អង្គ​ជំនុំ​ជម្រះ​វិសាមញ្ញ​ក្នុង​តុលាការ​កម្ពុជា​បាន​ឈាន​ដល់​ដំណាក់​កាល​សវនាការ​លើ​សុំណុំ​រឿង​០០២ ​វគ្គ​២​ប្រឆាំង​នឹង​ជន​ជាប់​ចោទ​ នួន ជា​ និង ​ខៀវ​ សំផន​ ហើយ​អង្គ​ជំនុំ​ជម្រះ​សាលា​ដំបូង​បាន​ឈានដល់​ដំណាក់​កាល​ផ្តោត​ទៅលើឧក្រិដ្ឋ​កម្ម​ប្រល័យ​ពូជសាសន៍​ប្រឆាំង​ជនជាតិ​ចាម​ ដែល​មក​ដល់​ពេល​នេះ ​អង្គ​ជំនុំ​ជម្រះ​បាន​ស្តាប់​សក្ខី​កម្ម​របស់​សាក្សី​ និង​ដើម​បណ្តឹង​រដ្ឋប្បវេណី​ចំនួន​៨​រូបរួច​ហើយ»។​

ចំពោះ​កម្ម​វិធី​វិទ្យុ​នេះ​ដែរ ​ លោក ​ដៀប​ សុផល​ សាស្រ្តាចារ្យ​ផ្នែក​ប្រវត្តិ​សាស្រ្ត​នៃ​សាកល​វិទ្យាល័យ​ជាតិ​គ្រប់គ្រង ​និង​សាកល​វិទ្យាល័យ​កម្ពុជា ​បាន​បង្ហាញ​ការ​គាំទ្រ​ចំពោះ​ការ​បង្កើត​វេទិកា​សួរ​ដេញ​ដោល​អំពី​ចម្ងល់​ទាក់ទង​នឹងប្រវត្តិសាស្រ្ត​ក្នុង​របប​កម្ពុជា​ប្រជា​ធិបតេយ្យ។ ​លោក​ឲ្យ​ដឹង​ថា​ វា​ជា​វិធី​ផ្សះ​ផ្សារ​ផ្លូវ​ចិត្ត​មួយ​ដ៏ប្រសើរ ​ហើយ​លោក​ក៏​សំណូម​ពរ​ឲ្យ​មាន​ការ​ចូលរួម​ពី​អ្នក​ឯកទេស​ខាងប្រវត្តិ​សាស្រ្ត​ និង​ចិត្តសាស្រ្ត​ផង​ដែរ។​

«បើ​សិន​អ្នក​នឹង​ជា​អ្នក​រងគ្រោះ ​ហើយ​មាន​ឱកាស​ផ្តល់​យោបល់​គឺ​ជា​ថ្នាំ​ព្យាបាល​ផ្លូវ​ចិត្ត​មួយ​ដ៏​សំខាន់​ ព្រោះ​នេះ​ជា​រឿង​ដ៏​ចុកអួល​ណែន​ជាច្រើន​ឆ្នាំ​មក​ហើយ។ ​វិទ្យុ​នេះ​អាច​ឲ្យ​គាត់​ទម្លាយ​អាថ៍​កំបាំង​ និង​រឿង​ក្រៀមក្រំ​របស់​គាត់»។​

លោក​សាស្រ្តាចារ្យ​បន្ត​ទៀត​ថា ​ការ​សិក្សា​ប្រវត្តិសាស្រ្ត​ជារឿង​មួយ​ដ៏​សំខាន់​ណាស់​សម្រាប់​យុវជន ​និង​និស្សិត​ទាំងឡាយ​ ដែល​ជា​អ្នក​ស្នង​តំណែង​ដឹក​នាំនា​ថ្ងៃ​អនាគត​ ដើម្បី​ចៀស​វាង​ការ​កើត​មាន​ព្រឹត្តិ​ការណ៍​សោកនាដ​កម្ម​ជាថ្មី​ទៀត​ក្នុង​ប្រវត្តិ​សាស្រ្ត​កម្ពុជា។ ​ដូចនេះ​ពួក​គេ​ក៏គួរ​តែ​តាម​ដាន​ស្តាប់ និង​យល់​ដឹង​អំពីប្រវត្តិ​សាស្រ្ត​ដ៏​ជូរចត់​ក្នុង​សម័យ​ខ្មែរ​ក្រហម​នេះ​ដែរ។​

«ដើម្បី​ស្នង​មរតក​ទៅ​ថ្ងៃ​មុខ​ទៀត​ ដើម្បី​កសាង​ប្រទេស​កុំ​ឲ្យ​ជាន់​ដាន​ចាស់​ គាត់​ត្រូវតែ​ចេះ​រឿង​នេះ​ឲ្យ​បាន​ច្បាស់»។​

លោក​បាន​ផ្តល់​អនុសាសន៍​ថា ​ការ​ធ្វើ​ឲ្យ​និស្សិត​ចាប់​អារម្មណ៍​គឺ​ជា​រឿង​មួយ​សំខាន់​ហើយ​វិទ្យុ​នេះ​ត្រូវ​មាន​បច្ចេកទេស ​ឬ​មធ្យោបាយ​យ៉ាងណា​ធ្វើឲ្យ​និស្សិត​ចាប់​អារម្មណ៍ ​ឲ្យ​និស្សិត​បាន​ចូលរួម​នៅ​ក្នុង​រឿង​នេះ៕

XS
SM
MD
LG