ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ក្រុម​អ្នក​ឃ្លាំ​មើល​ថា​ឧទ្ទាម​ Al-Qaida ក្នុង​ប្រទេស​ស៊ីរី​វាយ​យក​ក្រុង​ដ៏​សំខាន់​នៅ ភាគ​ខាង​ជើង


ពលរដ្ឋ​ដែល​ខ្លាច​ការ​វាយ​ប្រហារ​តាម​អាកាស​របស់​កងកម្លាំង​របស់​ប្រធានាធិបតី​ស៊ីរី Bashar Al-Assad ភាស​ខ្លួន​ពី​ទីក្រុង​ Idlib នៅ​ក្រោយ​ពេល​ដែល​យុទ្ធជន​របស់​ក្រុម​ឧទ្ទាម​បាន​កាន់កាប់​តំបន់​នោះ​កាលពី​ថ្ងៃទី២៨ ខែមីនា ឆ្នាំ២០១៥។

ក្រុម​យុទ្ធជន​អ៊ីស្ថាម​និងក្រុម​អ្នក​ឃ្លាំមើល​មួយក្រុម​និយាយ​ថា​សាខា​ក្រុម al-Qaida និង​សម្ព័ន្ធមិត្ត​របស់​ពួកគេ​នៅ​ក្នុង​ប្រទេស​ស៊ីរី​បាន​វាយ​យក​បាន​ក្រុង Idlib កាល​ពី​ថ្ងៃសៅរ៍​ពី​កងកម្លាំង​រដ្ឋាភិបាល​ជា​លើកដំបូងនៅ​ក្នុង​សង្គ្រាម​ស៊ីវិល​នៃ​ប្រទេស​នេះ។

អង្គការ​ Syrian Observatory for Human Rights បាន​និយាយ​ថា​សម្ព័ន្ធភាព​មួយ​នៃ​រណសិរ្ស Nusra និង​ក្រុម​អ៊ីស្លាម​ឯទៀតៗ​បាន​ត្រួតត្រា​ក្រុង​ Idlib ក្រោយ​ពី​បាន​ប្រយុទ្ធ​បួន​ថ្ងៃ​ជាមួយ​កងកម្លាំង​រដ្ឋាភិបាល​ស៊ីរី។​ អង្គការ Observatory បាន​និយាយ​ថា​យុទ្ធជន​៧នាក់​បាន​ស្លាប់​ហើយ​ទាហាន​ច្រើននាក់​បាន​បាត់បង់​ជីវិត​ឬ​បាន​ត្រូវ​ចាប់​ខ្លួន។​

រណសិរ្ស​ al-Nusra បាន​ប្រកាស​អំពី​ការ​វាយ​យក​បាន​ក្រុង​នេះ​ក្នុង​ប៉ែក​ពាយ័ព្យ​នៃ​ប្រទេស​ស៊ីរី​តាម​រយៈ​បណ្តាញ​ព័ត៌មាន​សង្គម។​

ទីភ្នាក់ងារ​ព័ត៌មាន​ SANA​ ជា​ផ្លូវការ​នៃ​ប្រទេស​ស៊ីរី​មិន​បាន​រាយការណ៍​ពី​ការ​ដួល​រលំ​ក្រុង Idlib ទេ ក៏ប៉ុន្តែ​បាន​និយាយ​ថា​កងទ័ព​កំពុង «ប្រយុទ្ធ​យ៉ាង​សាហាវ» ដើម្បី​ត្រួតត្រា​ក្រុង​នេះ។ ​អង្គការ Observatory បាន​និយាយ​ថា​កង​យន្តហោះ​ចម្បាំង​ស៊ីរី​បាន​វាយ​ប្រហារ​លើ​ក្រុម​យុទ្ធជន​អ៊ីស្លាម​នៅ​ជុំវិញ​ទីក្រុង​នេះ៕

XS
SM
MD
LG