ក្រុមឃ្លាំមើលស្ថានការណ៍បាននិយាយថាចំនួនមនុស្សស្លាប់ដោយសារការវាយប្រហារពីរ កាលពីថ្ងៃសុក្រនៅក្នុងពិធីប្រារព្ធបុណ្យចូលឆ្នាំថ្មី Kurd ក្នុងប្រទេសស៊ីរីបានកើនទ្បើងដល់យ៉ាងតិចណាស់៤៥នាក់ហើយ។
ការបំផ្ទុះគ្រាប់បែកអត្តឃាតមួយនិងការបំផ្ទុះគ្រាប់បែកក្នុងទ្បានមួយគ្រឿងបានកើតមានទ្បើងនៅពេលក្រុមជនអំបូរ Kurd ភាគតិចនៃប្រទេសស៊ីរីចូលរួមក្នុងការប្រារព្ធពិធីបុណ្យនៅពេលយប់មុនថ្ងៃចូលឆ្នាំថ្មី Nowruz នៅក្នុងក្រុង Hasakah នាផ្នែកឦសាននៃប្រទេសស៊ីរី។ មានមនុស្សជាង១២០នាក់បានត្រូវរបួស។
អង្គការ Syrian Observatory for Human Rights មានមូលដ្ឋាននៅក្នុងប្រទេសអង់គ្លេសបានបន្ទោសក្រុមរដ្ឋអ៊ីស្លាមថាបានធ្វើការវាយប្រហារទាំងពីរនេះ ទោះ ណាជាគ្មាននរណាម្នាក់អះអាងការទទួលខុសត្រូវដល់ការវាយប្រហារទាំងនេះក៏ដោយ។
លោកអគ្គលេខាធិការអ.ស.ប. បាន គីមូន បានថ្កោលទោសការបំផ្ទុះគ្រាប់បែកទាំងនេះ។ លោកបានមានប្រសាសន៍ថា «ការវាយប្រហារដ៏សាហាវយង់ឃ្នងទាំងនេះ» បានកើតមានទ្បើងនៅពេលធ្វើបុណ្យមួយដែលតាមទំនៀមទម្លាប់ជាពេលវេលាមួយសម្រាប់សហគមន៍ Kurd មកជួបជុំគ្នាដើម្បីចែករំលែកសេចក្តីសង្ឃឹមរបស់ពួកគេសម្រាប់ឆ្នាំថ្មី៕