ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

នាយករដ្ឋ​មន្ត្រី​ឥណ្ឌា​សម្ពោធ​វិហារ​ហិណ្ឌូ​ថ្មី​ដ៏​ធំ​មួយ​នៅ​លើ​ទី​តាំង​នៃ​វិហារ​អ៊ិស្លាម​ដែល​ត្រូវបាន​បំផ្លាញ


រូបឯកសារ៖ ឧទ្ធម្ភាគចក្រហោះ​បាចផ្កានៅក្នុងពិធី​បើក​សម្ពោធ​វិហារ​ហិណ្ឌូ​ Lord Ram នៅទីក្រុង Ayodhya ប្រទេសឥណ្ឌា កាលពីថ្ងៃទី២២ ខែមករា ឆ្នាំ២០២៤។
រូបឯកសារ៖ ឧទ្ធម្ភាគចក្រហោះ​បាចផ្កានៅក្នុងពិធី​បើក​សម្ពោធ​វិហារ​ហិណ្ឌូ​ Lord Ram នៅទីក្រុង Ayodhya ប្រទេសឥណ្ឌា កាលពីថ្ងៃទី២២ ខែមករា ឆ្នាំ២០២៤។

នៅ​ពេល​ដែល​អាចារ្យ​ហិណ្ឌូ​ធ្វើ​ពិធី​សាសនា នាយករដ្ឋមន្ត្រី​ឥណ្ឌា​លោក Narendra Modi បាន​បើក​សម្ពោធ​វិហារ​ហិណ្ឌូ​ដ៏​ធំ​មួយ​កាលពី​ថ្ងៃ​ទី ២២ ខែ​មករា​កន្លង​ទៅ​នេះ​ដើម្បី​ជា​ការ​ថ្វាយ​ព្រះ​កិត្តិយស​ដល់​ព្រះរាម ដែល​ជា​ព្រះ​ជា​ទីគោរព​សក្ការៈ​បំផុត​មួយ​អង្គ​របស់​សាសនា​ហិណ្ឌូ។ ព្រះ​វិហារ​នេះ​ត្រូវបាន​សាងសង់​ឡើង​ក្នុង​ទីក្រុង Ayodhya នៅ​ភាគ​ខាង​ជើង​ប្រទេស​ឥណ្ឌា។

វិហារ​ដែល​សង់ឡើង​ពី​ថ្មភក់​ពណ៌​ផ្កាឈូក​និង​មាន​ក្បាច់​រចនា​ដ៏​ស្រស់ស្អាត​នេះ​ស្ថិត​នៅ​លើ​ទីតាំង​នៃ​វិហារ​អ៊ិស្លាម​សម័យ Mughal សតវត្សរ៍​ទី១៦ ដែល​ត្រូវបាន​បំផ្លាញ​ដោយ​ហ្វូង​មនុស្ស​កាន់​សាសនា​ហិណ្ឌូ​កាលពី ៣ ទសវត្សរ៍​មុន។

បន្ទាប់ពី​រូប​ចម្លាក់​ព្រះរាម​ដែល​សង់​ពី​ថ្ម​ពណ៌ខ្មៅ​ត្រូវ​បាន​បើក​បង្ហាញ​មក លោក Modi បាន​ប្រាប់​ក្រុម​មនុស្ស​ដ៏​ច្រើន​សន្ធឹកសន្ធាប់​ថា៖ «‍ព្រះរាម​របស់​យើង​បាន​យាង​មក​ដល់​ហើយ។ ការ​លះបង់​និង​ការ​អត់ធ្មត់​រាប់​សតវត្សរ៍​កន្លង​មក​បាន​ធ្វើ​ឱ្យ​យើង​សម្រេច​បំណង​ហើយ»។ លោក Modi បាន​បន្ថែម​ថា៖ «‍ករណី​នេះ​បាន​នាំ​មក​នូវ​ថ្ងៃ​ថ្មី​សម្រាប់​យុគសម័យ​ថ្មី​មួយ»។

ពិធី​សម្ពោធ​វិហារ Ram Mandir ដែល​តុបតែង​ដោយ​ផ្កា​លាត​សន្ធឹង​លើ​ផ្ទៃដី​ជាង ៣ ហិកតា​នេះ​គឺជា​ការ​បំពេញ​តាម​ការ​សន្យា​របស់​គណបក្ស Bharatiya Janata របស់​លោក Modi ដែល​បាន​ដឹកនាំ​ចលនា​មួយ​អស់​រយៈពេល​មួយ​ទសវត្សរ៍​ឱ្យ​មាន​ការ​សាងសង់​វិហារ​នេះ​នៅ​លើ​ទីតាំង​នៃ​វិហារ​អ៊ិស្លាម សម័យ Mughal នោះ។ អ្នក​កាន់​សាសនា​ហិណ្ឌូ​ជឿ​ថា​វិហារ​អ៊ិស្លាម​សម័យ Mughal នេះ​ត្រូវបាន​សាងសង់​ឡើង​នៅ​លើ​ទីតាំង​របស់​វិហារ​បុរាណ​ចាស់​ទ្រុឌទ្រោម​ដែល​ត្រូវ​បានគេ​សម្គាល់​ថា​ជា​កន្លែង​កំណើត​របស់​ព្រះរាម។

ក៏ប៉ុន្តែ​សម្រាប់​អ្នក​កាន់​សាសនា​អ៊ិស្លាម​ជា​ច្រើន វិហារ​ហិណ្ឌូ​ថ្មី​នេះ​គឺជា​ការ​រំឭក​ដល់​ការ​បំផ្លិច​បំផ្លាញ​វិហារ​អ៊ិស្លាម​នោះ។

នៅ​ខែ​ធ្នូ ឆ្នាំ ១៩៩២ ក្រុម​សកម្មជន​ហិណ្ឌូ​ស្តាំ​និយម​ដ៏ច្រើន​សន្ធឹកសន្ធាប់​បាន​ប្រើ​ញញួរ ពូថៅ និង​ដៃ​ទទេ ដើម្បី​វាយ​កម្ទេច​វិហារ​អ៊ិស្លាម​នោះ។ ករណី​នេះ​បាន​បង្ក​ឱ្យ​មាន​កុបកម្ម​សាសនា​នៅ​ទូទាំង​ប្រទេស​ឥណ្ឌា ដែល​បាន​ធ្វើ​ឱ្យ​មនុស្ស​ជិត ២.០០០ នាក់​ស្លាប់។ វា​ជា​អំពើ​ហិង្សា​សហគមន៍​ដ៏​អាក្រក់​បំផុត​ដែល​បាន​កើតឡើង​នៅ​ក្នុង​ប្រទេស​ឥណ្ឌា​ចាប់​តាំងពី​ប្រទេស​នេះ​បាន​ទទួល​ឯករាជ្យ​មក។

ព្រឹត្តិការណ៍​សាសនា​នេះ​គឺជា​ការ​បង្ហាញ​ឱ្យ​ឃើញ​អំពី​សារៈសំខាន់​ជា​ប្រវត្តិសាស្ត្រ​និង​ថ្នាក់​ជាតិ​មួយ​នៅក្នុង​ប្រទេស​ដែល​មាន​ប្រជាជន​ភាគ​ច្រើន​ជា​អ្នក​កាន់​សាសនា​ហិណ្ឌូ។

ក្នុង​ចំណោម​មនុស្ស​ជាង ៧.០០០ នាក់​ដែល​បាន​មើល​ឃើញ​ពិធី​សម្ពោធ​ដែល​ចាក់ផ្សាយ​តាម​ផ្ទាំង​សំពត់​ស​ដ៏​ធំ​នៅ​ខាងក្រៅ​វិហារ​នេះ​នៅក្នុង​ទីក្រុង​តូច​មួយ គេ​ក៏​ឃើញ​មាន​វត្តមាន​អ្នក​នយោបាយ​កំពូលៗ មហា​សេដ្ឋី និង​តារា​ភាពយន្ត​បូលីវូដ (Bollywood) ផងដែរ។ ឧទ្ធម្ភាគចក្រ​របស់​ទ័ព​អាកាស​ឥណ្ឌា​បាន​បាច​ផ្កា​លើ​វិហារ​នោះ។ រដ្ឋាភិបាល​ឥណ្ឌា​បាន​ប្រកាស​ឱ្យ​មាន​ការ​ឈប់​សម្រាក​កន្លះ​ថ្ងៃ។

នៅ​ក្នុង​ទីក្រុង Ayodhya អ្នក​កាន់​សាសនា​ហិណ្ឌូ​បាន​វាយ​ស្គរ​និង​រាំ​គ្រា​ដែល​គេ​ចាក់​ចម្រៀង​សាសនា​តាម​ឧបករណ៍​បំពង​សំឡេង។ រីឯ​នៅ​តាម​ទីក្រុង ទីប្រជុំជន និង​ភូមិ​នានា​វិញ ដែល​ភាព​រំភើប​សប្បាយ​រីករាយ​បាន​កើត​មាន​ឡើង​អស់​ជាច្រើន​សប្តាហ៍​មកហើយ មនុស្ស​ជាច្រើន​បាន​អុជ​ចង្កៀង​លើ​ដី​ដើម្បី​បំភ្លឺ​នៅ​ពេល​ដែល​ពួកគេ​ធ្វើ​តាម​ការ​អំពាវនាវ​របស់​លោក Modi ឱ្យ​មាន​ការ​ប្រារព្ធ​ពិធី​នេះ​ដូច​ទៅ​នឹង​ការ​ប្រារព្ធ​ពិធី​បុណ្យ​ហិណ្ឌូ Diwali ដ៏​ធំ​បំផុត​ដូច្នេះ​ដែរ។

ទង់​ពណ៌​លឿងទុំ​ដែល​មាន​រូប​ព្រះរាម​ត្រូវបាន​គេ​ដោត​នៅ​ខាងក្រៅ​ផ្ទះ​និង​ហាង​ជាច្រើន។ មនុស្ស​រាប់​លាន​នាក់​បាន​មើល​ការ​ផ្សាយ​អំពី​ពិធី​នេះ​តាម​កញ្ចក់​ទូរទស្សន៍​នៅ​តាមផ្ទះ​របស់​ពួកគេ។

ក៏ប៉ុន្តែ ទោះជា​យ៉ាងនេះ​ក៏ដោយ ក៏​មេដឹកនាំ​សាសនា​ហិណ្ឌូ​មួយ​ចំនួន​បាន​បដិសេធ​មិន​ចូលរួម​នៅ​ក្នុង​ពិធី​សម្ពោធ​នេះ ដោយ​និយាយ​ថា​ការធ្វើ​ពិធី​សាសនា​នៅក្នុង​វិហារ​នេះ​គឺជា​ការ​ប្រឆាំង​នឹង​សាសនា​ហិណ្ឌូ ដោយសារតែ​ផ្នែក​ខ្លះ​នៃ​វិហារ​នេះ​នៅ​មិន​ទាន់​បាន​សង់​រួចរាល់​នៅ​ឡើយ។

គណបក្ស​ប្រឆាំង​ភាគច្រើន​ក៏​មិន​បាន​ចូល​ខ្លួន​ពាក់ព័ន្ធ​នឹង​ការ​សម្ពោធ​វិហារ​នេះ​ដែរ ដោយ​បាន​ចោទ​លោក​នាយករដ្ឋមន្ត្រី Modi ថា​បាន​ប្រើប្រាស់​ពិធី​សម្ពោធ​វិហារ​នេះ​ដើម្បី​កេង​ចំណេញ​ផ្នែក​នយោបាយ។ មេដឹកនាំ​គណបក្ស Congress លោក Rahul Gandhi បាន​ហៅ​ការ​សម្ភោធ​នេះ​ថា​ជា​«រឿង​នយោបាយ​ទាំងស្រុង​របស់​លោក Narendra Modi‍»។

នៅមុន​ការ​ឧទ្ទិស​វិហារ​នេះ លោក Modi បាន​ចាប់ផ្ដើម​ធ្វើ​ពិធី​ឱ្យ​ខ្លួន​មាន​ភាព​ស្អាត​បរិសុទ្ធ​តាម​បែប​សាសនា​ហិណ្ឌូ​រយៈពេល ១១ ថ្ងៃ ដែល​រួមមាន​ការ​តម​អាហារ​និង​ការ​ធ្វើ​ទស្សនកិច្ច​ទៅកាន់​វិហារ​ហិណ្ឌូ​នានា​នៅ​ទូទាំង​ប្រទេស​ផងដែរ។ លោក​បាន​ធ្វើ​ជា​អធិបតី​នៅ​ក្នុង​ពិធី​សាសនា​នេះ។

រូបឯកសារ៖ អ្នកគោរពសាសនា​ហិណ្ឌូ​រាំ​នៅលើ​ដងផ្លូវមួយ​ក្នុង​អំឡុង​ពិធីសម្ពោធ​វិហារហិណ្ឌូ Lord Ram នៅទីក្រុង Ayodhya ប្រទេសឥណ្ឌា កាលពីថ្ងៃទី២២ ខែមករា ឆ្នាំ២០២៤។
រូបឯកសារ៖ អ្នកគោរពសាសនា​ហិណ្ឌូ​រាំ​នៅលើ​ដងផ្លូវមួយ​ក្នុង​អំឡុង​ពិធីសម្ពោធ​វិហារហិណ្ឌូ Lord Ram នៅទីក្រុង Ayodhya ប្រទេសឥណ្ឌា កាលពីថ្ងៃទី២២ ខែមករា ឆ្នាំ២០២៤។

អ្នករិះគន់​នានា​បាន​ចោទ​លោក Modi ថា​បាន​ធ្វើ​ឱ្យ​មាន​ភាព​មិន​ច្បាស់លាស់​រវាង​សាសនា​និង​រដ្ឋ​នៅក្នុង​ប្រទេស​មួយ​ដែល​គោរព​តាម​រដ្ឋធម្មនុញ្ញ​បែប​អាណាចក្រ។

អ្នកវិភាគ​នយោបាយ​លោក Rasheed Kidwai បាន​និយាយ​ថា៖ «វិហារ​នេះ​ត្រូវបាន​លើក​តម្កើង​ដោយ​លោក Modi ថា​ជា​ចំណុច​ខ្ពស់​មួយ​នៅក្នុង​ប្រវត្តិសាស្ត្រ​អរិយធម៌​របស់​ប្រទេស​ឥណ្ឌា។ គណបក្ស Bharatiya Janata បាន​បង្ហាញ​ដោយ​គ្មាន​លាក់លៀម​ថា ក្ដីបារម្ភ​ខាង​សាសនា​របស់​សហគមន៍​អ្នកកាន់​សាសនា​ហិណ្ឌូ​ភាគច្រើន​គឺ​ស្ថិត​នៅលើ​របៀបវារៈ​នយោបាយ​របស់​គណបក្ស​នេះ»។

នៅ​ទសវត្សរ៍ ១៩៩០ យុទ្ធនាការ​សាងសង់​វិហារ​ហិណ្ឌូ​នេះ​បាន​ជំរុញ​ឱ្យ​មាន​ទស្សនៈ​ជាតិ​និយម​ហិណ្ឌូ ហើយ​បាន​នាំឱ្យ​គណបក្ស Bharatiya Janata ដែល​មុន​ពេល​នោះ​គ្រាន់តែ​ជា​គណបក្ស​នយោបាយ​បន្ទាប់បន្សំ​មួយ​ប៉ុណ្ណោះ ក្លាយទៅជា​កម្លាំង​នយោបាយ​មួយ​ដ៏​មាន​ឥទ្ធិពល។

អ្នក​កាន់​សាសនា​ហិណ្ឌូ​ជាច្រើន​មាន​អារម្មណ៍​រំជើបរំជួល​នៅពេល​ដែល​វិហារ​ដែល​មាន​តម្លៃ ២១៧ លាន​ដុល្លារ​នេះ​បាន​បើក​សម្ពោធ។ មនុស្ស​ជាច្រើន​បាន​និយាយ​ថា ការ​ឃើញ​រូប​ចម្លាក់​ថ្ម​ខ្មៅ​កម្ពស់ ១ ម៉ែត្រ ៣០ សង់ទីម៉ែត្រ​របស់​ព្រះរាម​ដែល​ដាក់​បង្ហាញ​នៅ​ក្នុង​វិហារ​នេះ​គឺជា​រឿង​ដ៏​រំជួល​ចិត្ត។ លោក Nitin Kumar បាន​និយាយ​នៅក្នុង​ទីក្រុង​ញូវដែលី​ថា៖ «ខ្ញុំ​ពិតជា​សប្បាយ​ចិត្ត។ វា​គឺជា​រឿង​ជំនឿ​សម្រាប់​ខ្ញុំ‍»។

វិហារ​ដ៏​ប្រណិត​ដែល​ស្ថិត​នៅលើ​ផ្ទៃដី ២៨ ហិកតា​នេះ​បាន​សាងសង់​ឡើង​នៅ​លើ​ទីតាំង​សាសនា​មួយ​ដែល​ជា​ទីតាំង​បង្ក​ឱ្យ​មាន​ជម្លោះ​ដ៏​ជូរចត់​បំផុត​មួយ​រវាង​អ្នកកាន់​សាសនា​ហិណ្ឌូ​និង​អ្នកកាន់​សាសនា​អ៊ិស្លាម។ អ្នក​កាន់​សាសនា​អ៊ិស្លាម​គឺជា​ក្រុម​អ្នក​កាន់​សាសនា​ភាគតិច​ធំ​បំផុត​នៅ​ឥណ្ឌា។

លោក Asaduddin Owaisi ដែល​ជា​ប្រធាន​គណបក្ស All India Majlis-e-Ittehadul Muslimeen ដែល​ជា​គណបក្ស​ប្រកាន់​យក​សាសនា​អ៊ិស្លាម និង​ជា​សមាជិក​រដ្ឋសភា បាន​និយាយ​កាលពី​ថ្ងៃទី ២០ ខែ​មករា​ថា៖ «វា​មាន​លក្ខណៈ​ជា​ប្រព័ន្ធ​យ៉ាងខ្លាំង។ វិហារ Babri Masjid របស់​អ្នក​កាន់​សាសនា​អ៊ិស្លាម​នៅ​ឥណ្ឌា​ត្រូវ​បាន​គេ​បំផ្លាញ​ចោល។ ប្រសិនបើ​វិហារ​នេះ​មិន​ត្រូវបាន​វាយកម្ទេច​ចោល​កាលពី​ឆ្នាំ ១៩៩២ នោះ​ទេ យើង​នឹង​មិន​ជួបប្រទះ​សភាព​ដូច​សព្វថ្ងៃ​នេះ​ឡើយ»។

បន្ទាប់ពី​ការតស៊ូ​តាម​ផ្លូវច្បាប់​នៅ​តុលាការ​អស់​រយៈពេល​ជាច្រើន​ទស្សវត្សរ៍​ពាក់ព័ន្ធ​នឹង​កម្មសិទ្ធិ​លើ​ទីតាំង​នោះ​រវាង​ក្រុម​អ្នកកាន់​សាសនា​ហិណ្ឌូ​និង​ក្រុម​អ្នកកាន់​សាសនា​អ៊ិស្លាម​មក តុលាការ​កំពូល​ឥណ្ឌា​បាន​ផ្តល់​កម្មសិទ្ធ​ទីតាំង​នោះ​ដល់​ក្រុម​អ្នកកាន់​សាសនា​ហិណ្ឌូ​នៅ​ឆ្នាំ ២០១៩ ទោះបីជា​តុលាការ​នេះ​បាន​ហៅ​ការ​បំផ្លាញ​វិហារ​អ៊ិស្លាម​នោះ​ថា​ជា «ការ​រំលោភ​ច្បាប់​យ៉ាង​ធ្ងន់ធ្ងរ‍» ក៏ដោយ។ មួយ​ឆ្នាំ​ក្រោយ​មក លោក Modi បាន​ចាក់គ្រឹះ​សាងសង់​វិហារ​នោះ។

អ្នកវិភាគ​នានា​បាន​និយាយ​ថា គណបក្ស Bharatiya Janata និង​ក្រុម​អ្នកកាន់​សាសនា​ហិណ្ឌូ​ស្តាំ​និយម​បាន​លើកឡើង​ពី​ការ​សាងសង់​វិហារ​នេះ​ថា​ជា​ពេល​នៃ​ការ​លេចឡើង​របស់​សាសនា​ហិណ្ឌូ បន្ទាប់ពី​ត្រូវបាន​គ្របដណ្តប់​ជាច្រើន​សតវត្សរ៍​ដោយ​ឥទ្ធិពល​របស់​សាសនា​អ៊ិស្លាម​និង​អាណានិគម​មក។

លោក Nilanjan Mukhopadhyay ដែល​ជា​អ្នកនិពន្ធ​និង​ជា​អ្នកវិភាគ​នយោបាយ បាន​និយាយ​ថា៖ «បន្ទាប់ពី​បាន​តតាំង​គ្នា​និង​តស៊ូ​អស់​រាប់​ទសវត្សរ៍​មក នេះ​គឺជា​ពិធី​ដ៏​ជោគជ័យ​មួយ​ដែល​មាន​លោក Modi ជា​អធិបតី»។ លោក Mukhopadhay បាន​ហៅ​វិហារ​នេះ​ថា​ជា​និមិត្តរូប​នៃ «នយោបាយ​នៃ​ការ​សងសឹក​និង​ជ័យជម្នះ‍»។

ចំណាប់​អារម្មណ៍​ទៅ​លើ​វិហារ​ថ្មី​ដ៏​ធំ​នេះ​នៅមុន​ការ​បោះឆ្នោត​ជាតិ​ដែល​គេ​រំពឹង​ថា​នឹង​ចាប់ផ្តើម​នៅ​ខែ​មេសា​ខាងមុខ​ទំនងជា​ផ្តល់​សន្ទុះ​ដល់​យុទ្ធនាការ​ឃោសនា​រក​សំឡេង​ឆ្នោត​របស់​គណបក្ស Bharatiya Janata។

លោក Modi បាន​ឡើង​កាន់​អំណាច​ក្នុង​ឆ្នាំ ២០១៤ ដោយ​បាន​សន្យា​ធ្វើការ​អភិវឌ្ឍ ក៏ប៉ុន្តែ​លោក​ក៏បាន​ជំរុញ​នូវ​អ្វី​ដែល​អ្នក​អត្ថាធិប្បាយ​មួយ​ចំនួន​ហៅថា​របៀបវារៈ «ដំបូង​បែប​សាសនា​ហិណ្ឌូ» ក្នុង​អំឡុង​ពេល​កាន់​តំណែង​រយៈពេល​ពីរ​អាណត្តិ​របស់​លោក​ផងដែរ។

អ្នកវិភាគ​នយោបាយ​លោក Sandeep Shastri បាន​ថ្លែង​ថា៖ «ការពិត​ដែល​ថា​លោក Modi បាន​កាន់​អំណាច​អស់​រយៈពេល ១០ ឆ្នាំ​មក​ហើយ​នោះ​អាច​នាំឱ្យ​ការ​គាំទ្រ​លោក​មាន​ការ​ធ្លាក់ចុះ។ ក៏ប៉ុន្តែ បញ្ហា​នោះ​អាច​ត្រូវ​ប៉ះប៉ូវ​វិញ​ឬ​ស្តារ​ឡើងវិញ​ដោយ​ការ​សម្ពោធ​វិហារ​នោះ ជាពិសេស​នៅ​ភាគ​ខាង​ជើង​ប្រទេស​ឥណ្ឌា ដែល​គណបក្ស​នេះ​មាន​គ្រឹះ​គាំទ្រ​យ៉ាង​ខ្លាំង»។

អ្នករិះគន់​បាន​ចោទ​សួរ​ថា​តើ​ការ​ចូលរួម​របស់​នាយករដ្ឋមន្ត្រី​នៅក្នុង​ពិធី​សាសនា​មួយ​បាន​ធ្វើឱ្យ​ខូច​ដល់​គោល​សីលធម៌​ពហុ​វប្បធម៌​ដែល​ជា​គ្រឹះ​បង្កើត​ប្រទេស​ឥណ្ឌា​ដែរ​ឬ​ទេ?

លោក Mukhopadhyay បាន​និយាយ​ថា៖ «គណបក្ស Bharatiya Janata បាន​បញ្ជាក់​ថា នេះ​ជា​ពេល​នៃ​ការ​ស្តារ​ជាតិ​ឡើង​វិញ។ ក៏ប៉ុន្តែ ការ​ស្តារ​ឡើង​វិញ​នេះ​នឹង​មាន​លក្ខណៈ​ពិសេស​ខុសប្លែក​ពីគេ​ដោយ​មិន​ឆ្លុះ​បញ្ចាំង​អំពី​ភាព​ពហុនិយម​នៃ​សង្គម​ឥណ្ឌា​និង​ការ​ប្តេជ្ញាចិត្ត​របស់​រដ្ឋាភិបាល​ឥណ្ឌា​ចំពោះ​រឿង​នេះ​នៅ​ពេល​ដែល​ប្រទេស​នេះ​បាន​ក្លាយជា​ប្រទេស​ឯករាជ្យ‍»៕

ប្រែសម្រួល​ដោយ​អ្នកស្រី លី ម៉ូរីវ៉ាន់

វេទិកា​បញ្ចេញ​មតិ

XS
SM
MD
LG