ក្រុមដាក់សម្ពាធមួយលើប្រទេសមីយ៉ាន់ម៉ា បានស្នើសុំដល់ប្រទេសឥណ្ឌាឱ្យបញ្ឈប់ការលក់អាវុធដល់កងយោធានៃប្រទេសមីយ៉ាន់ម៉ា ដែលខ្ទេចខ្ទាំដោយសារសង្គ្រាម ហើយបានសុំដល់ក្រុមសម្ព័ន្ធមិត្តលោកខាងលិច ឱ្យចូលរួមជាមួយការអំពាវនាវនេះ ដោយនិយាយចំៗដល់ប្រទេសស៊ុយអែតនិងសហរដ្ឋអាមេរិក។
នាយករដ្ឋមន្ត្រីឥណ្ឌាលោក Narendra Modi បានបំពេញទស្សនកិច្ចផ្លូវរដ្ឋលើកទីមួយរបស់លោកក្នុងសហរដ្ឋអាមេរិកកាលពីថ្ងៃទី២២ ខែមិថុនា កន្លងទៅ។ ប្រទេសទាំងពីរនេះជាសមាជិកនៃសម្ព័ន្ធភាព Quad ជាមួយប្រទេសអូស្ត្រាលីនិងប្រទេសជប៉ុន ដែលគេឃើញជាទូទៅថា ជាការធ្វើការជាមួយគ្នា ដើម្បីទប់ទល់នឹងកំណើនឥទ្ធិពលចិនក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក។
ក្រុមដាក់សម្ពាធនេះ ដែលជាក្រុមយុត្តិធម៌សម្រាប់ប្រទេសមីយ៉ាន់ម៉ានិយាយថា ការស្រាវជ្រាវរបស់ពួកគេ បានរកឃើញគ្រឿងបន្លាស់អាវុធផលិតក្នុងប្រទេសឥណ្ឌា ដែលមានការរចនាម៉ូតតាមលំនាំប្រទេសស៊ុយអែត ត្រូវបានដឹកជញ្ជូនទៅកាន់ប្រទេសមីយ៉ាន់ម៉ា នៅក្រោយរដ្ឋប្រហារយោធាកាលពីឆ្នាំ២០២១ដែលបានទម្លាក់រដ្ឋាភិបាលជាប់ឆ្នោតរបស់ប្រទេសនេះ។
ពួកអ្នកជំនាញអង្គការសហប្រជាជាតិ បានចោទប្រកាន់ក្រុមយោធាមីយ៉ាន់ម៉ាថាប្រព្រឹត្តឧក្រិដ្ឋកម្មប្រឆាំងនឹងមនុស្សជាតិ និងពីបទឧក្រិដ្ឋកម្មសង្គ្រាមពីព្រោះពួកយោធានេះបានប្រយុទ្ធប្រឆាំងនឹងក្រុមតស៊ូប្រដាប់អាវុធ បណ្តាលឱ្យជនស៊ីវិលរាប់ពាន់នាក់ស្លាប់ និងធ្វើឱ្យមនុស្សជាង១លាន៥សែននាក់ខ្ចាត់ព្រាត់ពីផ្ទះសម្បែងនៅទូទាំងប្រទេស។
នៅពេលដែលសហរដ្ឋអាមេរិក សហភាពអឺរ៉ុបនិងប្រទេសឯទៀតៗ បានរាំងខ្ទប់ការផ្តល់អាវុធឱ្យមីយ៉ាន់ម៉ា ប្រទេសឥណ្ឌាដែលមានព្រំដែន១ពាន់៦រយគ.ម.ជាប់ជាមួយមីយ៉ាន់ម៉ា
នៅតែជាប្រទេសមួយ ដែលផ្តល់អាវុធឱ្យរបបគ្រប់គ្រងយោធានៃប្រទេសនេះ។
អ្នកស្រី Yadanar Maung អ្នកនាំពាក្យក្រុមដាក់សម្ពាធ «យុត្តិធម៌ដើម្បីមីយ៉ាន់ម៉ា» បានថ្លែងប្រាប់វីអូអេ ដូច្នេះថា៖ «ការនាំចេញអាវុធឥណ្ឌា និងសម្ភារៈសម្រាប់ប្រើប្រាស់ទាំងផ្នែកស៊ីវិល និងយោធាព្រមទាំងបច្ចេកវិទ្យានានា មានសារៈសំខាន់ខ្លាំងណាស់សម្រាប់យោធាមីយ៉ាន់ម៉ា ព្រោះវាធ្វើឲ្យពួកគេមានលទ្ធភាពបន្តប្រព្រឹត្តឧក្រិដ្ឋកម្មសង្គ្រាម និងឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិ»។
អ្នកស្រីបន្តថា ការនាំចេញដ៏ធំមួយរបស់ឥណ្ឌានាពេលចុងក្រោយនេះ បានជួយជំរុញដល់ការប្រព្រឹត្តបទល្មើស ហើយអ្នកស្រីបានជំរុញឲ្យក្រុមសម្ព័ន្ធភាព Quad បង្កើននិងចាប់ផ្ដើមប្រើឥទ្ធិពលរបស់ខ្លួន ដើម្បីបញ្ឈប់ការគាំទ្រដ៏គួរស្អប់ខ្ពើមរបស់ឥណ្ឌា សម្រាប់របបយោធាមីយ៉ាន់ម៉ា។
ផលិតក្នុងប្រទេសឥណ្ឌា
ក្រុមដាក់សម្ពាធ «យុត្តិធម៌សម្រាប់មីយ៉ាន់ម៉ា» បានឲ្យដឹងថា ការស្រាវជ្រាវរបស់ខ្លួនទៅលើកំណត់ត្រានាំចេញរបស់ឥណ្ឌាបានរកឃើញការផ្គត់ផ្គង់មានតម្លៃជាង ៥ លានដុល្លារអាមេរិក ធ្វើឡើងដោយក្រុមហ៊ុនរដ្ឋឥណ្ឌា Bharat Electronics ទៅឱ្យក្រុមយោធាមីយ៉ាន់ម៉ា និងឈ្មួញអាវុធកណ្ដាលរបស់ខ្លួនចាប់ពីខែវិច្ឆិកា ឆ្នាំ ២០២២ ដល់ខែមេសា ឆ្នាំ ២០២៣។ ក្រុមដាក់សម្ពាធនិយាយថា ការនាំចេញទាំងនោះរួមបញ្ចូលទាំងឧបករណ៍បំប្លែងថាមពល គ្រឿងបន្លាស់នាវាកងទ័ពជើងទឹក ប្រព័ន្ធរ៉ាដា និងវិទ្យុទាក់ទងប្រើនៅលើសមរភូមិផងដែរ។
ក្រុមដាក់សម្ពាធថ្លែងថា កំណត់ត្រាទាំងនោះក៏បង្ហាញពីការដឹកជញ្ជូនកេសធំៗទំហំ ១២២ មីលីម៉ែត្រ ចំនួន២០កេស ពីក្រុមហ៊ុនរដ្ឋ Yantra India កាលពីខែតុលា ឆ្នាំមុន ដែលកេសទាំងនោះទំនងជាមានដាក់កាំភ្លើងធំ ដែលជាប្រភេទកាំភ្លើង ដែលគេរាយការណ៍ថា ត្រូវបានប្រើប្រាស់ដើម្បីបាញ់សំដៅទៅលើជនស៊ីវិល។
ក្រុមដដែលបានបន្ថែមថា យោងតាមទិន្នន័យពីក្រុមហ៊ុន Panjiva ដែលធ្វើការតាមដានលើប្រវត្តិនៃការធ្វើពាណិជ្ជកម្ម បានបង្ហាញថា ឈ្នួនបំផ្ទុះឬកិបគ្រាប់ចំនួនរាប់ពាន់ ត្រូវបានដឹកចេញតាមនាវាពីក្រុមហ៊ុនឥណ្ឌាឈ្មោះ Sandeep Metalcraft ទៅកាន់ក្រុមឈ្មួញអាវុធយោធាមីយ៉ាន់ម៉ា នៅឆ្នាំ ២០១៩ ឆ្នាំ២០២០ និង ឆ្នាំ២០២២។
ក្រុមហ៊ុន Panjiva ប្រមូលនិងចែកចាយទិន្នន័យដឹកជញ្ជូនពាណិជ្ជកម្មពីប្រទេសចំនួន ១៧ ដែលបូករួមទាំងឥណ្ឌាផងដែរ ដោយប្រើប្រាស់កំណត់ត្រាដែលចេញដោយរដ្ឋាភិបាល។ ទោះបីជា កំណត់ត្រាដឹកជញ្ជូនឆ្នាំ ២០២០ និង ២០២២ មិនបានបញ្ជាក់អំពីប្រភេទនៃកិបគ្រាប់ផ្ទុះក៏ដោយ ក៏ ក្រុមដាក់សម្ពាធ «យុត្តិធម៌សម្រាប់មីយ៉ាន់ម៉ា» ថ្លែងថា ការដឹកជញ្ជូនកាលពីឆ្នាំ ២០១៩ គឺជាប្រភេទកិបគ្រាប់ម៉ាក៤៤៧ ដែលប្រើសម្រាប់កាំភ្លើងវែង Carl Gustaf ៨៤ មីលីម៉ែត្រ ដែលជាប្រភេទកាំភ្លើងលីលើស្មា ត្រូវបានរចនា និងផលិតជាលើកដំបូងដោយប្រទេសស៊ុយអែត។ ក្រុមដាក់សម្ពាធនេះនិយាយថា ខ្លួនជឿជាក់ថា ឈ្នួនផ្ទុះឬកិបគ្រាប់ដែលដឹកមកឱ្យក្រុមយោធាមីយ៉ាន់ម៉ាបន្ទាប់នោះ គឺជាប្រភេទដូចគ្នានេះ។
កាលពីខែកញ្ញា ឆ្នាំ ២០២២ ក្រុមហ៊ុនយក្សរបស់ស៊ុយអែត ឈ្មោះ Saab បានប្រកាសពីផែនការសាងសង់រោងចក្រផលិតកាំភ្លើង Carl Gustaf នៅប្រទេសឥណ្ឌា ព្រមទាំងបានគ្រោងដាក់ដំណើរការរោងចក្រនេះនៅឆ្នាំ ២០២៤ ខាងមុខនេះទៀតផង។
ខណៈដែលការនាំចេញរបស់ឥណ្ឌានៅតែបន្ត ក្រុមដាក់សម្ពាធ «យុត្តិធម៌សម្រាប់មីយ៉ាន់ម៉ា» មានការព្រួយបារម្ភថា កាំភ្លើងឬ កិបគ្រាប់ ដែលក្រុមហ៊ុននេះនឹងផលិតឡើង អាចនឹងធ្លាក់ទៅដល់ដៃរបស់ពួកយោធាមីយ៉ាន់ម៉ា។
អ្នកស្រីថ្លែងថា៖ «នៅពេលដែលក្រុមហ៊ុន Saab ផលិតកាំភ្លើងនៅប្រទេសឥណ្ឌា គ្មានអ្វីធានាថានឹងមានអ្វីកើតឡើងចំពោះកាំភ្លើងទាំងនោះទេ។ អាចមានលក្ខខណ្ឌតម្រូវក្នុងការប្រើប្រាស់ ឬអ្នកប្រើប្រាស់ ដែលចេញដោយប្រទេសស៊ុយអែត ឬក្រុមហ៊ុន Saab ផ្ទាល់ ប៉ុន្តែ មកទល់នឹងពេលនេះ យើងមិនទាន់ឃើញមានលក្ខខណ្ឌបែបនេះនៅឡើយទេ។ ដូច្នេះ យើងមិនទាន់ដឹងថានឹងមានលក្ខខណ្ឌអ្វី ឬមានលក្ខខណ្ឌតម្រូវ ដែលហាមមិនឲ្យលក់អាវុធនេះទៅកាន់ប្រទេសមីយ៉ាន់ម៉ាឬយ៉ាងណានោះឡើយ»។
អ្នកស្រីបន្ថែមថា ទោះបីជាលក្ខខណ្ឌបែបនេះអាចមានក៏ដោយ ក៏គ្មានវិធីសាស្ត្រជាក់ស្ដែងណាអាចធានាបានថា កាំភ្លើងទាំងនោះនឹងមិនត្រូវបាននាំចេញនោះទេ។ អ្នកស្រីអំពាវនាវឲ្យប្រទេសស៊ុយអែត ព្យួរការផ្ដល់អាជ្ញាប័ណ្ណ និងកិច្ចព្រមព្រៀងផលិតអាវុធជាមួយក្រុមហ៊ុនផលិតអាវុធនៅឥណ្ឌា។ ទាំងក្រុមហ៊ុន Saab និងក្រសួងការបរទេសស៊ុយអែត មិនបានឆ្លើយតបទៅនឹងសំនួររបស់វីអូអេ ដែលស្នើសុំការអត្ថាធិប្បាយអំពីករណីនេះទេ។
ទាំងក្រុមហ៊ុន Bharat ក្រុមហ៊ុន Sandeep ក្រុមហ៊ុន Yantra និងក្រសួងការបរទេសឥណ្ឌា ក៏មិនបានឆ្លើយតបទៅនឹងសំនួរបស់វីអូអេដូចគ្នាដែរ។
បញ្ឈប់ការនាំចេញអាវុធ
ការដឹកជញ្ជូនតាមនាវាពីក្រុមហ៊ុន Bharat ក្រុមហ៊ុន Sandeep និងក្រុមហ៊ុន Yantra មិនមែនជាការនាំចេញអាវុធឥណ្ឌាទៅមីយ៉ាន់ម៉ា ជាលើកចុងក្រោយនោះទេ នៅក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ។
នៅក្នុងរបាយការណ៍មួយកាលពីខែមុន លោក Tom Andrews អ្នករាយការណ៍ពិសេសអង្គការសហប្រជាជាតិស្ដីអំពីបញ្ហាសិទ្ធិមនុស្សក្នុងប្រទេសមីយ៉ាន់ម៉ាបានថ្លែងថា ការនាំចេញរបស់ឥណ្ឌាទៅប្រទេសមីយ៉ាន់ម៉ាបន្ទាប់ពីរដ្ឋប្រហារយោធា មានទឹកប្រាក់សរុបយ៉ាងហោចណាស់ក៏ ៥១ លានដុល្លារអាមេរិកផងដែរ។
នៅក្នុងរបាយការណ៍នោះ លោក Andrews បានថ្លែងថា ប្រទេសឥណ្ឌាមិនអាចមានលេសថា ខ្លួនមិនបានដឹងពីលទ្ធភាពនៃឧក្រិដ្ឋកម្មសង្គ្រាមរបស់យោធាមីយ៉ាន់ម៉ានោះទេ ហើយថា ការនាំចេញទាំងនោះ ទំនងជារំលោភទៅលើកាតព្វកិច្ចរបស់ទីក្រុងញូវដែលី ក្នុងការអនុវត្តកិច្ចព្រមព្រៀងគ្រប់គ្រងអាវុធ Wassenaar Agreement ។ សន្ធិសញ្ញាមិនមានលក្ខណៈតាមផ្លូវច្បាប់នេះ តម្រូវឲ្យសមាជិកដែលមានប្រទេសឥណ្ឌាផងដែរនោះ ត្រូវធ្វើការរារាំងការដឹកជញ្ជូនអាវុធទៅកាន់អ្នកប្រើប្រាស់ «ដែលមានអកប្បកិរិយាបង្កការព្រួយបារម្ភធ្ងន់ធ្ងរ»។
លោក Andrews សរសេរថា៖ «ដូច្នេះ ប្រទេសឥណ្ឌាគួរតែដឹងថា អាវុធដែលខ្លួនបានផ្ដល់ទៅឲ្យយោធាមីយ៉ាន់ម៉ានោះ ទំនងជាត្រូវបានប្រើប្រាស់ដើម្បីប្រព្រឹត្តបទល្មើសអន្តរជាតិ»។
លោកបន្តទៀតថា៖ «វាជាផលប្រយោជន៍សម្រាប់ប្រជាជនមីយ៉ាន់ម៉ា ប្រសិនបើក្រុមហ៊ុនផលិតអាវុធរបស់រដ្ឋឥណ្ឌា បញ្ឈប់ការលក់អាវុធ និងសម្ភារៈពាក់ព័ន្ធទៅឲ្យយោធាមីយ៉ាន់ម៉ា ហើយរដ្ឋាភិបាលឥណ្ឌាឈប់ផ្ដល់សិទ្ធិដល់ការដឹកជញ្ជូនអាវុធទាំងអស់នោះ»។
លោក Ian Storey អ្នកស្រាវជ្រាវជាន់ខ្ពស់នៅវិទ្យាស្ថានសម្រាប់ការសិក្សាអាស៊ីអាគ្នេយ៍ ក្នុងប្រទសសិង្ហបុរី ដែលបានតាមដានអំពីទំនាក់ទំនងតំបន់នេះជាមួយប្រទេសមហាអំណាចនានា និយាយថា លោកមើលឃើញលទ្ធភាពតិចតួចប៉ុណ្ណោះ ក្នុងការបញ្ឈប់ការនាំចេញអាវុធទៅមីយ៉ាន់ម៉ា។
លោកថ្លែងប្រាប់វីអូអេដូច្នេះថា៖ «សម្រាប់ប្រទេសឥណ្ឌា ការលក់អាវុធទៅឲ្យមីយ៉ាន់ម៉ា ត្រូវបានគេមើលឃើញថា ជាវិធីដើម្បីឈរនៅខាងភាពត្រឹមត្រូវរបស់ពួកយោធា ហើយទប់មីយ៉ាន់ម៉ាកុំឲ្យពឹងផ្អែកជ្រុលហួសទៅលើចិននិងរុស្ស៊ី»។
លោកបន្តថា៖ «ដៃគូសម្ព័ន្ធភាព Quad របស់ទីក្រុងញូវដែលី អាចធ្វើបានតិចតួចប៉ុណ្ណោះក្នុងការរារាំងមិនឲ្យមានការនាំអាវុធពីឥណ្ឌាទៅកាន់មីយ៉ាន់ម៉ា។ ដូចយើងបានឃើញស្រាប់ហើយ គោលនយោបាយរបស់ឥណ្ឌាចំពោះសង្គ្រាមរុស្ស៊ី-អ៊ុយក្រែន គឺទីក្រុងញូវដែលី ធ្វើសកម្មភាពដើម្បីទាញយកអ្វីដែលជាផលប្រយោជន៍ជាតិរបស់ខ្លួន មិនមែនដើម្បីផលប្រយោជន៍ប្រទេសដទៃនោះទេ»។
ការអំពាវនាវដល់ប្រទេសទាំងអស់
ប្រទេសឥណ្ឌាថ្មីៗនេះ បានពង្រីកការបញ្ជាទិញអាវុធ និងប្រេងកាតពីរុស្ស៊ី និងបានបោះឆ្នោតអនុប្បវាទនៅអង្គការសហប្រជាតិ ស្តីពីការផ្កោលទោសការឈ្លានពានរបស់រុស្ស៊ីលើអ៊ុយក្រែន។ ឥណ្ឌាក៏ចូលរួមជាមួយប្រទេសចិននិងរុស្ស៊ីផងដែរ ក្នុងការមិនចូលរួមការបោះឆ្នោតក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ ដើម្បីទាមទារឲ្យមានការបញ្ចប់អំពើហិង្សានៅមីយ៉ាន់ម៉ា កាលពីខែធ្នូ ឆ្នាំ២០២២។
ក្រុមដាក់សម្ពាធ «យុត្តិធម៌សម្រាប់មីយ៉ាន់ម៉ា» បានបង្ហាញការរកឃើញចុងក្រោយរបស់ខ្លួន អំពីការនាំចេញអាវុធរបស់ឥណ្ឌាទៅកាន់ប្រទេសមីយ៉ាន់ម៉ា កាលពីសប្ដាហ៍មុន គឺមុនដំណើរទស្សនកិច្ចផ្លូវរដ្ឋរបស់លោក Modi ទៅកាន់សហរដ្ឋអាមេរិក។ ក្រុមនេះជំរុញឲ្យរដ្ឋាភិបាលក្រុងវ៉ាស៊ីនតោនបង្ខំរដ្ឋាភិបាលក្រុងញូវដែលី ឲ្យកាត់ផ្ដាច់ទំនាក់ទំនងជាមួយពួកយោធាមីយ៉ាន់ម៉ា និងស្នើឲ្យដាក់សម្ពាធតាមរយៈការដាក់លក្ខខណ្ឌនានា ទៅលើការផ្ដល់ជំនួយយោធារបស់ទីក្រុងវ៉ាស៊ីនតោនសម្រាប់ប្រទេសឥណ្ឌាផងដែរ។
វីអូអេបានសួរទៅកាន់ក្រសួងការបរទេសសហរដ្ឋអាមេរិក ថាតើអាមេរិកនឹងលើកបញ្ហានាំចេញអាវុធក្នុងអំឡុងពេលលោក Modi ធ្វើទស្សនកិច្ចនៅសហរដ្ឋអាមេរិកឬយ៉ាងណា។
ការិយាល័យព័ត៌មាននៃក្រសួងការបរទេសអាមេរិក បានថ្លែងតាមរយៈសារអេឡិចត្រូនិចអ៊ីមែលថា «សហរដ្ឋអាមេរិកបង្ហាញក្ដីកង្វល់យ៉ាងខ្លាំងអំពីស្ថានការណ៍ ដែលកាន់តែអាក្រក់ទៅ នៅក្នុងប្រទេសមីយ៉ាន់ម៉ា» នៅក្នុងអំឡុងដំណើរទស្សនកិច្ចរបស់លោក Modi មកកាន់សហរដ្ឋអាមេរិក ប៉ុន្តែក្រសួងមិនបានឆ្លើយឲ្យចំទៅនឹងសំនួរនោះទេ។
ការិយាល័យព័ត៌មានបានថ្លែងថា សហរដ្ឋអាមេរិកជំរុញឲ្យសហគមន៍អន្តរជាតិ និង ប្រទេសទាំងអស់ បិទខ្ទប់ការនាំចេញអាវុធទៅកាន់មីយ៉ាន់ម៉ា ហើយថាការបញ្ឈប់លំហូរនាំចេញអាវុធនេះ «មានសារៈសំខាន់ខ្លាំងណាស់ ក្នុងការទប់ស្កាត់ការកើតឡើងវិញ នូវបទឧក្រិដ្ឋប្រឆាំងនឹងប្រជាជនភូមា ដែលជាឈ្មោះមួយទៀត ដែលគេប្រើសម្រាប់ប្រទេសមីយ៉ាន់ម៉ា៕
ប្រែសម្រួលដោយ នៀម ឆេង