នៅម៉ោងប្រហែល៥ល្ងាចកាលពីថ្ងៃអាទិត្យ លោក ស៊ុយ សារ៉េត អាយុ៥៣ឆ្នាំបានព្យាយាមជិះគេចពីការដេញតាមវាយប្រហារដោយក្រុមអ្នកធ្វើដំណើរមួយក្រុមនៅរាជធានីភ្នំពេញ ក្រោយមានការចោទប្រកាន់ថា លោកបានបង្កគ្រោះថ្នាក់ចរាចរណ៍បណ្តាលឲ្យស្លាប់ ហើយបើករត់គេចមិនទទួលខុសត្រូវ។ ប៉ុន្តែនៅថ្ងៃចន្ទនេះ សមត្ថកិច្ចអះអាងថា មិនមានរបាយការណ៍បង្ហាញថា លោកបានបង្កឱ្យមនុស្សស្លាប់ របួស ឬ បើកបរក្នុងស្ថានភាពស្រវឹងនោះទេ។
ព្រឹទ្ធបុរសនៃមហាវិទ្យាល័យសិល្បៈមនុស្សសាស្រ្តនិងភាសា និងជាគ្រូបង្រៀនភាសាអង់គ្លេសនៃសាកលវិទ្យាល័យកម្ពុជារូបនេះបានរងការវាយយ៉ាងដំណំទៅលើក្បាល និងមុខរបស់លោក ហើយត្រូវបានឈាមស្រោចជោគជាំទៅលើខ្លួន។ អំពើហិង្សានេះត្រូវបានថតនិងបង្ហោះលើបណ្តាញសង្គមហ្វេសប៊ុក ដែលនាំឲ្យមានប្រតិកម្មនិងការពិភាក្សានានាអំពីការធ្លាក់ចុះនៃសីលធម៌ក្នុងសង្គម។
លោក រុន រ័ត្នវាសនា ប្រធាននាយកដ្ឋាននគរបាលចរាចរណ៍បានប្រាប់ VOA នារសៀលថ្ងៃចន្ទនេះថា បើតាមរបាយការណ៍បឋមដែលសមត្ថកិច្ចទទួលបាន មិនទាន់មានការបញ្ជាក់ថាមានមនុស្សប៉ុន្មាននាក់ដែលរងរបួសឬបាត់បង់ជីវិតដោយសារការបើកបររបស់លោក ស៊ុយ សារ៉េត នោះទេ។ លោកបន្តថា សម្រាប់ការប្រើហិង្សាពីសំណាក់ប្រជាពលរដ្ឋទៅលើលោក ស៊ុយ សារ៉េត គឺជាអំពើខុសច្បាប់ដែលលោកថា សមត្ថកិច្ចកំពុងស្រាវជ្រាវស្វែងរកជនល្មើសមកផ្តន្ទាទោសតាមច្បាប់។
លោកបញ្ជាក់ថា៖
«គាត់គ្មានសមត្ថកិច្ចអីដែលគាត់ត្រូវគប់ឡានដូចជាវាយទៅលើអ្នកបើកបរទេ ព្រោះនេះមិនមែនជាភារកិច្ចរបស់គាត់។ ហើយយើងឃើញថាហ្អានេះមិនមែនជារូបភាពទីមួយទេក្នុងរយៈកាលកន្លងមកតែងតែបង្កគ្រោះថ្នាក់ទៅលើអ្នកបើកបរអញ្ចឹង។ អញ្ចឹងហើយបានជាឯកឧត្តម ជួន សុវណ្ណ គាត់ប្រកាសឲ្យតាមចាប់ខ្លួនអ្នកដែលបង្កទៅលើអ្នកបើកបរហ្នឹង ព្រោះអានេះជាអំពើខុសច្បាប់ ព្រោះច្បាប់មិនមានអីត្រូវវាយទាត់ធាក់អ្នកបង្កទេគឺជារឿងមិនត្រឹមត្រូវ»។
បើតាមវីដេអូដែលត្រូវបានបង្ហោះដោយសារព័ត៌មាន Freshnews កាលពីថ្ងៃអាទិត្យរថយន្តថ្មីពណ៌ខ្មៅរបស់លោក ស៊ុយ សារ៉េត ត្រូវបានវាយកម្ទេចចំណែកលោក ស៊ុយ សារ៉េត ផ្ទាល់ត្រូវរងការវាយដោយដៃ មួកសុវត្ថិភាពនិងដុំថ្ម។ ក្រុមប្រជាជនបានឡើងទៅលើរថយន្តរបស់លោកស៊ុយ សារ៉េត ហើយធាក់កម្ទេចនិងវាយកញ្ចក់។ នៅក្នុងរថយន្តរបស់លោក សារ៉េត គេឃើញមានដុំឥដ្ឋ ហើយលោក សារ៉េត បានសន្លប់ដោយមានប្រឡាក់ឈាមពេញខ្លួន។ ការវាយដំត្រូវបានបញ្ឈប់ ក្រោយពេលសមត្ថកិច្ចបានទៅដល់កន្លែងកើតហេតុ ហើយលោក សារ៉េត បានដឹងខ្លួនបន្តិច និងត្រូវបានក្រៀរឲ្យចូលទៅរថយន្តសង្រ្គោះបន្ទាន់នៅមន្ទីរពេទ្យនៅរាជធានីភ្នំពេញ។ បន្ទាប់មកក្រុមគ្រួសារក៏បានបញ្ជូនទៅប្រទេសវៀតណាមដើម្បីសង្គ្រោះបន្ទាន់ភ្លាមៗ។
ការវាយប្រហារដោយក្រុមមនុស្សបានកើតឡើងជាទូទៅនៅប្រទេសកម្ពុជាក្នុងករណីបង្កគ្រោះថ្នាក់ចរាចរណ៍រួចបើករត់ ការចាប់បានជនសង្ស័យ ឬជនដៃដល់ក្នុងករណីរំលោភសម្លាប់ និងប្លន់ផ្សេងៗ។ ពលរដ្ឋបានបញ្ចេញកំហឹងរបស់ពួកគេទៅលើជនសង្ស័យដែលមានករណីខ្លះបណ្តាលឲ្យរងរបួសធ្ងន់ធ្ងររហូតដល់ស្លាប់។
លោក សៀម ទូច ពលរដ្ឋម្នាក់ដែលស្ថិតក្បែរកន្លែងកើតហេតុមានប្រសាសន៍ថាហេតុការណ៍នោះបានកើតឡើងនៅម៉ោងប្រហែល៥ល្ងាច ដោយជនរងគ្រោះបានបើកបរកាត់ផ្លូវ១៥៦ ក្នុងសង្កាត់ទួលគោក ខណ្ឌឫស្សីកែវ ម្តុំពេទ្យលោកសង្ឃហើយរថយន្តត្រូវបានស្ទាក់និងឈប់នៅកែងចុងផ្លូវ កែងផ្លូវ២៥៦។ លោកបន្តថា ការវាយដំទៅលើអ្នកបើករថយន្តនេះ គឺជាមេរៀនមួយសម្រាប់រូបលោក នៅពេលមានគ្រោះថ្នាក់ចរាចរណ៍ លោកនឹងដោះស្រាយនៅនឹងកន្លែងមិនគេចនោះទេ។
លោកបានថ្លែងប្រាប់ VOA នៅព្រឹកថ្ងៃចន្ទ មួយថ្ងៃបន្ទាប់ពីការកើតហេតុនោះបន្តថាប្រហែលកន្លះម៉ោងក្រោយការកើតហេតុនោះទើបប៉ូលិសមកដល់ដើម្បីធ្វើអន្តរាគមន៍។
ស្រ្តីវ័យ៣២ឆ្នាំម្នាក់ដែលធ្វើការនៅកន្លែងបោះពុម្ពឯកសារក្បែរកន្លែងកើតហេតុប្រាប់VOA ដោយមិនបញ្ចេញឈ្មោះថា អ្នកចូលរួមវាយអ្នកបើករថយន្តនោះគឺជាអ្នកជិះម៉ូតូដេញតាមរថយន្តមិនមែនប្រជាជនដែលរស់នៅទីនោះទេ។ អ្នកស្រីបានឲ្យដឹងថា ការវាយដំនេះបង្ហាញពីការមិនយល់ច្បាប់របស់ក្រុមដែលចូលរួមវាយនិងភាពសាហាវរបស់ពួកគេ។ ប៉ុន្តែអ្នកស្រីពិបាកនឹងផ្តល់យោបល់ថា ក្នុងករណីគ្រោះថ្នាក់ចរាចរណ៍គួរតែគេចខ្លួនឬឈប់ដើម្បីដោះស្រាយ។
អ្នកស្រីមានប្រសាសន៍ថា៖
«ប្រហែលជាគាត់ខ្វះការយល់ដឹងច្បាប់ហើយមើលទៅបានគាត់ហ៊ានវាយគេអញ្ចឹង។ ប្រហែលជាគាត់រៀនបានតិច អត់យល់។ ចិត្តគាត់រៀងសាហាវហើយ មើលទៅអ្នកវាយសុទ្ធតែក្មេងៗ»។
ចំណែកពលរដ្ឋម្នាក់ទៀតគឺលោក លី ឆាយ លើកឡើងថា ប្រសិនបើមានការបង្កគ្រោះថ្នាក់ចរាចរណ៍ណាមួយ ហើយមានការសុំទោសពីជនបង្ក នោះស្ថានការណ៍នឹងធូរស្រាល។ លោកថា ការអន្តរាគមន៍ទាន់ពេលរបស់សមត្ថកិច្ចគឺជារឿងសំខាន់មួយ ដើម្បីបញ្ចៀសការវាយដំដោយមហាជន។
លោកមានប្រសាសន៍ថា៖
«ខ្ញុំគិតថាមនុស្សយើងចិត្តមិនដាច់ទេបង កូនគេកូនយើង អញ្ចឹង បើសិនជាយើង ពេលហ្នឹងយើងលើកដៃសំពះគេ ឬមួយក៏ម៉េចទៅវាអាចបន្ធូរបន្ថយតាមហ្នឹង។ ទឹកមុខយើងរៀងស្លូតបូតអីផងទៅ។ កុំឲ្យតែយើងមានចរឹកមានឡានជិះ ហើយអួតអាងនៅក្នុងឡានហ្នឹងទៀត ធ្វើចរឹកមិនសមរម្យ អ្នកណាក៏ទប់កំហឹងមិនបានដែរ»។
VOA មិនអាចទាក់ទងសុំការអធិប្បាយពីក្រុមគ្រួសាររបស់លោក ស៊ុយ សារ៉េត បាននៅឡើយ រហូតដល់ល្ងាចថ្ងៃចន្ទនេះ។
ក្រុមអ្នកឃ្លាំមើលសិទ្ធិមនុស្សនិងការវិវត្តនៃសង្គមខ្មែរបញ្ជាក់ប្រាប់VOAនៅថ្ងៃចន្ទនេះថា ការកើនឡើងនៃការវាយតប់របស់ក្រុមមនុស្សក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍បានបង្ហាញពីការផុយស្រួយនៃសន្តិភាពក្នុងសង្គមខ្មែរនិងការបាត់បង់ជំនឿចិត្តលើប្រព័ន្ធយុត្តិធម៌ក្នុងប្រទេសកម្ពុជា។
លោក ប៉ា ចន្ទរឿន ប្រធានមជ្ឈមណ្ឌលទស្សនវិជ្ជាអនុវត្ដន៍និងសីលធម៌កម្ពុជាលើកឡើងថា ទង្វើររបស់ប្រពលរដ្ឋដែលវាយតប់ទៅលើជនបង្កគ្រោះថ្នាក់ចរាចរណ៍កំពុងបង្ហាញពីភាពផុយស្រួយនៃសន្តិភាពក្នុងសង្គម។ លោកបន្ថែមថា មូលហេតុដែលធ្វើឲ្យប្រជាពលរដ្ឋបញ្ចេញសកម្មភាពអសីលធម៌និងជាវប្បធម៌អាក្រក់បែបនេះ គឺបណ្តាលមកពីការមិនទុកចិត្តលើប្រព័ន្ធយុត្តិធម៌ក្នុងសង្គម។
លោកបញ្ជាក់ថា៖
«ក្នុងទ្រឹស្តីវិទ្យាសាស្រ្តសង្គមគឺនៅពេលដែលប្រជាជនបាត់បង់ជំនឿទៅលើប្រព័ន្ធគ្រប់គ្រង ប្រព័ន្ធយុត្តិធម៌ ប្រព័ន្ធតុលាការ ការអនុវត្តច្បាប់ហ្នឹង ប្រជាជនលែងប្រើប្រាស់ច្បាប់ហើយ លែងគោរពច្បាប់ហើយហើយមានតែប្រើប្រាស់វិធីសាស្រ្តផ្ទាល់ខ្លួនដែលគាត់អាចគិតឃើញហ្នឹងគឺព្រលែងកំហឹង ប្រព្រឹត្តអំពើហិង្សាជាក់ស្តែងទៅលើបុគ្គល ដល់ពេលខ្លះខ្វះការគិតគូរពិចារណា លែងគិតគូរថាបុគ្គលណាខុស បុគ្គលណាត្រូវ»។
លោក ប៉ា ចន្ទរឿនបន្តថា ការប្រើអំពើហិង្សាដែលបណ្តាលមកពីការខ្វះការពិចារណាទាំងនោះ នឹងធ្វើឲ្យប៉ះពាល់យ៉ាងខ្លាំងដល់សង្គមទាំងជាតិទាំងមូល ហើយសមត្ថកិច្ចត្រូវពង្រឹងការអនុវត្តច្បាប់ឲ្យបានម៉ឺងម៉ាត់ដោយស្មើភាព និងត្រូវផ្សព្វផ្សាយឲ្យបានទូលំទូលាយដល់ប្រជាពលរដ្ឋបានដឹងពីទោសទណ្ឌនិងការទទួលខុសត្រូវផ្លូវច្បាប់ ដែលបណ្តាលមកពីទង្វើទាំងនោះ។
លោកមានប្រសាសន៍ថា៖
«ប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់សុខភាពផ្លូវចិត្តរបស់ប្រជាជន ហ្នឹងសម្រាប់ប្រជាជនខ្មែរយើង។ ហើយរូបភាពទាំងអស់ហ្នឹងមួយផ្នែក ក៏បានផ្សព្វផ្សាយទៅក្រៅប្រទេសតាមរយៈប្រព័ន្ធអ៊ីនធឺណែតហ្នឹង ហើយខ្ញុំគិតថាបើសិនជាបរទេសឃើញរូបភាពដ៏ឃោរឃៅរន្ធត់បែបនោះ បើសិនជាអ្នកដែលគេចង់មកលេងស្រុកខ្មែរហ្នឹង ប្រហែលជាគិតឡើងវិញហើយ។ ហើយអ្នកដែលមានគម្រោងមកខ្លះហ្នឹង ក៏ប្រហែលជាបានលុបគម្រោងរបស់ខ្លួនចោលផងក៏មិនដឹង»។
បើតាមរបាយការណ៍របស់អង្គការលីកាដូ កាលពីឆ្នាំ២០១៦ ការវាយប្រហារដោយមហាជននេះ កើតឡើងចំនួន៣ករណី ក្នុងនោះបង្កឲ្យមនុស្ស២នាក់ស្លាប់។ រីឯក្នុងឆ្នាំ២០១៥ ការវាយប្រហារដោយមហាជនកើតឡើងចំនួន៧ករណី ក្នុងនោះមានមនុស្ស៤នាក់បានស្លាប់។
លោក អំ សំអាត មន្រ្តីជាន់ខ្ពស់ផ្នែកអង្កេតរបស់អង្គការការពារសិទ្ធិមនុស្សលី កាដូ លើកឡើងថា ចំនួននៃការប្រើហិង្សាដោយមហាជនទៅលើជនបង្កបទល្មើសមានការកើនឡើងវិញនៅឆ្នាំ២០១៧និង២០១៨នេះ បន្ទាប់ពីមានការថយចុះជាច្រើនឆ្នាំកន្លងមក។ លោកថា កត្តានេះបណ្តាលមកពីការអនុវត្តច្បាប់មិនមានប្រសិទ្ធភាព។
យ៉ាងណាក៏ដោយមកដល់ល្ងាចថ្ងៃចន្ទនេះមិនទាន់មានសេចក្តីរាយការណ៍ណាមួយពីការចាប់ខ្លួនជនដៃដល់ដែលប្រព្រឹត្តអំពើហិង្សាលើលោក ស៊ុយ សារ៉េត នៅឡើយ បើទោះបីអាជ្ញាធរបានចេញសេចក្តីប្រកាសតាមចាប់ខ្លួនក៍ដោយ៕