ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

រដ្ឋបាល​លោក​ត្រាំ​ផ្តល់​សារ​ចម្រុះ​គ្នា​ស្តីពី​ភាព​ធ្ងន់ធ្ងរនៃ​ជំងឺ​រាតត្បាត​កូវីដ១៩


លោក​ប្រធានាធិបតី ដូណាល់ ត្រាំ ថ្លែង​នៅ​ក្នុង​សន្និសីទ​កាសែត​អំពី​មេរោគ​កូរ៉ូណា​វីរុស​នៅ​ក្នុង​សេតវិមាន កាលពី​ថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២០ ក្នុង​រដ្ឋធានី​វ៉ាស៊ីនតោន។
លោក​ប្រធានាធិបតី ដូណាល់ ត្រាំ ថ្លែង​នៅ​ក្នុង​សន្និសីទ​កាសែត​អំពី​មេរោគ​កូរ៉ូណា​វីរុស​នៅ​ក្នុង​សេតវិមាន កាលពី​ថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២០ ក្នុង​រដ្ឋធានី​វ៉ាស៊ីនតោន។

លោក​ប្រធានាធិបតី​សហរដ្ឋ​អាមេរិក ដូណាល់ ត្រាំ និង​សមាជិក​ដទៃ​ទៀត​នៃ​រដ្ឋបាល​របស់លោក​កំពុង​ស្វះស្វែង​រក​វិធី​ដើម្បី​ទប់ស្កាត់​ការ​ភ័យខ្លាច​នៅ​ក្នុងប្រទេស​ក្រោយពី​ពលរដ្ឋ​បានទិញ​ទំនិញ​ពី​ហាង​នានា​នៅ​ទូទាំង​ប្រទេស​អស់​ពី​ហាងដើម្បី​ស្តុកទុក​ក្នុងពេល​ដែល​មាន​ជំងឺរាតត្បាត​សាកល​បង្ក​ដោយ​មេរោគ​កូរ៉ូណា​វីរុស។

លោកត្រាំ​បាន​ជួបប្រជុំ​តាម​ទូរស័ព្ទ​ជាមួយ​នឹង​ថៅកែ​ក្រុមហ៊ុន​ហាង​ទំនិញ​ឧបភោគបរិភោគ​ចំនួន​៣០​កាលពីថ្ងៃ​អាទិត្យហើយ​លោក​បាន​ប្រកាស​ប្រាប់ពលរដ្ឋ​ថា៖ «អ្នក​ទាំងអស់គ្នា​មិន​ចាំបាច់​ទិញ​ទំនិញ​ច្រើនពេក​ទេ។ ទិញ​តាម​ធម្មតា។ ធ្វើ​តាម​សម្រួល»។​

លោក​ប្រធានាធិបតី​បាន​បន្ថែម​ថា៖

«យើង​អត់​មាន​ការ​ខ្វះខាត​ទេ​គឺ​គ្រាន់​តែ​ពលរដ្ឋ​ទិញ​ទំនិញ​ច្រើន​ជាង​មុន​ពី​បី​ទៅ​ប្រាំ​ដងលើស​ពីធម្មតា​ប៉ុណ្ណោះ»។​

លោក​ត្រាំ​បាន​ចេញ​មុខ​មក​ប្រកាស​ដោយ​មិន​បាន​ប្រាប់​ឱ្យ​ដឹង​ជា​មុន​នៅ​ក្នុង​បន្ទប់​សន្និសីទ​សារព័ត៌មាន​ជាមួយ​នឹង​ក្រុម​ការងារ​ប្រយុទ្ធ​នឹង​មេរោគ​កូរ៉ូណា​វីរុស​ប៉ុន្តែ​លោក​មិន​បាន​ឆ្លើយសំណួរ​អ្នកសារព័ត៌មាន​ទេ។​

លោក​ត្រាំ​បាន​បន្ថែម​ថា​មេរោគ​កូរ៉ូណា​វីរុស​គឺ​ជា «អ្វី​ដែល​យើង​គ្រប់គ្រង​បាន​យ៉ាង​ខ្លាំង»។ បន្ទាប់​មក​លោក​បាន​ប្រគល់​វេទិកា​នោះ​ទៅ​លោក​អនុប្រធានាធិបតី​ម៉ៃ ផេន ដែល​ជា​អ្នកដឹកនាំ​ក្រុម​ការងារ​នោះ​វិញ។

សមាជិក​ខ្លះ​នៃ​ក្រុម​ការងារ​នោះ​បាន​សម្តែង​ការ​ប្រយ័ត្នប្រយែង​ខ្លាំង​ពី​អ្វី​ដែល​នឹង​កើត​មានឡើង​នៅ​ក្នុង​ពេល​ខាង​មុខ។

លោក​វេជ្ជបណ្ឌិត Anthony Fauci ​ប្រធាន​វិទ្យាស្ថាន​ជាតិ​ប្រយុទ្ធ​នឹង​ជំងឺឆ្លងបាន​សង្កត់​ធ្ងន់ថា​ «ស្ថានភាព​អាក្រក់​នៅ​មាន​ចំពោះ​មុខ​យើង​នៅឡើយ​ទេ»។ ក្នុង​ពេល​ជាមួយ​គ្នា​នោះ​ដែរ​រដ្ឋមន្ត្រី​សុខាភិបាល​លោក​ Alex Azar ​បាន​ព្រមាន​ថា​ជំងឺ​រាតត្បាត​សាកល​នេះ​មាន​សក្តានុពលលើស​ពី​កម្រិត​ប្រព័ន្ធ​សុខាភិបាល​របស់​សហរដ្ឋ​អាមេរិក។​

សន្និសីទ​សារព័ត៌មាន​នេះ​បាន​រៀបចំឡើង​ក្នុងពេល​ដែល​ទីក្រុង​ និងរដ្ឋ​កាន់តែ​ច្រើន​បាន​បញ្ជា​ឱ្យ​រឹតត្បិត​ការជួបប្រជុំ​សាធារណៈ។

លោក​ Gavin Newsom ​អភិបាលរដ្ឋ​បាន​បញ្ជា​ឱ្យ​បិទ​បារ​និង​តៀមស្រា​នៅក្នុង​រដ្ឋ​កាលីហ្វញ៉ា។ នេះ​ជារដ្ឋ​ដែល​មាន​ពលរដ្ឋ​រស់នៅ​ច្រើន​ជាងគេ​បំផុត។ លោក​ក៏បាន​ប្រកាស​ថា​ពលរដ្ឋ​អាយុ​៦៥ឆ្នាំ​ឡើង​ទៅ​ត្រូវ​នៅ​ផ្ទះ​ដោយសារ​ពួកគាត់​គឺជា​ក្រុម​ដែល​ប្រឈម​គ្រោះថ្នាក់​ខ្ពស់​បំផុត​ពេល​ឆ្លង​ជំងឺ​កូវីដ​១៩។

លោក​ Mike DeWine ​អភិបាលរដ្ឋ​អូហៃយោ បាន​បញ្ជា​ឱ្យ​ភោជនីយដ្ឋាន​មិន​ឱ្យ​ភ្ញៀវ​ចូលមកទទួល​ទាន​ទេ​គឺ​ឱ្យ​ទិញ​យក​ទៅផ្ទះ​និង​ដឹក​ជូន​ដល់​ផ្ទះតែប៉ុណ្ណោះ។​

ការ​រឹតត្បិត​នេះ​ក៏​អនុវត្ត​នៅ​ទីក្រុង​ញូវយ៉ក​និង​ឡូសអាន់ជឺឡេស​ផង​ដែរ​។ នេះ​គឺជា​ទីក្រុង​ដ៏ធំ​ជាង​គេបំផុត​ចំនួន​ពីរ​របស់​សហរដ្ឋ​អាមេរិក។ ចៅហ្វាយក្រុង​ទាំងពីរ​បាន​ប្រកាស​បម្រាមថ្មី​នៅ​យប់ថ្ងៃ​អាទិត្យ​ដោយ​ក្នុង​នោះ​មាន​ការ​បិទ​កន្លែង​កម្សាន្ត​និង​រោងភាពយន្ត​ផងដែរ៕

XS
SM
MD
LG