ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

អ្នក​ដំណើរ​នៅ​តាម​អាកាសយានដ្ឋាន​ក្នុង​អាមេរិក​​ត្រូវ​រង់ចាំ​យូរ​និង​ភ័យ​ស្លន់ស្លោរ ដោយ​សារ​បទបញ្ញត្តិ​ថ្មី


អ្នក​ដំណើរ​ដើរ​កាត់ Terminal 1 បន្ទាប់​ពី​មាន​ការ​ករណី​ឆ្លង​មេរោគ​កូរ៉ូណា​វីរុស​បន្ថែម​ទៀត​ត្រូវ​បាន​គេ​បញ្ជាក់​នៅ​ក្នុង​ក្រុង​ញូវយ៉ក នៅ​អាកាសយានដ្ឋាន​អន្តរជាតិ JFK កាលពី​ថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២០។

អ្នក​ដំណើរ​នៅតាម​អាកាសយានដ្ឋាន​ក្នុង​សហរដ្ឋអាមេរិកត្រូវ​រង់ចាំ​រយៈពេល​យូរ​និងភ័យ​ស្លន់ស្លោរ ក្រោយ​ពី​អាជ្ញាធរ​ធ្វើការ​ក្រោម​បទបញ្ញត្តិ​ថ្មី​ដើម្បី​ដោះស្រាយ​បញ្ហា​នៃ​ការ​រីក​រាលដាល​ជំងឺ​កូវីដ១៩។

លោក Mark Morgan ឧត្តមស្នងការ​ស្ដីទី​នៃទីភ្នាក់ងារ​គយ​និង​ល្បាត​ព្រំដែន​សហរដ្ឋអាមេរិក​បាន​ថ្លែង​ក្នុង​សេចក្ដីថ្លែងការណ៍​មួយ​ថា៖ «យើង​ដឹង​អំពី​ការ​រាយការណ៍​ថា​ការ​រង់ចាំ​នៅ​អាកាសយានដ្ឋាន​មាន​រយៈពេល​យូរ​នៅ​តាម​អាកាសយានដ្ឋាន​មួយ​ចំនួន​ក្នុង​ប្រទេស‍ ហើយ​យើង​កំពុង​តែ​ធ្វើការ​លើ​រឿង​នេះ‍»។

លោក​បាន​ថ្លែង​ទៀត​ថា៖ «គ្មាន​អ្វី​ដែល​សំខាន់​ជាង​សុវត្ថិភាព​ សុខភាព និង​សន្ដិសុខ​របស់​ពលរដ្ឋ​យើង​នោះ​ទេ‍»។

ពលរដ្ឋ​អាមេរិក​និង​អ្នក​ដែល​មាន​សិទ្ធិ​រស់នៅ​អចិន្ត្រៃយ៍​ដែល​ត្រឡប់​មក​ពី​បណ្ដា​ប្រទេស​ស្ថិត​ក្រោម​ការ​រឹតត្បិត​ថ្មី នឹង​តម្រូវ​ឲ្យ​ធ្វើ​តេស្ត​សុខភាព​បន្ថែម​ទៀត ហើយ​និង​ត្រូវ​ឆ្លើយ​សំណួរ​មួយ​ចំនួន​ដើម្បី​កំណត់​ថា​តើ​ពួកគេ​អាច​ទៅ​ផ្ទះ​របស់​ពួកគេ​បាន​ដែរ​ឬ​ទេ។ នេះ​បើ​តាម​ការ​បញ្ជាក់​របស់​ក្រុមមន្ត្រី​នៃ​ក្រសួង​សន្ដិសុខ​មាតុភូមិ។

ប្រសិន​បើ​អ្នក​ដំណើរ​ទាំង​នោះ​មិន​តម្រូវ​ឲ្យ​ពិនិត្យ​សុខភាព​បន្ថែម​ទេ​នោះ ពួកគេ​អាច​ត្រឡប់​ទៅ​ផ្ទះ​វិញ​បាន ហើយ​ត្រូវ​នៅ​ដាច់​ដោយឡែក​ពី​គេ​រយៈពេល​១៤​ថ្ងៃ។ ចំណែក​ឯ​បរទេស​ដែល​រស់នៅ​ក្នុង​សហរដ្ឋអាមេរិក​ ដែល​បាន​ធ្វើដំណើរ​ទៅ​កាន់​ប្រទេស​ផ្សេង​ទៀត​ដែល​ត្រូវ​បាន​ហាមឃាត់ នឹង​មិន​អនុញ្ញាត​ឲ្យ​ត្រឡប់​ចូល​សហរដ្ឋអាមេរិក​វិញ​ទេ។

មន្ត្រី​ម្នាក់​នៃ​ក្រសួង​សន្ដិសុខមាតុភូមិ​បាន​និយាយ​ថា ពួកគេ​នឹង​ត្រូវ​ធ្វើ​ដំណើរ​ទៅ​កាន់​ប្រទេស​ទី​បី ដែល​មិន​ស្ថិត​នៅ​ក្រោម​ការ​ហាមឃាត់ និង​ត្រូវ​នៅ​ដាច់ដោយ​ឡែក​ពី​គេ​រយៈពេល​ពីរ​សប្ដាហ៍ មុន​នឹង​អាច​ធ្វើ​ដំណើរ​ត្រឡប់​មក​កាន់​សហរដ្ឋអាមេរិក​វិញ​បាន។ ​សហរដ្ឋអាមេរិក​កាល​ពី​ថ្ងៃ​សៅរ៍​បាន​បន្ថែម​ការ​ហាមឃាត់​មិនឲ្យ​ធ្វើ​ដំណើរ​ទៅ​មក​សហភាព​អឺរ៉ុប ដែល​រួម​មាន​ទាំង​អង់គ្លេស​ និង​អៀវឡង់​ផង​ដែរ។

នៅ​ក្នុង​សន្និសីទ​កាសែត​មួយ​ជាមួយ​ក្រុមការងារ​ប្រយុទ្ធប្រឆាំងនឹង​ជំងឺ​កូវីដ​១៩​របស់​សេតវិមាន​កាល​ពី​ថ្ងៃ​សៅរ៍ លោក​ប្រធានាធិបតី ដូណាល់ ត្រាំ បាន​និយាយ​ថា លោក​កំពុង​ពិចារណា​មិន​ឲ្យ​ធ្វើ​ដំណើរ​ក្នុង​សហរដ្ឋអាមេរិក​ផង​ដែរ ជាពិសេស​ពី​តំបន់​ដែល​មាន​ការ​ព្រួយបារម្ភ​ខ្លាំង៕

XS
SM
MD
LG