តៃវ៉ាន់បានបញ្ចេញយន្តហោះចម្បាំងកាលពីថ្ងៃអង្គារ ដើម្បីដេញយន្តហោះចិននៅក្នុងតំបន់កំណត់អត្តសញ្ញាណការពារដែនអាកាសរបស់ខ្លួន ។ យន្តហោះចិនទាំងនោះរួមទាំងយន្តហោះទម្លាក់គ្រាប់បែកដែលហោះទៅភាគខាងត្បូងកោះ នេះនិងចូលមហាសមុទ្រប៉ាស៊ីហ្វិក ក្នុងភាពតានតឹងចុងក្រោយបង្អស់ និងជាការហោះចូលដ៏ធំបំផុតចាប់តាំងពីចុងខែឧសភា។ នេះបើតាមទីភ្នាក់ងារសារព័ត៌មានReuters។
តៃវ៉ាន់ ដែលចិនអះអាងថា ជាទឹកដីរបស់ខ្លួននោះ បានត្អូញត្អែរក្នុងពេលប្រហែលពីរឆ្នាំចុងក្រោយនេះ អំពីបេសកកម្មម្តងហើយម្តងទៀតរបស់កងកម្លាំងអាកាសចិននៅជិតដែនកោះដែលគ្រប់គ្រងតាមបែបប្រជាធិបតេយ្យនេះ។ ជាញឹកញាប់បេសកកម្មនេះកើតឡើងនៅភាគនិរតីនៃតំបន់កំណត់អត្តសញ្ញាណការពារដែនអាកាសរបស់តៃវា៉ន់ ឬ ADIZ ជិត ប្រជុំកោះ Pratas របស់តៃវ៉ាន់។
តៃវ៉ាន់ហៅសកម្មភាពយោធាដដែលៗរបស់ចិនថា ជាសង្គ្រាមតំបន់ប្រផេះ ដែលរៀបចំឡើងដើម្បីធ្វើឱ្យកងកម្លាំងរបស់តៃវ៉ាន់នឿយណាយ ដោយការខិតខំស្ទុះស្ទាម្តងហើយម្តងទៀត ហើយនេះក៏ដើម្បីសាកល្បងការឆ្លើយតបរបស់កងទ័ពតៃវ៉ាន់ផងដែរ។
ក្រសួងការពារជាតិតៃវ៉ាន់បាននិយាយថា បេសកកម្មចុងក្រោយរបស់ចិនរួមមានយន្តហោះចម្បាំង ១៧ គ្រឿង និងយន្តហោះ H-6 ទម្លាក់គ្រាប់បែកចំនួន៦គ្រឿង ព្រមទាំងយុទ្ធសាស្ត្រសង្គ្រាមអេឡិចត្រូនិក ការព្រមានជាមុន នាវាប្រឆាំងនាវាមុជទឹក និងយន្តហោះចាក់សាំងលើអាកាស។ យោងតាមផែនទីដែលក្រសួងនេះបានផ្តល់ឱ្យ យន្តហោះមួយចំនួនបានហោះចូលទៅតំបន់មួយនៅភាគឦសាន ប្រជុំកោះ Pratas។
ទោះបីជាយ៉ាងណាក៏ដោយ យន្តហោះទម្លាក់គ្រាប់បែក អមដោយយុទ្ធសាស្ត្រសង្គ្រាមអេឡិចត្រូនិក និងយន្តហោះស៊ើបការណ៍ នោះ បានហោះចូលទៅក្នុងច្រកសមុទ្រ Bashi ដែលបែងចែកតៃវ៉ាន់និងហ្វីលីពីន ហើយហោះចូលទៅក្នុងមហាសមុទ្រប៉ាស៊ីហ្វិក មុនពេលត្រឡប់ទៅប្រទេសចិនវិញតាមផ្លូវដែលយន្តហោះទាំងនោះហោះចេញមក។
ក្រសួងការពារជាតិតៃវ៉ាន់បាននិយាយថា តៃវ៉ាន់បានបញ្ជូនយន្តហោះចម្បាំងទៅព្រមានយន្តហោះចិន ខណៈប្រព័ន្ធមីស៊ីលត្រូវបានដាក់ពង្រាយដើម្បីតាមមើល។ នេះជាការជ្រៀតចូលដ៏ធំបំផុតចាប់តាំងពីតៃវ៉ាន់បានរាយការណ៍អំពីយន្តហោះចិនចំនួន ៣០ គ្រឿងចូលតំបន់អត្តសញ្ញាណការពារដែនអាកាសរបស់ខ្លួនកាលពីថ្ងៃទី ៣០ ខែឧសភា។ ការជ្រៀតចូលទ្រង់ទ្រាយធំបំផុតរហូតមកដល់បច្ចុប្បន្ននៅឆ្នាំនេះ បានកើតឡើងនៅថ្ងៃទី ២៣ ខែមករា ដែលមានយន្តហោះចិនចំនួន ៣៩ គ្រឿង។
ប្រទេសចិនមិនទាន់បានធ្វើការអត្ថាធិប្បាយភ្លាមៗទេ ប៉ុន្តែកាលពីមុនចិនធ្លាប់បាននិយាយថា ទង្វើបែបនេះគឺជាសមយុទ្ធក្នុងគោលបំណងការពារអធិបតេយ្យភាពរបស់ប្រទេសចិន។ អ្នកនាំពាក្យក្រសួងការបរទេសសហរដ្ឋអាមេរិកបានប្រាប់ទីភ្នាក់ងារព័ត៌មាន Reuters តាមអ៊ីមែលថា រដ្ឋាភិបាលក្រុងប៉េកាំងគួរតែ«បញ្ឈប់សម្ពាធយោធា ការទូត និងសេដ្ឋកិច្ច និងបញ្ឈប់ការបំភិតបំភ័យប្រឆាំងតៃវ៉ាន់»៕