ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ផល​នេសាទ​នៅ​បឹង​ទន្លេសាប​ធ្លាក់ចុះ​ដោយ​សារ​ការ​ប្រែប្រួល​អាកាសធាតុ


ទាញ​យក​ពី​តំណភ្ជាប់​ដើម

ការ​ប្រែប្រួល​អាកាស​ធាតុ​កាត់​បន្ថយ​ផល​នេសាទ​នៅ​ទន្លេសាប

បឹង​ទន្លេ​​សាប​ជា​ជង្រុក​ត្រី​ដ៏​ធំ​ជាង​គេ​សម្រាប់​ប្រទេស​កម្ពុជា​ ដែល​ប្រជា​នេសាទ​ពឹង​ផ្អែក​លើ​បឹង​ដ៏​ធំនេះ ​ដើម្បី​ប្រកប​របរ​នេសាទ​ត្រី​ចញ្ចឹម​ជីវិត​ពួក​គេ។

បឹង​ទន្លេសាប​ជា​ជង្រុក​ត្រី​ដ៏​ធំ​ជាង​គេ​សម្រាប់​ប្រទេស​កម្ពុជា​ ដែល​ប្រជា​នេសាទ​ពឹង​ផ្អែក​លើ​បឹង​ដ៏​ធំនេះ ​ដើម្បី​ប្រកប​របរ​នេសាទ​ត្រី​ចញ្ចឹម​ជីវិត​ ពួក​គេ។ ​បញ្ហា​ប្រែប្រួលអាកាស​ធាតុ​បាន​ធ្វើ​ឲ្យ​ប្រជា​នេសាទ​ និង​កសិករ​ខ្លះ​បាត់បង់​ផលិត​កម្ម​របស់​ពួក​គេ​ ហើយ​ជីវភាព​របស់​ពួកគេ​ធ្លាក់​ចុះ។​

កំពង់​ភ្លុក​គឺ​ជា​សហគមន៍​នេសាទ​ស្ថិត​នៅក្នុង​ខេត្ត​សៀមរាប​ទឹក​ដី​អង្គរ​ក្បែរ​បឹង​ទន្លេសាប​ ដែល​ប្រជាជន​ជា​ច្រើន​ពាន់​គ្រួសារ​រស់​នៅ។​ ក្រុម​ប្រជា​នេសាទ​នៅ​តំបន់​នេះ​ បាន​និយាយ​ថា​ ការ​នេសាទ​ត្រី​របស់​ពួក​គេ​នៅ​ឆ្នាំ​នេះ​ មិន​ធ្វើ​ឲ្យ​ពួក​គេ​ទទួល​បាន​ទិន្នផល​គ្រប់គ្រាន់​សម្រាប់​ទ្រទ្រង់​ជីវភាព​ ដូច​មុន​ទេ​ ដោយសារ​តែ​ការ​ប្រែប្រួល​អាកាស​ធាតុ​ធ្វើ​ឲ្យ​បឹង​នេះ​មាន​ទំហំ​តូច និង​ការ​ឡើង​កំដៅ។​

ប្រជា​នេសាទ​បាន​ប្រើប្រាស់​ឧបករណ៍​នេសាទ​តាម​បែប​ប្រពៃណី​ ដូចជា​មង ​សន្ទូច ​កន្សុំ​ លប ​និង​សម្ភារៈ​ចាប់ត្រី​ផ្សេង​ទៀត ​និង​ប្រើ​ទូក​ដាក់​ម៉ាស៊ីនធ្វើ​ជា​មធ្យោបាយ​ធ្វើដំណើរ​តាមទឹក​ទៅ​កាន់​កន្លែង​នេសាទ​នានា​លើ​បឹង​ដែល​ធំ​ល្វឹង​ល្វើយ​មើល​ដាច់​កន្ទុយ​ភ្នែក​នេះ។​

ទស្សនាកម្រងរូបភាពនៃជីវភាពប្រជាជននៅក្នុងសហគមន៍​នេសាទ​២ ដែល​ស្ថិត​នៅ​ក្បែរ​បឹង​ទន្លេ​សាប​ក្នុង​ខេត្ត​សៀមរាប

លោក​ កែ ឆុំ ​អាយុ​៤៦​ឆ្នាំ​ ​បាន​ប្រកប​របរ​នេសាទ​ជាង​២០​ឆ្នាំ​ក្នុង​ឃុំ​កំពង់ភ្លុក​ ស្រុក​បាគង ​ខេត្ត​សៀមរាប។​ ​លោក​មាន​កូន​១០​នាក់​ក្នុង​បន្ទុក។ លោកបាន​ថ្លែង​ប្រាប់ ​VOA ​ថា​ ការ​នេសាទ​ត្រី​នៅ​ឆ្នាំ​នេះ​មាន​ការ​ធ្លាក់​ចុះ​ រក​មិន​សូវ​បាន​ដូច​ឆ្នាំ​មុន​ទេ។ ​លោក​បាន​ពន្យល់​ពី​មូលហេតុ​ថា៖

«មក​ពី​ទឹក​វាតូច ​បាន​ជា​វា​អត់​សូវ​មាន​ត្រី។ ​មិន​សូវ​មាន​ទៅ ​យើង​រក ​អត់​សូវ​រក​បាន​ទេ»។​

​លោក​បាន​ពន្យល់​ថា​ ក្រៅពី​ទឹក​តូច​ នៅ​ឆ្នាំនេះ​អាកាស​ធាតុ​ក្តៅ​ខ្លាំង​ដែល​នាំ​ឲ្យ​ត្រី​មិន​ចេញពី​សម្បុក​ដែល​ជា​ព្រៃ​លិច​ទឹក។​ លោក​ថា​ បញ្ហា​នេះ​ បាន​ធ្វើ​ឲ្យ​លោក​នេសាទ​មួយ​ថ្ងៃ​បាន​តែ​៧០​ទៅ​៨០​គីឡួ​ក្រាម​ប៉ុណ្ណោះ​ រីឯ​នៅ​ឆ្នាំ​មុនៗ​ ​លោក​នេសាទ​បាន​រហូត​ដល់​ទៅ​៧០០​គីឡូក្រាម​ក៏​មាន​ក្នុង​មួយ​ថ្ងៃ។​

ដូច​គ្នា​នេះ​ដែរ ​ប្រជា​នេសាទ​ក្នុង​ឃុំ​ចុង​ឃ្នាស​ ដែល​ស្ថិត​នៅ​ជ្រុង​ម្ខាង​នៃ​បឹង​ទន្លសាប ​ខេត្ត​នេះ​ដែរ បាន​រអ៊ូ​រទាំ​ស្រដៀង​គ្នា​នេះ​ដែរ។​

លោក ​ញឹម ស៊ីណន ​អាយុ​៤៩​ឆ្នាំ​ ភូមិ​ប្រឡាយ​ ឃុំ​សៀមរាប​ ស្រុក​ សៀមរាប​ ខេត្ត​សៀមរាប​ បាន​នេសាទ​ត្រី​ជាង​២០​ឆ្នាំ​មក​ហើយ។​

«ខ្ញុំ​កត់​សម្គាល់​ថា ​ភ្លៀង​ខ្យល់​មិន​ទៀងទាត់។ ​ម៉្យាង​ទៀត​ទឹក​វា​តូច ​ដល់​ពេល​ប៉ះ​កំដៅ​ថ្ងៃ​ខ្លាំង​ ត្រី​ក៏​មិន​ហ៊ាន​ឡើង​មក​ទឹក​រាក់​ ហើយ​ដល់​ពេល​យើង​ទៅ​រក​នេសាទ​នៅ​ទឹក​ជ្រៅ​មាន​ការ​ពិបាក​ ដោយ​សារ​ប៉ះ​ខ្យល់​ភ្លៀង​ទៅ​អត់​ហ៊ាន​ចេញ​ទៅ​ផ្លូវ​ឆ្ងាយ។​ ដូច្នេះ​ហើយ​មាន​កម្លាំង​ចិត្ត​មួយ​ថា​ យើង​ត្រូវ​តែ​កាត់​បន្ថយ​ការ​ចេញ​ទៅ​រក។​ អត់​ហ៊ាន​ចេញ​ឆ្ងាយ​ទេ។ ​អញ្ចឹង​ហើយ​យើង​ត្រូវ​ផ្អាក​ឲ្យ​ផុត​ភ្លៀង​ខ្យល់​សិន​បាន ​យើង​ចេញ​ទៅ​រក​បាន»។​

លោក​ សន ជា ​អាយុ​៦០​ឆ្នាំ​ រស់​នៅ​ភូមិ​បឹង ​ឃុំ​សៀមរាប​ ស្រុក​សៀមរាប​ ខេត្ត​សៀមរាប។​ លោក​អះអាង​ថា​ លោក​ធ្លាប់​នេសាទ​ត្រី​បាន​២០​ទៅ​៣០​គីឡូក្រាម ​មិន​ដូច​ពេល​នេះ​ ដែល​បាន​តែ​១០​គីឡូ​ក្រាម​ប៉ុណ្ណោះ។​

លោក​ សន ជា​ បន្ថែម​ថា​ ទឹក​ធំត្រី​សម្បូរ ​តែ​បើ​ទឹក​តូច​ ដូច្នេះ​លោក​ខ្លាច​ថា​ ត្រីបឹង​ទន្លេសាប​នឹង​អស់​ ហើយ​ក្មេង​ជំនាន់​ក្រោយ​នឹង​លែង​បាន​ស្គាល់ប្រភេទ​ត្រី​មួយ​ចំនួន។

«បើ​តែ​អញ្ចេះ​យ៉ាប់។ ​ខ្ញុំ​ថា​ បើ​ទឹក​តូច​យ៉ាង​នេះ​យ៉ាប់ ​ ត្រី​អត់​មាន។ ​យ៉ាប់ ​ទាំង​អ្នក​ស្រែ ​យ៉ាប់​ទាំង​អ្នក​នៅ​តាម​ទន្លេ​សាប​ក៏​យ៉ាប់។​ មើល​គ្នា​នៅ​ទី​នេះ​សង្ឃឹម​អី​គឺ​សង្ឈឹម​ត្រី។​ ចុះ​បើ​ទឹក​វា​តូច​រាល់​តែ​ឆ្នាំ ​ត្រី​ទន្លេសាប​មួយ​ក្រវេច​ប៉ុណ្ណេះ។ ​កកូរ​រក​តែ​មួយ​ព្រុះ​អស់​បាត់​ ទឹក​តូច​អញ្ចេះ។ ​តែ​បើ​ទឹកធំ​អត់​ងាយ​អស់​ទេ។ ​ត្រី​វា​ពង​កូន ​បែក​មែក​ពេញ​វាល​ទៅ ​វា​មិន​ងាយ​អស់​ទេ»។​

ការ​ធ្លាក់​ចុះ​នៃ​ទិន្នផល​ត្រី​ក៏​ជា​ក្តី​បារម្ភ​សម្រាប់​អ្នកស្រី មុត ថារី ​អាយុ​៣៩​ឆ្នាំ​ ​ដែល​ជា​អ្នក​លក់ត្រី​នៅ​ផ្សារ​លើ។​ អ្នក​ស្រី​ មុត ថារី​ បាន​បន្ត​ថា​ ត្រី​ដែល​អ្នក​ស្រី​ទិញ​ប៉ុន្មាន​ឆ្នាំ​នេះ​គឺជា​ត្រី​តូច ​ទាំង​ត្រី​រ៉ស់​ ត្រី​រៀល​ មិន​សូវ​ធំ​ដូច​ឆ្នាំ​មុនៗ​ទេ។​

«អាកាស​ធាតុ​ប្រែប្រួល​ហ្នឹង​ អត់​ទឹក ​និយាយ​រួម​ទៅ​ អត់​ទឹក​ភ្លៀង​ អត់​អី ​អញ្ចឹង​ទៅ​ណា៎។​ អត់​ទឹក ​អត់​ទឹក​ភ្លៀង​អញ្ចឹង​ទៅ ​អ្នក​នេសាទ​ក៏​គ្នា​អត់​ទឹក​ ហើយ​ដល់​អត់​ទឹក​ ក៏​គ្នា​អត់​រក​បាន​ ក៏​មក​វិញ​ទៅ។ ​កាត់​បន្ថយ​អញ្ចឹង​ទៅ​ ក៏​ឡើង​មក​លើៗ​គោក​វិញ​ទៅ។​ ខ្លះ​ធ្វើ​សំណង់ ​ធ្វើ​អី​ទៅ​ដើម្បី​ចញ្ចឹម​គ្រួសារ ​ព្រោះ​បើ​នៅ​ចុះ​ទឹក​ទៅ ​ទឹក​វា​តូច ​រាយ​មង​អត់​បាន ​រាយ​បាន​តែ​ត្រី​តូចៗ ​ដូច​ជា​ត្រី​ក្រពើ​អីហ្នឹង ​ត្រី​ធំ​អត់​ទេ»។​

អ្នកស្រី​បាន​បញ្ជាក់​ថា​ អ្នកស្រី​បាន​ផ្លាស់​មក​ពី​ស្រុក​ដងទង់ ​ខេត្ត​កំពត​មក​រកស៊ី​លក់ដូរ​ក្នុង​ខេត្ត​សៀមរាប​នេះ​៤ឆ្នាំ​ហើយ។​ លោក​ស្រី​ថា​ ដោយសារ​តែ​នៅ​ខេត្ត​កំពត​ពិបាក​លក់​ដូរ ​ស្ងាត់​មនុស្ស ​ដែល​ធ្វើ​មាន​ចំណាក​ស្រុក។

ពលរដ្ឋ​កម្ពុជា​រស់​នៅ​ពឹង​ផ្អែក​លើ​ទិន្នផល​ត្រី​ធ្វើ​ជា​ម្ហូប​អាហារ​ ដែល​គេ​ចាត់​ទុក​ថា ​សម្បូរ​ទៅ​ដោយ​ប្រូតេអ៊ីន​សំខាន់​សម្រាប់​សុខភាព។​ ការ​ថយ​ចុះ​នៃ​ទិន្នផល​ត្រី​ក្នុង​បឹង​ទន្លសាប​ដ៏​ធំ​ល្វឹង​ល្វើយ​នេះ​ធ្វើ​ឲ្យ​ពលរដ្ឋ​កម្ពុជា​បារម្ភ​យ៉ាង​ខ្លាំង។​ ក្រុម​ពលរដ្ឋ​បាន​អះអាង​ថា​ ដោយ​សារ​តែ​ការ​ប្រែប្រួល​អាកាស​ធាតុ​បាន​ធ្វើ​ឲ្យ​ទឹក​ទន្លេ​មាន​កម្ពស់​ទឹក​ខុស​ប្រក្រតី ​រយៈ​ពេល​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ​នេះ។​

ការ​ប្រែប្រួល​អាកាស​ធាតុ​មិន​ត្រឹម​តែ​ប៉ះពាល់​ដល់​ប្រជា​នេសាទ​ប៉ុណ្ណោះ​ទេ​ ​តែ​ក៏​ប៉ះ​ពាល់​ដល់​អ្នក​ដាំ​បន្លែ​ ដូចជា​លោក​ ម៉ឺយ លី ​អាយុ​៥២ឆ្នាំ​ រស់នៅ​ក្នុង​ភូមិ​បាគង ​ឃុំ​បាគង ​ស្រុក​បាគង​ ខេត្ត​សៀមរាប​ដែរ។​

​លោក​ ម៉ឺយ លី ជា​អ្នក​ដាំ​បន្លែ​ កំពុង​បង្ហាញ​ពី​របៀប​មើល​ដំណាំ​ដែល​រួញខូច​ខាត​ដោយ​សារ​ទឹក​សន្សើម​ នៅ​ក្នុង​ភូមិ​បាគង ​ឃុំ​បាគង ​ស្រុក​បាគង​ ខេត្ត​សៀមរាប​កាល​ពី​ថ្ងៃ​ទី​៤ ខែ​ធ្នូ ឆ្នាំ​២០១៥។ លោក​ថា​ ទឹក​ភ្លៀង​មិន​ទៀង​ទាត់​បាន​ធ្វើ​ឲ្យ​ដំណាំ​ជា​ច្រើន​ប្រភេទ​របស់​ លោក​ រួម​ទាំង​ត្រ​សក់​ផង​ ត្រូវ​ខូច​ខាត។​ (នូវ​ ពៅ​លក្ខិណា/VOA)
​លោក​ ម៉ឺយ លី ជា​អ្នក​ដាំ​បន្លែ​ កំពុង​បង្ហាញ​ពី​របៀប​មើល​ដំណាំ​ដែល​រួញខូច​ខាត​ដោយ​សារ​ទឹក​សន្សើម​ នៅ​ក្នុង​ភូមិ​បាគង ​ឃុំ​បាគង ​ស្រុក​បាគង​ ខេត្ត​សៀមរាប​កាល​ពី​ថ្ងៃ​ទី​៤ ខែ​ធ្នូ ឆ្នាំ​២០១៥។ លោក​ថា​ ទឹក​ភ្លៀង​មិន​ទៀង​ទាត់​បាន​ធ្វើ​ឲ្យ​ដំណាំ​ជា​ច្រើន​ប្រភេទ​របស់​ លោក​ រួម​ទាំង​ត្រ​សក់​ផង​ ត្រូវ​ខូច​ខាត។​ (នូវ​ ពៅ​លក្ខិណា/VOA)

លោក​ថា​ ទឹក​ភ្លៀង​មិន​ទៀង​ទាត់​បាន​ធ្វើ​ឲ្យ​ដំណាំ​ជា​ច្រើន​ប្រភេទ​របស់​ លោក​ រួម​ទាំង​ត្រ​សក់​ផង​ ត្រូវ​ខូច​ខាត។​

«ខ្ញុំ​បារម្ភ​ដែរ។​ បារម្ភ​ទី១ ​ខ្លាច​ភ្លៀង​មក​ខ្លាំង​ ​វា​ជោគជាំ​ខ្លាំង​វា​រលួយ​ ​ជាំគល់ ​រលួយ​គល់។​ បើ​វា​អស់​ភ្លៀង​មិន​អី​ទេ​ មិន​ខូច​ទេ។ ​ខែ​នេះ​ហើយ​ ប៉ុណ្ណោះ​ហើយ ​បើ​សិន​ណា​ជា​អស់​ភ្លៀង ​អត់​អី​ទេ​ណា៎។ ​បើ​សិន​ជា​នៅ​ភ្លៀង ​បើ​ភ្លៀង​ជាប់ៗ​ទៀត​ត្រូវ​តែ​ខូច​ហើយ​ដំណាំ»។​

លោក​បាន​កែ​ច្នៃ​ប្រព័ន្ធ​រក្សា​ទឹក​ស្រោច​ស្រព​ដំណាំ​របស់​លោក​តាម​វិធី ​ផ្សេងៗ ​ដោយ​សារ​តែ​ការ​ប្រែ​ប្រួល​អាកាស​ធាតុ។

«វិធី​មួយ ​ដាំ​ដំណាំ​មាន​តែ​បុក​អណ្តូង​នេះ​ឯង។ ​នេះ​ជា​វិធី​មួយ​ បុក​អណ្តូង ទៅ ​យើង​ដាក់​ធ្វើ​ជា​អាង​អញ្ចុះ​ឯង ​ធ្វើ​ជា​អាង​ដាក់​កៅស៊ូ ​បណ្តោយ​២​ម៉ែត្រ​ទទឹង​១​ម៉ែត្រ ​ដាក់​ទឹក​ ហើយ​ក៏​រែក ​ចាក់​តាម​រង​អញ្ចេះ​ឯង។ ​រែក​មួយ​ថ្ងៃៗ​ ៥០​ទៅ​៦០​អម្រែក»។​

លោក​បាន​ដាំ​ដំណាំ​ មាន​ដូចជា​ម្រះ ​សណ្តែក​កួរ ​មាន​ដំឡូង​ជ្វា ​ជា​ដើម​នៅ​ចំការ​របស់​លោក​មុខ​ផ្ទះ។​

លោក​ សម វិទូ ​នាយក​ប្រតិបត្តិ​នៃ​មជ្ឈមណ្ឌល​អភិវឌ្ឍន៍​កសិកម្ម​កម្ពុជា ​CEDAC​ បាន​អះអាង​ថា​ អង្គការ​របស់​លោក​បាន​ជួយ​ពលរដ្ឋ​ក្នុង​ខេត្ត​សៀមរាប ឲ្យ​ចេះ​ដាំដុះ​ ចេះ​ចញ្ចឹម​សត្វ ​ដែល​អាច​បន្ស៉ាំ​ទៅ​នឹង​អាកាសធាតុ​ប្រែប្រួល។ ​លោក​ថា​ ការ​ឡើង​កំដៅ ​បរិមាណ​ទឹក​ភ្លៀង​ប្រែប្រួល ការ​កើត​មានជម្ងឺ​ធ្វើ​ឲ្យពល​រដ្ឋ​ច្រើន​ឡើង​ធ្វើ​ចំណាក​ស្រុក។​ ពេល​គាត់​ជួប​បញ្ហា​អញ្ចឹង​ ​គាត់​ដាំដុះ​អត់​បាន​ ហើយ​ជួប​ជម្ងឺ។​

«អញ្ចឹង​បាន​ CEDAC​ ​ធ្វើការ​បណ្តុះ​បណ្តាល​គាត់​ហ្នឹង​ ឲ្យ​គាត់​ធ្វើ​យ៉ាង​ណា​ផលិត​ឲ្យ​មាន​តម្លៃ​ថោក​ជាង​នៅ​ក្នុង​ប្រទេស​វៀតណាម ​ហើយ​មាន​គុណភាព​ល្អ​ជាង​ ទាំង​ប្រទេស​វៀតណាម​ ទាំង​ប្រទេស​ថៃ​ ហើយ​មាន​គុណភាព​ល្អ​ជាង​តាម​រយៈ​ការ​ជំរុញ​ឲ្យ​មាន​ការ​ដាំដុះ ​ការ​ចញ្ចឹម​សត្វ​តាម​គោល​ការណ៍​ធម្មជាតិ ​មាន​ន័យ​ថា​ យើង​ប្រើ​គោល​ការណ៍​ធម្មជាតិ​ដើម្បី​ដាំដុះ ​ដើម្បី​ចញ្ចឹម​សត្វ»។​

លោក​ថា​ ​មធ្យោបាយ​ ឬ​វិធី​នានា​របស់​អង្គការ​របស់​លោក​គឺ​ធ្វើ​ឲ្យ​កសិករ​អាច​ប្រកួត​ប្រជែង​បាន​ ហើយ​មិនធ្វើ​ឲ្យ​រាំង​ស្ទះ​ ដោយ​ការ​ប្រែប្រួល​អាកាស​ធាតុ។​ ចំពោះ​បញ្ហា​នេសាទ​ត្រី​វិញ​ លោក​បាន​អះអាង​ថា​ បញ្ហា​នេះ​ត្រូវ​ការ​វិធាន​ការ​ចំនួន​របស់​រដ្ឋាភិបាល​ ​ដើម្បី​ទប់ទល់​នឹង​បញ្ហា​មនុស្សបង្កើត​ ហើយ​នឹង​ទប់ទល់​នឹង​ការ​ប្រែប្រួល​អាកាសធាតុ ​ដែល​ប៉ះពាល់​ដល់​ទិន្នផល​ត្រី​សម្រាប់​ប្រជា​នេសាទ។

«ព្រោះ​កាលណា​វា​ឡើង​កំដៅ​ខ្លាំង​ ទឹក​មិន​អាច​រំលាយ​អុកស៊ីសែន​ពី​ក្នុង​បរិយាកាស​បាន​ទេ។​ អញ្ចឹង​កាលណា​ទឹក​អត់​មាន​អុកស៊ីសែន​ ត្រី​ហ្នឹង​ក៏​វា​រស់​នៅ​អត់​ស្រួល​ដែរ​ ព្រោះ​ត្រី​ដក​ដង្ហើម​ដោយ​ប្រើ​ប្រាស់​អុកស៊ីសែន​សម្រាប់​ចញ្ចឹម​ជីវិត។ ​អញ្ចឹង​ពេល​ហ្នឹង​ហើយ​ដែល​ធ្វើ​ឲ្យ​បរិមាណ​នៃ​ការ​កកើត​ការ​បង្ក​កំណើត​របស់​ត្រី​ហ្នឹង​ត្រូវ​បាន​កាត់​បន្ថយ​ ហើយ​មួយ​វិញ​ទៀត​ដោយសារ​កត្តា​មនុស្ស​ដែរ ​ដោយសារ​ការ​កាប់​ព្រៃ​លិច​ទឹក​ ដោយ​សារ​ការ ​ប្រើប្រាស់​ថ្នាំពុល​គីមី​ទៅ​លើ​ដំណាំ ​ហើយ​វា​ហូរ​ច្រោះ​ចូល​ទៅ​ក្នុង​បឹង ទន្លេ​សាប​ហ្នឹង​ដែល​កត្តា​ទាំង​អស់​ហ្នឹង​ហើយ​ធ្វើ​ឲ្យ​បរិមាណ​ត្រី​ក្នុង​បឹង​ទន្លេសាប​ត្រូវ​បាន​កាត់​បន្ថយ​ដែរ»។​

មិនមែន​តែ​អង្គការ​ក្នុង​ស្រុក​ទេ​ ដែល​ផ្តោត​ការ​យក​ចិត្ត​ទុក​ដាក់​ដល់​កសិករ​នោះ​ អង្គការ​អន្តរជាតិ​មួយ​ចំនួន​ទៀត​ក៏​មាន​កម្មវិធី​ជួយ​កសិករ​ដែរ។​

លោក ​យឹម សុខសុភាស់​ ជា​អ្នក​ក្សេត្រ​សាស្ត្រ​ថ្នាក់​ជាតិ​នៃ​ការិយាល័យ​អង្គការ​ស្បៀង​អាហារ​ និង​កសិកម្ម​នៃ​អង្គការ​សហ​ប្រជាជាតិ។​

លោក​ថ្លែង​ថា​ ពេល​និយាយ​អំពី​ការ​ប្រែប្រួល​អាកាស​ធាតុ​ភាគ​ច្រើន​គេ​ស្តី​បន្ទោស​លើ​ធម្មជាតិ​ តែ​លោក​សង្កេត​ឃើញ​ថា ​ភាគ​ច្រើន​គឺ​បណ្តាល​ពី​មនុស្ស ​ហើយ​ចំណុច​ដែល​លោក​សង្កេត​ឃើញ​ធំ​ជាង​គេ​ ដែល​ជា​ការ​ចូល​រួម​ចំណែក​ដល់​ការ​ប្រែប្រួល​អាកាស​ធាតុ​ហ្នឹង ​គឺ​ការ​ថយ​ចុះ​នូវ​ធនធាន​ព្រៃ​ឈើ​របស់​កម្ពុជា ​ហើយ​ទន្ទឹម​ហ្នឹង​គឺ​ការ​បំភាយ​ឧស្ម័ន​ផ្ទះ​កញ្ចក់​ ដែល​ចូលរួម​ចំណែក​ច្រើន​ដែរ​ដល់​ការ​ប្រែប្រួល​អាកាស​ធាតុ​ហ្នឹង។​

«ជា​ការ​ព្រួយ​បារម្ភ​គឺ​យើង​មាន​ការ​ព្រួយ​បារម្ភ​ច្រើន ​តែ​ទន្ទឹម​នឹង​ហ្នឹង​គឺ​យើង​ត្រូវ​ជួយ​គាត់​ ដើម្បី​ឲ្យ​គាត់​បន្ស៊ាំ​ទៅ​នឹង​ការ​ប្រែប្រួល​អាកាស​ធាតុ ​មាន​ន័យ​ថា​ យើង​ត្រូវ​ពង្រឹង​សមត្ថភាព​បន្ស៊ាំ​របស់​គាត់ ​ឧទាហរណ៍ ​ដូចជាការស្តារ​ព្រៃ​ឡើង​វិញ​អី​ហ្នឹង​ ក៏​ជា​ផ្នែក​មួយ​ដែរ។ ​មួយ​ទៀត​ការ​បណ្តុះ​បណ្តាល ​បច្ចេកទេស​កសិកម្ម ​ការ​បង្កើន​ជម្រើស​មុខរបរចញ្ចឹម​ជីវិត​ផ្សេងៗ ​ទៅ​ដល់​ គាត់​ក៏​ជា​ជម្រើស​មួយ​ដើម្បីជួយ​គាត់​ ដើម្បី​ឲ្យ​គាត់​អាច​ផ្ស៉ាំ​ទៅ​នឹង​ការ​ប្រែប្រួល​អាកាសធាតុ​ហ្នឹង​បាន​ដែរ»។​

លោក ​ឡឹក សុធារ ​អ្នក​សម្រប​សម្រួល​កិច្ចការ​មនុស្សធម៌​នៃ​អង្គការ​ Oxfam ​ក្នុង​ប្រទេស​កម្ពុជា ​បាន​ថ្លែង​ថា​ ការ​ប្រែប្រួល​អាកាស​ធាតុ​ធ្វើ​ឲ្យ​ចំនួន​ទឹក​ភ្លៀង​មាន​ការ​ថយ និង​បង្ក​ទៅ​ជា​កត្តា​គ្រោះ​រាំង​ស្ងួត​ ឬ​ក៏​ទឹក​ជំនន់ ​ហើយ​ដែល​នាំ​ឲ្យ​មាន​ការ​លំបាក​ដល់​ប្រជាជន​ទាំង​មូលក្នុង​ការ​បង្កើន​ផល។​

«ផល​ប៉ះពាល់​គឺ​មាន​ច្រើន​សណ្ឋាន ​ហើយ​កម្រិត​នៃ​ផល​ប៉ះពាល់​គឺ​ផ្សេងៗ​គ្នា​ ​ទៅ​តាម​សមត្ថភាព​នៃ​គ្រួសា​នីមួយៗ។ ​ដោយ​ឡែក​ បើ​យើង​និយាយ​ពី​ការ​ប្រែប្រួល​អាកាសធាតុ​តែ​ម្តង​គឺ​វា​ប៉ះពាល់​ជា​ទូទៅ​ដល់​ប្រជាជន។ ​តែ​យើង​ ឃើញ​ថា​ ស្រី​ដែល​ជា​មេ​គ្រួសារ ​ឬ​ក៏​ស្រី្ត​ដែល​ស្ថិត​នៅ​ក្នុង​គ្រួសារ​ក្រីក្រ​គឺ​រង​ការ​ប៉ះពាល់​ខ្លាំង​ជាងគេ។​ ក្នុង​នោះ​យើង​ឃើញ​ថា​ ទី១​ វា​ប៉ះពាល់​ដល់​ធនធាន​ទឹក​សម្រាប់​ការ​ប្រើប្រាស់​ប្រចាំ​ថ្ងៃ ​ក៏​ដូច​ជា​សម្រាប់​មុខ​របរ​កសិកម្ម។ ​ទី២ ​វា​ធ្វើឲ្យ​មាន​ការ​ប្រែប្រួល​របប​ទឹកភ្លៀង ​ដែល​នេះ​ជា​ការ​ប៉ះពាល់​ដល់​ប្រជាជន ​ក៏​ដូច​ជា​កសិករ​ទូទៅ​គឺ​របប​ទឹក​ភ្លៀង​គឺ​អាច​ថា​ រដូវ​វស្សា​អាច​យឺត​ ​ហើយ​ធ្វើ​ឲ្យ​កម្លាំង​ ឬ​បរិមាណ​ទឹក​ភ្លៀង​មាន​ការ​ប្រែប្រួល»។​

យ៉ាង​ណាក្តី​ ក្រុម​ប្រជា​ពលរដ្ឋ​ រួមទាំង​លោក​ ឆុំ​ នៅ​ឃុំ​កំពង់​ភ្លុក​ បាន​អះអាង​ ថា​ លោក​មាន​ការ​ស្ទាក់​ស្ទើរ​ក្នុង​ការ​ចេញ​ទៅ​កណ្តាល​បឹង ​ដើម្បី​នេសាទ​ ​ដោយ​សារ​មាន​ខ្យល់​ និង​កំដៅ​ឡើង​ខ្លាំង​ ដែល​មិន​អាច​ឲ្យ​គាត់​រក​ត្រី​បាន។​

«ខុស​គ្នា​ឆ្ងាយ ​ខុស​ជាង​ឆ្នាំ​ទៅ​មិញ។​ ខុស​ហើយ​ក្តៅ​ទៀត។​ ឆ្នាំ​នេះ​ក្តៅ​ណាស់ ​ក្តៅ​ហើយ​អត់​ទឹក​ផឹក​ទៀត»។​

លោក ​នឹង នី ​ប្រធាន​ឃុំ​កំពង់ភ្លុក ​បាន​ថ្លែង​ថា​ ប្រជា​ពលរដ្ឋ​ក្នុង​ភូមិ​សឹង តែ​១០០​ភាគ​រយប្រកប​មុខ​របរ​នេសាទ​ត្រី​តាំង​ពី​បុរាណ​មក។​ ​លោក​បាន​អះអាង​ថា ​សហគមន៍​បាន​ត្រៀម​ចាត់​វិធានការ​ និង​ការ​រៀបចំ​ទី​ទួល​សុវត្ថិភាព ​រៀបចំ​មធ្យោបាយ​កាណូត​សម្រាប់​បង្កា​ដល់​ការ​ផ្លាស់ប្តូរ​អាកាសធាតុ ​ជាពិសេសនៅ​រដូវ​ប្រាំង​មាន​ជីក​ស្រះ​រក្សាទឹក​ទុក​សម្រាប់​ពេល​មាន​ភ្លើង​ឆេះ​ព្រៃ​ជា​ដើម។​

«ហើយ​ការ​បង្ការ​មួយ​ទៀត​ ដូច​ខ្ញុំ​បាន​ជម្រាប​ហើយ​ យើង​មាន​ជីក​ស្រះ​ទឹក​ដើម្បី​ស្តុក​ទឹក​សម្រាប់​ពេល​ទឹក​ទន្លេ​រីង​អស់​ យើង​មាន​ទឹកប្រើ​ប្រាស់។​ ហើយ​មួយ​ទៀត​ ប្រភព​ទឹក​នេះ ​យើង​អាច​យក​ទៅ​ជួយ​សង្គ្រោះ។ ​កាល​ណា​មាន​ភ្លើង​ឆេះ​ព្រៃអី​ យើង​មាន​ទឹក ​មាន​ប្រភព​ទឹក​របស់​យើង»៕

វីដេអូថ្មីៗបំផុត

XS
SM
MD
LG